នៅ​កម្ពុជា​មាន​វ៉ាក់​សាំង​ការពារ​ជម្ងឺ​មហារីក​ស្បូន

សុភាសិត​មួយ​ឃ្លាបាន​ពោល​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល។ បើទោះ​បីជា​ពេល​វេលា​កន្លង​ទៅវែង​ឆ្ងាយ​យ៉ាង​ណាក្ដី ក៏ សុភាសិត​មួយនេះ​នៅតែ​សុក្រឹត។ មនុស្ស​គ្រប់រូប​តែង តែ​ប្រាថ្នា​នូវ​សុខភាព​ល្អ​បរិបូរណ៍​ពុំមាន​នរណា​ម្នាក់ចង់​ឱ្យជម្ងឺត​ម្កាត់​មក​បៀត បៀន​ខ្លួន​ឡើយ ហេតុនេះ​ទើបគេ​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ខ្លួនឱ្យ​ចៀស​ផុតពី​ជម្ងឺ។ សម្រាប់​មធ្យោបាយ​ដែល​ពេញ និយម​បំផុត​គឺការ​ចាក់វ៉ាក់​សាំង​ការពារ​ដើម្បី​ឱ្យ ខ្លួន​ប្រា​ណ​មា​​​ន​អង់ទី​ក័រ​ការពារ​ទប់ទល់​នឹង​ជម្ងឺ​ទាំងនោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខមុន លោកអ្នក​អាន​បាន​ជ្រាប​រួចមក​ហើយ​នូវវ៉ាក់​សាំង​ការពារ​ជម្ងឺ​ថ្លើម​ប្រភេទ​បេ។ នៅ​លេខ​​​​នេះ​ទស្ស​នាវដ្ដីសុខភាព​​​​​យើង សូម​​លើក​យកវ៉ាក់​សាំង​ការពារ​ជម្ងឺ​មហារីក​ស្បូនមក​បង្ហាញ​​ប្រិយមិត្ដ​អ្នកអាន​ដោយ​មាន​លោក​វេជ្ជ បណ្ឌិត​អ៊ាវ សុខា ជាអ្នក​ប្រឹក្សា។

អត្រា​ជនរង​គ្រោះ​ដោយសារ​ជម្ងឺ​មហារីក​ស្បូន

ជម្ងឺ​មហារីក​ស្បូនជា​ប្រភេទ​ជម្ងឺ​មហារីក​បណ្ដាល​មកពី​មេរោគ​ម្យ៉ាង​ឈ្មោះ​ភ្វ ដែល​រស់នៅ​ជា ប្រចាំ​ក្នុងមាត់​ទ្វារមាស​របស់​ស្ដ្រី។ មេរោគ​នេះធ្វើ​ឱ្យ​រលាក​មាត់ស្បូន​រ៉ាំរ៉ៃ និងធ្វើ​ឱ្យ​ប្រែប្រួល​កោសិកា​មាត់ស្បូន​ដែល​យូរទៅ​អាច​បណ្ដាល​ទៅជា​ជម្ងឺ​មហារីក ស្បូន​តែម្ដង។

ជាការ​ពិត តាមការ​សិក្សា​នៅក្នុង​ប្រទេស​យើងបាន​ឱ្យឃើញ​ថា ក្នុងមួយ​ឆ្នាំៗ​អ្នកជម្ងឺ​មហារីក​ស្បូនកើត​មាន​ប្រមាណ​៥០០០​ករណី​ស្មើនឹង​២៥​ភាគរយ​នៃអ្នក​ជម្ងឺ​មហារីក​ទាំងអស់។ នៅក្នុង​ប្រទេស​យើងអ្នក​កើត​ជម្ងឺ​មហារីក​ស្បូន​ភាគច្រើន​ជា​ស្ដ្រីវ័យ ក្មេង​ដែល​មាន​អាយុ​ជាមធ្យម​៤៦​ឆ្នាំ។ រីឯនៅ​បណ្ដា​ប្រទេស​អភិវឌ្ឍ​នានា​ភាគ​ច្រើននៃ​អ្នក​ជម្ងឺ​មហារីក​ស្បូន​ជាស្ដ្រី​វ័យ​ចំណាស់​អាយុ លើសពី​៦០ឆ្នាំ។ ម្យ៉ាង​ទៀត​ចំពោះ​ស្ដ្រី​អាយុ​ក្រោម​៤០ឆ្នាំ​ដែល​កើត​ជម្ងឺ​មហារីក​ស្បូននេះ​នៅ​កម្ពុជា​មាន​ចំនួន​១៧​ភាគរយ ដែល ប្រទេស​ផ្សេងៗ​នៅលើ​ពិភព​លោកមាន​ត្រឹមតែ​៥ទៅ៦​ភាគរយ​តែ​ប៉ុណ្ណោះ។ តាមការ​សង្កេត​ឃើញ​ថា​នារី​ដែល​នៅលីវ​ពុំធ្លាប់​មាន បទ​ពិសោធន៍​រួមភេទ​ក៏មាន​អត្រា​កើត​ជម្ងឺ​មហារីក​ស្បូន​នេះផង​ដែរ។ នេះ​ដោយ​សារតែ​បញ្ហា​អនាម័យ​ផ្លូវភេទ​របស់​នារីនោះ ជា ពិសេស​អនាម័យ​ពេលមាន​រដូវ។ ប្រសិន​បើស្ដ្រី​មានដៃ​គូរួម​ភេទ​ច្រើនក៏​ប្រឈម​នឹងការ​ឆ្លងនូវ​មេរោគ​ភ្វខ្ពស់ ដែលជា​ហេតុ បណ្ដាល​ឱ្យកើត​ជម្ងឺ​មហារីក​ស្បូន​ខ្ពស់​ផងដែរ។

ប្រភេទ​វ៉ាក់​សាំង​ការពារ​ជម្ងឺ​មហារីក​ស្បូន

វ៉ាក់​សាំង​ការពារ​ជម្ងឺ​មហារីក​ស្បូនជា​ថ្នាំ​បង្ការ​មួយ​ប្រភេទ​សម្រាប់​ចាក់ទៅ​ក្នុងខ្លួន​ស្ដ្រី ដើម្បី​ឱ្យ​សារពាង្គ​កាយ​បង្កើត​អង់ទីក័រ​ម្យ៉ាង​ការពារ​ទប់ទល់​នឹង​ជម្ងឺ​មហារីក​ស្បូន។ វ៉ាក់​សាំង​ការពារ​ជម្ងឺ​មហារីក​ស្បូន​មានពីរ​ប្រភេទ​ក៏ប៉ុន្ដែ​មានតែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ដែលមាន​ប្រសិទ្ធ​ភាព។ វ៉ាក់​សាំង​នេះ​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ដែល​ទើបតែ​ត្រូវបាន​ឯកភាព​ឱ្យ​ប្រើប្រាស់​ដោយ​អង្គការ គ្រប់​គ្រង​ឱសថ និង​ម្ហូប​អាហារ​របស់​ពិភព​លោក។ តាម​ការ​សិក្សា​ជាក់​ស្ដែង​នៅទ្វីប​អាមេរិក​ខាង​ជើង​និង​កាណា​ដាឃើញ​ថា វ៉ាក់​សាំង ការពារ​ជម្ងឺ​មហារីក​ស្បូន​អាច​ការពារ​បុគ្គល​ដែល​ចាក់វ៉ាក់​សាំង​នេះ​បាន​ត្រឹមតែ​៧៥​ភាគរយ​តែ​ប៉ុណ្ណោះ​ជា​មធ្យម។

របៀប​ចាក់វ៉ាក់​សាំង​ការពារ​ជម្ងឺ​មហារីក​ស្បូន

ការ​ចាក់វ៉ាក់​សាំង​ការពារ​ជម្ងឺ​មហារីក​ស្បូន​គឺជា​ការចាក់​អង់ទី​សែន​មេរោគះ​ភ្វ ដែលជា​មេរោគ​បណ្ដាល​ឱ្យកើត​ជម្ងឺ​មហា​រីកមាត់​ស្បូន​បញ្ចូល​ទៅក្នុង​ខ្លួន​មនុស្ស​ស្រី ដើម្បី​ឱ្យខ្លួន​ប្រាណ​បង្កើត​បាន​អង់ទី​ក័រ​ប្រឆាំង​ទៅនឹង​មេរោគ​នោះវិញ។

នៅ​បណ្ដ្កា​ប្រទេស​អឺរ៉ុប គេចាក់​វ៉ាក់​សាំង​ការពារ​ជម្ងឺ​មហា​រីកមាត់​ស្បូននេះ​ឱ្យក្មេង​ស្រីចាប់​ពីអាយុ​១១ឆ្នាំ​រីឯ​នៅសហ​រដ្ឋ អាមេរិក​វិញ​គេចាក់​ចាប់ពី​អាយុ៩​ឆ្នាំឡើង​ទៅ។ សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ​គួរចាក់​វ៉ាក់សាំង​នេះឱ្យ​មនុស្ស​ស្រីចាប់​ពីអាយុ ១១​ឆ្នាំឡើង​ទៅ ដោយ​ហេតុផល​ផ្អែក​ទៅលើ​ភាពឆាប់​មក​រដូវ​របស់​ក្មេងស្រី។

សមាគម​គ្រូពេទ្យ​មហារីក​អន្ដរជាតិ​បាន​អនុម័ត​ឱ្យមាន​ការ​ចាក់វ៉ាក់​សាំង​ការពារ​នេះ​ចំនួន​៣ដង​ចំពោះ​ស្ដ្រី​ឬក្មេង​ស្រីម្នាក់ ដោយ​ចាក់​លើកទី​២នៅ​រយៈពេល​២ខែ​ក្រោយ​ការចាក់​លើកទី​មួយ​និងចាក់​លើកទី​៣នៅ​៤ខែ​ក្រោយ​ការចាក់​លើក​ទីពីរ។

ប្រការ​គួរធ្វើ​ក្រោយ​ពេលចាក់​វ៉ាក់​សាំង

ការចាក់​វ៉ាក់សាំង​នេះពុំ​មានផល​ប៉ះពាល់​ដល់​សុខភាព​រាងកាយ ឬប៉ះ​ពាល់​ដល់ការ​បង្ក​កំណើត​នោះទេ។ ការ​ចាក់វ៉ាក់​សាំង នេះទៀត​សោត​អាច​ប្រព្រឹត្ដ​ទៅបាន​គ្រប់ពេល​វេលា គ្រប់​កាលៈ​ទេសៈ​ហើយ​ក៏ពុំ​មាន​តម្រូវ​ឱ្យតម​អាហារ​នោះដែរ។

បើទោះ​បីជា​ធ្លាប់​ចាក់វ៉ាក់​សាំង​ការពារ​ជម្ងឺ​មហារីក​ស្បូន​រួចហើយ​ក៏ដោយ ចំពោះ​ស្ដ្រី​ដែលមាន​ទំនាក់​ទំនង​ផ្លូវភេទ​គួរទៅ ពិនិត្យ​កោសិកា​មាត់ស្បូន​ឱ្យបាន​ម្ដង​ក្នុងមួយ​ឆ្នាំ​ដើម្បី​រក​មេរោគះ​ភ្វ ឬ​កោសិកា​មហារីក​ដើម្បី​ព្យាបាល​ឱ្យទាន់​ពេល​វេលា​ចំពោះ ករណី​ដែលកើត​ឡើង​ដោយ​ចៃដន្យ។ ព្រោះ​ដូចបាន​រៀបរាប់​រួចហើយ​ថា វ៉ាក់សាំង​ការពារ​បានតែ​៧៥ភាគ​រយ​ប៉ុណ្ណោះ​ឯ២៥​ភាគរយ ទៀតគឺ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​ជម្ងឺនេះ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សូម​ស្ដ្រី​ទាំងអស់​យកចិត្ដ​ទុកដាក់​អំពី​បញ្ហា​អនាម័យ​ផ្លូវភេទ​របស់​ខ្លួន ដើម្បី​ចៀស​ផុតពី​ជម្ងឺ​មហារីក​ស្បូន​ដែលជា​ជម្ងឺ​មហារីក​មួយកើត​ឡើង​ច្រើន​បំផុត​នៅក្នុង​ប្រទេស​យើង។ ប្រការ​ដែល​ល្អបំផុត​គឺត្រូវ​ចាក់វ៉ាក់​សាំង​ការពារ​ព្រោះថា​ការចាក់​វ៉ាក់សាំង ការពារ​អាចធ្វើ​ឱ្យអ្នក​មាន​ទំនុក​ចិត្ដខ្ពស់​ចំពោះ​ការ​ចៀសផុត​ពីការ​ឆ្លង​ជម្ងឺ​នេះ។ ទន្ទឹម​នឹងនោះ​លោកស្រី​អ្នកនាង​កញ្ញា​គួរទៅ​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យ​កោសិកា​មាត់ស្បូន​ឱ្យបាន​យ៉ាងហោច​ណាស់​ម្ដងក្នុង​មួយឆ្នាំ។

1 .  ភេទទី៣

ខ្ញុំបាទអាយុ១៧ឆ្នាំ។ សព្វថ្ងៃខ្ញុំកំពុងសិក្សានៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ នៅក្នុង​ ថ្នាក់ រៀនខ្ញុំ មានមិត្ដភក្ដិខ្ញុំម្នាក់ជាក្មេងប្រុស តែមានចរិតមិនប្រក្រតីសោះ ខ្ញុំសង្ស័យថា គាត់ ជាភេទ ទី៣ដូចគេធ្លាប់និយាយតៗគ្នា។ សូមលោកវេជ្ជបណ្ឌិតយើង ជួយបកស្រាយ ឱ្យខ្ញុំ បាទ​ បាន ដឹងផង តើមកពីហេតុអ្វីទៅ។

 

យុវជនអ.ប.ហ អាយុ១៧​ឆ្នាំ ភ្នំពេញ

វេជ្ជ​បណ្ឌិត​យើង ៖ ភេទទី​៣ដែល​ប្រជា​ពលរដ្ឋ​ខ្មែរនាំ​គ្នាហៅ​តៗគ្នា​មកនេះ ប្រហែល​ជាចង់​សំដៅ​ទៅរក​ភេទ​ខ្ទើយ។ សព្វថ្ងៃ​នេះ នៅលើ​ពិភព​លោកមាន​ភេទ​លើស​ពី២ ដែល​ធម្មជាតិ​ចង់​បង្កើត​មនុស្ស​មកឱ្យ​មានតែ​២ភេទ គឺភេទ​ប្រុស និងភេទ​ស្រី។ នៅ​ប្រទេស លោកខាង​លិចខ្លះ​បានបែង​ចែកភេទ​មនុស្ស​រហូត​ដល់ទៅ​៣ភេទ ៤ភេទ ឬ៥​ភេទឯ​ណោះ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើងសព្វ​ថ្ងៃ យើងធ្វើ​ការបែង​ចែកជា​២ភេទ​ជាផ្លូវ​ការណ៍ ជា​ពិសេស​ពេល​លោកអ្នក​បំពេញ​ប្រវត្ដិរូប​ឬ​ឯកសារ​ផ្លូវ​ការណ៍​ផ្សេងៗ។ រីឯ​ខ្ទើយ និង ភេទទី​៣នេះ​ជាការ​កំណត់​អត្ដ​សញ្ញាណ​អ្នកដែល​មិនមែន​ជាបុរស​ឬជា​ស្ដ្រីពេញ​លក្ខណៈ។ ជា​អាទិ​ភេទទី​៣នេះ​ចង់​សំដៅ​បុរស ស្រឡាញ់​បុរស ឬស្ដ្រី​ស្រឡាញ់​ស្ដ្រី។ ទាក់ទង​នឹង​សំណួរ​ប្អូន​ប្រុស​ដែលចង់​សួរ​អំពី​មូលហេតុ​នៃភេទ​ទី៣ មានការ​ពិបាក​ឆ្លើយឱ្យ​បានឥត ខ្ចោះ​បន្ដិច ដោយ​សារ​ចំណេះ​ដឹង​និងការ​ស្រាវ​ជ្រាវ​សព្វថ្ងៃ​នៅមាន​កម្រិត។ ប៉ុន្ដែ​វេជ្ជ​បណ្ឌិត​យើង សូមធ្វើ​ការឆ្លើយ​ថាវា​បណ្ដាល​មកពី មូលហេតុ​ធំពីរ​យ៉ាង គឺកត្ដា​សេនេទិច​(ជីវ​សាស្ដ្រ)​និងកត្ដា​ផ្លូវចិត្ដ​(ចិត្ដ​សាស្ដ្រ)។ កត្ដា​ជីវ​សាស្ដ្រ​កើតមាន​ឡើង​ពេលក​កំណើត គឺជា​ការផ្សំ​ផ្គុំក្រូម៉ូ​សូម និងការ​វិវឌ្ឍន៍​នៃការ​ផលិត​និង​ប្រើប្រាស់​អ័រម៉ូន​ភេទ។ រីកត្ដា​ផ្លូវចិត្ដ​ភេទ​ទាក់ទង​នឹង​អារម្មណ៍ បរិស្ថាន​គ្រួសារ និង​សង្គម ជួន​បណ្ដាល​មកពី​ការសេព​គប់​និង​បុគ្គលិក​លក្ខណៈ។

2 . ចាញ់មុន​ប្រយុទ្ធ

ខ្ញុំបាទរៀបការបាន៦ឆ្នាំមកហើយ។ កាលពីមុនខ្ញុំមានសេចក្ដីសុខផ្លូវភេទ និងបានផ្ដល់សេចក្ដីសុខដល់ភរិយាខ្ញុំបានប្រសើរ។ ប៉ុន្មានខែនេះ ខ្ញុំព្រួយចិត្ដណាស់ ព្រោះពេលខ្ញុំរួមភេទជាមួយភរិយាខ្ញុំ ស្រាប់តែលិង្គខ្ញុំទន់ភ្លាម។ តើខ្ញុំមានបញ្ហាលិង្គងាប់ យ៉ាង ណា? សូមលោកវេជ្ជបណ្ឌិតយើង ជួយខ្ញុំបាទផង។

លោក ម.ស.ធ អាយុ​៣៣ឆ្នាំ ខេត្ដ​កំពង់ចាម

វេជ្ជបណ្ឌិត​យើង ៖ ការទន់​លិង្គ​ដែល​កំពុង​ឡើងរឹង​នៅក្នុង​ទ្វារមាស​បែបនេះ ពិតជា​រឿងមិន​ប្រក្រតី​ទេ បើលោក​មិនទាន់​បាន​បាញ់​ចេញទឹក​កាមនៅ​ឡើយ​នោះ។ ព្រោះថា​បើ​បាញ់​ចេញទឹក​កាមរួច​ហើយ បន្ទាប់​មក​លិង្គលែង​រឹងហើយ​ទន់​គឺជា​រឿង​ធម្មតា​ទេ។ មុននឹង​ឆ្លើយខ្ញុំ​សូម​ជម្រាប​ថា ការឡើង​រឹងនៃ​លិង្គ​គឺជា​បាតុភូត​មិន​ស្ថិត​ស្ថេរ ដែល​កើត​ឡើង​តែមួយ​រយៈពេល​ហើយ​នឹងទន់​ជ្រាយ​វិញ ភ្លាម ក្រោយ​ពេល​ចេញទឹក​កាម។ ព្រោះការ​ឡើងរឹង​នៃលិង្គ​មិនមែន​ជារ៉េផ្លិច​មួយ​ដែល​ធានា​បានការ​មាន​ស្ថេរភាព​នៃការ​រួមភេទ​ពី ដើមដល់​ចប់នោះ​ទេ។ មានន័យ​ថា ធម្មជាតិ​ផ្ដល់ការ​ស្រើប​ស្រាល​ល្មមៗ​តែត្រូវ​បូករួម​នឹង​កត្ដា​ផ្សេង​ទៀត។ សូម​បញ្ជាក់​ថា គ្រាន់​តែ ការ​ដាស់​សម្រើប​មិនបាន​ល្អ និងការ​អស់​កម្លាំង​កំហែង​ម្ដង​ម្កាល​ក៏អាច​ថមថយ​ចំណង់​ផ្លូវ​ភេទ និងលែង​ឱ្យលិង្គ​ឡើងរឹង​បានល្អ​បាន។ ទោះបី​លោកមាន​អាយុ​ប៉ុន្មាន​មិន​សំខាន់​ទេ​តែការ​ទន់ពេល​រួមភេទ​នេះជា​បញ្ហា​កំប៉ិក​កំប៉ុក​តែ​ប៉ុណ្ណោះ។ ជារួម​ការទន់​លិង្គ​ដែល​កំពុង ឡើង​រឹងនេះ មិនមែន​ជា​សញ្ញា ឬ​បញ្ហា“លិង្គ​ងាប់”នោះទេ។ ដូច្នេះ​ដើម្បី​កែ​តម្រូវ​សូម​លោក​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ជីវភាព​ផ្លូវភេទ​ប្ដី ប្រពន្ធ​របស់​លោក ទាំង​ទំនាក់​ទំនង ទាំង​បរិយា​កាស​ដែល​ដាក់​ទម្ងន់​ទៅលើ​ការស្រើប​ស្រាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative