អង្គការ​ស្បៀង​អាហារ​ពិភពលោក ៖ ​មនុស្ស​១ភាគ៧​លើ​ពិភពលោក​ខ្វះខាត​ស្បៀងអាហារ​

កាល​ពីថ្ងៃ​ទី៣០ ឧសភា ឆ្នាំ​២០១២​ កន្លង​ទៅ​ថ្មីៗ​នេះ អង្គ​ការ​កសិកម្ម​ស្បៀង​អាហារ​ពិភព​លោក​ហៅ​កាត់​ថា FAO​ បាន​លើក​ឡើង​​ក្នុង​របាយ​ការណ៍​មួយ​ដែល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ​នៅ​លើ​ពិភព​លោក​ក្នុង​ចំ​ណោម​​មនុស្ស​៧នាក់​មាន​មនុស្ស​១នាក់​ដែល​ខ្វះ​អា​ហារ​បំប៉ន​គ្រប់​គ្រាន់។ ការ​លើក​ឡើង​នេះ គឺ​ធ្វើ​ឡើង​នៅ​មុន​ពេល​សន្និ​សិទ​កំពូល​ ស្តី​អំពី​ការ​អភិវឌ្ឍន៍​ចីរ​ភាព​តាម​គម្រោង គឺ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង រីយ៉ូដឺ​ជេន​នីរ៉ូ (Rio de Janeiro) ប្រទេស​ប្រេ​ស៊ីល ចាប់​ពីថ្ងៃ​ទី២០ មិថុនា ដល់​ថ្ងៃទី​២២​មិថុនា ឆ្នាំ​២០១២ នា​ពេល​ខាង​មុខ​នេះ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

អគ្គ​នាយក​អង្គការ FAO លោក Jose’ Graziono Da Silva បាន​លើក​ឡើង​តាម​របាយ​ការណ៍​នេះ​​ថា មិន​អាច​និយាយ​ពីការ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​បានទេ ប្រសិន​បើ​ស្ថានកា​រណ៍ខ្វះខាត​អាហារ​បំប៉ន នៅ​តែបន្ត​កើត​មាន​លើ​មនុស្ស​ជិត១​ភាគ៧ នៅ​លើ​ភព​ផែន​ដីនេះ។ លោក​បាន​សង្កត់​ធ្ងន់​ថា សន្និ​សិទ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​នេះ គឺជា “ឱកាស​មាស” សម្រាប់​ស្វែង​យល់​នូវការ​លំបាក​ក្នុងការ​ជួយ​ដល់អ្នក​ក្រីក្រ​ឲ្យ​ទទួល​បាន​ស្បៀង​អាហារ​គ្រប់​គ្រាន់។

បើ​យោង​តាម​របាយ​ការណ៍​ បាន​ឲ្យដឹង​បន្ត​ថា មនុស្ស​៣ភាគ​៤នៃ​អ្នក​ក្រីក្រ​លើ​ពិភព​លោក​ ដែល​រស់​នៅ​តាម​តំបន់​ជន​បទ​ ពួក​គេ​ស្ទើតែ​ទាំង​អស់​រស់​នៅ​ពឹង​ផ្នែក​ទៅ​លើ​កសិកម្ម​ ឬ​សកម្មភាព​ដែល​ទាក់​ទិន​ទៅ​នឹង​កសិកម្ម​។ ការ​អត់​ឃ្លាន​បាន​រុញ​ច្រាន​អ្នក​ក្រីក្រ​ នៅ​ក្នុង​រង្វង់​វិល​ចុះ​វិល​ឡើង​មួយ​រួមមាន ៖

  • ទិន្ន​ផល​ផលិត​បាន​ទាប
  • ភាព​កាន់​តែ​ក្រីក្រ​ទៅៗ
  • សេដ្ឋ​កិច្ច​អភិវឌ្ឍន៍​យឺត
  • ការ​បន្ថយ​ប្រភព​ចំណូល​ផ្សេងៗ

អង្គការកសិកម្ម​​ស្បៀង​អាហារ​ពិភព​លោក (FAO) ក៏បាន​លើក​បន្ថែម​ថា​ដល់​ឆ្នាំ​២០៥០ ប្រជាជន​ពិភព​លោក​នឹង​កើន​ដល់​៩ពាន់​លាននាក់។ ប្រការ​នេះ​មាន​ន័យ​ថា តម្រូវ​ការ​ស្បៀង​អាហារ​ នឹង​កើន​ឡើង​ដែល​បង្ក​ជា​សម្ពាធ​ចំពោះ​ប្រព័ន្ធ​កសិកម្ម​ និង​ស្បៀង​អាហារ។

ហេតុ​ដូច្នេះ​ហើយ បណ្តា​រដ្ឋាភិបាល​ ត្រូវ​ចាំ​បាច់​វិនិ​យោគ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការពារ​សិទ្ធិ​បាន​ទទួល​ស្បៀង​អាហារ​ និង​បណ្តា​ប្រភព​ធន​ធាន​ធម្មជាតិ​ដូចជា​ ដី ទឹក ឬ ព្រៃ​សម្រាប់​អ្នក​ក្រីក្រ។ នៅ​ក្នុង​របាយ​ការណ៍​ដដែល​នេះ ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រព័ន្ធ​ផលិតកម្ម​ និង​ចែក​ចាយ​ស្បៀង​អាហារ ធ្វើ​ការ​កែ​សម្រួល​សកម្មភាព និង​ផ្លាស់​ប្តូរ​មក​កាន់​ចំណីអាហារ​ធម្មជាតិ ដែល​ជា​ប្រយោជន៍​ដល់​បរិស្ថាន​ច្រើន​ជាង ទន្ទឹម​នឹង​ការ​កាត់បន្ថយ​ជា​អតិបរមា​នូវ​ស្ថាន​ភាព​ខ្ជះខ្ជាយ​ស្បៀង ដែល​បច្ចុប្បន្ន​ប្រមាណ១.៣ពាន់​លាន​តោន​នៃ​ស្បៀង​អាហារ​ក្នុង​មួយ​ឆ្នាំ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះ​ថ្នាក់​ចម្បង​ជាង​នេះ​ទៀត​នោះ គឺ​ថា​បើ​ទោះបី​ពិភព​លោក​ ខិត​ខំនឹង​បង្កើន​ទិន្នផល​ដល់ទៅ​ ៦០% តាម​ការ​ព្យាករណ៍​ក៏ដោយ ក៏​នៅ​មាន​មនុស្ស​៣០០​លាន​នាក់ នៅ​តែ​បន្តទទួល​រង​នូវ​ភាព​អត់​ឃ្លាន​ជាប្រចាំ​ នៅ​ឆ្នាំ​២០៥០​នា​ពេល​ខាង​មុខ​ផង​ដែរ ។

ប្រធាន​បទ​សន្និ​សិទដែល​ត្រៀម​នឹង​ធ្វើ​នៅ​ទីក្រុង​នៃ​ប្រទេស​ប្រស៊ីល​នៅចុង​ខែ​មិថុនា​នេះ គឺ​ប្រមូល​ផ្តុំ​ទៅលើ​សេចក្តី​សម្រេច​ចិត្ត​រួម​មួយ​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ បាន​អនុម័ត​កាល​ពីខែ​ធ្នូ ឆ្នាំ​២០០៩ ហើយ​ក៏​សំដៅ​ដល់​ការ​ផ្លាស់ប្តូរ​ ការ​អន្ត​រាគមន៍ចូល​រួមអំពី​នយោបាយ​នៅក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​ចីរភាព​នេះផងដែរ៕

គួរ​រំឮក​ថា កាល​ពីឆ្នាំ​២០១១ កន្លង​ទៅ លោក​ប្រធាន​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ បាន​មាន​ប្រសាសន៍​ថា ​ធន​ធាន​ដី​និង​ទឹក​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​លើស​ពី​តម្រូវការ​សម្រាប់​ផលិកម្ម​ស្បៀង​ទៅ​ទៀត «ធនធានដី​និងទឹក​សម្រាប់​ផលិតកម្ម​ស្បៀង​នៅ​ក្នុង​ករណី​ជាច្រើន​បាន​រង​នូវ​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​តម្រូវការ​ផ្សេងៗ​គ្នា​ទៀត​ជា​ច្រើន​ សម្រាប់​ការ​ប្រើប្រាស់​ដូច​ជា​ ការ​ពង្រីក​ទីក្រុង​ វារីវប្បកម្ម​ និង​ការ​ដាំ​ដំណាំ​សម្រាប់​ជីវឥន្ធនៈ​រាវ»។ តំបន់​ខ្លះ​ទទួល​រង​​ការ​គម្រាមកំហែង​កាន់​តែ​ខ្លាំង​ឡើងៗ ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ អាច​មាន​ឥទ្ធិពល​ដល់​ សីតុណ្ហភាព របប​ទឹក​ភ្លៀង​ និង​ លំហូរ​ទឹក​ទន្លេ។ នៅ​ត្រឹម​ឆ្នាំ​២០៥០ ​ដោយសារ​តែ​ការ​កើនឡើង​ចំនួន​ប្រជាជន​និង​កំណើន​ខ្ពស់​នៃ​កម្រិត​ការ​ប្រើប្រាស់​ស្បៀង​ ផលិកម្ម​ស្បៀង​ពិភពលោក​នឹង​ត្រូវ​បង្កើន​ឲ្យ​ដល់​ទៅ​៧០​ភាគរយ។ ប៉ុន្តែ​បន្ទុក​ត្រូវ​ធ្លាក់​ទៅ​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​តម្រូវ​ឲ្យ​សម្រេច​បាន​កំណើន​ផលិតកម្ម​ស្បៀង​ដល់​ទៅ​១០០​ភាគ​រយ។

របាយ​ការណ៍​កាល​ពី​ឆ្នាំ​២០១១ ក៏​ផ្តល់​អនុ​សាសន៍​រួម​ផង​ដែរ រួម​មាន​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ធន​ធាន​ដី​និង​ទឹក​ តាមរយៈ​ការ​កែ​លម្អ​ប្រព័ន្ធ​ស្រោច​ស្រព​ និង​ការ​រក​ឃើញ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​ ការ​បង្កើន​ការ​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ដី​ដែល​មាន​ស្រាប់​ ព្រមទាំង​ការ​ធានា​ថា ​គោល​នយោបាយ​ជាតិ​​ ដោះស្រាយ​បញ្ហា​ប្រឈម​កាន់​តែ​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ដី​និង​ទឹក។

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា«ស្ថានភាព​ធនធាន​ដី​និង​ទឹក​សម្រាប់​កសិកម្ម​និង​ស្បៀង​អាហារ​ក្នុង​ពិភព​លោក​»​ (State of the World’s Land and Water Resources for Food and Agriculture) កាល​ឆ្នាំ​២០១១​កន្លង​ទៅ បាន​និយាយ​ទៀត​ថា ​គ្មាន​តំបន់​ណាមួយ​ដែល​នឹង​រួច​ផុត​ពី​ការ​ប៉ះពាល់​នោះទេ។ របាយ​ការណ៍​នេះ​និយាយ​ថា ប្រសិន​មិន​មាន​ការ​ចាត់​វិធានការ​ទប់ទល់​ពេល​នេះ​ទេ ទាំង​ភាព​ក្រីក្រ​និង​ភាពអត់ឃ្លាន​នឹង​កើន​ឡើង។

តើ​នៅ​ឆ្នាំ​២០១២ នា​ខែ​មិថុនា​ខាង​មុខ​នេះ​ តើការ​ប្រជុំ​នៅ​ទីក្រុង​នៃ​ប្រទេស​ប្រស៊ីល នឹង​រួម​គ្នា​រក​ដំណោះ​ស្រាយ និង​អនុសាសន៍​រួម​អ្វីខ្លះ ដើម្បី​បង្កើន​ផលិត​កម្ម​ស្បៀង​អាហារ​នៅ​លើ​ពិភព​លោក​ផ្គត់​ផ្គត់​គ្រប់​គ្រាន់​ទៅ​តាម​តម្រូវ​ការ​របស់​មនុស្ស​ជាតិ​នៅ​លើ​សកល​លោក? គេហ​ទំព័រ​សុខភាព​កម្ពុជា​ នឹង​លើក​យក​របាយ​ការណ៍​ថ្មី​នោះ​មក​ជម្រាប​ជូន​ប្រិយ​មិត្ត​អ្នក​អាន​។ ដូច្នេះ​សូម​រង​ចាំ​តាម​អាន​ជាមួយ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ បន្តនា​ពេល​ខាង​មុខ​។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​​​មិ​ថុ​នា ២០១២

Google Analytics Alternative