លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម

សរសៃ​ឈាម​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ដឹកនាំ​នូវ​អុកស៊ី​សែន និងនាំ​ឈាមពី​បេះដូង​​​របស់​មនុស្ស​យើង​ទៅកាន់​សរីរាង្គ ដទៃ​ទៀត។ សរសៃ​ឈាម​ដែលមាន​សុខភាព​ល្អ គឺមាន​សភាព​ទន់ និង​យឺត។ នៅពេល​ដែល​អាយុ​របស់​យើង​កាន់តែ​ចាស់ ឬក៏​សម្ពាធ នៅក្នុង​សរសៃ​ឈាម​ឡើង​កាន់តែ​ខ្ពស់នោះ អាច​ធ្វើឱ្យ​សរសៃ​ឈាម​ឡើង​ក្រាស់ និង រឹង។ ករណី​នេះអាច​បង្កឱ្យ​មានការ​រឹតត្បៀត​ក្នុង ការ​នាំ​ឈាម​ទៅកាន់​សរីរាង្គ​ផ្សេងៗ​របស់​យើង ដែលគេ​ឱ្យឈ្មោះ​ថា​អាតេ​រ៉ូស​ក្លេរ៉ូ​ស៊ីស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ឈី ប្រកប ឯកទេស​ជម្ងឺ​ទូទៅ​និង​ជម្ងឺ​បេះដូង​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​បាន​ចូលរួម​បក​ស្រាយ​ប្រធាន​បទ លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​នេះ ជូន​ប្រិយ​មិត្ដ​អ្នកអាន​ស្វែង​យល់​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

អ្វីដែល​ហៅថា​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម?

អង្គការ​សុខភាព​ពិភព​លោក (WHO) បានឱ្យ​និយម​ន័យ​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ថា​ជាការ​ឡើង​ក្រាស់​នៃ​ស្រទាប់ សរសៃ​ឈាម​ផ្នែក​ខាងក្នុង ជាមួយ​និងការ​ចុះ​ខ្សោយ​ស្រទាប់​ហ្វីប្រឺ​នៃ​ស្រទាប់​កណ្ដាល​របស់​សរសៃ​ឈាម​ដែល​បណ្ដាល​ឱ្យមាន​ការខូច ខាត ជា​ពិសេស​ទៅលើ​សរសៃ​ឈាម​ធំ និង​សរសៃ​ឈាម​កណ្ដាល។ ការ​លើស​ជាតិ​ខ្លាញ់ក្នុង​សរសៃ​ឈាមនេះ​កើត​ឡើង​ដោយ​សារការ រួមផ្សំ​នៅនឹង​កន្លែង​នៃ​សារធាតុ​ខ្លាញ់ ស្ករ ឈាម កាល់​ស្យូម​ជាដើម។

មូល​ហេតុ​ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម

ឈាម​របស់​មនុស្ស​យើង គឺបាន​មកពី​សារ​ជាតិ​ផ្សេងៗ​នៃ​ចំណី​អាហារ​និង​ដែល​ទាក់ទង​ទៅនឹង​ការ​ចម្រាញ់​របស់​លំពែង។ ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ជាជម្ងឺ​ដែល​មានការ​វិវត្ដ​យឺតៗ និងអាច​ចាប់ផ្ដើម​តាំងពី​នៅវ័យ​កុមារ​ភាព។ តាមពិត​ទៅមូល ហេតុ​ពិត​ប្រាកដ​របស់​វា គេនៅ​មិនទាន់​ស្រាវ​ជ្រាវ​រក​ឃើញ​និង​កំណត់​បាន​ពិត​ប្រាកដ​១០០%​នៅ​ឡើយទេ។ ប៉ុន្ដែ​តាម​ការ​សិក្សា កន្លង​មក គេដឹង​ថាវា​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន​ផ្សេងៗ​ពីគ្នា​ដូចជា ៖

  • មាន​ជម្ងឺ​លើស​ឈាម ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​ផ្សេង​ទៀត
  • ការកើន​ឡើង​ខ្ពស់នូវ​ជាតិ​ខ្លាញ់
  • ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​បង្កឱ្យ​មានការ​រលាក​សរសៃ​ឈាម ដូចជា​នីកូ​ទីនជា​ដើម។

តាម​ការ​ស្រាវ​ជ្រាវ​ដដែល​បានឱ្យ​ដឹងថា នៅពេល​សរសៃ​ឈាម​មានការ​ខូចខាត​ធ្វើឱ្យ​មានការ​ជ្រៀត​ចូលនូវ​សមាស​ធាតុ មួយ​ចំនួន ជា​ពិសេស​ខ្លាញ់។ ទី​បំផុត​វានឹង​បង្ក​ឱ្យមាន​ការ​កក​ស្ទះ រួម​ត្បៀត​នៃ​សរសៃ​ឈាម​និង​ធ្វើឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់អ្នក ជម្ងឺ។

រោគ​សញ្ញា​ជម្ងឺ​លើស​ជាតិ​ខ្លាញ់ក្នុង​សរសៃ​ឈាម

ជម្ងឺ​នេះជួន​កាល​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ លើក​លែង​តែក្នុង​ករណី​ដែលមាន​ការស្ទះ​សរសៃ​ឈាម​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម សរីរាង្គ​ផ្សេងៗ​នៃ​សព៌ាង្គ​កាយ។ ការស្ទះ​សរសៃ​ឈាម​នេះ​នឹង​បង្ហាញ​រោគ​សញ្ញា​ទៅតាម​ការខូច​ខាតនៃ​សរីរាង្គ​ដែលមាន​បញ្ហា។

  • ជម្ងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ៖ ការស្ទះ​សរសៃ​ឈាម​បេះដូង​អាចមាន​រោគ​សញ្ញា​ដូចជា​ឈឺចុក​ចាប់​ដើម​ទ្រូង​ខាងឆ្វេង
  • ជម្ងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល ៖ អាច​បណ្ដាល​ឱ្យ​ពិការ​មួយ​ចំហៀង​ខ្លួន វៀច​មាត់​ជាដើម
  • ជម្ងឺ​ស្ទះ​សរសៃ​ឈាម​អវយវៈ​ក្រោម ៖ អាច​បណ្ដាល​ឱ្យមាន​ការ​ឈឺចាប់​ពាស​ពេញ​ជើង ពិសេស​ពេល​ធ្វើ​ដំណើរ​ជួន​កាល ការស្ទះ​សរសៃ​ឈាម​នេះក៏​អាចធ្វើ​ឱ្យមាន​ការចុះ​ខ្សោយ​នូវផ្លូវ​ភេទផង​ដែរ។

ផល​វិបាក​ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម

ជម្ងឺ​នេះធ្វើ​ឱ្យ​សរសៃ​ឈាម​រួមតូច​ចង្អៀត ដែល​ជាហេតុ​ធ្វើឱ្យ​ការដឹក​នាំនូវ​អុកស៊ី​សែន​និង​ចំណី​អាហារ​ផ្សេងៗ​ទៅកាន់ សរីរាង្គ​មិនបាន​គ្រប់គ្រាន់ និង​ដែលអាច​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​សរីរាង្គ​ផ្នែក​នោះ និង​ផ្នែក​ផ្សេង​ទៀត។ ជា​ពិសេស​ជាងនេះ​ទៅទៀត នោះ អ្នក​ជម្ងឺ​អាចកើត​មាន​គ្រោះថ្នាក់​ភ្លាមៗ​នៃ​ជម្ងឺ​បេះដូង និងខួរ​ក្បាល។ ការ​លើស​ជាតិ​ខ្លាញ់​នៅក្នុង​សរសៃ​ឈាមនេះ ក៏ជា​មូល ហេតុ​នៃការ​រីក​ប៉ោង​នៃ​សរសៃ​ឈាម​ក្នុង​សរីរាង្គ​អ្នក​ជម្ងឺ​ដោយ​កន្លែង​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។ លើស​ពីនេះ​ក៏អាច​កើតមាន​ជម្ងឺ​ត្រជាក់​ចុងដៃ ត្រជាក់​ចុងជើង​ថែម​ទៀត។

វិធី​ព្យាបាល​ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម

ការ​ព្យាបាល​ដែលមាន​ប្រសិទ្ធ​ភាពគឺ​ចាប់ផ្ដើម​ពីការ​អនុវត្ដ​ដោយ​ខ្លួន​ឯង និងការ​ព្យាបាល​ដោយ​វេជ្ជ​សាស្ដ្រ​ផងដែរ។

  • បញ្ឈប់​នូវ​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យខូច​សរសៃ​ឈាម ដូចជា​ឈប់​ទទួល​ទាន​បារី​ផ្អាក​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ ខ្លាញ់
  • ធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​ទៀង​ទាត់
  • មាន​ប្រភេទ​ឱសថ​ខ្លះដែល​អាច​ជួយ​អ្នក​ជម្ងឺ​បាន ដូចជា​ស្ដាទីន​ដែល​អាច​ទប់​ស្កាត់​ការពូន​ផ្ដុំនូវ​ជាតិ​ខ្លាញ់​ជាដើម​និងមាន​ថ្នាំ ប្រភេទ​ផ្សេង​ទៀត​ដែលអាច​ជួយ​បន្ថយ ឬ​ប្រឆាំង​នឹងការ​កក​ឈាម ប្រឆាំង​ការ​លើស​ឈាម​ពន្យឺត​ការ​វិវត្ដនៃ​ជាតិ​ខ្លាញ់​ក្នុង​សរសៃ ឈាម
  • មាន​វិធីខ្លះ​ទៀត ដូចជា​ការ​ពង្រីក​សរសៃ​ឈាម រំលាយ​កំណក​ឈាម​ដែល​ស្ទះ​និង​មានការត​សរសៃ​ឈាម​ផ្សេង​ថ្មីនៅ កន្លែង​ដែលមាន​ការ​កកស្ទះ​ខ្លាំង។

វិធី​បង្ការ​ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម

របៀប​រស់នៅ​ក៏អាច​ការពារ ឬ​បន្ថយ​ការ​វិវត្ដ​ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​បានដែរ។

  • បើសិន​ជា​លោកអ្នក​កំពុង​ទទួល​ទាន​បារី គប្បី​បញ្ឈប់ ព្រោះ​ការ​ទទួល​ទាន​បារី​អាចធ្វើ​ឱ្យខូច​ដល់​សរសៃ​ឈាម
  • ធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​ទៀង​ទាត់ ព្រោះ​ការ​ហាត់​ប្រាណ​បន្ធូរ​ចលនា​សាច់ដុំ អាចធ្វើ​ឱ្យ​ចរន្ដ​ឈាម​រត់បាន​ស្រួល​និង សម្រួល​ឱ្យមាន​ការ​កើត​ឡើង​នូវ​សរសៃ​ឈាមថ្មី​ទៀត​ដែលមាន​លទ្ធភាព​ដឹកនាំ​ឈាមទៅ​ចិញ្ចឹម​សរីរាង្គ​ដែលមាន​ចរន្ដ​ឈាម​មិនល្អ ឬ ខូច​ខាត
  • បរិភោគ​ចំណី​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព ដូចជា​បន្លែ ផ្លែ​ឈើ គ្រាប់​    ធញ្ញជាតិ​ជាដើម​និងគួរ​ចៀសវាង អាហារ​ដែល​មានជាតិ​ខ្លាញ់​ច្រើន និងជាតិ​ប្រៃខ្លាំង
  • កាត់​បន្ថយ​ក្ដី​កង្វល់ ការ​តានតឹង​អារម្មណ៍ ដក​ដង្ហើម​វែងៗ​ក៏ជា​ការកាត់​បន្ថយ​ជម្ងឺនេះ​បានដែរ
  • ប្រសិន​បើ​លោកអ្នក​មាន​ខ្លាញ់​ច្រើន មាន​សម្ពាធ​ឈាម​ខ្ពស់ មាន​ជម្ងឺ​ទឹកនោម​ផ្អែម​និងជម្ងឺ​គ្រប់​ប្រភេទ​ផ្សេង​ទៀត​ត្រូវ ទៅរក​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើការ​ព្យាបាល។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ដោយការ​លើស​ជាតិ​ខ្លាញ់ក្នុង​សរសៃ​ឈាម ជា​ជម្ងឺ​ដែល​មានការ​វិវត្ដ​យឺត​គ្មាន​រោគ​សញ្ញា​ច្បាស់​លាស់​និងអាច​បណ្ដាល​ឱ្យ មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅលើ​បេះដូង និង​សរសៃ​ឈាម វិធី​បង្ការ​គឺជា​វិធីដ៏​ប្រសើរ​មួយ។ បើ​លោកអ្នក​មាន​ជម្ងឺ​នេះ​លោកអ្នក​គួរ អញ្ជើញ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ តាម​ដាន និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​និងទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative