ជី​ធម្ម​ជាតិ​ផ្ដល់​តែ​គុណ​សម្បត្ដិ

ជោគ​ជ័យ​នៃ​ផលិត​ផល​កសិ​កម្ម​មិន​អាស្រ័យ​ទៅលើ​កត្ដា​ធម្ម​ជាតិ​ទាំង​ស្រុង​នោះ​ទេ ចាំបាច់​ត្រូវ​ពឹង​ផ្អែក​ទៅលើ​បច្ចេក​ទេស និង​ការ​ប្រើ​ប្រាស់​ជីជា​ជំនួយ​ផង​ដែរ។ ការ​ជ្រើស​រើស​ជីជា​កត្ដា​សំខាន់​ដែល​លោក​អ្នក​គួរមាន​ការ​ប្រុង​ប្រយ័ត្ន​ព្រោះ​ពេល​ខ្លះវា​អាច ផ្ដល់​នូវ​គុណ​វិបត្ដិ​ទៅ​វិញ។ ជី​ធម្ម​ជាតិ​ជា​ជម្រើស​ដ៏ល្អ​ដែល​លោក​អ្នក​គួរ​ប្រើ​ប្រាស់​ដើម្បី​បម្រើ​ឱ្យ​កសិ​កម្ម។ តើជី​ធម្ម​ជាតិ​ជាអ្វី​និង​មាន ផល​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក យិន សុ​ប៊ុណ្ណា អនុ​ប្រធាន​សមា​គម​សុខ​ភាព និង​វិជ្ជា​ជីវៈ​នារី​ខ្មែរ​បាន​ស្រាយ​បំភ្លឺ​អំពី​បញ្ហា​ជី​ធម្ម​ជាតិ​ជូន​មិត្ដ​អ្នក​អាន តាម​រយៈ​ទស្សនា​វដ្ដី សុខភាពយើង។

ជីធម្មជាតិ

ជី​ធម្ម​ជាតិ ជាជី​ដែល​ទទួល​បាន​ពីការ​កែ​ច្នៃ​បែប​ធម្ម​ជាតិ ឬ​ដោយ​យក​វត្ថុ​ធាតុ​ដើម​ចេញ​ពីអ្វី​ដែល​មាន​ស្រាប់​នៅក្នុង​ធម្មជាតិ ទៅ​ផលិត​ជាជី​ដើម្បី​បម្រើ​ឱ្យ​កសិ​កម្ម ឬ​កសិដ្ឋាន។ ជី​គីមី​មិន​មែន​ជាជី​ដែល​កើត​ចេញ​ពីការ​ធ្វើ​សំយោគ​រវាង​សមាស​ធាតុ​គីមី​ណា​មួយ នោះ​ទេ។

ប្រភេទជីធម្មជាតិ

ជី​ធម្ម​ជាតិ​មាន​ច្រើន​ប្រភេទ​ច្រើន​សណ្ឋាន​ទៅ​តាម​ការ​ប្រើ​ប្រាស់​និង​សម័យ​កាល។ ជី​ធម្ម​ជាតិ​មួយ​ប្រភេទ​ដែល​ចាស់​បុរាណ តែង​ប្រើ​ជា​ប្រចាំ​គឺជា​ជី​បាន​ពី​លាមក​សត្វ និង​កាក​សំណល់​ផ្សេងៗ។ ទិន្ន​ផល​ដំណាំ​ដែល​ទទួល​បាន​គឺមិន​សម​នឹង​តម្រូវ​ការ​របស់ ប្រជា​កសិ​ករ មាន​ន័យ​ថា​មាន​កម្រិត​ទាប​នៅ​ឡើយ។ ចំណែក​ជី​កំប៉ុស​ជាជី​ធម្ម​ជាតិ​មួយ​ប្រភេទ​ដែល​បាន​មកពី​ការ​ផ្អាប់​រុក្ខ​ជាតិ លា​មក សត្វ អង្កាម និង​កាក​សំណល់​ផ្សេងៗ​ក្នុង​រយៈ​ពេល​ពី៣​ទៅ៦​ខែ​នោះ គេ​នឹង​បាន​ជី​គោក។ ចំ​ណែក​ឯជី​ទឹក​វិញ​គេយក​ស្លឹក​រុក្ខ​ជាតិ​ពណ៌ បៃ​តង​ទាំង​អស់​ទៅ​ផ្អាប់។ ដោយ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​មាន​ការ​រីក​ចម្រើន​គេ​បាន​រក​ឃើញ​ការ​ផលិត​ជី​ធម្ម​ជាតិ​មួយ​បែប​ទៀត​គឺ ជា​ប្រភេទ​អតិ​សុខុម​ប្រាណ ដោយ​ប្រើ​អតិ​សុខុម​ប្រាណ​ល្អនៅ​ក្នុង​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គុណប្រយោជន៍នៃការប្រើជីធម្មជាតិ

ពុំ​មាន​គុណ​វិបត្ដិ​ណា​មួយ​ដែល​កើត​ឡើង​ដោយ​ការ​ប្រើ​ជី​ធម្ម​ជាតិ​នោះ​ឡើយ តែវា​មាន​គុណ​សម្បត្ដិ​ច្រើន​ប្រការ​ទៅ​វិញ។ លោក​អ្នក​អាច​ប្រើ​ជី​ធម្ម​ជាតិ​បាន​គ្រប់​តម្រូវ​ការ​ទាំង​អស់ ទាំង​ផ្នែក​កសិ​កម្ម​ស្រែ​ចម្ការ ការ​ចិញ្ចឹម​សត្វ (សត្វ​លើ​គោក​និង​សត្វ​ក្នុង ទឹក) កសិ​ដ្ឋាន និង​អាច​យក​មក​ប្រើ​ប្រាស់​ដើម្បី​បម្រើ​ជា​ផល​ប្រ​យោជន៍​ក្នុង​គេ​ហដ្ឋាន​បាន​ផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1 . បង្កើន​ទិន្ន​ផល​ដំណាំ ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ក្នុងដី​និងទឹក កម្ចាត់​សត្វ​ល្អិត​ដែល​ជាស​ត្រូវ​នឹង​ដំណាំ។ ប្រើ​ជី ធម្ម​ជាតិ​អាច​ជួយ​ធ្វើឱ្យ​ដី​ផុស និង​ជក់​ទឹក មិន​រឹង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អាច​ជួយ​រំលាយ​ពពួក​កម្ទេច​កាក​សំណល់​ផ្សេងៗ​ឱ្យ​ក្លាយ​ទៅ​ជា អាហារ​សម្រាប់​ដំណាំ​បាន​ថែម​ទៀត​ផង។ ជី​ធម្ម​ជាតិ​ជួយ​បង្កើត​អ័រ​ម៉ូន​ធ្វើឱ្យ​ដំណាំ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​មាន​គុណ​ភាព និង​អាច​រក្សា ទុក​បាន​យូរ។ ពិសេស​គឺអាច​ជួយ​បង្កើន​ចំណូល​ពីការ​នាំ​ចេញ​នូវ​ផលិត​ផល​ដែល​ប្រើ​ជី​ធម្មជាតិ​នាំឱ្យ​សេដ្ឋ​កិច្ច​គ្រួសារ​មាន​ការ​កើន​ឡើង ទ្វេ​ដង។ ការ​ប្រើជី​ធម្ម​ជាតិ​មិន​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​កសិ​កម្ម​និង​បង្កើន​ផល​ដំណាំ​ប៉ុ​ណ្ណោះ​ទេ តែក៏​មាន​គុណ​សម្បត្ដិ​ច្រើន ចំពោះ​សត្វ​ចិញ្ចឹម ពិសេស​ត្រី និង​ស្រះ​ទឹក។ ជី​ធម្ម​ជាតិ​ជួយ​ដោះ​ស្រាយ​បញ្ហា​ព្រូន​ក្នុងទឹក​ដែល​ជាផល​អាក្រក់​សម្រាប់​ការ​ចិញ្ចឹម​ត្រី និង​កង្កែប ជួយ​ផ្សះ​ដំបៅ បំបាត់​ក្លិន ភក់​ក្នុង​អាង បឹង ស្រះ និង​ជួយ​បង្កើត​ប្លង់​តុង​សម្រាប់​ចិញ្ចឹម​ត្រី​ផង​ដែរ។

2 . បរិ​ស្ថាន ៖ ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​ពុំមាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​បរិ​ស្ថាន​នោះ​ឡើយ តែវា​អាច​ជួយ​ដល់​បរិ​ស្ថាន​បាន ច្រើន​យ៉ាង ដូច​ជា​ជួយ​បំបាត់​ក្លិន​ស្អុយ​ក្នុង​កសិ​ដ្ឋាន​ចិញ្ចឹម​សត្វ រោង​ចក្រ​ឧស្សាហ​កម្ម និង​នៅ​តាម​ទី​ប្រជុំ​ជន​នានា។ វា​ជួយ​ធ្វើ​ឱ្យ​សម្រាម នៅ​តាម​ដង​ផ្លូវ ឬ​កន្លែង​ផ្ទុក​សម្រាម​ពុំ​មាន​ក្លិន​ស្អុយ​ឡើយ។ វា​ជួយ​ធ្វើឱ្យ​បរិយា​កាស​មាន​លក្ខណៈ​ល្អ​ប្រសើរ មិន​ប៉ះ​ពាល់​ទៅ​ដល់​ខ្យល់ និង​ទឹក​នោះ​ទេ។ ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​ជួយ​បំបាត់​សម្រាម ដោយ​ការ​យក​សម្រាម​ទៅកែ​ច្នៃ​ឱ្យ​បានជា​ប្រ​យោជន៍​ក្នុង​ការ​ធ្វើ​កសិ​កម្ម វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​មាន​ប្រ​យោជន៍​បំផុត​ក្នុង​ការ​ទ្រ​ទ្រង់​គុណ​ភាព​ដី មិន​ធ្វើ​ឱ្យ​ដី​ខូច​បែក​ក្រហែង និង​មិន ធ្វើ​ឱ្យ​ដី​បាត់​បង់​ជី​ជាតិ​នោះ​ឡើយ។ ប៉ុន្ដែ​វា​ជួយ​កែ​ប្រែ​ដី​ឱ្យ​មាន​ជី​ជាតិ​ល្អ ដី​ផុស​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​កសិ​កម្ម។

3 . សុខ​ភាព ៖ ការ​ប្រើ​ជី​ធម្ម​ជាតិ​ពុំមាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​នោះទេ ទាំង​ការប៉ះ​ទង្គិច​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល។ ផ្ទុយ​ទៅ​វិញវា​អាច​ជួយ​ទ្រទ្រង់​សុខ​ភាព​លោក​អ្នកឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ពេល​ដែល​លោក​អ្នក​ទទួល​ទាន​នូវ​ផលិត​ផល​ដែល​បាន​មកពី​ការ​ប្រើ​ជី​ធម្មជាតិ។

ដំបូន្មានអ្នកប្រឹក្សា

ការ​ប្រើជី​ធម្ម​ជាតិ​មិន​ត្រឹម​តែជួយ​ឱ្យ​លោក​អ្នក​ទទួល​បាន​នូវផល​ប្រ​យោជន៍​ច្រើន​ខាង​ផ្នែក​កសិ​កម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង អាច​ជួយ​ការ​ពារ​បរិស្ថាន និង​ធ្វើ​ឱ្យដី​មាន​គុណ​ភាព​ល្អ មិន​ប៉ះ​ពាល់​ដល់​សុខភាព។ ដូច​នេះ​សូម​លោក​អ្នក​ជ្រើស​រើស​ការប្រើ​ប្រាស់​ជី ធម្ម​ជាតិ ហើយ​សូម​ចៀស​វាង​ការ​ប្រើ​ប្រាស់​ជីគីមី​ទៅលើ​ដំណាំ ព្រោះ​ធ្វើឱ្យ​ប៉ះ​ពាល់​គ្រប់​យ៉ាង​ទាំង​សុខ​ភាព​និង​បរិ​ស្ថាន​រស់​នៅ។ សូម​លោក​អ្នក​សម្រេច​ចិត្ដ​ជ្រើស​រើស​នូវ​វិធី​ដ៏ល្អ​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative