ជ្រើស​រើស​ភរិយា ៖ សម្រស់ ឬ​សមត្ថ​ភាព?

សុភ​មង្គល​ជាបំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ប៉ុន្ដែ​មិនមែន​មនុស្ស​គ្រប់រូប​សុទ្ធតែ​ទទួល​បាន​សុភមង្គល​នោះទេ។ នៅ សម័យ​កាល​រីក​ចម្រើន មនុស្ស​ក៏មាន​ការរីក​ចម្រើន​ផ្នែក​គំនិត​ដែរ ដើម្បី​ដើរទាន់​របត់​ថ្មីនៃ​សង្គម។ ការ​ជ្រើស​រើស​នារី​ណាម្នាក់​ធ្វើជា​គូ ជីវិត​រួម​ខ្នើយ​វាសនា ជា​កត្ដា​ចាំបាច់​មួយ​ដែល​បុរស​សម័យ​ថ្មី​តែងតែ​យកចិត្ដ​ទុកដាក់។ ដូច្នេះ​នារី​ដែលមាន​សមត្ថ​ភាពគឺ​ជាគោល​ដៅ ដែល​បុរស​ប៉ង​ប្រាថ្នា​ជាគូ​អនាគត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លេខមុន​ៗលោក​អ្នកបាន​ជ្រាប​រួចមក​ហើយពី​លក្ខណៈ​នារី​ដែល​បុរស​គួរ​ជ្រើស​រើស​ជាគូ​ជីវិត​សម្រាប់​លេខនេះ​ទស្ស​នាវដ្ដី សុខភាពយើង បានបន្ដ​ជួប​លោក​សាស្ដ្រា​ចារ្យ សំបូរ មាណ្ណារ៉ា​អនុ​ប្រធាន​ដេប៉ា​ទឺម៉ង់​ប្រវត្ដិ​សាស្ដ្រ​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្ដីពី​គុណ​វិបត្ដិ​ដែល​នឹងកើត​ឡើង ប្រសិន​បើការ​ជ្រើស​រើស​នារី​របស់​បុរស​មិនបាន​សម​ស្រប។

ស្ដ្រី​ដែល​បុរស​ត្រូវ​ជ្រើស​រើស

កត្ដា​ផ្លូវចិត្ដ​មានការ​ពាក់ព័ន្ធ​សំខាន់​នឹង​ចរិយា​សម្បត្ដិ ព្រោះ​ត្រូវ​រស់នៅ​ជាមួយ​គ្នា​ពោរ​ពេញ​ដោយក្ដី​ស្រឡាញ់​និងចេះ​អធ្យា ស្រ័យ​ពេញ​មួយ​ជីវិត។ ប៉ុន្ដែ​អ្វីដែល​សំខាន់​ជាងនេះ​គឺ​សមត្ថ​ភាព​ព្រោះជា​មូលដ្ឋាន​ចំណេះ​ដឹងដែល​នាំដល់​ការ​ត្រិះរិះ​បានវែង​ឆ្ងាយ អាច ចាប់យក​អ្វីដែល​គេប៉ង​ប្រាថ្នា និងគិត​គូរបាន​ល្អិតល្អន់​មុននឹង​ធ្វើការ​សម្រេច​កិច្ចការ​អ្វីមួយ។ នារីមួយ​ចំនួន​មាន​និស្ស័យ ឬសារ​ជាតិមិន សូវល្អ​ពី​កំណើត ដូចជា​ឆ្នាស់​ឆ្នើម ឆេវឆាវ​ជ្រុល​ពេក ធ្វើឱ្យ​គ្រួសារ​ងាយរង​វិបត្ដិ។ ជា​ទូទៅ​នារី​ដែល​ទទួល​បានការ​អប់រំ​ខ្ពស់ មាន សមត្ថ​ភាពគឺ​មានក្រម​សីលធម៌ ឬ​ចរិយា​ធម៌​កាន់តែ​ប្រសើរ​ដែរ។ សមត្ថ​ភាព​អាច​ជួយ​ជ្រោង​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមឱ្យ​ប្រសើរ ស្ថិត​នៅក្នុង​ភាព​ថ្លៃថ្នូរ។ ដូច្នេះ​សមត្ថ​ភាព​នៅតែ​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​ជ្រើស​រើស​គូស្រករ​របស់​បុរស​សម័យ​ថ្មី ដែលមាន​ការ អភិវឌ្ឍ។

ការ​ជ្រើស​រើស​នារី​ពុំបាន​សមស្រប

ពិតជា​កម្រ​ណាស់​សម្រាប់​នារី​ម្នាក់ដែល​មាន​លក្ខណៈ​ល្អទាំង​ព្រម មាន​ទាំង​សមត្ថភាព មានទាំង​ចរិយា​មាន​ទាំង​សម្រស់ ឥតខ្ចោះ ដើម្បី​ឱ្យបុរស​ធ្វើការ​ជ្រើស​រើស​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បើ​បុរស​ជ្រើស​រើស​នារីម្នាក់​ដោយ​គិតតែ​លើ​សោភ័ណ​ជាធំ​នោះ ការបែក​បាក់គ្នា​ក៏មាន​កម្រិត​កាន់តែ​ខ្ពស់​ព្រោះ​សោភ័ណ មិនស្ថិត​នៅជា​និរន្ដរ៍​ទេ វានឹង​បាត់បង់​ទៅវិញ​ទៅតាម​ពេល​វេលា​បន្ដិច​ម្ដងៗ។ ម្យ៉ាង​ទៀត​អំពើ​អសីល​ធម៌​របស់​បុរស​អាចកើត​មាន ដោយ​តាំងខ្លួន​ជា​អធិបតី​នៃ​គ្រួសារ ព្រោះ​ភាព​អវិជ្ជា​នាំឱ្យ​ស្ដ្រី​បាត់បង់​ភាព​ក្លាហាន រង​គំនាប​ពីភាគី​បុរស​និងខ្វះ​ការ​តស៊ូ​រើបម្រះ។
  • បើការ​ជ្រើស​រើស​ដោយ​ផ្ដោត​សំខាន់​ទៅលើ​តែចរិយា​ធម៌ នោះ​គ្រួសារ​ក៏មិន​សូវ​ទទួល​សុភ​មង្គល​ដែរ​ដោយ​ចរិយា​សម្បត្ដិ មិនបាន​បង្គ្រប់​នូវ​លទ្ធភាព​នៃការ​ចិញ្ចឹម​ជីវិត​នោះទេ។ បុគ្គល​ជាបុរស​ប្រាកដ​ជាមាន​អំរែក​ដ៏ធ្ងន់​នៅលើ​ស្មា​និងត្រូវ​ទទួល​ខុសត្រូវ​ខ្ពស់ បំផុត​លើ​បញ្ហា​សេដ្ឋកិច្ច។ ប្រៀប​បាននឹង​ការបរ​រទេះ“គោរ​កឹក​នឹម”ដែល​គោម្ខាង​ព្យាយាម​ដើរ​ឯគោ​ម្ខាងទៀត​មិនព្រម​ដើរ ឬដើរ​យឺត ដូច្នោះ។ ទីបំផុត​ល្បឿន​នៃរទេះ​មាន​លក្ខណៈ​វិលជុំ​ជា​រង្វង់​រកផ្លូវ​ឈាន​ឡើងទៅ​មុខពុំ​បាន។ ម្យ៉ាង​វិញទៀត​ភាព​អវិជ្ជា​ក៏ងាយ​ឱ្យ មនុស្ស​ងាយ​បាត់បង់​ចរិយា​ធម៌ដែរ​ដោយគេ​ពុំអាច​ស្វែងយល់​ឱ្យបាន​ស៊ី​ជម្រៅ​ពីសីល​ធម៌​សង្គម តម្លៃ​កិត្ដិ​យស។ នេះមិន​មែនជា​ការ ប្រមាថ ឬមើល​ស្រាល​ស្ដ្រីភេទ​ឬនារី​ភេទនោះ​ទេ​តែជា​ប្រត្យក្ស​ភាព​របស់​មនុស្ស​ទូទៅ​ទោះជា​បុរសក៏​ដោយ។
  • បើ​បុរស​ជ្រើស​រើស​យកតែ​សមត្ថ​ភាព​ជាគោល​មិនគិត​ពីកត្ដា​រួមផ្សំ​ផ្សេង​ទៀត​នោះ​អាចមាន​ផល​វិបាក​តិចតួច​ដែល​អាច កើត​ឡើង។ ឧបមា​ថា​ចរិយា​ធម៌ទាប​ពេក(ច្រើន​ពាក់ព័ន្ធ​នឹងឫក​ពាពី​កំណើត) នោះអាច​ថយចុះ​នូវតម្លៃ​កិត្ដិ​យស​ពុំសូវ​មាន​ញាតិ​រាប់ រក ខ្វះការ​ប្រាស្រ័យ​ទាក់ទង​ល្អ​រវាង​អន្ដរ​បុគ្គល​តែ​ប៉ុណ្ណោះ តែមិន​មានអ្វី​ធំដុំ​ជាងនេះ​ទេ។

សរុប​មក​ប្រសិន​បើ​បុរស​ជ្រើស​រើស​នារី​ពុំបាន​សម​ស្រប នោះនឹង​មាន​បញ្ហា​ចោទឡើង​ចំពោះ​សេដ្ឋកិច្ច​ជា​ចម្បង។ សម័យ​ថ្មី នេះយើង​អាច​ទទួល​បានអ្វី​ៗដោយ​សារមាន​សមត្ថ​ភាព មិនអាច​រស់នៅ​ពឹងផ្អែក​លើ​ធនធាន​ធម្មជាតិ​ឬភ័ព្វ​សំណាង​ណាមួយ​នោះទេ។ ហេតុនេះ​ហើយ​ទើប​រដ្ឋា​ភិបាល​បច្ចុប្បន្ន​កំពុង​លើក​ស្ទ្ទួយ​សមភាព​យែនឌ័រ បង្កឱ្យ​នារី​មានភាព​ក្លាហាន​ពង្រឹង​សមត្ថ​ភាព ដើម្បី​ចូលរួម សកម្ម​ភាព​សង្គម ជាដៃ​គូដ៏​ប្រសើរ​នឹង​បុរស​ទាំងក្នុង​គ្រួសារ​ទាំងក្នុង​សង្គម។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

បើ​បុរស​បាញ់​ឆ្ពោះទៅ​រក​សមត្ថ​ភាព នោះនារី​នឹងខំ​បោះ​ជំហាន​ក្លាយ​ខ្លួនទៅ​ជាអ្នក​មាន​សមត្ថ​ភាព​ដោយ​កាត់​បន្ថយ​នូវមោ ទនភាព​សម្រស់ និង​ជំរុញឱ្យ​មាន​សមធម៌​យែនឌ័រ​ក្នុង​សង្គម។ នារី​គប្បី​ពង្រឹង​សមត្ថ​ភាពឱ្យ​បានរឹង​ប៉ឹង​និងមិន​ត្រូវភ្លេច​ជាដាច់​ខាតការ ប្រកាន់​ខ្ជាប់នូវ​ចរិយា​ធម៌​ថ្លៃថ្នូរ។ ហើយ​អាណា​ព្យាបាល​ក៏គួរ​ប្ដូរផ្នត់​គំនិត​ដើម្បី​ជួយ​ជំរុញ​កូនស្រី​សិក្សា​ឱ្យបាន​ច្រើន ដើម្បី​រួម​ចំណែក សហការ​ជាមួយ​បុរស​កសាង​សុភ​មង្គល​គ្រួសារ និង​សង្គម​ជាតិឱ្យ​មានការ​រីក​ចម្រើន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative