របៀប​ជ្រើស​រើស​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍

នៅ​ពេល​ដែល​លោក​អ្នក​ជ្រើស​រើស​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍ លោក​អ្នក​ចាំបាច់​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ទៅលើ​កត្ដា​សំខាន់ មួយ​ចំនួន។ កត្ដា​សំខាន់​ទាំង​នោះ​រួម​មាន ដូច​ជា​សិល្បៈ​នៃការ​រចនា​ម៉ូត ពណ៌​សម្លៀក​បំពាក់​ឬ​ពណ៌​សម្បុរ​ស្បែក​ជា​ដើម។ លោក​អ្នក មួយ​ចំនួន​ប្រាកដ​ជាមាន​ការ​ពិបាក​ក្នុង​ការ​សម្រច​ចិត្ដ​ជ្រើស​រើស​សម្លៀក​បំពាក់​ព្រោះ​មិន​ដឹងថា​តើ​ពណ៌​បែប​ណា​ទើប​សក្ដិ​សម​នឹងខ្លួន នោះ​ទេ។ ការ​ជ្រើស​រើស​ម្លៀក​បំពាក់​មិន​បាន​ត្រឹម​ត្រូវ​អាច​នាំឱ្យ​ការ​បាត់​បង់​សោ​ភ័ណ​ភាព​របស់​លោក​អ្នក​មួយ​ផ្នែក​ឬ​ទាំង​ស្រុង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខ​នេះ ទស្សនាវដ្ដី សុខភាពយើង​សូម​បង្ហាញ​ពីរ​បៀប​ជ្រើស​រើស​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ជូន​មិត្ដ​អ្នក​អាន ឱ្យ​បាន​ស្វែង​យល់ តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​កញ្ញា សឿ សុធារ៉ា ម្ចាស់​ហាង​សម្អាង​ការ​សឿ សុធារ៉ា។

របៀប​ជ្រើស​រើស​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍

ជាដំបូង​លោកអ្នក​ត្រូវគិត​គូរ​ជ្រើស​រើស​ហាង​សម្អាង​ការណា​ដែល​មាន​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ច្រើន ហើយជា​សម្លៀក​បំពាក់​ថ្មីៗ​ជាមុន​សិន។ ដើម្បី​ងាយ​ស្រួល​ក្នុងការ​ជ្រើស​រើស​សម្លៀក​បំពាក់​ដែល​មាន​រចនា​ម៉ូត​ស្អាត​ដូចជា​មាន​ឌិន​ជាអង្កាំ ឬ​មាន​ប៉ាក់​នៅ​លើអាវ និង​ពណ៌​សម្លៀក​បំពាក់​ដែល​សក្ដិសម​ទៅនឹង​សម្បុរ​ស្បែក​របស់​ខ្លួន។ បន្ទាប់​មក​ត្រូវ​មើល​សម្លៀក​បំពាក់ អាពាហ៍​ពិពាហ៍​នោះ​ឱ្យសម​ស្រប​ទៅនឹង​វ័យ ទំហំ​រូបរាង​កាយ​របស់​លោកអ្នក។ ទោះបី​ជាការ​ជ្រើស​រើស​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍ ទាមទារ​ឱ្យមាន​កត្ដា​ច្រើន​បន្ដិច​មែន​ប៉ុន្ដែ​កត្ដា​ទាំង​នេះ​នាំមក​នូវ​សោភ័ណ​ភាព​សម្រាប់​លោក​អ្នក។

សម្រាប់​អ្នក​សម្បុរស

សម្រាប់​អ្នក​ដែល​មាន​សម្បុរស គឺងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​ពណ៌​សម្លៀក​បំពាក់។ លោកអ្នក​អាច​ស្លៀក​សម្លៀក​បំពាក់ បាន​គ្រប់​ពណ៌​ទាំង​អស់​ទៅតាម​ចំណង់​ចំណូល​ចិត្ដ។ ទោះបី​ជា​លោកអ្នក​ចង់​ស្លៀក​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ដែល​មាន​ពណ៌ ក្រហម ពណ៌​ទឹកមាស ពណ៌​ឈាម​ជ្រូក ពណ៌​ផ្កាឈូក ឬ​ពណ៌​បែប​ណា​ក៏ដោយ គឺ​សក្ដិសម​ទាំង​អស់។ អ្នក​មាន​សម្បុរស បើ​ស្លៀក សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ដែល​មាន​ពណ៌​ដិត រឹតតែប្រ​សើរ​ថែម​ទៀត​ព្រោះ​ជួយ​លើក​សម្រស់​ស្បែក​លេច​នឹង​ពណ៌។ ពណ៌​ដែល​ដិត មានដូច​ជាពណ៌​ទឹកប៊ិច ពណ៌​កាប់​ស្ដាំង ឬលឿង​ឆ្អិន​ជាដើម។ ប្រការ​ដែល​លោកអ្នក​អាចធ្វើ​ទៅបាន​គួរតែ​ជ្រើស​រើស​ពណ៌មុត​ច្រើន ជាង​ពណ៌​ស្រាល​ព្រោះ​ពណ៌​ដិត​អាចឱ្យ​លោកអ្នក​កាន់តែ​មាន​សោភ័ណ​ភាព​បន្ថែម​ទៀត។

សម្រាប់​អ្នក​សម្បុរ​ខ្មៅ​ស្រអែម

អ្នក​ដែល​មាន​សម្បុរ​ខ្មៅ​ស្រអែម​មាន​ការ​ពិបាក​បន្ដិច​ក្នុង​ការ​ជ្រើស​រើស​ពណ៌​សម្លៀក​បំពាក់។ លោកអ្នក​មិន​អាច​ជ្រើស រើស​ពណ៌​ទៅតាម​ចំណង់​ចំណូល​ចិត្ដ​ដែល​ខ្លួន​ស្រឡាញ់​បាន​ឡើយ។ ពណ៌​ដែល​លោក​អ្នក​អាច​ជ្រើស​រើស​បាន​គឺពណ៌​ស្រាល ឬពណ៌​ស្លេក ដូចជា​ពណ៌ផ្ទៃ​មេឃ​ស្រាល ពណ៌​ចំប៉ា​ក្រៀម ពណ៌ស ពណ៌​ទឹកក្រូច ឬពណ៌​ត្របែក​ព្រៃជា​ដើម។ លោកអ្នក​ដែល​មាន​សម្បុរ​ខ្មៅ ស្រអែម​មិន​ចាំបាច់​តូចចិត្ដ​ទេ គួរ​ជ្រើស​រើសតែ​ពណ៌​ស្រគាំៗ ហើយ​ចៀស​វាង​ប្រើពណ៌​ឆើត​ដូចជា​ពណ៌​ត្រួយចេក ពណ៌​ឈាមជ្រូក ពណ៌ទឹកប៊ិច ឬពណ៌​ក្រហម​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

ភាព​ស្រស់​ស្អាត​របស់​លោកអ្នក​ក្នុងថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍ គឺអាស្រ័យ​ទៅ​លើ​លោកអ្នក​ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​ថ្មីៗ ហើយ​មាន​រចនា​ម៉ូតស្អាត និង​ពណ៌​សម្លៀក​បំពាក់​ដែល​សក្ដិសម​ទៅ​តាមវ័យ និង​សម្បុរ​របស់​លោក​អ្នក។ មិន​តែប៉ុណ្ណោះ​លោកអ្នក ត្រូវ​សម្លឹង​មើល​ហាង​សម្អាង​ការ​ណា​ដែល​មាន​សេវា​តុបតែង​រហ័ស​ទាន់​ចិត្ដ​និងមាន​សម្លៀក​បំពាក់​ច្រើន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative