ខ្ញុំ​ហ៊ឹង​ត្រចៀក

មាន​មនុស្ស​មួយ​ចំនួន​ចាត់ទុក​ការហ៊ឹង​ត្រចៀក​ជា​បញ្ហា​មួយ​សាមញ្ញ​ធម្មតា ទើប​ធ្វើឱ្យ​គេខ្វះ​ការយក​ចិត្ដទុក​ដាក់​ដែល​អាច បណ្ដាល​ឱ្យទៅ​ជាមាន​បញ្ហា​ធ្ងន់ធ្ងរ​បាន។ ដូច​យើង​ដឹង​ហើយ​ថា​ត្រចៀក​មាន​សារៈ​សំខាន់​ណាស់​ក្នុងការ​ទំនាក់​ទំនង​ការងារ​ប្រចាំ​ថ្ងៃ។ បើ​កាល​ណា​ត្រចៀក​មាន​បញ្ហា ការ​រស់នៅ​ក៏ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​ដែរ។ ហ៊ឹង​ត្រចៀក​មិន មែន​ជាជម្ងឺ​ថ្លង់នោះ​ទេ ក៏​ប៉ុន្ដែ​អាការ​ហ៊ឹង ត្រចៀក គឺជា​រោគ​សញ្ញា​នៃ​ជម្ងឺ​ដទៃ​ទៀត ដែល​អាច​កើត​មាន​ឡើង​ចំពោះ​អ្នក​ជម្ងឺ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទំព័រ​នេះ លោកអ្នក​នឹងបាន​ស្វែង​យល់ពី​បញ្ហា​ហ៊ឹង​ត្រចៀក​ជាមួយ​ទស្ស​នាវដ្ដី សុខភាព​យើង​ដោយ​ជួប​ជាមួយ​លោក វេជ្ជ​បណ្ឌិត ប្រាក់ ស៊ីថា ឯកទេស​ខាង​ត្រចៀក ច្រមុះ និង​បំពង់​ក នៅ​មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង។

អ្វី​ទៅដែល​ហៅថា​ហ៊ឹង​ត្រចៀក?

ហ៊ឹង​ត្រចៀក​មិនមែន​ជា​ជម្ងឺ​ទេ តែវា​ជា​រោគ​សញ្ញា​នៃ​ជម្ងឺ​មួយ​ចំនួន​ដែល​​តែងតែ​យាយី​ដល់អ្នក​ជម្ងឺ។ អាការ​ហ៊ឹង​ត្រចៀក អាច​កើតឡើង​នៅលើ​ត្រចៀក​តែម្ខាង ឬអាច​ទាំង​សង​ខាង ដោយ​មាន​សម្លេង​ប្លែកៗ​ឥត​ដាច់។ លើស​ពីនេះ​ហ៊ឹង​ត្រចៀក​អាច​កើត​មាន ឡើង​លើ​មនុស្ស​គ្រប់វ័យ គ្រាន់តែ​កូនក្មេង​អាច​បណ្ដាល​មកពី​មូល​ហេតុតិច​តួច​ប៉ុណ្ណោះ។ ឯមនុស្ស​ចាស់​ដែល​ហ៊ឹង​ត្រចៀក​អាច​បង្ហាញ ពីអាការ​នៃជម្ងឺ​ផ្សេងៗ​ដែល​ធ្ងន់ធ្ងរ​ហើយ​បញ្ហា​ទាំងនេះ​គឺ​ទាមទារ​ឱ្យមាន​ការតាម​ដាន​ព្យាបាល​ជា​ចាំបាច់​ពី​គ្រូពេទ្យ​ជំនាញ។

មូល​ហេតុ​នាំឱ្យ​ហ៊ឹង​ត្រចៀក

អាការ​ហ៊ឹង​ត្រចៀក​ច្រើន​កើត​ឡើង​ភាគច្រើន​លើ​មនុស្ស​វ័យចាប់​ពីអាយុ​៤០ទៅ​៧០ឆ្នាំ។ តាម​បទ​ពិសោធន៍​ដែលបាន​ជួប ប្រទះ​កន្លង​មក​ឃើញ​ថា ៩០%​នៃអ្នក​ហ៊ឹង​ត្រចៀក​គឺ​បណ្ដាល​មកពី​ជម្ងឺ​ត្រចៀក។ រីឯ​១០%​ផ្សេង​ទៀត​ច្រើន​បណ្ដាល​មកពី​ជម្ងឺ​ផ្សេងៗ ។ ហ៊ឺង​ត្រចៀក​មានពីរ​ប្រភេទ ដែល​បណ្ដាល​មកពី​មូល​ហេតុ​ដោយ​ឡែក​ពីគ្នា។

1 . ហ៊ឹង​ត្រចៀក​ប្រភេទ​ទី១ ឬបែប​អុប​ជិក​ធីវ ការ​ហ៊ឹង​របៀប​នេះមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ គ្រូ​ពេទ្យ​អាច​ប្រើប្រាស់ ឧប​ករណ៍​វាស់​ស្ដាប់ពី​សូរ​សម្លេង ដែល​លាន់​ឡើង​នៅក្នុង​ត្រចៀក​របស់​អ្នក​ជម្ងឺ។ នៅក្នុង​ករណី​ហ៊ឹង​ត្រចៀក​បែប​អុបជិក​ធីវ​នេះ ភាគ ច្រើន​បណ្ដាល​មកពី​ការ​ចូលគ្នា​នៃ​សរសៃ​ឈាម​ស និង​សរសៃ​ក្រហម​របស់​ក្បាល ឬក្បែរ​ត្រចៀក។ មូល​ហេតុ​ផ្សេង​ទៀត​បណ្ដាល​មក ពីការ​ស្ទះ ឬការ​រីក​ប៉ោង​នៃ​សរសៃ​ឈាម​ជុំវិញ​ត្រចៀក ឬនៅ​នឹង​ត្រចៀក​ដែល​ជាភាព​មិន​ប្រក្រតី​មានមក​តាំងពី​កំណើត​របស់​មនុស្ស មួយ​ចំនួន។ ម្យ៉ាង​ទៀត​នៅក្នុង​ត្រចៀក​មានកូន​ឆ្អឹង​តូចៗ​ដែល​មាន​សរសៃ​ឈាម​ចិញ្ចឹម បើ​កាល​ណា​សរសៃ​ឈាម​ទាំងនោះ​ស្ទះ អាច ធ្វើឱ្យ​កូនឆ្អឹង​គាំង ឬស្លាប់ ឬសាច់​ដុំ​កន្ដ្រាក់​នៃកូន​ឆ្អឹង​ទាំងនោះ​មាន​បញ្ហា វាក៏​បណ្ដាល​​ឱ្យមាន​សម្លេង​ហ៊ឹង​កើត​ឡើង​ដែរ។ មាន​ករណី តិច​តួច​ខ្លះ​ដែរ ដែល​បណ្ដាល​មកពី​តំណ​ពូជ។

2 . ហ៊ឹង​ត្រចៀក​ប្រភេទ​ទី២ ឬ​បែប​សាប់​ជិក​ធីវ ៖​គេ​មិន​អាច​ប្រើ​ប្រាស់​ឧប​ករណ៍​វាស់​ស្ដាប់​ពីសូរ​សម្លេង​ដែល​អ្នក​ជម្ងឺ​ហ៊ឹង នោះបាន​ឡើយ គឺមាន​តែអ្នក​ជម្ងឺ​ទេ ដែល​អាច​ដឹងថា​ខ្លួន​គាត់​កំពុង​ហ៊ឹង។ ដូច្នេះ​អ្នក​ជម្ងឺ​អាច​បរិយាយ​នូវ​អាការ​ហ៊ឹង​ត្រចៀក​របស់​ខ្លួន ជូន​គ្រូពេទ្យ​ស្ដាប់ និង ធ្វើ​ការ​សិក្សា​ពីមូល​ហេតុ។ មូល​ហេតុ​ទាំង​នោះ​អាចមាន​ច្រើន​ដូច​ខាង​ក្រោម​នេះ។

  • ជម្ងឺ​មេតា​ប៉ូលិក​ជា​ប្រភេទ​ជម្ងឺ​ដូចជា​ជម្ងឺ​ពក-ក ជម្ងឺ​លើស​ជាតិ​ខ្លាញ់ ជម្ងឺ​បេះដូង ជម្ងឺ​ទឹកនោម​ផ្អែម​ជាដើម
  • ជម្ងឺ​ផ្លូវ​ចិត្ដ និង​ជម្ងឺ​សរសៃ​ប្រសាទ ដែល​បណ្ដាល​ពីការ​ប៉ះ​ទង្គិច​ទៅលើ​ផ្នែក​ណាមួយ​នៃ​ក្បាល​និង​ដែល​ពាក់​ព័ន្ធ​ទៅនឹង ប្រព័ន្ធ​ប្រសាទ
  • ជម្ងឺ​ក្នុង​ត្រចៀក​មានដូច​ជា​អំបៅ​អំបែក​រ៉ាំរ៉ៃ ដុះដុំ​សាច់​ក្នុង​ត្រចៀក រលាក​ត្រចៀក​ក្នុងជា​ដើម
  • ជម្ងឺ​មេញែ​ឌី​ហ្ស៊ីស គឺការ​កើន​ឡើង​ខ្ពស់នៃ​សម្ពាធ​ទឹកដែល​ត្រាំ​កោសិកា​ទទួល​សូរ​សម្លេង​អាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​ហ៊ឹង ត្រចៀក ឬអាច​ថ្លង់ក៏​មាន
  • ករណី​មាន​អាចម៍​ត្រចៀក​ច្រើន អាច​ហ៊ឹង​ផង ថ្លង់​​​​ផង​(អាច​កម្រិត​ស្រាល ឬ​កម្រិត​ធ្ងន់)
  • ក្រៅពី​ជម្ងឺ​ទាំងនេះ​នៅមាន​បញ្ហា​ផ្សេង​ទៀត​ដែល​បណ្ដាល​ឱ្យហ៊ឹង ដូចជា​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​បំពេញ​ការងារ​នៅ​កន្លែង ដែល​មាន​សម្លេង​ខ្លាំងជា​ប្រចាំ ការ​អស់​កម្លាំង កង្វះ​ជីវជាតិ មាន​ករណី​រលាក​ស្រោម​ខួរ មានដុំ​សាច់ក្នុង​ខួរ​ក្បាល​ការ​ហ៊ឹង​ដោយ​សារ ភាពចាស់​ជរា​ជាដើម។

រោគ​សញ្ញា​នៃការ​ហ៊ឹង​ត្រចៀក

ការហ៊ឹង​ត្រចៀក​មិនមាន​រោគ​សញ្ញា​ណា​ផ្សេង​ក្រៅពី​មាន​សម្លេង ដែល​ឮសូរ​ជាប់​មិនដាច់​នោះ​ឡើយ។ សូរ​ទាំងនោះ​មាន​ដូច ជាសូរ​សម្លេង​ទឹកហូរ ខ្យល់​បក់ ឬសម្លេង​តឹកៗ ង៉ឺតៗ​ជាដើម។ ក្នុង​ករណី​ហ៊ឹង​ត្រចៀក​បណ្ដាល​មកពី​មាន​ជម្ងឺ​មួយ​ចំនួន​ក្នុង​ត្រចៀក ទើប​បណ្ដាល​ឱ្យ​ឈឺ តែ​ធម្មតា​មិនមាន​ការ​ឈឺចាប់​ទេ។ មានតែ​អ្នក​ជម្ងឺ​ខ្លួនឯង​ទេ​ដែល​ដឹងពី​រោគ​សញ្ញា​នៃការ​ហ៊ឹង​ច្បាស់​លាស់។ ប៉ុន្ដែ បើហ៊ឹង​ត្រចៀក​ដែល​ជារោគ​សញ្ញា​នៃជម្ងឺ​ផ្សេង​ទៀត​នោះ​គឺអាច​ដឹង​ដោយ​ការថត​(ធ្វើ​ស្គែន​ណែ) ដូចជា​ឡើង​ប៉ោង​សរសៃ​ឈាម មាន ដុំសាច់​ក្នុង​ត្រចៀក ឬ​រលាក​ត្រចៀក​ក្នុង​ជា​ដើម។ ករណី​ដែល​អាច​ធ្វើ​ការ​សន្និ​ដ្ឋាន​បាន ដូចជា​អ្នក​ជម្ងឺ​ធ្លាប់​មាន​ប្រវត្ដិ​កើត​អំបៅ​អំបែក លុះ​ពេល​បច្ចុប្បន្ន​លេច​ឡើង​នូវ​អាការ​ហ៊ឹង​ត្រចៀក នោះ​គេអាច​ដឹងថា​ហ៊ឹង​ត្រចៀក​​របស់​អ្នក​ជម្ងឺ​គឺ​បណ្ដាល​ពីការ​កើត​អំបៅ​អំ​បែក។ បើអ្នក​ជម្ងឺ​មាន​អាការ​ស្លេក​ស្លាំង ហើយ​​ហ៊ឹង​ត្រចៀក​គឺអាច​បណ្ដាល​ពីកង្វះ​វីតា​មីន។ ប៉ុន្ដែ​នៅក្នុង​ការ​សន្និដ្ឋាន​ជា​បឋម​នេះ ក៏ត្រូវ​មាន ការ​ពិនិត្យ​ជាក់​លាក់​ពី​គ្រូពេទ្យ​ជំនាញ​ដែរ។

វិធី​ការពារ​កុំឱ្យ​ហ៊ឹង​ត្រចៀក

  • ប្រើ​ប្រដាប់​ការពារ​សម្លេង​ពាក់​នឹង​ត្រចៀក ពេល​ធ្វើការ​នៅ​កន្លែង​ដែល​មាន​សម្លេង​ខ្លាំង ឬ​សម្លេង​តិច តែជា​ប្រចាំ
  • កាត់​បន្ថយ​ការ​ពិសា​បារី កាហ្វេ តែ ឬ​បញ្ឈប់​តែ​ម្ដង បើវា​ជា​មូល​ហេតុ​បណ្ដាល​ឱ្យហ៊ឹង​ត្រចៀក
  • ក្រោយ​ពីបាន​ប្រើ​ថ្នាំ​មួយ​ចំនួន បើមាន​លេចឡើង​ការហ៊ឹង​ត្រចៀក ត្រូវ​បញ្ឈប់​ភ្លាម​ហើយ​ត្រូវជួប​ប្រឹក្សា​នឹង​គ្រូពេទ្យ ជំនាញ
  • សូម​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​គ្រប់​គ្រាន់។

វិធី​ព្យាបាល​ការហ៊ឹង​ត្រចៀក

ក្នុង​ការព្យា​បាល​អាការ​ហ៊ឹង​ត្រចៀក​គេ​សង្កេត​ឃើញថា ២៥%​អាចជា​សះស្បើយ ៥០%​អាច ត្រឹម​តែធូរ​ស្រាល​និង​២៥% ទៀត​មិនអាច​ជាសះ​ស្បើយ​បានទេ ដូចជា​ករណី​មនុស្ស​ចាស់​ជា​ដើម។ ការ​ព្យាបាល​នេះគឺ​ធ្វើទៅ​តាម​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កើត មាន។ មាន​ការ​ព្យាបាល​ដោយ​ប្រើ​ឧបករណ៍​ហៀរីង​អ៊ែត​ពាក់នឹង​ត្រចៀក​ដែល​អាច​ស្ដាប់​វិទ្យុ​ដោយ​បើក​សម្លេង​តិចៗ ក្បែរ​ត្រចៀក ឱ្យ​បាន​ញឹក​ញាប់ ពិសេស​ពេល​គេង។ ពេលខ្លះ​អ្នក​ជំនាញ​នឹង​ព្យាបាល​ដោយ​ការ​វះកាត់​ដែល​ជាការ​ព្យាបាល​ពិសេស​អាស្រ័យ​ទៅ​លើ មូល​ហេតុ។

ផល​វិបាក​ដែល​បណ្ដាល​មកពី​ហ៊ឹង​ត្រចៀក

វាជា​បញ្ហា​អាក្រក់​មួយ​ដែល​ក្នុង​ត្រចៀក​ពោរ​ពេញ​ទៅដោយ​សម្លេង​រំខាន​ឥត​ដាច់។

  • អារម្មណ៍​មួម៉ៅ ឆាប់​ខឹង ឆេវ​ឆាវ តប់​ប្រមល់
  • ធ្វើឱ្យ​អ្នក​ជម្ងឺ​ដេក​មិន​លក់
  • រំខាន​ដល់ការ​បំពេញ​ការងារ
  • ករណី​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឱ្យថ្លង់​រហូត​តែ​ម្ដង។

ដំបូន្មាន​អ្នក​ប្រឹក្សា

អ្នក​ដែល​មាន​បញ្ហា​ហ៊ឹង​ត្រចៀក​ចាំបាច់​ត្រូវទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការ​ប្រឹក្សា​ពិគ្រោះ​យោបល់​និង​ព្យាបាល​ឱ្យបាន​រួស រាន់ ព្រោះ​វាអាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បាន។ មានតែ​គ្រូពេទ្យ​ឯក​ទេស​ទេ​ដែល​មាន​លទ្ធភាព​ក្នុងការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative