វិធី​សាស្ដ្រ​ផ្ដល់​កម្លាំង​ចិត្ដ

ការ​ផ្ដល់​កម្លាំង​ចិត្ដគឺ​ជារង្វាន់​មួយដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​បាត់បង់​ទឹកចិត្ដ ឬបាក់​ទឹកចិត្ដ​ហើយ​ដែល​មិនអាច​ប្រឈម ទៅនឹង​រឿង​រ៉ាវ​ផ្សេងៗ​តទៅ​ទៀត​បាន។ មនុស្ស​ភាគ​ច្រើន​តែងតែ​ចង់ឱ្យ​អ្នកនៅ​ជុំវិញ​ខ្លួនមាន​ការយល់​ចិត្ដ​និងចេះ​ជួយគ្នា​ទៅវិញ​ទៅ មកនៅ​ពេល​មាន​អាសន្ន​ម្ដងៗ។ ការ​ស្គាល់​សុខទុក្ខ​គ្នា និងការ​ចេះ​អធ្យា​ស្រ័យ​ទៅវិញ​ទៅមក​គឺជា​ការផ្ដល់​កម្លាំង​ចិត្ដមួយ​ក៏​ប្រសើរ សម្រាប់​មនុស្ស​ទូទៅ។ តើមាន​វិធី​សាស្ដ្រ​យ៉ាងណា​ខ្លះ​សម្រាប់​ផ្ដល់​កម្លាំង​ចិត្ដ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ស៊ិន ប៉ូលី អ្នក​ឯកទេស​ជម្ងឺ​ផ្លូវ​ចិត្ដ នៃអង្គ​ការចិត្ដ​សង្គម​អន្ដរ​វប្បធម៌ (ធីភីអូ)​នឹង​លើក​យកពី​របៀប ផ្ដល់​កម្លាំង​ចិត្ដមក​បង្ហាញ​ជូន​ប្រិយ​មិត្ដ​អ្នកអាន​តាម​រយៈ​ទស្ស​នាវដ្ដី សុខភាព​យើង។

ការ​ផ្ដល់​កម្លាំង​ចិត្ដ ជាអ្វី?

ការ​ផ្ដល់​កម្លាំង​ចិត្ដ​សំដៅ​លើការ​ផ្ដល់​នូវ​ការ​យល់​ចិត្ដ ផ្ដល់​ឱកាស​ក្នុងការ​និយាយ​នូវរឿង​រ៉ាវ​ដែល​កើត​មាន​ឡើង​ទម្លាយ ការ​ឈឺចាប់​ទាំង​នោះ​ចេញ​មក​ខាង​ក្រៅ ដើម្បី​ឱ្យចិត្ដ​របស់​អ្នក​ដែល​បាក់ទឹក​ចិត្ដនោះ​ស្ងប់ និងមិន​គិត​ច្រើន​ពេក។ ការ​លាក់​ទុកនូវ​ទុក្ខ ព្រួយ​ច្រើន​ពេកនៅ​ក្នុងចិត្ដ​ធ្វើឱ្យ​មនុស្ស​មួយ​ចំនួន​ដែល​មានចិត្ដ​ទន់​ងាយ​រង ឬងាយ​ទទួល​នូវអ្វី​មិនល្អ​អាច​គិតឬ​ធ្វើអ្វីៗ​ដែល​ផ្ទុយ​ពី សតិ​សម្ប​ជញ្ញៈ។ ដូច្នេះ​ការយល់​ចិត្ដ​ដោយ​ការលួង​លាម និងផ្ដល់​នូវក្ដី​សង្ឃឹម​នោះ​ជា​តម្រូវ​ការ​មួយដ៏​ប្រពៃ​សម្រាប់​មនុស្ស​ដែល បាត់បង់​នូវ​ជំនឿ​ចិត្ដ​របស់​ខ្លួន​ឯង។

អ្នក​ដែល​ត្រូវការ​ការ​ផ្ដល់​កម្លាំង​ចិត្ដ

មនុស្ស​បែប​ណាក៏​ត្រូវការ​ការ​ផ្ដល់​កម្លាំង​ចិត្ដ​ដែរ គ្រាន់តែ​ច្រើន​ឬតិច​តួចទៅ​តាម​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ។ ការ​ផ្ដល់ទឹក ចិត្ដទៅ​មនុស្ស​ដែល​មាន​ទឹកចិត្ដ​ខ្សោយ ធ្លាក់ទឹក​ចិត្ដ ខ្វះ​កម្លាំង​ចិត្ដ មិនមាន​ភាព​ក្លាហាន មិនអាច​ធ្វើអ្វី​បាន ខ្លាចគេ​មិន​ហ៊ាន​ប្រឈម មុខនឹង​អ្នក​ដទៃ។ល។ គឺសុទ្ធ​តែជា​ករណី​កិច្ច​របស់​លោកអ្នក​ដែលជា​សមាជិក​ឬជា​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក​មាន​វិបត្ដិ​នោះ ត្រូវ ធ្វើ​ដើម្បី​ឱ្យ​ស្ថាន​ភាព​វិល​ត្រឡប់​មករក​សភាព​ប្រក្រតី​វិញ។

វិធី​សាស្ដ្រ​ផ្ដល់​កម្លាំង​ចិត្ដ

ការ​ផ្ដល់​កម្លាំង​ចិត្ដទៅ​ឱ្យ​នរណា​ម្នាក់​បានល្អ លុះត្រា​តែ​យើង​បានដឹង​ពី​ស្ថានភាព​របស់​គេជា​មុនសិន​ថាតើ​គេមាន​វិបត្ដិ​យ៉ាង ណា​ខ្លះ។ លោកអ្នក​អាចដឹង​ពីរឿង​រ៉ាវទាំង​នោះបាន​តាម​រយៈ​កាយ​វិការ សម្ដី​សំដៅ ការ​ស្លៀកពាក់​ជាដើម។ មាន​វិធី​៣បែប​សម្រាប់ ផ្ដល់​កម្លាំង​ចិត្ដ។

1 . វិធី​សាស្ដ្រ​បែប​សាមញ្ញ វិធី​នេះ​សំដៅ​លើការ​លួង​លោម ពាក្យ​សម្ដី ការ​ផ្ដល់ជា​ប្រាក់​កាស​និង​របស់​របរ​ជាដើម។ ទង្វើ​ទាំង​នោះជា​ការ​បង្ហាញ​នូវការ​យកចិត្ដ​ទុកដាក់​រវាង​គ្នានឹង​គ្នា​ហើយ​ជាការ​លើក​ទឹកចិត្ដ​មួយ​បែប​ដែល​លោក​អ្នក​ឧស្សាហ៍​ឃើញ ញឹក​ញាប់។

2 . វិធី​សាស្ដ្រ​ផ្ដល់​ប្រឹក្សា ៖ អ្នក​ជំនាញ​អាច​សាក​សួរពី​ដើម​ចមរឿង ឬរឿង​រ៉ាវ​ទាំង​ឡាយ​ដែល​ធ្វើឱ្យ​ពិបាក​ចិត្ដ​ដើម្បី ធ្វើការ​ស្គាល់​ចិត្ដ​របស់​អ្នក​ជម្ងឺជា​មុនសិន។ ការ​ស្ទាប​ស្ទង់​ចិត្ដ​ថ្លើម​នេះ​គឺជា​វិធី​សាស្ដ្រ​មួយ​ធ្វើ​យ៉ាងណា​ឱ្យអ្នក​ជម្ងឺ​បាន​និយាយ​នូវអ្វី​ដែល ឈឺចាប់​ចេញ​មកខាង​ក្រៅឱ្យ​បានធូរ​ស្រាល​មួយ​កម្រិត។ លើស​ពីនេះ​អ្នក​ជំនាញ​ក៏អាច​រក​មូល​ហេតុនៃ​រឿងរ៉ាវ​ទាំងនោះ ដើម្បី​រកច្រក ចេញ​សម្រាប់​អ្នកជម្ងឺ​ក្នុងការ​ជ្រើស​រើស​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។ អ្នក​ជំនាញ​គ្រាន់តែ​ប្រើ​វិធី​សាស្ដ្រ​ត្រជាក់​ក្នុងការ​ណែនាំ ដោយ​មិនមាន​ការស្ដី​បន្ទោស​អ្នក​ជម្ងឺ​នោះទេ​បើទោះ​បីជា​ដឹងថា​រឿង​នោះជា​កំហុស​របស់​អ្នក​ជម្ងឺ​យ៉ាង​ណាក៏​ដោយ។

3 . វិធី​សាស្ដ្រ​វេជ្ជ​សាស្ដ្រ ប្រសិន​បើអ្នក​ជម្ងឺ​មាន​អាការ​ធ្ងន់ធ្ងរ​មិនអាច​ប្រើ​វិធី​ពិភាក្សា​គ្នាបាន​នោះអ្នក​ជំនាញ​អាច​ប្រើ ប្រាស់​ថ្នាំ​សម្រាប់​ទប់​ស្កាត់​អារម្មណ៍ ឬក៏​អាច​ដល់ថ្នាក់​ឆក់ខ្សែ​ភ្លើងក៏​មានផង​ដែរ។

ផល​វិបាក​នៃការ​ផ្ដល់​កម្លាំង​ចិត្ដ

បើទោះ​បីជា​ការផ្ដល់​កម្លាំង​ចិត្ដអាច​ជួយ​ដល់​លោកអ្នក​បាន​ច្រើនក៏​ពិតមែន តែក៏​ធ្វើឱ្យ​អ្នកខ្លះ​មាន​បញ្ហា​ផងដែរ​ប្រសិន​បើ កម្លាំង​ចិត្ដនោះ​ផ្ដល់​ទៅមិន​សក្ដិ​សម​នឹង​កាលៈ​ទេសៈ។ លោកអ្នក​គួរគិត​ថា​តើនៅ​ពេល​ណាខ្លះ​ដែល​លោកអ្នក​ទទួល​កម្លាំង​ចិត្ដពី​អ្នក ដទៃ ដើម្បី​ធ្វើអ្វី​មួយ​ដែល​ប្រាស​ចាកពី​សីលធម៌​សង្គម? តើលោក​អ្នកអាច​ទទួល​បាន​ឬទេ? រីឯ​ចំពោះ​ក្រុម​គ្រួសារ​វិញ តើអាច​ទទួល យក​ទង្វើ​ទាំងអស់​នេះ ឬក៏​យ៉ាង​ណា?

ដំបូន្មាន​អ្នក​ប្រឹក្សា

ចំពោះ​លោកអ្នក​ដែល​បាក់ទឹក​ចិត្ដ ភាគ​ច្រើន​តែងតែ​គិតអ្វីៗ​ដែល​អាក្រក់​ៗច្រើន។ ដូច្នេះ​លោកអ្នក​គួរ​ព្យាយាម​គិតអ្វី​ដែល ប្រសើរ​មកវិញ ដើម្បី​ទប់​ស្កាត់​នូវការ​ធ្លាក់ទឹក​ចិត្ដកាន់​តែខ្លាំង។ ប្រសិន​បើ​លោកអ្នក​មាន​បញ្ហា​ផ្លូវចិត្ដ​នោះ​គួរ​ទៅរក​ការ​ពិភាក្សា​ជា មួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ផ្ដល់​ជាប្រឹក្សា​មួយដ៏​ប្រសើរ​សម្រាប់​លោក​អ្នក។ ក៏គួរ​រកអ្នក​ណា​ម្នាក់​សម្រាប់​ពិភាក្សា​នូវរឿង​រ៉ាវ​ទាំងនោះ ផងដែរ ចៀស​វាង​កុំលាក់​ទុកតែ​ម្នាក់​ឯង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative