ហាត់​ប្រាណ​នៅមុខ​ព្រះបរម​រាជ​វាំង សុខភាព​ ឫកម្សាន្ត?

ជា​រៀង​រាល់​ព្រឹក​តែង​សង្កេត​ឃើញ​ថាមាន​មនុស្ស​ម្នាមក​ពីគ្រប់​ទិសទី​នៅក្រុង​ភ្នំពេញ​ធ្វើ​ដំណើ​រទៅមុខ​ព្រះបរម​រាជវាំង​ដើម្បី​ហាត់​ប្រាណ។ សកម្ម​ភាព​ហាត់​ប្រាណ​នៅមុខ​វាំង មាន​គ្រប់​ប្រភេទ ហើយ​អ្នក​ដែល​មក​ហាត់​ក៏មាន​គ្រប់​វ័យ​ដែរ។ នេះស​បញ្ជាក់ ថា បច្ចុប្បន្ន​ការថែ​រក្សា​សុខភាព​តាម​រយៈការ​លេង​កីឡា​ផ្សេងៗ​បាន​កំពុង​តែរីក​ដុះដាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង សូម​លើក​យករឿង​រ៉ាវនៃ​ការ​ហាត់​ប្រាណ​នៅមុខ​វាំងជូន​ប្រិយ​មិត្ដ​អ្នកអាន​ជ្រាប​ដើម្បី​ទុកជា​ទុន សម្រាប់​លោកអ្នក​ដែល​មិនមាន​ពេល​វេលា​គ្រប់គ្រាន់​ទៅហាត់។  

គោល​បំណង​នៃការ​ហាត់​ប្រាណ​នៅមុខ​វាំង

បច្ចុប្បន្ន​នេះសន្ទុះ​នៃការ​ហាត់​ប្រាណ​មានការ​ពេញ​និយម​ច្រើន​ចំពោះ​លោកអ្នក​ដែល​រស់នៅ​តាមទី​ក្រុង។ ហាត់​ប្រាណ​មុខ វាំង​មាន​ស្ទើរតែ​គ្រប់រូប​ភាព​ទៅតាម​ចំណង់​ចំណូល​ចិត្ដ។ លោកអ្នក​ដែលបាន​ទៅ​ហាត់​ប្រាណ​មុខវាំង​មាន​គោល​បំណង​ខុសៗគ្នា។ ខាង​ក្រោមនេះ​ជា​គោល​បំណង​មួយ​ចំនួន​ដែលធ្វើ​ឱ្យ​លោកអ្នក​គ្រប់​វ័យ​សម្រេច​ចិត្ដទៅ​ហាត់​ជារៀង​រាល់ព្រឹក។

1 . ថែរក្សា​សុខភាព និង​សម្រស់ ដើម្បី​ថែរក្សា​សុខភាព​លោកអ្នក​មួយ​ចំនួន​យល់ថា​ការ​ហាត់​ប្រាណ​មុខវាំង​អាច​ជួយ សម្រួល​ដល់​ចលនា​សព៌ាង្គ​កាយ​ឱ្យមាន​ដំណើរ​ការល្អ។ ម្យ៉ាង​ទៀត​អាចជួយ​ទប់ស្កាត់​ការ​ឡើង​ទម្ងន់​និង​ជួយ​ថែរក្សា​រូបរាង​កាយឱ្យ ស្រស់​ថ្លារឹង​មាំបាន។

2 . កាត់​បន្ថយ​ភាពតាន​តឹង ហាត់​ប្រាណ​អាចជួយ​ឱ្យ​លោកអ្នក​បំបាត់​ទុក​កង្វល់​និង​បន្ធូរ​អារម្មណ៍​ពី​ការងារ​មួយ​ចំនួន ដែល​មាន​ដូចជា​បញ្ហា​ស្មុគ​ស្មាញ អារម្មណ៍​តប់​ប្រមល់ ឬមាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ក៏ទៅ​ហាត់​ប្រាណ​ដើម្បី​ជម្រះ​អារម្មណ៍​ឱ្យស្រស់​ថ្លា។

3 . ខ្យល់​បរិសុទ្ធ ខ្យល់​អាកាស​ល្អនៅ​មាត់ទន្លេ​ធ្វើឱ្យ​លោកអ្នក​មាន​សុខភាព​ល្អ​អាច​ជួយ​កាត់​បន្ថយ​ជម្ងឺ​មួយ​ចំនួន​ផងដែរ ។ ម្យ៉ាង​ជួយ​លាង​សម្អាត​បញ្ហា​ទាំង​ប៉ុន្មាន​ឱ្យ​រសាយ​អស់ពី​ខួរក្បាល។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅពេល​ហាត់​ប្រាណ​ក្នុង​បរិយា​កាសល្អ អាច ជួយ​បញ្ចេញ​ជាតិ​ពុល​ចេញពី​សព៌ាង្គ​កាយ​ទៀត​ផង។

4 . បង្កើត​ភាព​ស្និទ្ធ​ស្នាល ហាត់​ប្រាណ​មុខវាំង​ជាពេល​វេលា​ផ្ដល់​ឱកាស​សម្រាប់​ធ្វើការ​សំណេះ​សំណាល​រវាង​អ្នកនៅ​ជុំវិញ ខ្លួន ដែល​បាន​ប្រមូល​ផ្ដុំគ្នា​បង្កើត​ជា​ចំណង​មិត្ដភាព។

៥ . ហាត់​តាមគ្នា លោកអ្នក​មួយ​ចំនួន​មិនដែល​មាន​ចំណង់​ចំណូល​ចិត្ដទៅ​ហាត់​កីឡា​ទេ​ព្រោះ​មានការ​នឿយ​ហត់ពី ការងារ។ ប៉ុន្ដែ​ដោយ​សារតែ​ឃើញ​មាន​ចំនួន​មនុស្ស​ទៅ​ហាត់​ច្រើន​ហើយ​អ្នក​ទាំងនោះ​និយាយ​ពីសារៈ​សំខាន់​ដែលបាន​មកពី​ការ​ហាត់ នៅមុខ​វាំង​នោះ ទើប​មាន​ចំណាប់​អារម្មណ៍​ក៏​សម្រេច​ចិត្ដទៅ​ជាមួយ​គេ​ទោះបី​ជាមាន​ការ​នឿយ​ហត់​យ៉ាងណា​ក៏ដោយ។

ប្រភេទ​ការ​ហាត់​ប្រាណ និង​កីឡា​នៅមុខ​វាំង

ការ​ហាត់​ប្រាណ​ឬកីឡា​នៅមុខ​វាំងមាន​ដូចជា​រាំតាម​ចង្វាក់​ភ្លេង រត់​ត្រឹក ឬរត់​មួយ​កន្លែង ទាត់សី ទាត់​បាល់​ពត់ខ្លួន​ជាដើម។ ប៉ុន្ដែ​ប្រភេទ​កីឡា​ដែល​ពេញ​និយម​ជាងគេ​សម្រាប់​គ្រប់វ័យ គឺរាំ​តាម​ចង្វាក់​ភ្លេង។

នៅមុខ​វាំង​ពេល​ព្រឹក​មាន​មនុស្ស​ហាត់​ច្រើនជាង​ពេល​ល្ងាច ព្រោះ​ជាពេល​ដ៏ស្រស់​ស្រាយ​សម្រាប់​ស្រូបយក​ខ្យល់​បរិសុទ្ធ ដើម្បី​ឱ្យមាន​អារម្មណ៍​ស្រស់ថ្លា​ក្នុងការ​បំពេញ​កិច្ច​ការងារ។

អ្នក​ហាត់​ប្រាណ​មុខវាំង​ភាគ​ច្រើនជា​មនុស្ស​វ័យ​ចំណាស់​ដែលមាន​បញ្ហា​សុខភាព​ចុះ​ទ្រុឌ​ទ្រោម​ដោយ​មាន​ជម្ងឺ​មក​បៀត បៀន ឬគេង​មិនសូវ​លក់ ទើប​សម្រេច​ចិត្ដមក​ហាត់​កីឡា ដើម្បី​បំបាត់​អាការ​រសាប់​រសល់​ទាំងនោះ។ យុវវ័យ​ខ្លះ​ហាត់​ដើម្បី​ពង្រឹង ស្មារតី​កុំឱ្យ​មានការ​ភ្លេច​ភ្លាំង ដែល​ពាក់ព័ន្ធ​នឹងការ​សិក្សា ឬ​ការងារ​ជាដើម។

ផល​ប្រយោជន៍​នៃការ​ហាត់​ប្រាណ

អ្នកដែល​ហាត់​ប្រាណ​នៅមុខ​វាំង​អាច​បំបាត់​បាននូវ​ភាពតប់​ប្រមល់​ក្នុង​អារម្មណ៍ ជួយ​បំបាត់​ការ​ឈឺចាប់​តាម​សន្លាក់​និង ចលនា​ឈាម​រត់បាន​ស្រួល។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ការ​ហាត់​ប្រាណ​នៅមុខ​វាំង​មិនខុស​ពីការ​ហាត់​ប្រាណ​នៅកន្លែង​ផ្សេងទេ​អាចធ្វើ​ឱ្យរូប រាងកាយ​ស្រស់ថ្លា រឹងមាំ។ កីឡា​នៅមុខ​វាំងមាន​ច្រើន​ប្រភេទ តែ​ដើម្បី​ឱ្យមាន​ប្រសិទ្ធ​ភាព​លោកអ្នក​គួរតែ​ជ្រើស​រើស​យក​កីឡា​មួយ ប្រភេទ ដែល​សក្ដិសម​មក​អនុវត្ដ​ជា​ប្រចាំ ទើប​ឆាប់បាន​សម្រេច។ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ខាង​ក្រោមនេះ​ជា​អំណះ​អំណាង​ដែលបាន មកពី​ការធ្វើ​សម្ភាសន៍​ជាមួយ​អ្នកដែល​មកហាត់​ប្រាណ​នៅមុខ​វាំង។

  • មីង​ម៉ុក ៖ ការធ្វើ​លំហាត់​ប្រាណ​នៅមុខ​វាំងធ្វើ​ឱ្យ​ចំណេញ​ពេល​វេលា​នៃការ​ធ្វើ​ដំណើរ​ព្រោះ​ផ្ទះ​របស់​គាត់នៅ​ជិតវាំង។ ម្យ៉ាង​ទៀត​អាច​សម្រួល​សរសៃ និង​បំបាត់​ការហត់​នឿយ​ពីមុខ​របរ​ប្រចាំ​ថ្ងៃ។
  • ​​កញ្ញា​មុន្នី ពីមុន​នាងមិន​ចូលចិត្ដ​ហាត់​កីឡា​ប៉ុន្មាន​ឡើយ តែដោយ​សារនាង​មាន​ទម្ងន់​ខ្លួនឡើង​ប្លែកពី​ធម្មតា​ទើបនាង សម្រេច​ចិត្ដទៅ​ហាត់​ប្រាណ​ជាមួយ​អ្នកនៅ​ជិតផ្ទះ។ ក្រោយ​មកឃើញ​ថាទម្ងន់​ខ្លួន​របស់​នាងមិន​ឡើងដូច​មុនឡើយ​ហេតុនេះ​នាងបន្ដ ទៅហាត់​ជារៀង​រាល់ថ្ងៃ។
  • ពូនី ចូលចិត្ដ​កីឡា​រត់ គាត់រត់​ទៅវិញ​ទៅមក​ដើម្បី​ជួយឱ្យ​រាងកាយ​រឹងមាំ និង​បំបាត់​ភាព​ហេវ​ហត់។
  • អ៊ំដាវ គាត់ជា​វ័យ​ចំណាស់​មួយរូប​ចូលចិត្ដ​ហាត់​លើកដៃ​ពត់ជើង​ទៅមក​និងដើរ​មួយៗ​ដើម្បី​បន្ធូរ​សរសៃ​ក្នុង​សព៌ាង្គ កាយ។

បណ្ដាំ​ផ្ញើ

ការ​ហាត់​ប្រាណ និងកីឡា​គ្រប់​ប្រភេទ​មាន​សារៈ​សំខាន់ ទោះបី​ជាហាត់​នៅទី​កន្លែង​ណាក៏​ដោយ។ ប្រសិន​បើ​លោកអ្នក​មាន ទម្លាប់​ហាត់​ប្រាណ គួរតែ​ហាត់ជា​ប្រចាំ​ទើប​ធ្វើឱ្យ​សុខភាព​មាំមួន​ល្អ។ ការ​ហាត់​ប្រាណ​ជាប្រចាំ​មិន​ត្រឹមតែ​មាន​សុខភាព​ល្អតែ​មួយមុខ ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សម្រស់​ស្រស់ថ្លា​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative