បុរស​ធាត់ និង​បុរស​ញៀន​បារី កើត​បញ្ហា​លិង្គ​ងាប់

វិបត្ដិ​នៃការ​ឡើង​រឹងនៃ​លិង្គ ឬលិង្គ​ងាប់​នេះ​ប្រហែល​ជា​លោក​អ្នក​បាន​យល់​ដឹង​ច្បាស់​មក​ហើយ តាម​រយៈ​ទស្សនាវដ្ដី​សុខ ភាពយីង ដែល​បាន​បើក​កកាយ​រឿង​រ៉ាវ​នេះ​ដំបូង​គេនៅ​កម្ពុជា នៅ​លើទំព័រ​របស់​ខ្លួន​កន្លង​មក។ ហេតុ​នេះ​លោក​អ្នក​បាន​យល់​ច្បាស់ ហើយ​អំពី​និយម​ន័យ​នៃ​លិង្គ​ងាប់។ សូម​ប្រយ័ត្ន​ខ្លួន​កុំឱ្យ​ឡើង​ទម្ងន់​ធាត់​ជ្រុល​និង​សូម​កុំធ្វើ​ខ្លួន​ឱ្យក្លាយ​ទៅ​ជាអ្នក​ញៀន​បារី។ ព្រោះ ការ​ញៀន​បារី និង​​ការ​ធាត់​​​ហួស​ទម្ងន់​ធ្វើឱ្យ​មាន​ការ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវ​ភេទ​គឺ​សមត្ថភាព​លិង្គ​ឡើង​រឹងតែ​ម្ដង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជាសក្ខី​ភាព យើង​ខ្ញុំ​សូម​ណែនាំ​ជូន​អំពីល​ទ្ធផល​នៃការ​ធ្វើ​អង្កេត​មក​ជា​អំណះ​អំណាង​សម្រាប់​លោក​អ្នក។ អ្នក​ស្រាវ ជ្រាវ​នៃ​សកល​វិទ្យា​ល័យ​ហាវ៉ាដ​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​កត់​សម្គាល់​ថា ការ​ធាត់​កន្ទ្រល​និង​ការ​ញៀន​បារី​ធ្វើឱ្យ​កើត​មាន និង កើន​ឡើង​គួរឱ្យ​កត់​សម្គាល់​​នូវ​លទ្ធភាព​រង​គ្រោះ​ជាវិបត្ដិ​លិង្គ​ឡើង​រឹង​មិន​សូវល្អ រឹតតែ​កើន​ឡើង។ ផ្ទុយ​ទៅ​វិញ​សកម្មភាព​ផ្លូវ​កាយ​ជា ប្រចាំ​ជួយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់ ឬ​គ្រោះ​ថ្នាក់​នេះ។ ទាំង​នេះ​គឺជា​លទ្ធ​ផល​​សំខាន់ៗ​ដែល​ទទួល​បាន​មក​ពី ការ​សិក្សា​តាម​ដាន​ខ្នាតធំ លើក​ដំបូង​ក្នុង​គោល​ដៅ​ស្វែងរក​ខ្មាំង​សត្រូវ​នៃ​ការ​ឡើង​រឹងនៃ​លិង្គ។

ការ​អង្កេត​ស្រាវ​ជ្រាវ​អាច​ជា​អំណះ​អំណាង​បាន​ហើយ

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​សាលា​សុខភាព​សាធារណៈ​ប្រចាំ​សកល​វិទ្យា​ល័យ​ហាវ៉ាដ ដែល​មាន​លោក​​កុង​ស្ដង់​បាកុង​និង​អេរិក រីម បាន​ធ្វើការ​តាម​ដាន​បុរស​អាយុ​ពី៤០​ទៅ​៧៥ឆ្នាំ ចំនួន​២២ ០០០​នាក់ ដែល​មាន​សុខភាព​ផ្លូវ​ភេទ​ល្អ​និង​មិន​មាន​ជម្ងឺ​រ៉ាំរ៉ៃ​ក្នុង​កំឡុង មុន​ឆ្នាំ​១៩៨៦។ ក្នុង​ចំណោម​ពួក​គាត់ ១៧,៧%​(ប្រហែល​៤០០០​នាក់)​បាន​រាយ​ការណ៍​ថា​មាន​កើត​វិបត្ដិ​លិង្គ​មិន​ឡើង​រឹង​នៅ​ចន្លោះ ពីឆ្នាំ​១៩៨៦​ដល់​២០០០។ គោល​បំណង​នៃការ​តាម​ដាន​រយៈ​ពេល​ច្រើន​ឆ្នាំ​នេះ​គឺ​ប្រយោជន៍​ស្វែង​រក​ឥទ្ធិពល​នៃ​កត្ដា​អនាម័យ​ជីវិត ជា អាទិ ការ​ជក់​បារី ការ​ឡើង​ទម្ងន់​(ធាត់) ការ​ទទួល​ទាន​អាល់​កុល​(ស្រា)​និង​ការ​ទំនេរ​(នៅ​ទំនេរ​មិន​ធ្វើការ)។ អ្នក​ស្រាវ​ជ្រាវ​បាន តម្រង់​ទិស​លទ្ធ​ផល​ដោយ​គិត​គូរ​អំពី​បុរស​ដែល​រងគ្រោះ​ដោយ​ជម្ងឺ​មហារីក​ប្រូស្ដាត​ព្រោះ​ថា​ការ​ព្យាបាល​ជម្ងឺនេះ​(ដោយ​កាំរស្មី​អ៊ិច ឬ ការវះ​កាត់​ជាដើម)​សុទ្ធ​តែ​អាច​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅលើ​ការ​ឡើងរឹង​នៃលិង្គ។

ការ​ញៀន​បារី និង​ការឡើង​ទម្ងន់​អាច​ទន្ទ្រាន​ការ​ត្រេក​ត្រអាល

រូបភាពទស្សនាវដ្ដីសុខភាពយើង

លទ្ធ​ផល​បាន​បង្ហាញ​ថា ការ​ញៀន​បារី និង​ការ​ឡើង​ទម្ងន់​បាន​បង្កើន​លទ្ធភាព​រងគ្រោះ​ជាវិបត្ដិ​លិង្គ​មិន​សូវ​ឡើង​រឹង។ រីឯ សកម្មភាព​រាង​កាយ​ជាប្រចាំ​អាច​កាត់​បន្ថយ​លទ្ធភាព​រងគ្រោះ​នេះ។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​បុរស​ដែល​ធាត់​ឬលើស​ទម្ងន់ និង ហាត់​ប្រាណ​តិច​តួច​មាន​រោគ​លិង្គ​មិន​ឡើង​រឹង​ច្រើន​ជាង​បុរស​ដែល​មិន​លើស​ទម្ងន់ ឬមិន​ធាត់​និង​ធ្វើការ​ហាត់​ប្រាណ​ឬ​សកម្មភាព​ផ្លូវ កាយ​បាន​យ៉ាង​ហោច​ណាស់​៣០នាទី​ក្នុង​មួយ​ថ្ងៃ ដល់​ទៅ​២ដង​កន្លះ​ឯណោះ។ ប្រសិន​បើ​គិត​តែ​បុរស​ដែល​មាន​អាយុ​តិច​ជាង​៥៥ឆ្នាំនោះ អត្រា​រងគ្រោះ​បាន​កើន​ឡើង​ដល់ទៅ​៤ដង​ឯណោះ។ រីឯ​ជាតិ​អាល់​កុល​ឬស្រា​ហាក់​ដូច​ជាមិន​បាន​បង្ហាញ​ការបង្ក​គ្រោះ​ថ្នាក់​ដល់​វិបត្ដិ មុខងារ​ផ្លូវភេទ​នោះទេ នោះបើ​តាមការ​សិក្សា​ស្រាវ​ជ្រាវ​នេះ។

លទ្ធផល​ជាការ​ដាស់​តឿន​បុរស

លទ្ធផល​ទាំងនេះ​បាន​ណែនាំ​ឱ្យដឹងថា វិបត្ដិ​លិង្គ​មិន​ឡើង​រឹង និង​ជម្ងឺ​បេះដូង​សរសៃ​ឈាម​មាន​កត្ដា​គ្រោះថ្នាក់​រួមគ្នា​ដូចគ្នា។ ដូច្នេះ​លទ្ធផល​នេះហាក់​ដូចជា​ចង់​លើក​ទឹកចិត្ដ​បុរសឱ្យ​ប្រកាន់​យកនូវ​ការរស់​នៅ​ត្រឹមត្រូវ និងល្អ​ប្រសើរ​បំផុត។ បើ​លោក​បុរសៗ​ទាំង ឡាយ​ចង់​ស្ថិត​នៅក្មេង​ជាងវ័យ​លើរឿង​លើគ្រែ ចាប់​ពីពេល​នេះទៅ​សូម​ហាត់​ប្រាណ​ឬលេង​កីឡា​ហើយ​គ្រវែង​បារី​ចោល។ បើចង់​ដោះ​ស្រាយ អ្វីៗនឹង​ត្រូវ​ស្រាក​ស្រាន្ដ។ ប្រការ​សំខាន់​បំផុត សូម​ការពារ​ប្រសើរ​ជាង​ព្យា​បាល។

បណ្ដាំផ្ញើ ៖ អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​ដើម្បី​សមត្ថភាព​ផ្លូវភេទ​បានយូរ​អង្វែង គួរ​កុំខក​ខាន​ឱ្យ​សោះ។ សូមកុំឱ្យ​អង្ករ​ក្លាយ​ជាបាយ ហើយ ទើប​ស្ដាយ​ក្រោយ គឺហួស​ពេល​ហើយ។ សូម​ហាត់​ប្រាណ ឬ​លេង​កីឡា ដើម្បី​សុខភាព និង​សុភមង្គល។ ម្យ៉ាង​ទៀត បើសិន លោក​អ្នក​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​សូម​រួសរាន់​រកសេវា​ព្យាបាល​ដ៏មាន​ប្រសិទ្ធភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative