អេនឌី ទម្លាយ​អាថ៌​កំបាំង​សម្រស់

ចាប់​តាំង​ពីឆ្នាំ​២០០០​រហូត​មក​ដល់​ពេល​នេះ ៨ឆ្នាំ​ហើយ​ដែល​កម្លោះ​សង្ហា ស្បែក​ថ្លា សាច់​ខ្ចី​អេនឌី​បាន​ចូល​ប្រឡូក​ក្នុង វិស័យ​សិល្បៈ ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​មិន​តិច​ទេ​បាន​ស្គាល់​និង​គាំ​ទ្រតាម​រយៈ​បទ​ចម្រៀង​ដំបូង​របស់​លោក​ដែល​ច្រៀង ក្នុង​ក្រុម​ហ្វ័រ​ស្ដ្រង។ ភាព​អំណោយ​ផល​ខាង​រូប​សម្ផស្ស​រួមជា​មួយ​ទឹក​ដម​សម្លេង​ដ៏គួរ​ឱ្យទាក់​ទាញ​របស់​កម្លោះ​អេនឌី បាន​ធ្វើឱ្យ​នារីខ្លះ មេម៉ាយ​ចិត្ដ​លើស​ពីនេះ​មាន​តារា​ស្រីៗ​មួយ​ចំនួន​បបួល​គ្នាថត​រូប​របៀប​ស្និទ្ធ​ស្នាល​ស្រាល​ស្រើប​ជាមួយ​លោក ស្រប​តាម​ពាក្យ​ចាស់ ថា បើ​មិន​បាន​កាន់ សូម​ត្រឹម​ពាល់។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចង់​ដឹងថា​តើ​លោក អេនឌី មាន​វិធី​ថែរក្សា​សុខភាព​និង​រូប​សម្ផស្ស​យ៉ាង​ណា​ទើប​មាន​មន្ដ​ស្នេហ៍​សណ្ដំ​​ចិត្ដ​ក្រមុំៗ​បាន​ដូច្នេះ។ ទស្សនាវដ្ដី សុខភាពយើង សូម​ចូល​ខ្លួន​បក​ស្រាយ​អាថ៌​កំបាំង​របស់​លោក​ដើម្បី​ឱ្យមិត្ដ​អ្នក​អាន​អស់​ចម្ងល់។

ប្រវត្ដិ​មុន​ចូល​សិល្បៈ

មុនឆ្នាំ​២០០០ លោក អេនឌី គឺ​ជាសិស្ស​នៃ​វិទ្យាល័យ​ទួល​ទំពូង​ក្រោយ​មក​លោក​បាន​បន្ដ​ការ​សិក្សា​​​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់ គ្រង​ផ្នែក​ទីផ្សារ ដែល​បច្ចុប្បន្ន​នេះ​លោក​​បាន​បញ្ចប់​ការ​សិក្សា​របស់​លោក​ទៅ​ហើយ។  វាហាក់​ដូចជា​ចៃ​ដន្យ​ពេក អាច​ចាត់​ទុកថា ជា​ព្រេង​​វាសនា ឬភ័ព្វ​សំណាង​ដែល​នាំឱ្យ​លោក​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ចម្រៀង។ ដំបូង​លោក​គ្រាន់តែ​ជាយុវ​វ័យ​ម្នាក់​ដែល​ចូល​ចិត្ដ វិស័យ​ចម្រៀង​តែ​ប៉ុណ្ណោះ​ហេតុនេះ​ហើយ​ទើប​លោក​តែង​តែ​ចេញ​ចូល​ផលិត​កម្ម​គីម​ហេង​ដើម្បី​ទិញ​ថាស​ចម្រៀង​យក​មក​ស្ដាប់។ ប៉ុន្ដែ​ចៃ​ដន្យ​ត្រូវ​បាន​ម្ចាស់​​ផលិត​កម្ម​គីម​ហេង​សាក​សួរ​លោក​ថា​តើ​លោក​ចេះ​ច្រៀង​ដែរ​ឬអត់។ លោក​ក៏ឆ្លើយ​ថា​ចេះ តែមិន​ដឹង ថា ច្រៀង​ទៅ​ពីរោះ ឬមិន​ពីរោះ​នោះទេ។ ឆ្លើយ​ប៉ុណ្ណេះ​ក៏ត្រូវ​បាន​ម្ចាស់​ផលិត​កម្ម​ឱ្យ​លោក​ថត​សាក រួច​ក៏ណែនាំ​ឱ្យ​លោក ធន សាកល អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​វាយ​តម្លៃ។ លោក​សាកល​ពេញ​​ចិត្ដ​នឹង​សម្លេង​របស់​អេនឌី ក៏ឱ្យ​ថតបទ​ចម្រៀង​ជាក្រុម​ឈ្មោះ ថា​ក្រុម ហ្វ័រ​ស្ដ្រង។

ការ​ថែ​រក្សា​សម្រស់

បើ​ទោះបី​ជាត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីឆ្ងាយ​ដើម្បី​ថត​ចម្រៀង​កាយ​វិការ​ក្រោម​កម្ដៅ​ថ្ងៃ ហាល​ខ្យល់​ហាល​ភ្លៀង​យ៉ាង​ណាក៏​ដោយ ក៏លោក​អេនឌី​មិន​ដែល​ខ្វាយ​ខ្វល់ ឬរា​ថយ​នោះ​ដែរ ព្រោះ​លោក​មាន​វិធី​ថែរក្សា​សម្រស់​ផ្ទាល់​ខ្លួន​របស់​លោក។

  • ការ​ថែ​រក្សា​ស្បែក​មុខ ស្បែក​មុខ​មិន​រលោង មាន​អាចម៍​រុយ ឬ​គ្រាប់​មុន​នោះ​ជាការ​ព្រួយ​បារម្ភ​របស់​តារា​សិល្បៈ​គ្រប់​រូប មិន​ថា​ប្រុស ឬ​ស្រី​នោះទេ។ ចំណែក​ឯលោក​វិញ​ក៏មិន​ខុស​គ្នា​ដែរ លោក​តែង​ខ្វាយ​ខ្វល់ រិះរក​វិធី​ផ្សេងៗ​ដើម្បី​ការ​ពារ​កុំឱ្យ​មាន បញ្ហា​ស្បែក​មុខ។ លោក​បាន​ជ្រើស​រើស​យក​ផលិត​ផល​ម្យ៉ាង​មក​ប្រើ​ប្រចាំ​ថ្ងៃ ដើម្បី​លាង​សម្អាត​នូវ​មេ​រោគ​ឬ​ធូលី​ដី​ពីលើ​ស្បែក​មុខ របស់​លោក។ លើស​ពីនេះ​ទៅទៀត នៅ​ពេល​ចេញ​ទៅ​សម្ដែង​នៅខាង​ក្រៅ ឬធ្វើ​ដំណើរ​ទៅណា​ម្ដងៗ​លោក​តែង​លាប​ឡេ​ការពារ ដើម្បី​កុំឱ្យ​ស្បែក​មុខ​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ ដែល​អាច​បណ្ដាល​ឱ្យ​ស្បែក​មុខ​ស្ងួត និង​ជាំ។ ឯនៅ​ពេល​យប់​មុន​ពេល​ចូល​សម្រាក​លោក បាន​លាប​ផលិត​ផល​ជំនួយ​ស្បែក​មុខ​បន្ថែម​ទៀត​ផង​ដែរ។      
  • ការ​ថែរក្សា​ស្បែក​ខ្លួន ការ​ថែរក្សា​ស្បែក​ដងខ្លួន​មិន​មែន​ជាការ​ងាយ​នោះទេ ក៏ប៉ុន្ដែ​សម្រាប់​លោក​អេនឌី​បើទោះ​បីជា ត្រូវ​ចេញ​សម្ដែង​នៅខាង​ក្រៅ​ញឹក​ញាប់​យ៉ាង​ណាក៏​ដោយ ក៏​សុខភាព​ស្បែក​របស់​លោក​នៅតែ​ភ្លឺរ​លោង ម៉ដ្ឋខៃ​ព្រោះ​លោក​បាន​ជ្រើស រើស​យក​ផលិត​ផល​ដើម្បី​ការពារ និង​ជំនួយ​ដល់​ស្បែក។ ចំពោះ​ការ​ថែរក្សា​ការពារ​កុំឱ្យ​មាន​ក្លិន​ខ្លួន​មិន​ល្អ​លោក​បាន​រៀប​រាប់​ថា តាំងពី​តូច​រហូត​មក​ដល់​វ័យ​នេះ លោក​មិន​ដែល​មាន​ក្លិនខ្លួន​មិនល្អ​នោះទេ ព្រោះ​លោក​ការពារ​បាន​ល្អ​ដោយ​ងូតទឹក​ឱ្យបាន​ច្រើន​ដង ក្នុង​មួយថ្ងៃ ព្រម​ទាំង​ដុស​ខ្លួន​ជាមួយ​សាប៊ូ។ លើស​ពីនេះ​ទៅទៀត​លោក​អេនឌី​ប្រាប់​ថា​លោក​បាន​តម​អាហារ​ដែល​អាច​បណ្ដាល​ឱ្យ​ខ្លួន មាន​ក្លិន​មិនល្អ ដូចជា​ខ្ទឹម​បារាំង ឬខ្ទឹម​ជាដើម។ ​
  • ការ​ថែរក្សា​សក់ មាន​យុវវ័យ​មួយ​ចំនួន​និយម​លេង​ស្ទីល​សក់​ទៅតាម​ចំណូល​ចិត្ដ​របស់​គេ។ រីឯ​លោក​អេនឌី​ក៏និយម ស្ទីល​សក់​ប្លែកៗ​ដែរ ក៏ប៉ុន្ដែ​សម្រាប់​សរសៃ​សក់​ដែល​អំណោយ​ផល​ស្រាប់​ពីធម្ម​ជាតិ​នោះ​លោក​អេនឌី​មាន​ប្រសាសន៍​ថា លោក​មិន​សូវ គាប ឬផ្លុំ​នោះទេ ព្រោះវា​នាំឱ្យ​ខូច​សរសៃ​សក់។ លើស​ពីនេះ​ទៅ​ទៀត​ដើម្បី​ឱ្យសក់​កាន់តែ​មាន​សុខភាព​ល្អនោះ លោក​តែង​ប្រើ​ប្រាស់ ផលិត​ផល ដូចជា​សាប៊ូកក់​សក់​គ្រប់​ប្រភេទ​ដោយ​មិនរើស​ឡើយ​ដោយ​លោក​លើក​ហេតុ​ផល​គួរឱ្យ​ចាប់​អារម្មណ៍​ថា ការ​ប្រើ​ប្រាស់ សាប៊ូ​ចម្រុះ​មិន​ប្រកាន់​ដូច្នេះ ដើម្បី​កុំឱ្យ​សក់មាន​ភាព​ស៊ាំជា​មួយ​ប្រភេទ​សាប៊ូ​ណា​មួយ​ព្រោះ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ផ្សេងៗ ឆ្ងាយ​ពីទី​ក្រុង​ប្រភេទ​សាប៊ូ​ដែល​ស៊ាំ និង​សក់​ឬ​ស្បែក​ក្បាល​នោះ​អាច​នឹងរក​មិន​បាន​មក​ប្រើ​ប្រាស់។

ការ​ថែ​រក្សា​សុខភាព​រាង​កាយ

ទន្ទឹម​នឹង​រូប​សម្ផស្ស​ស្អាត​សង្ហា​គួរឱ្យ​ទាក់​ទាញ​ហើយ​នោះ លោក​អេនឌី​ក៏តែង​ព្យា​យាម​ធ្វើ​យ៉ាង​ណាឱ្យ​សុខភាព​រាង​កាយ របស់​លោក​រឹងមាំ​ផង​ដែរ បើ​ទោះបី​ជាមាន​ការ​មមាញឹក​ក្នុង​ការងារ​សិល្បៈ​យ៉ាង​ណាក៏​ដោយ។ ខាង​ក្រោម​នេះ​ជាវិធី​សាស្ដ្រ​ដែល​អេនឌី តែង​អនុវត្ដ​ដើម្បី​សុខភាព​របស់​លោក​ស្រស់​ថ្លា។ 

  • សុខ​ភាព​មាត់​ធ្មេញ  មនុស្ស​ម្នាក់ៗ​មាន​ស្នាម​ញញឹម​ស្រស់​ស្អាត គឺ​ដោយ​សារ​ធ្មេញ។ តែបើ​កាល​ណា​ធ្មេញ​មាន​បញ្ហា​ពុក ផុយ​សម្រស់​ក៏ធ្លាក់​ចុះដែរ ហេតុនេះ​ហើយ​ទើប​កម្លោះ​សង្ហា​យើង​ខិតខំ​ការពារ​ជាចាំ​បាច់​ដោយ​លោក​ដុស​ធ្មេញ​យ៉ាង​តិច៣ដង​ក្នុង​មួយ ថ្ងៃ ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច​លើស​ពីនេះ​ទៀត​លោក​បាន​ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់​ដើម្បី​ការពារ​កុំឱ្យ​មាន​ក្លិន​មាត់​មិនល្អ ដែល​ជា​បច្ច័យ អាក្រក់​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​គ្នា​ប្រចាំថ្ងៃ។
  • ការ​ទទួល​ទាន​ចំណី​អាហារ ការ​បរិភោគ​អាហារ​មាន​អនាម័យ​ស្អាត​ត្រឹម​ត្រូវ នាំឱ្យ​មាន​សុខភាព​ល្អ​និង​រាង​កាយ​មាំមួន។ លោក​អេនឌី​ហាក់​បាន​យល់​ដឹង​ច្រើន​អំពី​រឿង​នេះ​ហេតុ​នេះ​ទើប​លោក​តែង​ចៀស​វាង​នូវ​អាហារ​ណា​ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់ ដល់​សុខភាព។ មិន​តែ​ប៉ុណ្ណោះ​ដើម្បី​ថែរក្សា​រាង​កាយ​កុំឱ្យ​ធាត់​ពេក​លោក​តែង​ចៀស​វាង​បរិភោគ​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ដូច​ជាសាច់​ជ្រូក សាច់​គោ​ជាដើម តែ​បរិភោគ​សាច់ត្រី និង​បន្លែ​ច្រើន។ លោក​មាន​ប្រសាសន៍​ទៀត​ថា​ការ​បរិភោគ​អាហារ​ពេល​ល្ងាច ច្រើន​ក៏អាច​បណ្ដាល​ឱ្យធាត់​ដែរ។ ដូច​នេះ​ទើប​លោក​មិន​សូវ​បរិភោគ​អាហារ​ច្រើន​នៅពេល​ល្ងាច​ទេ​គឺលោក​បរិភោគ​គ្រាន់​តែ​ដើម្បី ការ​ពារ​កុំឱ្យ​ឈឺ​ក្រពះ​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅវិញ​សម្រាប់​ពេលថ្ងៃ​លោក​ត្រូវ​បរិភោគ​ឱ្យបាន​ច្រើន​ព្រោះ​ពេល​ថ្ងៃ​រាង​កាយ​ត្រូវ​បញ្ចេញ កម្លាំង​ពលកម្ម​ច្រើន។
  • ការ​ទទួល​ទាន​ដំណេក អាជីព​ជាតារា​ចម្រៀង​ដូច​លោក​អេនឌី​ក្រៅពី​ត្រូវ​ថត​បទ​ចម្រៀង​នៅ​ស្ទូឌី​យោ​ហើយ​នោះ លោក​ត្រូវ​ចេញ​ទៅ​ច្រៀង​នៅ​ភោជ​នីយដ្ឋាន​នា​ពេល​រាត្រី​ទៀត​ផង​ដូច​នេះ​ការ​ទទួល​ទាន​ដំណេក​របស់​លោក​មិនសូវ​ជាបាន​ទៀង​ទាត់ គ្រប់​គ្រាន់​ប៉ុន្មាន​ទេ តែ​លោក​ឆ្លៀត​គេង​ឱ្យបាន​យ៉ាង​ហោច​ណាស់​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ។ មានថ្ងៃ​ខ្លះ​លោក​គេង​មិន​បាន​៨ម៉ោង​នោះទេ ព្រោះ​លោក​ត្រូវ​ងើប​ទៅថត​ចម្រៀង​ខារ៉ាអូខេ​តាំង​ពីព្រលឹម។
  • ការ​ហាត់​កីឡា បើទោះ​បីជា​មាន​ការ​មមាញឹក​ខ្លាំង​ក្នុង​ការថត​បទ​ចម្រៀង​ថ្មីៗ​ក៏ដោយ​ក៏លោក​អេនឌី​តែង​ឆ្លៀត​ពេល ទំនេរ​ពីការ​ងារ​ដើម្បី​ហាត់​ប្រាណ ដូច​ជាហែល​ទឹក រត់​ជាដើម។ ក្រៅពី​នេះលោក​តែង​ចូល​ទៅ​ស្ទីម ឬ​សូណា​ដើម្បី​ឱ្យបែក​ញើស ធ្វើឱ្យ រាង​កាយ​មាំមួន មិន​សូវមាន​ជម្ងឺ​បៀត​បៀន។

បំណង​ទៅថ្ងៃ​អនា​គត

ស្រប​តាម​មុខ​ជំនាញ​ជា​និស្សិត​ផ្នែក​ទីផ្សារ​ស្រាប់​នោះ លោក​អេនឌី​បាន​ប្រាប់​ថា​លោក​នឹង​មាន​គម្រោង​លាឈប់​ពីសិល្បៈ នៅ​ក្រោយ​ពេល​ដែល​លោក​រៀប​អាពាហ៍​ពិពាហ៍​រួច ហើយ​លោក​នឹង​បើក​ជាហាង​លក់​សម្លៀក​បំពាក់​ជំនួស​វិញ។ ប៉ុន្ដែ​សម្រាប់​ថ្ងៃ កំណត់​រៀប​អាពាហ៍​ពិពាហ៍​របស់​លោក​នឹង​ប្រព្រឹត្ដ​ទៅនៅ​ថ្ងៃ​ណា​នោះ​លោក​មិន​ទាន់​បាន​បង្ហើប​ប្រាប់​នៅ​ឡើយ​ទេ តែ​លោកថា​នៅវែង ឆ្ងាយ​ទៀត។

បណ្ដាំ​ផ្ញើ

សុខភាព​ជាការ​សំខាន់​សម្រាប់​មនុស្ស​យើង​ម្នាក់ៗ។ ហេតុ​នេះ​ហើយ​ត្រូវតែ​យក​ចិត្ដ​ទុក​ដាក់​ជាពិសេស​ការ​ពារ​ព្យាបាល​ឱ្យ ទាន់​ពេល​វេលា​នូវរាល់​ជម្ងឺ​ដែល​មក​បៀត​បៀន​សារ​ពាង្គ​កាយ​របស់​យើង។ ម្យ៉ាង​វិញ​ទៀត​យើង​ត្រូវ​ចៀស​វាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ការ​ពិសា​ស្រា បារី ដែល​ជាសារ​ជាតិ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ធ្ងន់​ធ្ងរ។

ប្រវត្ដិ​សង្ខេប

  •       អាយុ ២៥ឆ្នាំ
  •       កម្ពស់ ១,៧៨ម៉ែត្រ
  •       ទម្ងន់ ៦០គីឡូក្រាម
  •       អាជីពការងារ តារា​ចម្រៀង និង​អ្នក​សម្ដែង​កាយ​វិការ
  •       បងប្អូន ៣នាក់​(កូន​ទីមួយ)
  •       កម្រិត​វប្បធម៌ បរិញ្ញា​បត្រផ្នែក​ទីផ្សារ
  •       ស្ថានភាព​គ្រួសារ រស់​នៅជា​មួយ​ម្ដាយ
  •        ប្រវត្ដិ​ចូល​សិល្បៈ ៖ ដើម​ឆ្នាំ២០០០

 

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative