នៅ​ឆ្នាំ ២០៣០ ​មនុស្ស៧៥% កើត​រោគ​​​មហារីក

នៅ​ឆ្នាំ​២០៣០ ពិភព​លោក​នឹង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​កើន​ឡើង​រោគ​មហា​រីក​ដល់​ទៅ​៧៥​ភាគ​រយ។ នេះ​បើ​យោង​តាម​គេហ​ទំព័រ​ សិង្ហ​បុរី “Channel News Asia” ដែល​បាន​ចុះ​ផ្សាយ​កាល​ពីថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ ២០១២។ រោគ​មហា​រីក​ស្បូន មហា​រីកសុដន់ មហារីក​ថ្លើម និង​រោគ​មហារីក​សួត គឺជា​រោគ​មហារីក​ចម្បង ដែល​បាន​ចូល​មក​ប្រល័យ​អាយុ​សង្ខាររ​បស់​ជន​ស្លូត​ត្រង់​អស់​ជាច្រើន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្រុម​ស្រាវ​ជ្រាវ​មួយ ដឹក​នាំដោយ​លោក ប្រ៊េដឌី ប្រ៊េ (Freddie Bray) មក​ពីទី​ភ្នាក់​ងារ​អន្ដរ​ជាតិ​ស្រាវ​ជ្រាវ​រោគ​មហា​រីក ហៅ​កាត់​ថា IARC នៅ​ទីក្រុង​លីយ៉ុង​(Lyon) នៃ​ប្រទេស​បារាំង បាន​លើក​ឡើង​ថា តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ឆ្នាំ​២០០៨ កន្លង​មក​បាន​ឲ្យ​ដឹង​ថា មាន​​​​​រោគ​មហារីក​ប្រមាណ​១២,៧លាន​ករណី​ដែល​បាន​កើត​ឡើង​នៅ​លើ​ពិភព​លោក ហើយ​ករណី​នៃ​រោគ​មហា​រីក​ប្រភេទ​ថ្មីៗ នឹង​មាន​ការ​កើន​ឡើង​ដល់​២២,២​លាន​ករណី​នៅ​ឆ្នាំ​២០៣០ខាង​មុខ។ ជា​មួយ​គ្នា​ផង​ដែរ ប្រទេស​ក្រីក្រ​អាច​នឹង​កើន​ឡើង​រហូត​ដល់​ទៅ​៩០​ភាគ​រយ​នៃ​ករណី​រោគ​មហារីក​នៅ​លើ​សកល​លោក។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​បន្ត​ថា ប្រទេស​ជាច្រើនបាន​កើត​មាន​ជម្ងឺ​មហារីក​នេះ ហើយ​ជម្ងឺ ភាគ​ច្រើន ​ដែលគេ​តែង​ប្រទះ​ឃើញ​កើត​មាន​ច្រើន រួម​មាន​ជម្ងឺ​មហារីក​ពោះវៀន និង​ខ្នែង​ពោះ វៀន មហារីក​សុដន់ និង​មហារីក​ក្រពេញ​ជា​ដើម។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​កើត​ជម្ងឺ​មហា​រីក មាន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក​នៃ​​ប្រទេស​ទាំង​១៨៤។

នៅ​ក្នុង​ឆ្នាំ​២០០៨ ភាគ​ច្រើន​មាន​តែ​ប្រទេស​អ្នក​មាន​ប៉ុណ្ណោះ ដែល​ប្រឈម​មុខ​ខ្ពស់​ទៅនឹង​រោគ មហារីក​សុដន់ មហារីក​សួត មហា​រីក​ក្រពេញ និង​មហារីក​ជាច្រើន​ប្រភេទ​ទៀត ។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ជីវភាព​មធ្យម​វិញ ក៏​កើត​មាន មាន​ការ​ប្រឈម​ទៅ​នឹង​ជម្ងឺ​មហារីក​អស់​ទាំង​នេះ​ផង​ដែរ។ ដោយ​ឡែក​សម្រាប់​ប្រទេស​ក្រីក្រ​វិញ ជម្ងឺ​មហារីក​ដែល​នាំ​មុខ រួម​មាន​រោគ​មហា​រីក​ស្បូន មហារីក​សុដន់ និង​មហារីក​ថ្លើម ជា​ដើម។

ដោយ​ឡែក​បើ​យោង​តាម​ទិន្ន​ន័យ​របស់ Cancer Research នៃ​ចក្រភព​អង់គ្លេស កាល​ពីពាក់​ខែ​ឧសភា​កន្លង​ទៅបាន​បង្ហាញ​ថា ការ​ស្លាប់​ដោយ​សារ​មហារីក​នៃ​មនុស្ស​អាយុ ៥០ ទៅ​៥៩ឆ្នាំ (ក្រុម​អាយុ​ដែល​ប្រឈម​នឹង​មហារីក​ខ្លាំង) បាន​ធ្លាក់​ចុះ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ ពោល​គឺ​ធ្លាក់ ចុះ​​ពីជាង ២១ម៉ឺន​នាក់​កាល​ពី​ឆ្នាំ ១៩៧០ មក​ត្រឹម ១៤ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១០។ សម្រាប់​បុរស មហារីក​ដែល​ធ្លាក់ចុះ​ខ្លាំង​ជាង​គេ​ គឺ​មហារីក​ក្រពះ បន្ទាប់​មក​គឺ​សួត ខណៈដែល​ស្រ្ដី​​ក៏ធ្លាក់ចុះ​មហារីកក្រពះ​ផងដែរ រួម​ជាមួយមហារីក​ពោះ​វៀន​។

ស្ថាប័ន​ស្រាវជ្រាវ​មហារីក​ដដែល​នេះ បាន​រកឃើញ​ថា មនុស្ស​១៨៥នាក់ក្នុង​ចំណោម​អ្នក​កើត​មហារីក​១០ម៉ឺននាក់ដែលស្ថិត​ក្នុងវ័យខ្ទង់​៥០ឆ្នាំ ដែលបាន​ស្លាប់ មានការថយ​ចុះពី ៣១០នាក់ កាល​ពី​ឆ្នាំ​ ១៩៧០។ ការ​ធ្លាក់ចុះ​យ៉ាង​ច្រើន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដោយ​សារ​កត្តា​ ការ​ព្យាបាល​ប្រសើរ​ជាង​មុន និង​ថ្នាំ​ដែល​កាន់​តែ​មាន​ប្រសិទ្ធិភាព​ បូក​រួម​និង​កត្តា​មនុស្ស​មួយ​ចំនួន ដូច​ជា​ការ​ធ្លាក់ចុះ​នៃ​ការ​ជក់បារី ការ​ពិនិត្យ​សុខ​ភាពជាដើម។ ការ​ឈប់​ជក់​បារី គឺ​ជា​ការ​រួម​ចំណែក​មួយ​ដ៏​ធំ​ក្នុង​ការ​ធ្លាក់ចុះ​នេះ ដូច្នេះ​អ្នក​ដែល​មិនទាន់​ផ្ដាច់​បារីគួរ​ព្យាយាម​កាត់​បន្ថយ​បន្ដិច​ម្ដងៗ រហូត​ដល់ផ្ដាច់​បាន​ទាំង​ស្រុង ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អ​ឡើង​វិញ​។

ប៉ុន្តែ​ទោះបី​ជា​មាន​ការ​អះ​អាង​ពីការ​កើន​ឡើង​នៃការ​កើន​ឡើង និង​ការ​ធ្លាក់​ចុះ​មួយ​ចំនួន​នៃ​អត្រា​អ្នក​កើត​មាន​ជម្ងឺ​មហា​រីក​ក៏​ដោយ ក៏​មនុស្ស​នៅ​លើ​ពិភព​លោក​នៅតែ​បន្ត​កើត​មាន​ជម្ងឺ​នេះ​ច្រើន​ដដែល ដោយ​សារ​ជម្ងឺ​​មហារីក​នេះ​នៅ​សង្ងំ​ក្នុង​ខ្លួន​មនុស្ស​ដែល​ពិបាក​នឹង​ធ្វើឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​កើត​មាន​ជម្ងឺនេះ​ដឹង​ខ្លួន​មុន​ណាស់។ ប្រការ​ដែល​សំខាន់​ គឺការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ថែ​រក្សា​ការ​ហូប​ចុក​ឲ្យ​បាន​ត្រឹម​ត្រូវ និង​សម​ស្រប ការ​រស់​នៅ​ស្អាត មាន​អនាម័យ និង​មាន​ខ្យល់​អាកាស​ល្អ​ស្អាត​ ព្រម​ទាំង​ការ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ជា​រៀង​រាល់​ថ្ងៃ​តែ​ប៉ុណ្ណោះ ទើប​អាច​ជា​ឱសថ​ការពារ និង​ទប់​ស្កាត់​ជម្ងឺ​មហា​រីក​គ្រប់​ប្រភេទ កុំ​ឲ្យ​កើត​មាន​មក​លើ​ខ្លួន​យើង​បាន​មួយ​កម្រិត​ធំ។

អត្ថបទដោយ ៖ ​សៀង វិរៈ​

ចេញផ្សាយ ៖​ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative