កុមារ​កម្ពុជា​ប្រឈម​នឹង​ការ​លង់​ទឹក​ស្លាប់​ខ្ពស់

កុមារកម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​ទៅនឹង​ការលង់​ទឹក​ស្លាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា មិន​ថានៅ​តំបន់​ទី​ប្រជុំជន ឬ​តំបន់​ជនបទ​ឡើយ។ បើ​តាម​របាយ​ការណ៍​របស់​អង្គការ UNICEF​កាលពីពេលថ្មីៗនេះ បាន​ឲ្យដឹងថា​បញ្ហា​កុមារ​ស្លាប់​ដោយ​សារ​ការលង់​​ទឹក ​បាន​ក្លាយ​ជា​បុព្វហេតុ​នាំ​មុខ​នៃ​ការ​ស្លាប់​របស់​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​​​​ចំនួន​ស្មើនឹង​ពាក់​ក​​​​ណ្តាល​នៃ​ការ​ស្លាប់​។

រូបភាពទស្សនាវដ្ដីសុខភាពយើង

របាយ​ការណ៍​បានបន្តថា​ ​ការ​លង់​ទឹក​គឺ​មាន​មួយក្នុង​ចំណោម​ករណី​ស្លាប់​បួន​ករណី សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី​១​ឆ្នាំ​ ទៅ​៤​ឆ្នាំ​ ហើយ​ដែល​ក្រុម​កុមារ​ក្នុង​រវាង​អាយុ​នេះ​មាន​ការ​ស្លាប់​ភាគ​ច្រើន​ ដោយ​សារ​តែ​ការ​លង់​ទឹក​។ ​ការ​លង់​ទឹក​របស់​កុមារ​មិន​ទទួល​បាន​ការ​រាយ​ការណ៍​​ក្នុង​ចំនួន​ច្រើន នៅ​ក្នុង​បណ្តា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​នៅ​អាស៊ី​ ថា​ជា​បុព្វ​ហេតុ​​នៃ​ការ​ស្លាប់​នោះ​ទេ​។ របាយការណ៍​បាន​កត់​សម្គាល់​ថា ​កត្តា​ហានិភ័យ​​សំខាន់​ៗ​រួម​មាន ការ​ខ្វះ​លទ្ធភាព​នៃ​ការ​ប្រើ​ទុយោទឹក ​ដែល​នាំ​ឲ្យ​ពួក​គេ​ប្រើ​អណ្តូង​ទឹក ​និង​ពាង​ទឹក​នៅ​ជុំវិញ​ផ្ទះ ហើយ​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន​មួយ​ចំនួនបានឲ្យ​ក្មេងៗ​ដែល​ជាបង​ប្អូន​បង្កើត​នោះ​មើល​ប្អូនៗ​ជា​ជាង​ឲ្យ​មនុស្ស​ពេញ​វ័យ​មើល​  និង​ការ​ខ្វះ​លទ្ធ​ភាព​នៃ​ការ​ចូល​រៀន​នៅ​ថ្នាក់​មត្តេយ្យ​ជាដើម​។ ជាង​នេះ​ទៀត បើ​ទោះ​ជា​មាន​ការ​យល់​ដឹង​ជា​ទូទៅ​ថា ​ករណី​លង់​ទឹក​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះ​ធម្មជាតិ​ក៏​ដោយ ក៏​មាន​កុមារ​ភាគ​ច្រើន​លង់​ទឹក​នៅ​រដូវ​គ្មាន​ទឹកជំនន់ផង​ដែរ ហើយ​មាន​តែ ​៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ករណី​ស្លាប់​ដែល​បាន​កើត​ឡើង ក្នុង​អំឡុង​រដូវ​ទឹក​ជំនន់​។

របាយ​ការណ៍​ដដែលបានបន្តទៀត​ថា ករណី​ភាគ​ច្រើន​នៃ​ការ​ស្លាប់​នោះ​បាន​កើត​ឡើង​នៅ​តាម​តំបន់​ជន​បទ ប៉ុន្តែ កុមារ​​នៅ​ទីក្រុង​ ឬទីប្រជុំជន ក៏​ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​គ្រោះថ្នាក់​នេះ​ផង​ដែរ​។ ​បើ​ទោះ​ជា១៤ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ ជា​អ្នក​ទីក្រុង​និង​ប្រជុំជន​ក៏​ដោយ ក៏​មាន​១៤​ភាគ​​​​រយ​នៃ​ករណី​លង់​ទឹក​នោះ​ បាន​កើត​ឡើង​ចំពោះ​ប្រជាជន​រស់នៅ​ទីក្រុង​ដែរ គឺ​ដោយ​សារ​តែ​លក្ខណៈ​បង្ក​មាន​នៅ​ក្នុង​ទីក្រុង។

លោក Denise Shepherd-Johnson ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់ UNICEF ​បាន​ថ្លែង​ថា ​៖ «មាន​ករណី​ញឹក​ញាប់​ដែល​កុមារ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ពាង​ទឹក​ដែលបិទ​មិន​បាន​ជិត ហើយ​ខ្លះ​ទៀតមិន​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​សារ​ឪពុក​ម្តាយ មិន​បាន​មើល​ថែ​ពួក​គេ​ដិត​ដល់»។

គួរ​រំឮក​ផងដែរ​ថា កាល​ពី​ឆ្នាំ២០១១​ទឹកជំនន់​បាន​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋជាង​១.៦លាន​នាក់ ហើយ​៧សែន​នាក់​ជាកុមារ ដែល​ត្រូវបាន​រងគ្រោះ និង​មាន​កុមារ​មួយចំនួន​នៅ​តាម​បណ្តា​ខេត្ត បាន​ស្លាប់បាត់​បង់​ជីវិត​ដោយសារ​ការលង់​ទឹកនៅ​គ្រានោះ។ នេះ​បើយោង​តាមរបាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​​​មិ​ថុ​នា ២០១២

Google Analytics Alternative