វិធី​ផាត់​ម្សៅ

គ្មាន​អ្នកណា​ម្នាក់​ចង់បាន​ផ្ទៃមុខ​ដែល​មើល​ទៅ​មាន​ភាព​ស្លេក​ស្លាំង​នោះទេ ព្រោះវា​ធ្វើ​ឱ្យ​សម្រស់​នៃ​ផ្ទៃមុខ​ត្រូវ​បាត់​បង់។ ផាត់​ម្សៅ​អាចផាត់​លើ​ផ្ទៃមុខ ឬផាត់​លើ ក។ មាន​លោកស្រី​អ្នកនាង​កញ្ញាខ្លះ​ពិបាក​ក្នុង​ការ​ផាត់​ម្សៅ​ជួន​កាល​ផាត់ទៅ​សក្ដិសម​ជួន កាល​មិនស៊ី​ជាមួយ​ស្បែក​មុខ។ តើគួរ​ផាត់​ម្សៅ​បែប​ណា ដើម្បី​ជួយ​លើក​សម្រស់​ឱ្យ​កាន់តែ​ស្រស់​ស្អាត?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​ប្រិយមិត្ដ​អ្នក​អាន​ជា​ពិសេស​​សុភាព​នារី​កាន់​តែ​ជ្រាប​ច្បាស់ ទស្សនាវដ្ដី សុខភាពយើង​បាន​សម្ភាសន៍​ជាមួយ​កញ្ញា ញ៉ែត ថារី ម្ចាស់​ហាង​កែ​សម្ផស្ស​សម្រស់​នារី និង​កាត់​សម្លៀក​បំពាក់​មកធ្វើ​ការបក​ស្រាយ​អំពី​វិធី​ផាត់​ម្សៅ។

ហេតុអ្វី​ត្រូវ​ផាត់​ម្សៅ?

ការ​ផាត់​ម្សៅ​ជួយ​លើក​សម្រស់​ឱ្យមាន​ភាព​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ និង​តាម​បែប​សម័យ​ថ្មី។ លោក​ស្រី​អ្នក​នាង​កញ្ញា ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​តុប​តែង​ខ្លួន​នោះ ប្រាកដ​ជាចង់​ដឹង​ពីវិធី​ផាត់់​ម្សៅ​ជាមិនខាន ទាំង​ការ​ផាត់​ម្សៅ​ធម្មតា​និង​ចូលរួម ក្នុង​កម្មវិធី។ ម្សៅ​សម្រាប់​ផាត់​មាន​២ប្រភេទ​គឺម្សៅ​ហុយ និង​ផាត់​ម្សៅ​ទឹក។

វិធី​ផាត់​ម្សៅ

វិធី​ផាត់​ម្សៅ​តាម​បែប​សាមញ្ញ​មិន​លំបាក​ឡើយ ហើយ​ចំណាយ​ពេល​តិច​ទៀត​ផង។ ជា​ដំបូង​មុន​នឹង​ផាត់​ម្សៅ​មិត្ដនារី​ត្រូវ លុប​លាង​មុខ​ជាមួយ​សាប៊ូ​ឱ្យស្អាត​ជាតិក្អែល​លើផ្ទៃ​មុខ​ហើយ​ជូត​ឱ្យ​ស្ងួត។ ត្រូវ​យក​ឡេមក​លាប​ជាទ្រនាប់​ដើម្បី​ការពារ​ស្បែក​មុខ​មួយ ជាន់​សិន។ បន្ទាប់​មក​លោកស្រី​អ្នកនាង​កញ្ញា​យក​ម្សៅ​ផាត់​ដែល​ត្រូវ​ជាមួយ​ស្បែក​មុខ​មក​ផាត់ពី​លើ​ផ្ទៃមុខ​សើៗ និង​ថ្នមៗ​ឱ្យសព្វ ស្បែកមុខ ហើយ​ទើប​លាប​បបូរមាត់ គូស​ចិញ្ចើម និង​លាប​ភ្នែក​ស្រាលៗ​ដើម្បី​តុប​តែង​ផ្ទៃមុខ។ ប៉ុន្ដែ​បើចង់​បន្ថែម​ពណ៌រាង​ក្រហម ស្រាល​ពីលើ​ផ្ទៃមុខ​ក៏បាន។ ការ​ផាត់​ម្សៅ​បែបនេះ​ច្រើន​ប្រើនៅ​ពេល​ចូលរួម​ពិធី​ធម្មតា​ទៅ​ធ្វើការ នៅផ្ទះ​ជាដើម។

ដោយ​ឡែក​នៅ​ពេល​ចូល​រួមកម្ម​វិធី​ធំៗ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន លោកស្រី​អ្នកនាង​កញ្ញា​មិន​អាច​ធ្វើខ្លួន​បែប​សាមញ្ញ​បាន ឡើយ ទាំង​ការ​ស្លៀក​ពាក់​ក៏ដូចជា​ការ​តុប​តែងមុខ​ផងដែរ។ ទោះជា​យ៉ាង​ណា​ក៏ដោយ​សុភាពនារី​អាច​ផាត់​ម្សៅ​តាម​បែប​ធម្មជាតិ ចូល រួម​ក្នុង​កម្មវិធី​ក៏បាន វាអាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ដ។ បើចង់​ឱ្យផ្ទៃមុខ​មាន​សភាព​ស្រស់​ស្អាត​បាន​យូរ​នោះ គួរតែ​លាប​ម្សៅ​ទឹកទើប ជាប់ល្អ ហើយ​សូម​តុបតែង​ដោយ​ការ​ផាត់​ម្សៅ គូស​ចិញ្ចើម លាប​បបូរមាត់​បន្ថែម​ពណ៌​នៅត្រង់​ភ្នែក ឬថ្ពាល់​តាម​តម្រូវ​ការ។

ដំបូន្មាន​អ្នក​ជំនាញ

នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ភាព​ស្រស់​ស្អាត​មិន​អាស្រ័យ​លើការ​តុប​តែងមុខ​ជាប្រចាំ​នោះ​ឡើយ ពេលខ្លះ​ក៏ត្រូវ​ការ​សម្រស់​តាម​បែប​ធម្មជាតិ​ដែរ។ ប្រសិន​បើ​លោកស្រី​អ្នក​នាង​កញ្ញា​ចង់​បានភាព​ស្រស់​ស្អាត​ជាងមុន​ដោយ​ការ​តុប​តែង​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ដែល​មាន​ជំនាញ​ពិត​ប្រាកដ ទើប​មិនធ្វើ​ឱ្យ​កោសិកា​ស្បែក​ឆាប់​ខូច។ សម្រាប់​សុភាពនារី​ដែល​មាន​សម្រស់​ស្រស់ ស្អាត​បែប​ធម្មជាតិ​ហើយ មិនគួរ​កែ​ច្នៃ​បន្ថែម​ទៀត​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative