ការ​ប្រមូល​សម្រាម​នឹងមាន​ភាព​រអាក់​រអួល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​អំឡុង​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​

ការ​ប្រមូល​សម្រាម​នៅ​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​មើល​ឃើញ​ថា មិន​មាន​ភាព​ប្រសើរ​នៅ​ពេល​មាន​ពិធី​ធំដុំ​អ្វី​មួយ​ត្រូវ​បាន​ប្រារព្ធ​នៅ​កម្ពុជា។ ជាក់​ស្តែង ការ​ប្រមូល​សម្រាម​នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ការ​រអ៊ូ​រទាំ​ពី​ក្លិន ស្អុយ ឆ្អេះ​ឆ្អាប​របស់​សម្រាម​ទាំង​នោះ ដោយ​សារ​ខាង​ក្រុម​ហ៊ុន​ប្រមូល​សម្រាម​នៅ​ទីក្រុង​ភ្នំពេញ​ដើរ​ប្រមូល​មិន​ទាន់។ ដោយ​សារ​តែ​បញ្ហា​នេះហើយ​ទើប​បាន​ជា​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​សេច​ក្តី​ជូន​ដំណឹង​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ទីក្រុង ធ្វើ​ការ​វេច​ខ្ចប់​សម្រាមរបស់​ខ្លួន​នៅ​តាម​គេហ​ដ្ឋាន​ឲ្យ​បាន​ស្អាត និង​ត្រឹម​ត្រូវ​ទម្រាំ​កម្លាំង​អ្នក​ធ្វើ​ការ​ប្រមូល​សម្រាម​ត្រឡប់​មក​ពី​ចូលរួម​ការ​បោះ​ឆ្នោត​រួច​រាល់។

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោង​តាម​សេចក​ក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ២០១២ ​របស់​សាលា​រាជ​ធានី​ភ្នំពេញ បាន​ប្រកាសឱ្យ​ដឹង​ថា​ ដោយ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ លេខ​១៥៥​ក.ប/​ស.ជ.ណ ចុះ​ថ្ងៃ​ទី​៤ ខែ​ឧសភា ​ឆ្នាំ​២០១២ បាន​អនុញ្ញាត​ច្បាប់​ជូន​និយោ​ជិត​ កម្មករ​ ​កម្មការិនី ​ដែល​នៅ​តាម​បណ្តា​ខេត្ត​ឈប់​សម្រាក​ចំនួន​​៣​ថ្ងៃ ​គឺ​ថ្ងៃ​ទី​២-៣-៤​ ខែ​មិថុនា ​ឆ្នាំ​២០១២ ​ដើម្បី​ទៅ​ចូល​រួម​បោះ​ឆ្នោត​​ជ្រើ​សរើស​​ក្រុម​បឹ្រក្សា​ ឃុំ-សង្កាត់ ​ដែល​នឹង​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា ​ឆ្នាំ​២០១២ ​នាពេលខាង​មុខ​នេះ។ ហេតុដូច្នេះហើយ ​ការ​ផ្តល់​សេ​វា​សម្អាតនិង​ប្រមូល ព្រម​ទាំង​ដឹក​ជញ្ជូនសម្រាម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​នឹង​​មាន​ការ​រអាក់​រអួល​មិន​បាន​ពេញ​លេញ​ចំនួន​៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ​ឆ្នាំ​២០១២ ​ដោយ​សារ​កម្មករ​ កម្មការិនី​របស់​​ក្រុមហ៊ុន​ ស៊ីនទ្រី ​ភាគ​ច្រើន​បាន​ទៅ​ចូល​រួម​បោះ​ឆ្នោត​។ នៅ​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ ដូច​បាន​ជម្រាប​ជូន​ខាង​លើ ​សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ទាំង​អស់​មេត្តា​វេច​ខ្ចប់​ និង​ទុក​ដាក់​សំរាម​នៅ​ក្នុង​​​ផ្ទះ​រៀង​ៗខ្លួន​ឱ្យ​​បាន​ត្រឹម​ត្រូវ​ សូម​មេត្តា​កុំ​បញ្ចេញ​សំរាម​មក​ខាង​ក្រៅ​ផ្ទះ និង​ចោល​តាម​ទី​សា​ធារណៈ​ ដែល​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​ ការ​ធ្វើ​ចរាចរណ៍​ អនាម័យ ​សោភ័ណ​ភាព ​និង​បរិស្ថាន​ទី​ក្រុង ។ ​ការ​ផ្តល់​សេ​វា​សម្អាត ប្រមូល​ និង​ដឹក​ជញ្ជូន​សម្រាម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ នឹង​ដំណើរ​ការ​ជា​ប្រក្រតី​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ​ឆ្នាំ​២០១២ តទៅ ។

នៅក្នុងសេចក្តីជូនដំណឹងនោះសាលា​រាជ​ធានី​បានអំពាវនាវ ​សូម​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​រាជ​ធានី​ភ្នំពេញ ​មេត្តា​យោគ​យល់ និង​អធ្យាស្រ័យ​ចំពោះ​ការ​រអាក់​រអួល​នេះ និង​ជឿ​ជាក់​ថា ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​យល់​និង​ចូល​រួម​អនុវត្ត​តាម​ការ​ណែ​នាំ​ខាង​លើ ។

ព្រម​ជាមួយ​គ្នា​នេះ គេហ​ទំព័រ សុខ​ភាព​កម្ពុជា ក៏​សូម​ជម្រាប​ជូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​ទីក្រុង​ថា សម្រាម​បាន​ផ្តល់ និង​ជះ​ឥទ្ធិ​ពល​អាក្រក់​ជា​ច្រើន​ដែល​អាច​ចម្លង​មេរោគ​ទៅ​កាន់​បង​ប្អូន​ដោយ​មិន​ដឹង​ខ្លួន​តាម​រយៈ​ការ​ហើរ​សារ​ធាតុ​កខ្វក់​ចេញ​ពី​សំណល់​សម្រាម​ដែល​ផុយ​រលួយ​ចូល​ទៅ​ក្នុង​សួត បង្ក​ទៅ​ជា​ជម្ងឺ​ផ្សេងៗ និង​តាម​រយៈសត្វ​ចង្រៃ​ដូច​ជា​សត្វ​កណ្តុរ និង​សត្វ​រុយ​ជាដើម​ដែល​ទៅ​តោង​ទាម​សម្ភារៈ​ប្រើ​ប្រាស់​របស់​លោក​អ្នក ដោយ​បង្ក​ជា​មេរោគ​ដល់​សម្ភារៈទាំង​នោះ​ដោយ​ការ​ខ្វះ​បំរុង​ប្រយ័ត្ន។ ដូច្នេះ​ជា​ប្រការ​ល្អ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​មិន​ថា នៅ​ទី​ក្រុង ឬ​ជន​បទ​នោះ​ទេ ត្រូវ​តែ​វេច​ខ្ចប់​សម្រាប ឬ​កាក​សំណល់​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មាន​សណ្តាប់​ធ្នាប់។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​​​មិ​ថុ​នា ២០១២

Google Analytics Alternative