ជម្ងឺ​មហារីក​តម្រង​នោម

មហារីក​តម្រង​នោម​ជា​ជម្ងឺ​មួយ​ប្រភេទ ដែល​មាន​លក្ខណៈ​កាច​សាហាវ​ហើយ​ស្ថិត​នៅ​ចំណោម​មហារីក​ធំៗ​ទាំង​៤ទៀត គឺជម្ងឺ​មហារីក​ខួរ​ក្បាល មហារីក​ថ្លើម មហារីក​លំពែង និង​មហារីក​ស្បែក។ លោកអ្នក​ដែល​បាន​កើត​ជម្ងឺ​មហារីក​តម្រង​នោម គឺរង់ចាំ តែ​សេចក្ដី​​ស្លាប់​ប៉ុណ្ណោះ។ ព្រោះ​ការ​ព្យាបាល​ជម្ងឺនេះ​កម្រ​នឹង​មាន​ប្រសិទ្ធភាព​ណាស់​ផ្ទុយ​ពីកូន​ក្មេង​ដែល​កើត​ជម្ងឺនេះ តែ​អាច​ធ្វើការ ព្យាបាល​បាន​ជាសះ​ស្បើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ព្យាបាល​ជម្ងឺ​មហារីក នៃ​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត​មានវត្ដ​មាន​បក​ស្រាយបំ ភ្លឺអំពី​ជម្ងឺ​មហារីក​តម្រង​នោមនេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺ​មហារីក​តម្រង​នោម ជាអ្វី?

ជម្ងឺ​មហារីក​តម្រង​នោម គឺជា​ដុំពក​សាច់​ដែល​កើត​លើ​តម្រង​នោម​មួយ​ចំហៀង​ឬកើត​នៅ​លើ​តម្រង​នោម​ទាំង​សង​ខាង ដែល​ដុំសាច់​នេះចេះ​តែ​រីកធំ​ឡើង​លឿន​ខុស​ពីធម្មតា ហើយ​មាន​ការរីក​រាល​ដាល និង​សាយ​ភាយ​ពេញ​ខ្លួន។

មូល​ហេតុ​ជម្ងឺ​មហារីក​តម្រង​នោម

គេ​ពុំទាន់​រកឃើញ​ពីមូល​ហេតុ​ច្បាស់​លាស់​នៃជម្ងឺ​មហារីក​តម្រង​នោម​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្ដែ​គេកំពុង​តែធ្វើ​ការ​សិក្សា ស្រាវ​ជ្រាវ​ដោយ​មានការ​សង្ស័យ​ទៅលើ​ការ​ផ្លាស់​ប្ដូរ​ហ្សែន ដែល​ជា​សមាស​ធាតុ​នៅក្នុង​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ។ ហើយ​សមាស​ធាតុ ហ្សែន​នេះ​ធ្វើ​សកម្មភាព​ខុស​ប្រក្រតី​ក៏បង្កឱ្យ​តម្រង​នោម​កើត​ដុំគីស​ច្រើន។ កាល​ណា​លោកអ្នក​មាន​ការផ្លាស់​ប្ដូរ​ហ្សែន​ខុស​ធម្មតា​នៅ ក្នុង​ខ្លួន​នោះជា​ការងាយ​ប្រឈម​មុខ​កើត​ជម្ងឺ​មហារីក​តម្រង​នោម​លឿន​ជាង​លោក​អ្នក​ដែល​មាន​ហ្សែន​ធម្មតា។ ចំណែក​ឯកូន​ក្មេង ដែល​មានវ័យ​ក្រោម១​ឆ្នាំវិញ​ដោយ​សារតែ​មាន​ការវិត្ដន៍​របស់​ទារក​នៅក្នុង​ផ្ទៃ​ម្ដាយ​មិន​ធម្មតា ដែល​ធ្វើឱ្យ​វាកើត​មកមាន​ជម្ងឺ​មហារីក តម្រង​នោម​តែម្ដង។

រោគ​សញ្ញា​ជម្ងឺ​មហារីក​តម្រង​នោម

ជម្ងឺ​មហារីក​តម្រង​នោម​នៅ​ដំណាក់​កាល​ដំបូង​ពុំបាន​ស្ដែង​ចេញ​ជារោគ​សញ្ញា​ណា​មួយ​ដែល​អាច​ធ្វើឱ្យ​លោកអ្នក​ដឹងបាន ឡើយ។ ប៉ុន្ដែ​នៅ​ដំណាក់​ធ្ងន់ធ្ងរ ទើប​ជម្ងឺនេះ​លេច​ចេញ​ជារូប​ភាព​ច្រើន​យ៉ាង​អាចធ្វើ​ឱ្យ​លោក​អ្នក​ដឹង​បាន​ដោយ​សម្អាង​ទៅ​លើ​អាការ មួយ​ចំនួន។

1 . ចុក​ចង្កេះ ៖ ដោយ​សារ​តម្រង​នោម​នៅចង្កេះ​ត្រង់​ចុងឆ្អឹង​ជំនីរ​ផ្នែក​ខាង​ក្រោយ​កើត​មាន​ជម្ងឺ​មហារីក​តម្រង​នោម បណ្ដាល​ឱ្យឈឺ​ចង្កេះ។

2 . នោម​ចេញ​ឈាម ៖ មាន​ចេញ​ឈាម​ហូរមក​លាយ​ជាមួយ​ទឹក​នោម​រហូត​ដល់​ឈប់​នោម។

3 . ជួន​ឈឺឆ្អឹង​នៅ​កន្លែង​ណា​មួយ ហត់ ឬ​សន្លប់​ក៏អាច​ជាអាការ​ដែល​បញ្ជាក់​ឱ្យដឹង​ពីជម្ងឺ​មហារីក​តម្រង​នោម​ដែរ។

4 . ជា​ពិសេស​មានដុំ​នៅក្នុង​ពោះ​ត្រង់​ចង្កេះ និង​ត្រង់ចុង​ឆ្អឹងជំនីរ​ផ្នែក​ខាង​ក្រោយ។

ការ​ព្យាបាល​ជម្ងឺ​មហារីក​តម្រង​នោម

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចំពោះ​មហារីក​តម្រង​នោម​កើត​នៅលើ​មនុស្ស​ពេញវ័យ គេមិន​អាច​ធ្វើ​ការ​ព្យាបាល​ដោយ​មាន​ប្រសិទ្ធភាព​បាន​ទេ​នៅ​ដំណាក់​កាល​ធ្ងន់ធ្ងរ​ដែល​​ចេញ​ជារោគ​សញ្ញា​ហើយ។ ព្រោះ​មហារីក​តម្រង​នោម​កើត​នៅ​លើ​មនុស្ស​ពេញ​វ័យ​ជា​ប្រភេទ​មហារីក​កាច សាហាវ ហើយ​មានការ​វិវត្ដន៍​លឿន​ខុស​ប្រក្រតី ដែល​ខុសពី​មហារីក​តម្រង​នោម​កើត​មាន​នៅ​លើ​កូន​ក្មេង។ ទោះបី​ជា​គ្រូ ពេទ្យ​ធ្វើការ ព្យាបាល​ដោយ​ប្រើ​កាំរស្មី​ក៏ដោយ ក៏អ្នក​ជម្ងឺរង់​ចាំតែ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ដោយ​សារ​ហួស​ពេល​ក្នុង​ការ​ព្យាបាល។ លើក​លែង​តែនៅ ដំណាក់​កាល​ដំបូង ដែល​គ្រូពេទ្យ​រក ឃើញ​ជម្ងឺនេះ​ដោយ​ចៃដន្យ​នៅពេល​ដែល​អ្នក​ជម្ងឺ​មាន​អាការ​ចុកពោះ​ជាដើម ហើយ​មក​កាន់ មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​ពោះ​ខ្លាច​មាន​បញ្ហា។ នៅ​ពេល​នោះ​គ្រូពេទ្យ​បាន​ធ្វើការ​ស្គែន​មើល​ពោះ ទើប​ឃើញ​មាន​ដុំសាច់​តូច​នៅលើ តម្រង​នោម​ទំហំ១​សង់​ទីម៉ែត្រ ទើប​ដឹងថា​មានកើត​ជម្ងឺ​មហារីក​តម្រង​នោម។ នៅ​ដំណាក់​កាល​នេះ គ្រូពេទ្យ​អាច​ធ្វើការ​ព្យាបាល ដោយ​ប្រើវិធី​វះកាត់​ទាន់​ពេល​វេលា​បាន​ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។ ចំពោះ​មហារីក​តម្រង​នោម​ដែល​កើត​មាន​នៅ​លើ​កូន​ក្មេង ដែល​មាន​អាយុ​ក្រោម១​ឆ្នាំ​គ្រូពេទ្យ​អាច​ធ្វើការ​ព្យាបាល​ជាសះ​ស្បើយ​ដោយ​ជោគ​ជ័យ។ មាន​ន័យថា ចំនួន​កូន​ក្មេង​កើត​ជម្ងឺ តម្រង​នោម​១០០នាក់ គ្រូពេទ្យ​ព្យាបាល​ជាដោយ​ជោគ​ជ័យ​៩០នាក់​ទោះ​ជា​មហារីក​នេះ​មាន​ការ​រីករាល​ដាល​សាយ​ភាយ​ពេញ​ខ្លួន យ៉ាង​ណាក៏​ដោយ​ក៏មិន​អាច​បង្កឱ្យ​មាន​គ្រោះ​ធ្ងន់ធ្ងរ​ដូច​មនុស្ស​ពេញ​វ័យ​ឡើយ។

វិធី​បង្ការ​ជម្ងឺ​មហារីក​តម្រង​នោម

មហារីក​តម្រង​នោម គ្មាន​ថ្នាំវ៉ាក់​សាំង​ចាក់​ការ​ពារ​ជាមុន​បាន​ទេ​ដោយ​សារតែ​គេ​ពុំទាន់​រក ឃើញ​​​ពីមូល​ហេតុ​ច្បាស់​លាស់ នៅ​ឡើយ។ ប៉ុន្ដែ​មធ្យោ​បាយ​ដែល​ល្អ​ប្រសើរ គឺលោក​អ្នកគួរ​តែ​ឧស្សាហ៍​ទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ឱ្យបាន​ញឹក​ញាប់ ដូចជា​ថត​អេកូ ឬស្គែន​មើល​តម្រង​នោម​ក្នុង​រយៈ​ពេល​១ឬ២​ឆ្នាំម្ដង ប្រសិន​បើ​លោក​អ្នក​មាន​លទ្ធភាព។ ទោះបី​ជាជម្ងឺ​នេះ​កើត​មាន មែន​នៅក្នុង​ខ្លួន​លោក​អ្នក ក៏វា​អាច​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ដែល​អាច​ធ្វើការ​ព្យាបាល​ជា។

ផល​ប៉ះពាល់​នៃ​ជម្ងឺ​មហារីក​តម្រង​នោម

មហារីក​តម្រង​នោម​ស្ថិត​នៅក្នុង​ចំណោម​មហា​រីក៥ ដែល​មក​ដល់​ពេល​នេះគេ​ពុំទាន់​រក​ឃើញ​ថា​មាន​វិធីណា​មួយ​ដែល​អាច ព្យាបាល​ឱ្យជា​សះ​ស្បើយ​បាន​ទេ។ លោកអ្នក​ដែល​កើត​មាន​ជម្ងឺនេះ​ហើយ ប្រាកដ​ជាមាន​ផល​វិបាក​ច្រើន​ជាអាទិ​ធ្វើឱ្យ​សុខភាព​ទ្រុឌ ទ្រោម រាង​កាយ​ស្គម​ស្គាំង ទឹក​មុខ​ស្លេក​ស្លាំង។ ហើយ​ជម្ងឺនេះ​នឹង​រីករាល​ដាល​សាយ​ភាយ​ពេញ​ខ្លួន​ដូចជា​ស៊ីទៅ​ដល់​សួត បង្ក​ឱ្យឆាប់ ហត់ ស៊ីទៅ​ដល់ខួរ​ក្បាល ធ្វើឱ្យ​ឧស្សាហ៍​សន្លប់ ស៊ីឆ្អឹង​ជាហេតុ​ធ្វើឱ្យ​មាន​ជម្ងឺ​ឈឺឆ្អឹង​ញឹក​ញាប់​នៅកន្លែង​ណា​មួយ​ដែល​មេរោគ​បានស៊ី។ មិនតែ​ប៉ុណ្ណោះ ធ្វើឱ្យ​រំខាន​ការងារ​រកស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​ហើយ​បាត់បង់​នូវ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ។

ដំបូន្មាន​អ្នក​ឯកទេស

លោកអ្នក​គួរតែ​ទៅកាន់​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យ​តាមដាន​សុខភាព​របស់​លោក​អ្នក​ឱ្យបាន​ញឹក​ញាប់​ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​ធ្វើ​រោគ​វិនិច្ឆ័យ។ សូម​កុំ​បណ្ដោយ​ឱ្យ​សុខភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ពេក រហូត​មាន​ចេញ​ជារោគ​សញ្ញា​ណា​មួយ​ទើប​ទៅកាន់​មន្ទីរ​ពេទ្យ នោះ។ ការធ្វើ​បែបនេះ ការ​ព្យាបាល​គឺអាច​មានការ​យឺត​ពេល​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​របស់​លោក​អ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative