កូន​ប្រសា​ល្អ

មនុស្ស​យើង​ម្នាក់ៗ​មិន​ថា​ប្រុស​ឬ​ស្រីទេ នៅ​ពេល​ឈាន​ដល់​វ័យ​ដែល​ពេញ​រូបរាង​អារម្មណ៍​ស្នេហា​ក៏កើត​មានឡើង​ដោយ មិន​ចាំបាច់​មាន​នរណា​បង្រៀន​ឡើយ។ អារម្មណ៍​ស្នេហា​បាន​ជំរុញ​ឱ្យ​យុវវ័យ​គ្រប់រូប​តែងតែ​ប្រាថ្នា​បាន​ជួបគូ​គ្រង​ដែលល្អ ចុះ​សម្រុង នឹង​គ្នា ដើម្បី​រៀបការ​ជាគូ​អនាគត។ បញ្ហា​រវាង​កូន​ប្រសា និង​ឪពុក​ម្ដាយ​ក្មេក​មិនថា​កូនប្រសា​ស្រី​ឬ​ប្រុស​នោះ​ទេ តែង​តែ​កើត​ឡើង ជា​ពិសេស​ចំពោះ​កូន​ប្រសា​ស្រី ព្រោះ​ឪពុក​ម្ដាយ​ក្មេក​ភាគ​ច្រើន​គិតថា​កូន​ប្រសា​ស្រីនេះ​ហើយ​ដែល​មក​ដណ្ដើម​សេចក្ដី​ស្រឡាញ់​របស់ កូន​ប្រុស​ពី​ខ្លួន។ ដោយ​សារ​បញ្ហា​នេះ​ហើយ ទើប​ទាមទារ​ឱ្យ​កូន​ប្រសា​ទាំង​ឡាយ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្ដិ​ឱ្យ​បាន​រួចរាល់​ក្នុងការ​ធ្វើ កូន​ប្រសា​នៃ​គ្រួសារ​មួយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​លោក​អ្នក​ទាំង​ឡាយ​ដែល​ត្រៀម​ខ្លួន​ធ្វើជា​កូន​ប្រសារ​ក្លាយ​ជាកូន​ប្រសារ​ល្អនោះ ទស្សនាវដ្ដី សុខភាពយើងសូម​លើក យក​ចំណុច​​មួយ​ចំនួន​ដែល​កូន​ប្រសារ​ទាំង​ឡាយ​ត្រូវ​មាន ដើម្បី​សេចក្ដី​សុខ​សុភមង្គល​របស់​ខ្លួន។

ចំណង​ស្នេហា​រឹងមាំ

ជា​ដំបូង​មុន​នឹង​ឈាន​ទៅដល់​ការ​ធ្វើ​ជាកូន​ប្រសារ​នៃ​គ្រួសារ​មួយ លោក​​អ្នកត្រូវ​តែ​ស្វែង​យល់​ពីអ្នក​ដែល​ត្រូវ​មក​ធ្វើជា​គូ ជីវិត​របស់​លោក​​អ្នក​ឱ្យ​ច្បាស់​ជាមុន​សិន។ ស្នេហា​គឺជា​ការ​ព្រម​ព្រៀង​និង​អធ្យា​ស្រ័យ​រវាង​បុរស និង​នារី ដែល​ម្នាក់ៗ​បាន​រំពឹង​ទុក​ថា នឹង​អាច​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត។ សុភមង្គល​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​ជា​រឿង​ដែល​ល្អិតល្អន់​ជាទី​បំផុត​ដែល​ទាមទារ​ឱ្យ​ភាគី ទាំង​សង​ខាង​ចេះ​យោគ​យល់​អធ្យា​ស្រ័យ ទើប​ការរស់​នៅមាន​ភាព​ប្រសើរ​ឡើង។ គូគ្រង​ដែល​ល្អចុះ​សម្រុង​នឹងគ្នា​បាន ដើម្បី​រៀបការ ជាមួយ​គ្នាជា​គូ​អនាគត ភាគ​ច្រើន​ពួកគេ​មិនបាន​ដឹងទេ​ថា​ជីវិត​អាពាហ៍​ពិពាហ៍​នេះនឹង​ជួបអ្វី​ខ្លះ​នោះ​ទេ។ គេ​ត្រូវដឹង​ថា​រវាង​មនុស្ស​ពីរ នាក់​ដែល​មកពី​គ្រួសារ​ផ្សេង​គ្នា ហើយ​មករស់​នៅជា​មួយគ្នា​នេះគឺ​មានចិត្ដ និងការ​ប្រព្រឹត្ដិ​ខុសគ្នា។ ដូច្នេះ​ទាម​ទារ​នូវការ​យល់ អធ្យា​ស្រ័យ និង​សម្រប​គ្នាទៅ​វិញ​ទៅ​មក មិនត្រូវ​តាំង​ខ្លួនឯង​ជាធំ ហើយ​ធ្វើអ្វី​ចេះ​តែ​ត្រូវ​នោះ​ទេ។ បញ្ហា​មួយ​ទៀត​ក្នុង​ជីវិត​ស្នេហា របស់​គេ ដែល​យើង​ឃើញ​កើតមាន​ជា​ញឹក​ញយ​គឺឪពុក​ម្ដាយ​ក្មេក។ គ្រប់​យ៉ាង​របស់​អ្នក​ដែល​មកធ្វើ​ជាប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នកនៅ ពេល​អនាគត លោក​អ្នកត្រូវ​តែ​ស្វែង​យល់​ឱ្យបាន​យ៉ាង​ហោច​ណាស់​ក៏៧០​ភាគរយ ដែល​មាន​ជាអាទិ​ដូច​ខាង​ក្រោម​នេះ។

  • ចរិត​លក្ខណៈ​ផ្ទាល់​ខ្លួន ជា​បញ្ហា​សំខាន់​មុនគេ​ដែល​ត្រូវយក​ចិត្ដ​ទុកដាក់ ពី​ព្រោះ​ថា​មនុស្ស​២នាក់​ដែល​មកពី​គ្រួសារ ផ្សេង​គ្នា រមែង​មាន​ការគិត​ខុសគ្នា​មិនខាន។ ប្ដី​ប្រពន្ធ​២នាក់​ដែល​អាច​រស់​នៅ​ជាមួយ​គ្នាបាន​ជាដរាប លុះ​ត្រាអ្នក​ទាំង២​មាន​ចរិតការ គិត​ប្រហាក់​ប្រហែល​គ្នា អាច​និយាយ​ស្ដាប់​គ្នាបាន និង​មានការ​យោគ​យល់​អធ្យា​ស្រ័យ​ចំពោះ​គ្នាទៅ​វិញ​ទៅ​មក។
  • តុល្យ​ភាព​សេដ្ឋ​កិច្ច ក្នុង​ភាសា​ស្នេហា លុយ​មិន​សំខាន់​ដូចមាន​ស្នេហា​ស្មោះ​ទេ វាជា​ការពិត​លុយ​មិន​សំខាន់​តែវា​ចាំបាច់ សម្រាប់​ការរស់​នៅ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ។ មានប្ដី​ប្រពន្ធ​ភាគ​តិច​ណាស់​ដែល​មាន​ជីវភាពក្រីក្រ​ហើយ​ពោល​ថាខ្លួន​កំពុង​មាន សុភ​មង្គល។ ភាព​ក្រីក្រ​គ្រប​ដណ្ដប់​ស្ថាន​ការណ៍​គ្រប់​យ៉ាង​ក្នុង​សង្គម​គ្រួសារ។
  • ក្រៅ​ពី​កត្ដា​ខាង​លើ​នៅ​មាន​កត្ដា​បន្ទាប់​បន្សំ​ជាច្រើន​ទៀត​ដើមី្ប​ឱ្យ​សម្ល​នៃ​សុភ​មង្គល​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់​ឡើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រការដែលកូនប្រសាត្រូវធ្វើ

ជា​រឿង​ធម្មតា​ទេ​សម្រាប់​ឪពុក​ម្ដាយ​មួយ​ចំនួន​តូច​ដែល​តែងតែ​ចង្អៀត​ចិត្ដនឹង​កូន​ប្រសា ជា​ពិសេស​​កូន​ប្រសា​ស្រី​ព្រោះ​ពី មុន​កូន​ប្រុស​របស់​គាត់​ស្រឡាញ់​គោរព​គាត់ ផ្ដល់​លុយ​កាក់ជា​ហូរ​ហែមិន​ឱ្យ​ខ្វះខាត។ សុខៗ​ស្រាប់​តែ​លេច​មនុស្ស​ស្រីមិន​ដឹង​មក​ពីណា មក​ដណ្ដើម​កូន​ប្រុស​របស់​គាត់​ទៅ​បាត់ លុយ​កាក់​ក៏មិន​ផ្ដល់​ដូចមុន ការ​ស្រឡាញ់​គោរព​ត្រូវ​កាត់បន្ថយ​នរណា​ទ្រាំ​បាន។ អារម្មណ៍ កណ្ដោច​កណ្ដែង​នៅ​ពេល​កូន​ប្រុស​ទៅផ្ទះ​ថ្មី​ជាមួយ​គ្រួសារ​ថ្មី​(ព្រោះ​ជា​ទូទៅ​កូន​ប្រុស​ត្រូវ​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​ខាង​ស្រី) តែង កើត​មាន​ជារឿង​ធម្មតា។

ភាគ​ច្រើន​នៃ​បញ្ហា​រវាង​ឪពុក​ម្ដាយ​ក្មេក និង​កូន​ប្រសា​នេះគឺ​ដោយ​សារ​ខ្វះ​ការ​ទំនាក់​ទំនង​ល្អ អាង​អំណាច​អាង​តួ​នាទី​រៀងៗ ខ្លួន ជួន​កាល​ឪពុក​ម្ដាយ​ក្មេក​មិន​ផ្ដល់​ភាព​ឯក​រាជ្យ​ឱ្យកូន​ក្នុង​ការ​រស់នៅ​មិន​ឱ្យកូន​ប្រថុយ​ចាត់​ចែង​បញ្ហា​ក្នុង​គ្រួសារ​របស់​គេ តែង​តែ លូក​ដៃចូល​ក្នុង​បញ្ហា​របស់​កូន​។ល។ ម្យ៉ាង​ទៀត​ក៏មាន​ឪពុក​ម្ដាយ​ខ្លះ​គាត់​ស្រឡាញ់​តែកូន​គាត់​ដូច​កាល​គេ​នៅ​ជាមួយ​គាត់​ជា​ដើម។ ទង្វើ​បែប​នេះជា​ការ​ធ្វើឱ្យ​កូន​ប្រសា​មាន​ការ​អាក់​អន់ចិត្ដ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មាន​កូន​ប្រសា​ជាច្រើន​ដែរ ដែល​មាន​ទំនាស់​ជាមួយ ឪពុក​ម្ដាយ​ក្មេក​របស់​ខ្លួន ដោយ​សារ​មិន​ចេះ​សម្រប​ខ្លួន​ចូល​ក្នុង​សង្គម​គ្រួសារ​សាច់​ថ្លៃ​មិន​ស្វែង​យល់​ពីទឹក​ចិត្ដ​របស់​ឪពុក​ម្ដាយ​ក្មេក មិន ចេះ​ចែក​រំលែក​ក្ដី​ស្រឡាញ់​គោរព​ឱ្យ​ស្មើ​គ្នា​រវាង​ឪពុក​ម្ដាយ​បង្កើត​និង​ឪពុក​ម្ដាយ​ក្មេក។ កូន​ប្រសា​ខ្លះ​ព្រងើយ​កន្ដើយ​មិន​ចេះ​យក​ចិត្ដ ទុក​ដាក់​ប្រាស្រ័យ​ទាក់​ទង​បង្កើត​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​ឪពុក​ម្ដាយ​ក្មេក​និង​សាច់​ញាតិ​សាច់​ថ្លៃ រាប់​ទាំង​ការ​អញ្ជើញ​មក​លេង​ផ្ទះ ឬ​ពេល​ជួបជុំ​នៅ​ពេល​មាន​បុណ្យ​ទាន​ផ្សេងៗ​។ល។​ភាព​ព្រងើយ​កន្ដើយ​នេះ​ហើយ​ដែល​បង្ក​ឡើង​នូវ​ការ​មិន​ពេញចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​សន្សំ​ភាព​មិន​យល់​ចិត្ដ​គ្នា។ ការ​មើល​បំណាំ​គ្នា​បែប​នេះ​យូរៗ​ទៅ ថ្ងៃ​ណា​មួយ​រឿង​ទាំង​នេះនឹង​បែក​ធ្លាយ​បញ្ហា​ទំនាស់​ប្ដី​ប្រពន្ធ កើត​មាន​ឡើង​ព្រោះ​តែ​ម្ខាងៗ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ​ចំពោះ​ការមិន​រាប់​រក​សាច់​ញាតិ​របស់​ខ្លួន។ ផល​វិបាក​ពីការ​មិនចុះ​សម្រុង គ្នា​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​គ្រួសារ​របស់កូន​កើត​ឡើង​នូវ​ការ​ឈ្លោះ​ប្រកែក រស់​នៅ​គ្មាន​សុភ​មង្គល​អាច​ឈាន​ទៅ​ដល់​ការ​លែងលះ ក៏​មាន។ ផល​ប៉ះ​ពាល់​ពី​ទំនាក់​ទំនង​របៀប​នេះ តែង​ទទួល​បាននូវ​ការ​បាត់​បង់​កិត្ដិ​យស​គ្រួសារ បាត់​បង់​ការងារ ប៉ះ​ពាល់​ជីវភាព​ព្រោះ​អារម្មណ៍​វិល​វល់តែ​នឹង​រឿង​រ៉ាវ​មិន​ឈប់​ឈរ គ្មាន​ឱកាស​គិត​ដល់​ការ​ប្រឈម​មុខ​របរ​រក​ស៊ី។ ជា​ពិសេស​បំផុត​វា​ប៉ះ​ពាល់​ដល់​អនាគត​កូន​និង​ចៅ​ដែល​នៅ​តូចៗ ដែល​បែក​បាក់​ឪពុក​ម្ដាយ យាយ​តា សាច់​ញាតិ លែង​មាន​ភាព​កក់​ក្ដៅ ធ្វើឱ្យ​មាន​វិបត្ដិ​ផ្លូវ​ចិត្ដ រៀន លែង​ចូល​ត្រូវ​បោះ​បង់​ការ​សិក្សា ដើរ​លេង​ប៉ោ​ឡែ សេព​គប់មិត្ដ​មិន​ល្អ ទៅ​សេព​គ្រឿង​ញៀន ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម។

បណ្ដាំ​ផ្ញើ ៖ ដូច្នេះ​មាន​តែ​ការ​រស់​នៅ​សម្រប​គ្នា យោគ​យល់​អធ្យា​ស្រ័យ​គ្នា គោរព​តួ​នាទី​រៀងៗ​ខ្លួន​ជាកូន​ប្រសា​ត្រូវ​ទទួល​យក​គ្រប់ ដំបូ​ន្មាន​របស់​ឪពុក​ម្ដាយ​ក្មេក ដោយ​គិត​ថា​លោក​អ្នកជា​អ្នក​មាន​គុណ។ ពួក​គាត់​ជាចាស់​ទុំធ្លាប់​ឆ្លង​កាត់​រស​ជាតិ​ជីវិត​គ្រប់​យ៉ាង​មក​ធ្វើ ជា​ត្រី​វិស័យ ដើម្បី​ឈាន​ទៅរក​សេចក្ដី​សុខ​សម្រាប់​ក្រុម​គ្រួសារ​ខ្លួន​ឯង​ផង​និង​ជាមួយ​សាច់​ញាតិ​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative