សម្អាត​ផ្ទះ​មាន​សុខ​ភាព​ល្អ

ផ្ទះ​ជា​ជម្រក​មួយ​យ៉ាង​សំខាន់​សម្រាប់​រស់​នៅ ដូច្នេះ​ទាម​ទារ​ឱ្យ​មាន​ការ​រៀប​ចំមួយ​ដែល​មើល​ទៅ​មាន​លក្ខណៈ​រៀប​រយ។   ប្រសិន​បើ​លោក​អ្នក​ចង់​រៀប​ចំផ្ទះ​ឱ្យ​ល្អ​ប្រសើរ ទាក់​ទាញ និង​មើល​ទៅ​គួរ​ឱ្យ​ចង់​រស់​នៅ​អា​ស្រ័យ​លើ​ការ​ឧស្សាហ៍​សម្អាត និង​ចេះ​រៀប ចំទុក​ដាក់​របស់​របរ​ប្រើ​ប្រាស់​ផ្សេងៗ ទៅ​តាម​ទី​កន្លែង​នីមួយៗ​ដាច់​ដោយ​ឡែកៗ​ពី​គ្នា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 លោក​ស្រី សា​ពណ៌ នាយិកា​សាលា​បង្ហាញ​ម៉ូត​សាពណ៌ បាន​ចូល​រួម​បក​ស្រាយ​ជូនមិត្ដ​អ្នក​អានឱ្យ​ជ្រាប​អំពី​ការ​សម្អាត​ផ្ទះ តាម​រយៈ​ការជួប​សម្ភាស​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

របៀប​សម្អាត​ផ្ទះ​ប្រចាំ​ថ្ងៃ

ទី​កន្លែង​ទាំង​អស់​ខាង​ក្រោម​នេះគឺ​ជា​ទី​កន្លែង​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​សម្អាត​ប្រចាំ​ជា​រៀង​រាល់​ថ្ងៃ។

1 . បន្ទប់​ទទួល​ភ្ញៀវ ជា​ដំបូង​បង្អស់​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​បន្ទប់​ទទួល​ភ្ញៀវ​ក្រែង​មាន​របស់​របរ​ខូច​ឬ​បាត់​បង់។ បើ សិន​ជាមាន​អំពូល​ភ្លើង ម៉ាស៊ីន​ត្រជាក់​ណា​មួយ​ខូច​ដាច់ គួរ​ប្ដូរ ឬហៅ​ជាង​មក​ជួស​ជុល។ សូម​យក​សម្រាម​ដែល​មាន​ទាំង​អស់​ចេញ បោស​សម្អាត​ធូលី​នៅលើ​វត្ថុ​ដែល​នៅ​ខ្ពស់​ទាំង​អស់ ដូចជា​កង្ហារ​ខ្យល់ គែម​ពិដាន គ្រឿង​អំពូល របារ​វាំង​នន​ជា​ដើម។ បន្ទាប់​មក​សូម បោស​សម្អាត​ធូលី​នៅ​លើ​វត្ថុ​ដែល​នៅ​ទាប ដូច​ជា​ទូតាំង ធ្នើរ​សៀវ​ភៅ តុ កៅអី ទូរ​ស័ព្ទ និង​ដុស​ខាត់​កញ្ចក់​ដែល​មាន​លើតុ​ឱ្យ ភ្លឺ​រលោង។ ជា​ចុង​ក្រោយ​សូម​បោស ឬបូម​ធូលី​ចេញ​ពី​កម្រាល​ឥដ្ឋ កម្រាល​ព្រំ​រៀប​ចំ​តម្រង់​គ្រឿង​សង្ហា​រិម ស្រោច​ទឹក​ផ្កា រៀប​ចំ​ផ្កា ជូត​ទ្វារ និង​បង្អួច។

2 . កន្លែង​បរិ​ភោគ​អាហារ យក​ចាន កែវ និង​ពែង ដែល​ប្រឡាក់​ទៅ​ដាក់​ក្នុង​ផ្ទះ​បាយ​រួច​ជូត​សម្អាត​ផ្ទៃលើ​តុ​បាយ អាច​មាន​អាហារ​ប្រឡាក់ និង​ភេស​ជ្ជៈ​ដែល​ស្អិត​កំពប់​លើ។ សូម​ដក​កៅអី​ចេញ​ពីតុ ដើម្បី​ពិនិត្យ​មើល​កៅអី​ទាំង​នោះ​មាន​អាហារ​ជាប់ នៅ​ចន្លោះ​ជើង​កៅអី និង​កម្រាល​ឥដ្ឋ។

3 . បន្ទប់​គេង ការ​រៀប​ចំ និង​បោស​សម្អាត​ឧបករណ៍​សម្ភារៈ​មាន​លក្ខណៈ​ដូចជា​ការ​រៀប​ចំ​បន្ទប់​ទទួល​ភ្ញៀវ។ ប៉ុន្ដែ​អ្វី ដែល​សំខាន់​នោះ​គឺត្រូវ​ព្យួរ ឬបត់​សម្លៀក​បំពាក់​ដែល​នៅ​ស្អាត​ទុក​មួយ​ឡែក។ លោក​អ្នកគួរ​យក​កម្រាល​ពូក ស្រោម​ខ្នើយ សម្លៀក បំពាក់ និង​កន្សែង ដែល​ប្រឡាក់​ទៅដាក់​ក្នុង​កន្ដ្រក​សម្រាប់​ដាក់​សម្លៀក​បំពាក់​យកទៅ​បោក​គក់។ កម្រាល​ពូក មុង ភួយ ឬ​កន្ទេល នៅ​ក្នុង​បន្ទប់​គេង​ត្រូវ​ឧស្សាហ៍​ផ្លាស់​ប្ដូរ។ ប្រសិន​បើមាន​គ្រឿង​សង្ហារិម សូម​ឧស្សាហ៍​ជូត។ ចំណែក​ឯ​បន្ទប់​ទឹក​ក្នុង​បន្ទប់​គេង​វិញ គួរ​សម្អាត​ជារៀង​រាល់​ថ្ងៃ។

4 . បន្ទប់​ទឹក បន្ទប់​ទឹក​នៅ​ក្នុង​ផ្ទះគួរ​យក​ចិត្ដ​ទុកដាក់​ដំបូង​ទៅលើ​ឧបករណ៍ មើល​ភ្លើង​អំពូល ឥដ្ឋ​ការ៉ូ​ទុយ​យោ​ទឹក ស្ទះ បង្គន់ និង​សម្ភារៈ​ផ្សេងៗ បើមាន​ការ​ខូច​ខាត​ត្រូវ​ជួស​ជុល ឬដោះ​ដូរ​ជា​បន្ទាន់។ សម្រាម​នៅក្នុង​បន្ទប់​ទឹក​មិន​ត្រូវ​ឱ្យមាន​ជា​ដាច់​ខាត ព្រោះ​អាច​បង្ក​ជា​មេ​រោគ។ ត្រូវ​សម្អាត​ឧប​ករណ៍​នៅក្នុង​បន្ទប់​ទឹក​ជា​រៀង​រាល់​ថ្ងៃ។ សូម​យក​កន្សែង​ជូត​មុខ​ឬ​កន្សែង​ជូត​ខ្លួន​ទៅ​ទុក ក្នុង​បន្ទប់​ទឹក​ដាក់​ព្យួរ​ឱ្យ​មាន​របៀប។ សាប៊ូ​សម្អាត​ខ្លួន សម្អាត​មុខនិង​កក់​សក់ ក្រដាស​អនាម័យ​មាន​ជា​ប្រចាំ​ដោយ​ទុក​នៅមុខ​កញ្ចក់ ឆ្លុះ​មុខ  ឬ​កន្ដ្រក។ បន្ទប់​ទឹក​គួរ​មាន​ពេល​វេលា​ត្រឹម​ត្រូវ​សម្រាប់​ធ្វើការ​សម្អាត​ហើយ​បាញ់​ទឹក​ក្រអូប​ឬទឹក​សម្លាប់​មេរោគ​ជា​រៀង​រាល់ ថ្ងៃ។

5 . ចង្ក្រាន​បាយ ដោយ​សារ​កន្លែង​នេះ​ជា​កន្លែង​ធ្វើ​អាហារ ដូច​នេះ​ត្រូវ​ធ្វើកុំ​ឱ្យ​ចង្ក្រាន​បាយ​មាន​កណ្ដុរ​និង​កន្លាត។ មធ្យោ​បាយ​ល្អ​ប្រសើរ​បំផុត​ដើម្បី​មិន​ឱ្យ​មាន​សត្វ​ទាំង​នោះ​គឺ​ត្រូវ​ធ្វើ​ផ្ទះ​បាយ និង​ចង្ក្រាន​បាយ​មាន​ភាព​ស្អាត​ជា​និច្ច។ ប៉ុន្ដែ​បើ​ពិត​ជាមាន បញ្ហា​សត្វ​ចង្រៃ​មែន ចូរ​លោក​អ្នក​ដាក់​ថ្នាំ​សម្លាប់​សត្វ​ទាំង​នោះ។ គួរ​ចាំថា​ត្រូវ​ដាក់​ថ្នាំ​សម្លាប់​សត្វ​ចង្រៃ​មាន​សារធាតុ​ពុល​យ៉ាង​ខ្លាំង នេះ ទៅ​ទុក​នៅ​កន្លែង​ណា​ដែល​សត្វ​ចិញ្ចឹម​មិន​អាច​ចូល​ដល់ ព្រោះ​ខ្លាច​មិន​ងាប់​សត្វ​កណ្ដុរ កន្លាត​បែរ​ជា​ងាប់​សត្វ​ឆ្កែ ឬ​សត្វ​ដទៃ​ទៅ វិញ។ ម្យ៉ាង​ចាន​ឆ្នាំង​ដែល​ទុក​ផ្អាប់​មិន​ព្រម​លាង​ក៏ជា​បញ្ហា​មួយ​សំខាន់​អាច​បង្កើត​ឱ្យមាន​សត្វ​ទាំង​នោះ។ ហេតុ​ដូច​នេះ​របស់​របរ ក្រោយ​ពេល​បរិភោគ​អាហារ​ត្រូវ​ដុស​លាង​ភ្លាមៗ។

ឧបករណ៍ និងផលិតផលសម្រាប់ប្រើប្រាស់

សារៈ​សំខាន់​ក្នុង​ការ​ប្រើ​ប្រាស់​ឧប​ករណ៍ និង​ផលិត​ផល​ផ្សេងៗ សម្រាប់​ធ្វើ​កិច្ច​ការ​ងារ​ក្នុង​ផ្ទះ​ដើម្បី​ឱ្យ​អាយុ​នៃ​របស់​របរ នី​មួយៗ​បាន​យូរ លោក​អ្នក​ធ្វើការ​សម្អាត​មិន​ថាជា​សម្លៀក​បំពាក់ ចាន​ឆ្នាំង ឬជា​ឥដ្ឋ​ការ៉ូ​ជា​ដើម។ លោក​អ្នក​មិន​គួរ​យក​សាប៊ូ​តែ​មួយ ប្រភេទ​ទៅ​ប្រើ​ប្រាស់ ដូចជា​លាង​ចាន​ផង និង​យកទៅ​ជូត​ឥដ្ឋ​ការ៉ូ​ផង​នោះ​ទេ។

សារៈសំខាន់នៃការរៀបចំផ្ទះ

ការ​រៀប​ចំ និង​ថែ​រក្សា​ផ្ទះ បន្សល់​ទុក​នូវ​ចំណាប់​អារម្មណ៍​មួយ​យ៉ាង​ខ្លាំង​នៅក្នុង​ចិត្ដ​របស់​ភ្ញៀវ​ចូលមក​លេង​ផ្ទះ​និង​យល់​ដឹង លើ​លោក​អ្នក​ដែល​រស់នៅ​ក្នុង​ផ្ទះ។ ផ្ទះ​មាន​ទំហំ​ធំ និង​ទូលាយ តែបើ​សិន​ជាមិន​បាន​រៀបចំ​ថែរក្សា​ឱ្យមាន​សណ្ដាប់​ធ្នាប់​ល្អ​(ទាំង​ផ្នែក ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង)ទេ​នោះ អាច​បង្ហាញ​ឱ្យ​ឃើញ​ថាអ្នក​ដែល​រស់​នៅក្នុង​ផ្ទះ​នោះ មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ត្រឹម​ត្រូវ​ចំពោះ ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ឡើយ។

ដំបូន្មានអ្នកប្រឹក្សា

ការ​រៀប​ចំផ្ទះ​គ្មាន​អ្វី​លំបាក​ទេ ដោយ​គ្រាន់​តែ​លោក​អ្នកយក​ចិត្ដទុក​ដាក់​ទៅលើ​របស់​របរ​ក្នុង​ផ្ទះ និង​ការ​រៀបចំ​ឱ្យ​មាន សណ្ដាប់​ធ្នាប់​ប៉ុណ្ណោះ។ លោក​អ្នក​គប្បី​ថែ​រក្សា​ផ្ទះ​ដោយ​ការ​បាញ់​ទឹក​ក្រអូប និង​បើក​ទ្វារ​បង្អួច​ឱ្យមាន​ពន្លឺ​ចេញ​ចូល​គ្រប់​គ្រាន់ ដើម្បី សុខ​ភាព​ស្រស់​ថ្លា។ ជា​ពិសេស​គួរ​តែ​ត្រួត​ពិនិត្យ​មើល​ឧបករណ៍ និង​សម្ភារៈ​ក្នុង​ផ្ទះ ព្រោះ​ចៀស​វាង​ការប៉ះ​ទង្គិច​ដល់​អ្នក​នៅ​ផ្ទះ ឬ ភ្ញៀវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative