ជម្ងឺ​សរសៃ​ឈាម​បេះដូង

នៅលើ​ពិភព​លោក​បច្ចុប្បន្ន អត្រា​ជម្ងឺ​សរសៃ​ឈាម​បេះដូង​និងការ​ស្លាប់​ដោយ​សារ​ជម្ងឺ នេះ​បាន​នឹង​កំពុង​កើន​ឡើង​គួរឱ្យ កត់​សម្គាល់។ ដោយ​ឡែក​ជម្ងឺនេះ​ក៏កំពុង​តែកើត​មាន​នៅ​ប្រទេស​កម្ពុជា​យើង​ផងដែរ​ហើយ​ដែល​ចំនួន​នៃអ្នក​កើត​ជម្ងឺ​នេះ​ចេះតែ​កើន ឡើងពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ។ ជម្ងឺ​នេះជា​ប្រភេទ​ជម្ងឺ​ធ្ងន់ធ្ងរ​ហើយ​អ្នក​ដែល​កើត​ជម្ងឺ​សរសៃ​ឈាម​បេះដូង​ត្រូវ​ប្រឈម​មុខនឹង​គ្រោះ ថ្នាក់​ដល់​អាយុ​ជីវិត ប្រសិន​បើមិន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ទេនោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទំព័រ​វេជ្ជ​សាស្ដ្រ​របស់​ទស្ស​នាវដ្ដី សុខភាពយើង ស្ដីពី​ជម្ងឺ​សរសៃ​ឈាម​បេះដូង​ត្រូវបាន​លោក​វេជ្ជ​បណ្ឌិត ព្រំ​វិសេស អ្នក​ឯកទេស​ជម្ងឺ​បេះដូង​នៃមជ្ឈ​មណ្ឌល​ជម្ងឺ​បេះដូង​នៃមន្ទីរ​ពេទ្យ​កាល់​ម៉ែត​ធ្វើការ​បក​ស្រាយ​ជូន​ប្រិយ​មិត្ដ​អ្នកអាន​ឱ្យបាន​ស្វែង​យល់។

ជម្ងឺ​សរសៃ​ឈាម​បេះដូង ជាអ្វី?

ជម្ងឺ​សរសៃ​ឈាម​បេះដូង​ជាជម្ងឺ​មួយ​ដែល​កើត​ឡើង​ដោយ​សារ​កំណក​បន្ទះ​ជាតិ​ខ្លាញ់ រុំ​សរសៃ​ឈាម​បេះដូង។ បន្ទាប់​មក បាន​ធ្វើឱ្យ​ប្រហោង​ខាងក្នុង​នៃ​សរសៃ​ឈាម​បេះដូង​រួមតូច​រហូត​លើសពី​៧០​ភាគ​រយ​ដែល​នាំឱ្យ​អ្នកជម្ងឺ​មាន​អាការ​ចុកទ្រូង​នៅពេល ប្រឹង​ធ្វើការ​លំហាត់​ប្រាណ ឬ​កីឡា​ផ្សេងៗ។ ការ​វិវឌ្ឍន៍​មួយ​រយៈ​អាច​ធ្វើឱ្យ​ឈានទៅ​ដល់​ដំណាក់​កាល​ស្រួច​ស្រាវ គឺការ​ប្រេះ ឬបាក់ បន្ទះ​ខ្លាញ់​នៃ​សរសៃ​ឈាម​បេះដូង។ ហើយ​មានការ​ហូរ​ឈាម​និងការ​កក​ឈាម​នៅនឹង​កន្លែង​រហូត​ស្ទះជិត​តែម្ដង ឬស្ទះ​មិនជិត​ដែល​ជា​ហេតុ​ធ្វើឱ្យ​សាច់ដុំ​បេះដូង​នៅផ្នែក​ខាងចុង​មិនអាច​ទទួល​យកនូវ​ឈាម​មក​ចិញ្ចឹម​បាន​ហើយ​ស្ដែង​ចេញជា​អាការ​ចុកទ្រូង​ខ្លាំង​សឹងនឹង ដាច់​ខ្យល់ ពេលខ្លះ​អាចឱ្យ​អ្នក​ជម្ងឺ​គាំង​បេះដូង​ស្លាប់តែ​ម្ដង។

រោគ​សញ្ញា​ជម្ងឺ​សរសៃ​ឈាម​បេះដូង

ប្រសិន​បើអ្នក​ជម្ងឺ​មិនបាន​បញ្ចេញ​ពលកម្ម​ទេនោះ ជម្ងឺ​នេះមិន​បាន​បង្ហាញ​ពី​អាការ​ណា​មួយ​ដែលអាច​ឱ្យ​លោកអ្នក​ដឹងបាន ទេ។ ផ្ទុយ​មក​វិញ​ជម្ងឺ​សរសៃ​ឈាម​បេះដូង​ស្ដែង​ចេញ​តាម​សកម្ម​ភាព នៅពេល​ដែលអ្នក​ជម្ងឺ​ធ្វើការ​ហាត់​ប្រាណ​ឬធ្វើ​ការងារ​ធ្ងន់ធ្ងរ។ នៅពេល​នោះ​អ្នក​ជម្ងឺ​នឹងមាន​អាការ​ដូចជា ៖

  • ចុក​ទ្រូង ឬណែន​ទ្រូង​ខ្លាំង
  • ចុករោយ​ស្មាខាង​ឆ្វេង ឬចុក​ដៃខាង​ឆ្វេង
  • រោយ​កញ្ចឹងក ឬរោយ​ចង្កា
  • ចុកទ្រូង​កើត​ឡើង​ពេលធ្វើ​ការ ពេល​ហាត់​ប្រាណ ពេល​សម្រាក​ស្ងៀម
  • ចុកទ្រូង​ធូរ​ស្រាល ឬមិន​ធូរ​ស្រាល ជាមួយ​ការ​ប្រើប្រាស់​ថ្នាំ​ពង្រីក​សរសៃ​ឈាម។

មូល​ហេតុ​បង្ក​ជម្ងឺ​សរសៃ​ឈាម​បេះដូង

មូល​ហេតុ​ដែលនាំ​ឱ្យកើត​ជម្ងឺ​សរសៃ​ឈាម​បេះដូង​មានដូច​តទៅ។

  • កត្ដា​ជក់​បារី ការ​ពិសា​បារី​បង្កឱ្យ​បេះដូង​មាន​បញ្ហា ជា​ពិសេស​មាន​ផល​ប៉ះពាល់​ដល់​សរសៃ​ឈាម​បេះដូង។
  • កត្ដា​ជម្ងឺ​ផ្សេងៗ ៖ ការមាន​ជម្ងឺ ដូចជា​ជម្ងឺ​លើស​ឈាម ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ហើយ​ត្រូវ ធ្វើការ​ព្យាបាល​ឱ្យជា ព្រោះ​ជម្ងឺ​ទាំងនេះ​បណ្ដាល​ឱ្យ​បេះដូង និង​សរសៃ​ឈាម​បេះដូង​មានផល​វិបាក។
  • កត្ដា​តំណ​ពូជ ប្រសិន​បើនៅ​ក្នុងក្រុម​គ្រួសារ​មាន​សមា​ជិក​ណា​ម្នាក់​កើត​ជម្ងឺ​សរសៃ​ឈាម​បេះដូង​នេះ​នោះ​សមា​ជិក ដទៃ​ទៀតនៅ​ក្នុង​ក្រុម​គ្រួសារ​នោះ ក៏អាច​កើតមាន​ជម្ងឺនេះ​ដែរ។

វិធី​បង្ការ​ជម្ងឺ​សរសៃ​ឈាម​បេះដូង

ដើម្បី​បញ្ចៀស​ការ​កើត​ជម្ងឺ​សរសៃ​ឈាម​បេះដូង លោកអ្នក​ត្រូវ​អនុវត្ដ​នូវ​ចំណុច​មួយ​ចំនួន​ដូច​តទៅ។

  • រៀបចំ​របប​អាហារ​ផ្ទាល់​ខ្លួនឱ្យ​បាន​សមរម្យ ដោយ​ទទួល​ទាន​ចំណី​អាហារ​ណាដែល​មិនសូវ​មាន​ជាតិ​ខ្លាញ់​ច្រើន​និង​ជាប៊រ ច្រើន
  • សូម​បញ្ឈប់​ការ​ជក់បារី
  • ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ដូចជា​រត់ រាំ ឬ​ហាត់​កីឡា​ផ្សេងៗ
  • ការពារ​កុំឱ្យ​មានការ​ឡើង​ទម្ងន់ និងមាន​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម
  • ទម្លាប់​ឱ្យមាន​ការ​តាមដាន​សុខភាព​ខ្លួនឯង​រៀងរាល់​បី ឬ​ប្រាំំមួយ​ខែម្ដង
  • ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​នូវ​ជម្ងឺ​មួយ​ចំនួន​ដែល​ផ្ដល់​ផល​វិបាក​ដល់​ជម្ងឺ​សរសៃ​ឈាម​បេះដូង​ដែលអាច​កើតមាន​លើរូប លោក​អ្នក ជា​ពិសេស​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​លើស​ឈាម ជម្ងឺ​លើស​ខ្លាញ់​នៅក្នុង​ខ្លួនជា​ដើម។

ការ​ព្យាបាល​ជម្ងឺ​សរសៃ​ឈាម​បេះដូង

ជម្ងឺ​នេះ​ត្រូវការ​ការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ដោយ​ទាមទារ​គ្រូពេទ្យ​ឯកទេស​ឬ​ជំនាញ​ត្រឹមត្រូវ។ ដូចនេះ​អ្នក​ជម្ងឺ​ដេល សង្ស័យ​ថា ខ្លួន​កើត​ជម្ងឺ​សរសៃ​ឈាម​បេះដូង​ត្រូវ​ប្រញាប់​មកជួប​គ្រូពេទ្យ​ដើម្បី​ប្រឹក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​ឯកទេស​បេះដូង។ លោក​វេជ្ជ បណ្ឌិត​ឯកទេស​ធ្វើការ​ពិនិត្យ​ជូន ដោយ​វាស់​ចង្វាក់​បេះដូង​នៅពេល​សម្រាក​ស្ងៀម ឬធាក់​កង់​ឬរត់​នៅលើ​តាប់ពី​សរអិល មើល អេកូ​បេះដូង​ឬពេល​ខ្លះ​រហូត​ត្រូវថត​ឆ្លុះ​សរសៃ​ឈាម​បេះដូង​ដែល​មាន​នៅ​មជ្ឈ​មណ្ឌល​ជម្ងឺ​បេះដូង​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។ មាន​ន័យ ថា ជម្ងឺ​នេះនឹង​ត្រូវរក​ឃើញ​ដោយ​លោក​វេជ្ជ​បណ្ឌិត​ឯកទេស​បេះដូង​ហើយ​ការ​ព្យាបាល​ធ្វើឡើង​ទៅតាម​ដំណាក់​កាល​នីមួយៗ​របស់ វា។

  • ការ​បញ្ឈប់​បារី
  • ព្យាបាល​ជម្ងឺ​ផ្សេងៗ ដូច​ដែល​បាន​រៀប​រាប់​ជូន​ខាងលើ​ឱ្យបាន​ត្រឹមត្រូវ
  • ដំណាក់​កាល​ស្បៀត​មិន​ស្រួច​ស្រាវ ត្រូវការ​ព្យាបាល​ដោយ​ការ​ប្រើ​ប្រាស់​ឱសថ។
  • ដំណាក់​កាល​ស្រួច​ស្រាវនៃ​ជម្ងឺ​សរសៃ​ឈាម​បេះដូង ត្រូវធ្វើ​ការ​ព្យាបាល​ពីអ្នក​ឯកទេស​យ៉ាង​យកចិត្ដ​ទុកដាក់​និង​ដោយ ការ​ប្រើ​ប្រាស់​ឱសថ​បេះដូង រួមផ្សំ​ជាមួយ​ការថែ​ទាំអ្នក​ជម្ងឺ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​កម្រិត​ធ្ងន់។ ជួន​កាល​ត្រូវ​ធ្វើការ​ឆ្លុះ​សរសៃ​ឈាម បេះដូង និង​ពង្រីក​សរសៃ​ឈាម​បេះដូង​ភ្លាមៗ ឬត្រូវ​ធ្វើការ​ព្យាបាល​ដោយ​វះកាត់​ដើម្បី​ធ្វើការ​ត​សរសៃ​ឈាម​បេះដូង​ឡើង​វិញ ឱ្យ សរសៃ​ឈាម​រត់បាន​ល្អ។

ដំ​បូន្មាន​អ្នក​ឯកទេស

ជា​ទូទៅ ប្រសិន​បើ​លោកអ្នក​មាន​អាការ​ឈឺក្នុង​ទ្រូង​តិចតួច ឬចុក​ទ្រូងខ្លាំង នៅ​ពេល​ដែល​លោក​អ្នក​កំពុង​ធ្វើការ​ពេល សម្រាក ពេល​លំហាត់​ប្រាណ ឬនៅ​ពេល​បញ្ចេញ​ពលកម្ម​ណាមួយ​នោះ។ លោកអ្នក​កុំគិត​ថា​វាជា​អាការ​ធម្មតា​ឱ្យសោះ។ មិនថា​អ្នក ជាអ្នក​ជក់​បារី ឬអ្នក​មាន​ជម្ងឺ​ផ្សេងៗ ដូចបាន​រៀបរាប់​ជូនខាង​លើ ឬជម្ងឺ​ក្រៅពី​បានរៀប​រាប់។ សូម​លោកអ្នក​កុំ​បណ្ដោយ​ឱ្យ​ជម្ងឺ​តាំង នោះមាន​ការរីក​រាល​ដាល។ ព្រោះ​វាអាច​បង្ក​ផល​វិបាក​ឱ្យមាន​ជម្ងឺ​ផ្សេង​ទៀត​ដែល​នាំឱ្យ​កើត​មាន​មកលើ​រូប​លោកអ្នក​កាន់តែ​ទ្វេ ឡើង។ ហេតុដូច​នេះ លោកអ្នក​ត្រូវមក​ធ្វើការ​ប្រឹក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​ឯកទេស​បេះដូង​ដើម្បី​ការពារ​មុនជា​ជាង​បណ្ដោយ​ឱ្យ​ដំណាក់ កាល​ស្រួច​ស្រាវ​កើតមាន​ឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative