កុមារ​ញ៉ាំ​មិន​គ្រប់​គ្រាន់​ល្ងង់

របប​អាហារ​ចាំបាច់​ណាស់​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្សនិង​សត្វ។របប​​អាហារ​គ្រប់​គ្រាន់​​​មិន​ត្រឹមតែ​ជួយ​ឱ្យ​មនុស្ស​រីកលូត លាស់​ធំធាត់​ផ្នែក​សរីរាង្គ​ប៉ុណ្ណោះ​ទេ​ប៉ុន្ដែ​ថែម​ទាំង​ពាក់ព័ន្ធ​សំខាន់​ដល់​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី​មួយ​ចំណែក​ទៀត​ពិសេស​ស្ថិត នៅ​ក្នុង​វ័យ​កុមារ​ភាព។ កុមារ​ត្រូវ​ការ​នូវ​អាហារ​ចម្រុះ​ដើម្បី​ទ្រទ្រង់​សុខភាព និង​ការរីក​ចម្រើន​ផ្នែក​ខួរ​ក្បាល។ បើកុមារ​ទទួល​បាន អាហា​រូបត្ថម្ភ​មិន​គ្រប់​គ្រាន់ នោះ​កុមារ​អាច​នឹង​បាត់​បង់​ថាម​ពល​ផ្លូវ​កាយ​និង​មាន​កម្សោយ​ផ្នែក​បញ្ញា​ស្មារតី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខ​នេះ ទស្សនាវដ្ដី សុខភាពយើង បាន​លើក​យកនូវ​អត្ថបទ​ថ្មីមួយ​ស្ដីអំពី​របប​អាហារ​សម្រាប់​កុមារ​តាម​រយៈ ការ​ប្រឹក្សា​ពីលោក​ស្រីវេជ្ជ​បណ្ឌិត ជី កាំហូយ អ្នក​ជំនាញ​ផ្នែក​ជម្ងឺ​កុមារ​ប្រចាំ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

កម្សោយ​បញ្ញា​របស់​កុមារ

កុមារ​ដែលរៀន​មិន​សូវ​ចងចាំ​បានល្អ មិន​ពូកែ គិត​យឺត​យូរ មិន​រហ័ស​រហួន មិន​វៃឆ្លាត កុមារ​ក្រចេះ ក្រយល់​ក្រចាប់​បាន នូវអ្វី​ដែល​គេព្យា​យាម​ពន្យល់​និង​ចង់​ឱ្យចេះ​ដឹង ហៅថា​អាប់​បញ្ញា ឬ​ល្ងង់។ មាន​មូល​ហេតុ​ជាច្រើន​យ៉ាង​ដែល​ធ្វើឱ្យ​បញ្ញា​របស់​កុមារ មាន​ការ​លូត​លាស់​យឺត​យ៉ាវ ខ្សោយ​ដោយ​ពាក់​ព័ន្ធ​ទៅនឹង​ការ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សុខភាព​ផ្លូវចិត្ដ និង​ផ្លូវ​កាយ​របស់​ទារក តាំង​ពីក្នុង​ផ្ទៃ​ម្ដាយ។ ព្រម​ទាំង​កត្ដា​សុខភាព​ម្ដាយ​ទ្រុឌ​ទ្រោម​ដោយ​ខ្វះ​អាហារ​ពេល​កំពុង​ពពោះ​កុមារ​មាន​ជម្ងឺ​ច្រើន​តាំង​ពីតូច កុមារ ជួប​នូវភាព​តក់​ស្លុត ភ័យ​រន្ធត់ ប៉ះ​ទង្គិច​ក្បាល​ជាដើម។ កត្ដា​សំខាន់​មួយ​ផ្សេង​ទៀត​គឺការ​បំបៅ​ដោះ និង​របប​អាហារ​មិន​គ្រប់​គ្រាន់ ខ្វះជាតិ​វីតាមីន​ជាដើម។ ដូច្នេះ​ការ​បំបៅ និង​របប​អាហារ​ជាកត្ដា​ចម្បង​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ការលូត​លាស់​នៃប្រាជ្ញា​ស្មារតី​របស់ កុមារ។

ប្រភេទ​អាហារ​ជំនួយ​ការលូត​លាស់​បញ្ញា

កង្វះ​អាហារ​ធ្វើឱ្យ​កុមារ​មាន​ការ​លូត​លាស់​ផ្នែក​បញ្ញា​យឺត​ខុស​ប្រក្រតី។ អាហារ​ប្រភេទ​ណាខ្លះ​ដែល​ជួយ​ឱ្យ​បញ្ញា​កុមារ​លូត លាស់​ល្អ?

  • ជាតិ​គ្លុយ​កូស ៖ ជា​ជាតិស្ករ​ដែល​ខួរក្បាល​ត្រូវ​ការ​បំផុត។ បើខ្វះ​ជាតិ​គ្លុយ​កូស​ក្នុង​ឈាម​នោះ​ខួរ​ក្បាល​នឹង​ថម​ថយ​ការ​ចង ចាំ។ ជាតិ​គ្លុយ​កូស​មាន​នៅក្នុង​អង្ករ បាយ សណ្ដែក​បាយ សណ្ដែក​បារាំង ផ្លែ​ឈើ​ស្រស់ បន្លែ​មាន​ជាតិ​ម្សៅ​និង​បន្លែ​បៃតង​ផ្សេងៗ។ ប៉ុន្ដែ​ការ​ទទួល​ទាន​ជាតិ​ផ្អែម​ដែល​កែច្នៃ​ច្រើន មិន​មែន​ជាការ​ល្អសម្រាប់​សុខភាព​នោះទេ​ដូចជា​ស្ករ​ត្នោត ស្ករ​គ្រាប់ ស្ករស ទឹកឃ្មុំ ជាដើម។
  • ជាតិ​ដែក ៖ ខ្វះជាតិ​ដែក​គឺនាំឱ្យ​ប្រព័ន្ធ​ប្រសាទ​ណឺរ៉ូន​នៃខួរ​ក្បាល​ខ្វះអុក​ស៊ីហ្សែន​ព្រោះ​ជាតិ​ដែក​មាន​តួនាទី​នាំយក​អុកស៊ី ហ្សែន​ទៅប្រព័ន្ធ​ប្រសាទ​ណឺរ៉ូន។ ជាតិ​ដែក​អាច​មាន​នៅក្នុង​ស្ពៃ​ខៀវ ត្រកួន​និង​មាន​ច្រើន​នៅក្នុង​សាច់​ពណ៌​ក្រហម។
  • ជាតិ​វីតាមីន ៖ វីតាមីន​ដែល​ជំនួយ​ដល់​ខួរ​ក្បាល ដូចជា​វីតាមីន​បេ១ និង​បេ២។
  • ជាតិ​សាច់ ជាតិ​សាច់ ដូច​ជាត្រី សាច់​សត្វ​ផ្សេងៗ​ជាដើម​មាន​ផ្ទុក​សារធាតុ​រ៉ែ​ច្រើន​ប្រភេទ ដូចជា​ផូស្វ័រ​ស័ង្កសី​ឬ​សេឡេ​នីញ៉ូម ដែល​មាន​ឥទ្ធិពល​លើការ​ចងចាំ​នៃខួរ​ក្បាល។
  • ជាតិ​ខ្លាញ់ ៖ ជាតិ​ខ្លាញ់​ដែល​បាន​មក​ពីសត្វ​ហៅថា​លីពីដ និង​ខ្លាញ់​ដែល​បាន​មកពី​រុក្ខជាតិ​ដូចជា​សណ្ដែក​សៀង​ល្ង ដូង ប្រេង​កុលហ្សា ប្រេង​ពន្លក​ស្រូវ​សាឡី​ជាដើម ហៅថា​ប្រេង​ធញ្ញ​ជាតិ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្ថ​ប្រយោជន៍​នៃការ​ផ្ដល់​អាហារ​គ្រប់​គ្រាន់

ការ​ទទួល​ទាន​អាហារ​គ្រប់​គ្រាន់​របស់​កុមារ នាំឱ្យ​ការ​ស្រូប​យក​ជីវជាតិ​ទៅ​ចិញ្ចឹម​តាម​ផ្នែក​នីមួយៗ​នៃរាង​កាយ​បាន​សម ស្រប​តាម​តម្រូវ​ការ។ អាហារ​ជាច្រើន​ប្រភេទ​ដែល​មាន​រស​ជាតិ វីតាមីន និង​សារ​ធាតុ​បំប៉ន​ផ្សេង​ពីគ្នា​គឺទាក់​ទិន​សំខាន់​ណាស់ ទៅនឹង​ការ​ចង​ចាំ​នៃខួរ​ក្បាល។ ពពួក​អាហារ​ទាំងនេះ​មាន​សារៈ​ប្រយោជន៍​ណាស់​សម្រាប់​ខួរក្បាល​របស់​កុមារ។ វាជួយ​ឱ្យ​កុមារ​មាន ភាពវាង​វៃ ចងចាំ​បាន​ល្អ ឆាប់​ទទួល​បាននូវ​ការ​បណ្ដុះ​បណ្ដាល​ជាទូទៅ។ ប៉ុន្ដែ​ប្រភេទ​អាហារ​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ទ្រទ្រង់ សព៌ាង្គ​កាយ ក៏មាន​ចំណែក​មិន​អាច​ខ្វះ​ដែរ។​ ការផ្ដល់​នូវ​អាហារ​គ្រប់​ប្រភេទ​គ្រប់​គ្រាន់​សម្រាប់​ការរីក​លូត​លាស់​នៃ​សរីរៈ​របស់​កុមារ គឺ​ធ្វើឱ្យ​កុមារ​មាន​សុខភាព​ល្អ។ ការ​ទទួល​បាន​សុខភាព​ល្អនេះ​ហើយ​ដែល​រួម​ចំណែក​ធ្វើឱ្យ​ខួរ​ក្បាល​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ក្នុងការ ចងចាំ និង​ជំរុញ​ឱ្យមាន​ភាព​ឆ្លាតវៃ។

ផល​វិបាកនៃ​ការផ្ដល់​អាហារ​មិន​គ្រប់​គ្រាន់

ទោះជា​ដោយ​មូល​ហេតុ​ណា​ក៏​ដោយ កម្សោយ​បញ្ញា​របស់​កុមារ​មាន​ផល​វិបាក​ដូចគ្នា​ទាំង​អស់។ ប៉ុន្ដែ​វាអាច​ធ្ងន់​ធ្ងរ​នៅ​ពេល ដែល​ទារក​បៅ​មិន​គ្រប់​គ្រាន់ ខ្វះ​នូវ​ចំណី​អាហារ​បំប៉ន​ក្នុង​ខណៈ​ដែល​កាយ​សម្បទា​របស់​គេត្រូវ​ការ​លូត​លាស់។ កុមារ​តូច​បាត់​បង់ សមត្ថភាព​ផ្សេងៗ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បញ្ជា​នៃខួរ​ក្បាល ដូចជា​ក្រចេះ​ក្រឡាប់​ឬ​អង្គុយ​ដៃក្រ​ចេះ​ចាប់​កាន់​ឬ​ប្រតោង​ឈរ ក្រចេះ ស្ដាប់ ឬ​និយាយ មិន​ងាយ​យល់​ពីអ្វី​ដែល​អ្នក​ជុំវិញ​ព្យាយាម​បង្ហាត់។ នៅ​ពេល​ដែល​កុមារ​ចូល​រៀន​គេអាច​នឹង​រៀន​មិន​ពូកែ។ វិធី​បង្ការ​កម្សោយ​បញ្ញា

អាណា​ព្យាបាល​ត្រូវយក​ចិត្ដ​ទុក​ដាក់​លើ​សុខ​ភាព​កូន​តាំងពី​នៅ​ក្នុង​ផ្ទៃមក​ម្ល៉េះ។ ក្រៅ​ពីការ​យក​ចិត្ដ​ទុក​ដាក់​លើ​សុខភាព​ផ្លូវ ចិត្ដ​ម្ដាយ​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​សារ​ធាតុ​បំប៉ន​ឱ្យបាន​គ្រប់​គ្រាន់​ដើម្បី​ការ​លូត​លាស់​របស់​ទារក​ទាំង​ផ្នែក​សរីរៈ និង​ខួរ​ក្បាល។ នៅ​ពេល​ដែល​ទារក​កើត​មក ម្ដាយ​ត្រូវ​បំបៅ​កូន​ដោយ​ទឹក​ដោះ​យ៉ាង​តិច​៦ខែ។ ចាប់ពី​អាយុ​៦ខែ​ម្ដាយ​ត្រូវ​ផ្ដល់​បបរ​ដែល​មាន​ជាតិ សាច់​បន្លែ​ឱ្យគ្រប់​គ្រាន់​ក្នុង​បរិមាណ​២៥០​មីលី​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ការ​បញ្ចុក​អាហារ​បន្ថែម​ដល់​កូន​ត្រូវ​ធ្វើតាម​ដំណាក់​កាល​នៃអាយុ​ឱ្យ បាន​សម​ស្រប។ ប៉ុន្ដែ​សំខាន់​គឺ​អាហារ​ទាំង​នោះ​ត្រូវ​មាន​សារធាតុ​បំប៉ន​គ្រប់​គ្រាន់​ដើម្បី​ជំនួយ​ខួរ​ក្បាល។ នៅ​ក្នុង​ផ្នែក​វេជ្ជសាស្ដ្រ​មាន​ថ្នាំ ខ្លះជា​ជំនួយ​បញ្ញា ប៉ុន្ដែ​ការ​ប្រើថ្នាំ​នេះ​គប្បី​ឆ្លង​កាត់​ការ​ប្រឹក្សា​និង​ការ​ពិនិត្យ​សុខភាព​ពីគ្រូពេទ្យ​ជំនាញ​ជាមុន​សិន។

ដំបូន្មាន​អ្នក​ជំនាញ

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​ល្អ​ប្រសើរ​ណាស់​សម្រាប់​សុខភាព​កូន។ ការ​បរិភោគ​ទៀត​សោត​គឺត្រូវ​មាន​តុល្យភាព​នឹង តម្រូវ​ការ​របស់​សព៌ាង្គ​កាយ បើមិន​ដូច្នោះ​ទេ​កុមារ​ប្រឈម​នឹងការ​កើត​ជម្ងឺ​ធាត់ និង​ជម្ងឺ​ផ្សេងៗ​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative