ទឹកទន្លេ​កំពុង​បំផ្លាញ​ដោយកាក​សំណល់​រោងចក្រ​បង្ហូរ​ចូល

ដោយ​សារមាន​ស្ថិរភាព​នយោ​បាយ សន្ដិសុខ​ នៅក្នុង​សង្គ ម​បានធ្វើ​ឱ្យ​ប្រទេស​ កម្ពុជា​ មានការ​កើនឡើង​នូវ​កំណើន​សេដ្ឋកិច្ច គួរឱ្យ​កត់​សម្គាល់។ ការធ្វើ​វិនិយោគ​ទុន បង្កើត​ រោង​ចក្រ សហគ្រាស​តូចធំ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុងការ​ស្វែង​រក និងផ្ដល់​នូវឱ កាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ និង​ជំរុញ​ ឱ្យ​ប្រទេស​ជាតិ មាន​ការ​អភិវឌ្ឍ​ ថែមមួយ​កម្រិត​ទៀត។ ទន្ទឹម​នឹងនោះ​ការ​បញ្ចេញ កាក​សំណល់​ពីរោង​ចក្រ សហ​គ្រាស​ តូចធំ​ទាំងអស់​បាន​បង្កឱ្យ​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​រស់នៅ ក៏ដូច​ជា​ សុខភាព​របស់ ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាមដង​ទន្លេ​មួយ​ចំនួន​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុន​ៗ ប្រិយ​មិត្ដអ្នក​អាន​ទាំងអស់​បាន​ជ្រាប​រួចមក​ហើយ​អំពី​ជម្ងឺ និងផល​ប៉ះពាល់​របស់​បរិស្ថាន​ដែល​បណ្ដាល មកពី​ការ​បំពុល​ដោយ​ផ្សែង​យានយន្ដ។ នៅក្នុង​លេខនេះ ទស្ស​នាវដ្ដី សុខភាពយើងសូម​លើក​យក​ប្រធាន​បទមួយ​ទៀត​ដែល​ទាក់ទង ទៅនឹង​ការ​បំពុល​បរិស្ថាន​ដោយការ​បង្ហូរ​កាក​សំណល់​ពីរោង​ចក្រ​ចូល​ទន្លេ​ដោយ​មានការ​ចូលរួម​ធ្វើការ​បក​ស្រាយ​ពីលោក ភិន រ៉ាឌី ប្រធាន​ការិយា​ល័យ​គ្រប់​គ្រង​គុណ​ភាពទឹក និងដី​នៃ​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន។

កាក​សំណល់​ពីរោង​ចក្រ

កាក​សំណល់​រោងចក្រ​គឺជា​សារធាតុ​រឹង រាវ ឬ​កម្ទេច​កម្ទី​ដែល​សល់ពី​ការកែ​ច្នៃ​ប្រើ​ប្រាស់​ក្នុងការ​ផលិត​ចុង​ក្រោយ​បង្អស់ និង គ្មាន​គុណ​ប្រយោជន៍​ក្នុងការ​ទុកដាក់​ថែរក្សា ដែល​ត្រូវ​ធ្វើការ​បង្ហូរ​ចោល​តាម​ប្រព័ន្ធ​លូ ឬតាម​រូបភាព​ផ្សេងៗ។

ផល​ប៉ះពាល់​នៃការ​បង្ហូរ​កាក​សំណល់

1 . ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ទឹក ទឹកមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​មនុស្ស សត្វ​និង​រុក្ខជាតិ​ក្នុងការ​រស់នៅ​ប្រចាំ ថ្ងៃ។ ការ​បង្ហូរ​កាក​សំណល់​ពីរោង​ចក្រ សហ​គ្រាស ឧស្សា​ហកម្ម​តូចធំ​ដែល​សុទ្ធតែ​ជា​សារធាតុ​គីមី​និង​ជាតិពុល​ចូលទៅ​ក្នុងទឹក​ទន្លេ បានធ្វើ​ឱ្យខូច​នូវ​គុណ​ភាពទឹក​ដែល​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងទៅ​ដល់​រុក្ខជាតិ​ដំណាំ​ដែលដាំ​ដុះនៅ​តាម​ច្រាំង​ទន្លេ ស្ទឹង បឹងបួ ព្រែក ជីវិត​ជីវៈ​ចម្រុះ ជា​ពិសេស​គឺ​សុខភាព​របស់​មនុស្ស​ដែល​រស់នៅ​តាមដង​ទន្លេ​និងអាច​ឈាន​ដល់ការ​បាត់បង់​អាយុ​ជីវិត ទៀត​ផង ប្រសិន​បើធ្វើ​ការ​ព្យាបាល​មិនទាន់​ពេល​វេលា។ ដោយ​សារ​សារធាតុ​គីមី​ជាជាតិ​ពុល អាចធ្វើ​ឱ្យទឹក​បាត់បង់​នូវ​អុកស៊ី​សែន មួយ​ចំនួន ធ្វើឱ្យ​ជីវៈ​ចម្រុះ​ដែល​រស់នៅ​ក្នុងទឹក​ពិបាក​ក្នុងការ​ដក​ដង្ហើម​អាច​បង្កឱ្យ​មានការ​បាត់បង់​ជីវិត។ ម្យ៉ាង​វិញ​ទៀត​សារធាតុ​គីមី​នៅក្នុង​កាក​សំណល់​ទាំងអស់​នោះអាច​ធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ដពូជ​របស់​ជីវៈ​ចម្រុះ​ទៀតផង ដែលជា​ហេតុ​ឈានទៅ រកការ​ផុតពូជ។

2 . ផល​ប៉ះពាល់​ចំពោះ​សុខភាព កាក​សំណល់​រោងចក្រ​អាច​បង្កឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង បរិស្ថាន​រស់នៅ​ជុំវិញ។ នៅក្នុង​កាក​សំណល់​រោង​ចក្រ​មាន​សារ​ធាតុ​ពុលជា​ច្រើន​ដែល​អាច​បណ្ដាល​ឱ្យមាន​ជម្ងឺ​សើស្បែក ជម្ងឺ​ភ្នែក ជម្ងឺ​ផ្លូវ​ដង្ហើម រលាក​សួត ជម្ងឺ​មហា​រីកជា​ដើម និងអាច​បណ្ដាល​ឱ្យកើត​ជម្ងឺ​រលាក​ប្រព័ន្ធ​រំលាយ​អាហារ​ជួនកាល​អាច​ប៉ះពាល់​ដល់ ប្រព័ន្ធ​សរសៃ​ប្រសាទ​ទៀត​ផង ដោយ​សារការ​ឆ្លង​តាមរយៈ​ក្លិន និងការ​ប្រើ​ប្រាស់​ទឹក ទន្លេ បឹង​ស្ទឹង ព្រែក​ជាដើម។ កាក​សំណល់​នៅ ក្នុង​រោងចក្រ​ផ្ទុក​ទៅដោយ​មេរោគ និង​សារធាតុ​គីមី។ 

  • កាក​សំណល់​ពី​រោងចក្រ​ដែល​បង្ហូរ​ចូល​ទន្លេ​មានផ្ទុក​មេរោគ​ជាច្រើន។ នៅពេល​វាឆ្លង​ចូលមក​ក្នុងខ្លួន​មនុស្ស​វានឹង​បង្ក ឱ្យមាន​ជម្ងឺរាក​មួល អាសន្ន​រោគ គ្រុន​ពោះវៀន រលាក​ក្រពះ មហារីក​ស្បែក​ជាដើម។ ម្យ៉ាង​វិញ​ទៀត​សារធាតុ​ពុល​នៅក្នុង​កាក សំណល់​រោង​ចក្រ​ដែល​បង្ហូរ​ចូល​ទន្លេ ក៏អាច​បង្កឱ្យ​មានផល​ប៉ះពាល់​ទៅដល់​សុខភាព​បន្ដ​ពូជ​ផងដែរ។
  • សារ​ធាតុ​គីមី​នៅក្នុង​កាក​សំណល់​រោង​ចក្រ​សុទ្ធសឹង​តែជា​សារធាតុ​ពុល​ដែល​អាច​បណ្ដាល​ឱ្យមាន​ផល​អាក្រក់​ជាច្រើន។ សារធាតុ​គីមី​នេះក៏​អាចធ្វើ​ឱ្យមាន​អុកស៊ីត​កម្ម​ទៅលើ​សារធាតុ​គីមី​ដទៃ​ទៀត​ដែលជា​ហេតុនាំ​ឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ រុក្ខជាតិ និង​បរិស្ថាន​រស់នៅ​ជុំវិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការទុក​ដាក់ និងការ​គ្រប់គ្រង

ដើម្បី​ចៀសផុត​ពីបញ្ហា​ដែល​បង្កមក​ពីកាក​សំណល់​រោងចក្រ​បង្ហូរ​ចូល​ទន្លេនោះ រោង​ចក្រ និង​សហ​គ្រាស​តូចធំ​ជា​ពិសេស រោង​ចក្រ ឬសហ​គ្រាស បោកគក់ ជ្រលក់​ពណ៌​ទាំងអស់​ត្រូវមាន​អាងស្ដុក​ទឹកក​ខ្វក់ដែល​បង្ហូរ​ចេញ​ចុង​ក្រោយ​ហើយ​បំប្លែង​កែច្នៃ សារធាតុ​គីមី​ទាំងនោះ​ឱ្យមាន​លក្ខណៈ​ស្ដង់ដារ​និងត្រូវ​មានការ​ត្រួត​ពិនិត្យ​រាល់កាក​សំណល់​ទាំងអស់​មុននឹង​ធ្វើការ​បញ្ចេញ​ចោល។ ម្យ៉ាង​វិញ​ទៀត​ចំពោះ​បងប្អូន​ដែល​រស់នៅ​តាមដង​ទន្លេ​ទាំងអស់​ត្រូវមាន​ភារកិច្ច​ដូចខាង​ក្រោម។

  • ត្រូវរៀប​ចំទុក​ដាក់កាក​សំណល់​ឱ្យបាន​ល្អ
  • មិនត្រូវ​បោះ​សម្រាម ឬកាក​សំណល់​ចូលក្នុង​ទឹកទន្លេ
  • ត្រូវរៀប​ចំស្លាក​សញ្ញា​ហាម​ឃាត់​ការបោះ​ចោល​កាក​សំណល់ សម្រាម​ក្នុង​ទន្លេ
  • សូម​កំណត់ និង​រៀបចំ​កន្លែង​ទុកដាក់​កាក​សំណល់ និង​សម្រាម​ជា​បណ្ដោះ​អាសន្ន​ឱ្យបាន​សម​ស្រប។

ដំ​បូន្មាន​អ្នក​ជំនាញ

រោង​ចក្រ សហ​គ្រាស ឧស្សា​ហកម្ម​និង​កសិកម្ម​ទាំងអស់​ត្រូវ​យកចិត្ដ​ទុកដាក់​ទៅលើ​បញ្ហា​ការបង្ហូរ​ចោល​កាក​សំណល់ ឬ សម្រាម​ចូលទៅ​ក្នុង​ទន្លេជា​ប្រចាំ។ ត្រូវ​គោរព​ទៅតាម​វិន័យ និងបទ​បញ្ជា​របស់​ក្រសួង​បរិស្ថាន​ដែលបាន​កំណត់​ដាក់ចុះ​ឱ្យ​អនុវត្ដ។ ម្យ៉ាងវិញ​ទៀត សូម​បងប្អូន​ដែល​រស់នៅ​ជិត​រោង​ចក្រ សហ​គ្រាស​នានា​ត្រូវចូល​រួមជួយ​តាមដាន​និង​រាយ​ការណ៍​ជូន​ក្រសួង​បរិស្ថាន ដើម្បី​មាន​វិធាន​ការទប់​ស្កាត់ និងផាក​ពិន័យ​ជាសាច់​ប្រាក់​ចំពោះ​រោងចក្រ​ឬសហ​គ្រាស​ណាដែល​មិនបាន​អនុវត្ដ​តាម​ច្បាប់​ដែលបាន កំណត់។ ចំពោះ​បងប្អូន​ដែល​រស់នៅ​តាមដង​ទន្លេ ឬនៅ​លើទឹក សូម​ចូលរួម​ទប់ស្កាត់​និង​ការពារ​បរិស្ថាន​ឱ្យបាន​ល្អទើប​សង្គម​មានការ រីក​ចម្រើន សុខភាព​ល្អ និង​គ្រួសារ​មានសុភ​មង្គល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative