ចងបំពង់មេជីវិតឈ្មោលអត់កូនមួយ​ ជីវិត

នៅក្នុង​សម័យ​បច្ចុប្បន្ន​នេះ គូស្វាមី​ភរិយា​មានការ​មមា​ញឹក​កាន់តែ​ខ្លាំង​ដើម្បី​ជីវភាព។ ដូច្នេះ​មធ្យោ​បាយ​ពន្យារ​កំណើត គឺជា​វិធី​មួយដែល​ជួយឱ្យ​គូស្វាមី​ភរិយា​អាចមាន​កូន តាម​សេចក្ដី​ប្រាថ្នា​និងមាន​ឱកាស​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា​សុខភាព និង​ប្រកប អាជីវ​កម្ម​ផ្សេងៗ ពិសេស​ភាគីជា​ភរិយា។ មាន​វិធី​ពន្យារ​កំណើត​ច្រើន​យ៉ាង​ណាស់​ដែលគេ​អាច​សម្រេច​ចិត្ដ​ទទួល​យក។ ក្នុងនោះ មាន​វិធី​មួយហៅ​ថា វិធី​ចង​បំពង់​មេជីវិត​ឈ្មោល ។ ចង​បំពង់​មេ​ជីវិត​ឈ្មោល​ជាវិធី​ដែលមាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​ដែលគេ​ធ្វើ​ចំពោះ តែ ភាគី​បុរស​តែ​ប៉ុណ្ណោះ។ វិធី​នេះធ្វើ​ឱ្យការ​បង្ក​កំណើត​របស់​បុរស​ត្រូវបាន​បញ្ឈប់​ជារៀង​រហូត។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុង​ទំព័រ​នេះ ទស្ស​នាវដ្ដី សុខ​ភាព​​​​​យើង សូមនាំ​អារម្មណ៍​ប្រិយ​មិត្ដ​អ្នកអាន​ជ្រួត​ជ្រាប​អំពី​វិធី​ចង​បំពង់​មេ​ជីវិត​ឈ្មោល​តាម រយៈការ​ប្រឹក្សា​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ម៉ៅ វណ្ណៈ អ្នក​សម្រប​សម្រួល​វគ្គ​បណ្ដុះ​បណ្ដាល​គ្លីនិក​ប្រចាំ​អង្គការ​រ៉ាក់។

អ្វីដែល​ហៅថា​ចង​បំពង់​មេ​ជីវិត​ឈ្មោល?

បំពង់​មេ​ជីវិត​ឈ្មោល​មាន​ពីរ លាត​សន្ធឹងពី​កន្ទុយ​អេពី​ឌីឌីម​ទៅបាត​ក្រពេញ​ប្រ៉ូស្ដាត​នៃពង​ស្វាស​ទាំងគូ​របស់​បុរស។ វាមាន រាងស៊ី​ឡាំង រឹងតិច​ៗប្រវែង​ប្រមាណ​៤៥សង់​ទីម៉ែត្រ និងវិជ្ជ​មាត្រ​ពី២​ឬ៣​មីលី​ម៉ែត្រ។ ចង​បំពង់​មេ​ជីវិត​ឈ្មោល​គឺជា​វិធី​បញ្ឈប់ កំណើត​រហូត​ចំពោះ​បុរស ឬហៅ​ថា​បញ្ឈប់​កំណើត​ជា​អចិន្ដ្រៃ​យ៍ ឬគេ​អាច​ហៅម្យ៉ាង​ទៀត​ថា​ការ​ចោះចង​បំពង់​មេ​ជីវិត​ឈ្មោល។ បំពង់​មេ​ជីវិត​ឈ្មោល​នោះត្រូវ​បានគេ​កាត់​ផ្ដាច់​ហើយ​ចងភ្ជិត​មុខ​ដែលជា​ហេតុ​ធ្វើឱ្យ​មេ​ជីវិត​ឈ្មោល​មិនអាច​ធ្វើ​ដំណើរ​ឆ្លង​កាត់ ឬចេញ មក​ក្រៅ​បាន។ មេ​ជីវិត​ឈ្មោល​នឹងត្រូវ​បានពង​ស្វាស​អាច​ផលិត​បាន​ដដែល​ប៉ុន្ដែ​វាមិន​អាច​ចេញ​ក្រៅ​ហើយ​វានឹង​ជ្រាប​បាត់​ទៅវិញ ដោយ​មិនមាន​បញ្ហាអ្វី​ឡើយ។ ពង​ស្វាស​នៅតែ​ផលិត​អ័រម៉ូន​នៅតែ​មាន​ឈាមទៅ​ចិញ្ចឹម​ធម្មតា​ដដែល។

លក្ខ​ខណ្ឌ​ដែល​មិនចង​បំពង់​មេ​ជីវិត​ឈ្មោល

ជា​ទូទៅ​មិនមាន​ការ​ហាម​ចង​បំពង់​មេ​ជីវិត​ឈ្មោល​ទេ តែក្នុង​ករណី​ខ្លះត្រូវ​ពន្យារ​ពេល​សិន។ ករណី​ដែល​គួរ​ពិចារ​ណាគឺ កត្ដា​ផ្ទាល់ខ្លួន​របស់​បុរស​មួយ​ចំនួន ដែល​កើត​រោគ​នៅលើ​ស្បែក​ពង​ស្វាស មាន​ជម្ងឺ​កាម​រោគ​សកម្ម​មាន​រលាក​ក្បាល​លិង្គ រលាក ពង​ស្វាស​ឬ​ក្រពេញ​អេពី​ឌីឌីម រីក​សរសៃ​ឈាម​វ៉ែន ធ្លាប់​វះពង​ស្វាស​ពីមុន មានការ​កររោគ​ទូទៅ​ឬ​រលាក​ក្រពះ​ឬពោះ​វៀន មានដុំ គីស​នៅក្នុង​ពង​ស្វាស មាន​ជម្ងឺ​ក្លន មាន​ជម្ងឺ​ទឹកនោម​ផ្អែម​មាន​ភាព​មិន​ធម្មតា​នៃ​កំណក​ឈាម​នៅ​បរិវេណ​ពង​ស្វាស​ជាដើម។ ករណី ទាំងនេះ​គេអាច​វះ​និងចង​បំពង់​មេ​ជីវិត​បាននៅ​ពេល​ដែល​បញ្ហា​ទាំងនោះ​ត្រូវបាន​ព្យាបាល​ជាសះ​ស្បើយ ឬតាម​ការ​ពិនិត្យ​ជាក់​ស្ដែង ដោយ​គ្រូពេទ្យ​ជំនាញ។ ប៉ុន្ដែ​ទោះជា​យ៉ាង​ណាក្ដី​វាគឺ​ជា​ករណី​ដែល​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស។ មាន​កត្ដា​មួយ​ផ្សេង​ទៀត ប្រសិន​បើ​ភរិយា​មិនឯក​ភាព​ការ​ឬមិន​ទាន់​គ្រប់​លក្ខ​ខណ្ឌ​ផ្សេង​ទៀត​ដែល​ផ្នែក​វេជ្ជ​សាស្ដ្រ​បាន​កំណត់​ទុក។

លក្ខ​ខណ្ឌ​ដែលអាច​ចង​បំពង់​មេ​ជីវិត​ឈ្មោល

មាន​លក្ខ​ខណ្ឌ​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវមាន​ជា​ចាំបាច់​នូវការ​ចង​បំពង់​មេជីវិត​ឈ្មោល។

  • មាន​សុខភាព​ល្អដែល​អាច​អំណោយ​ផល​ដល់ការ​វះចង​ជីវិត​ឈ្មោល​បាន
  • មាន​ហេតុផល​វេជ្ជ​សាស្ដ្រ​ដែលមិន​អនុញ្ញាត​ឱ្យ​ប្រពន្ធ​គាត់មាន​កូន​តទៅ​ទៀត ឬមិន​អាច​ប្រើ​វិធី​ពន្យារ​កំណើត​បាន
  • បើ​ប្រពន្ធ​គាត់មាន​អាយុ​តិចជាង​៣០ឆ្នាំ យ៉ាង​ហោច​ណាស់​នាងមាន​កូន៣​នាក់​ហើយកូន​ពៅមាន​អាយុ​លើសពី​២ឆ្នាំ
  • បើ​ប្រពន្ធ​គាត់មាន​អាយុ​ច្រើនជាង​៣០ឆ្នាំ ហោច​ណាស់​នាងមាន​កូន២​នាក់​ហើយ​កូនពៅ​ត្រូវមាន​អាយុ​ច្រើនជាង​២ឆ្នាំ

វិធី​ចង​បំពង់​មេ​ជីវិត​ឈ្មោល

1 . មុន​ចោះចង​បំពង់​មេ​ជីវិត​ឈ្មោល ៖ គ្រូពេទ្យ​ជំនាញ​នឹង​ពន្យល់​អំពី​សកម្ម​ភាព ប្រសិទ្ធ​ភាព គុណ​សម្បត្ដិ​គុណ​វិបត្ដិ និងផល​រំខាន​ដល់​អតិ​ថិជន។ បើអតិ​ថិជន​យល់​បញ្ហា​ទាំងនេះ​អស់​ហើយ​គឺឱ្យ​គាត់អាន​នូវកិច្ច​ព្រម​ព្រៀង​ដែលផ្ដល់​ព័ត៌មាន​ជាមុន។ ករណី​គាត់មិន​ចេះអាន អាចឱ្យ​សាក្សី​ណា​ម្នាក់អាន​ឱ្យគាត់​ស្ដាប់។ ក្នុង​ករណី​យល់​ព្រម គឺត្រូវ​ចុះហត្ថ​លេខា​និង​ផ្ដិត​មេដៃ​ស្ដាំ​ទាំងប្ដី​ទាំង ប្រពន្ធ។ ការ​ចោះចង​បំពង់​មេ​ជីវិត​ឈ្មោល​មិនអាច​ធ្វើទៅ​បានទេ​បើសិន​ជាគ្មាន​ការចុះ​ហត្ថ​លេខា​និង​ស្នាម​ផ្ដិត​មេដៃ​លើកិច្ច​ព្រម​ព្រៀង នោះទេ។ ពេល​ល្ងាច​មុនពេល​វះត្រូវ​កក់សក់ និង​សម្អាត​ខ្លួន​ប្រាណ។ ជា​ពិសេស​សម្អាត​ពង​ស្វាស លិង្គ និងពោះ ដោយ​មិនត្រូវ​កោរ រោម​ឡើយ ហើយ​ក៏មិន​ត្រូវប្រើ​ថ្នាំផ្សេង​ៗមុន​វះដែរ​លើក​លែងតែ​មាន​វេជ្ជ​បញ្ជា​ពីគ្រូ​ពេទ្យ។ បើអតិ​ថិជន​ភ័យ​ខ្លាច គ្រូពេទ្យ​អាចឱ្យ លេបថ្នាំ​រម្ងាប់​អារម្មណ៍​ខ្លះមុន​ពេលវះ​៣០​នាទី។ បន្ទាប់​មកអ្នក​ជំនាញ​នឹងចាក់​ថ្នាំស្ពឹក​ត្រង់​កន្លែង​ដែល​ត្រូវវះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . ការ​ចោះចង​បំពង់​មេ​ជីវិត​ឈ្មោល ៖ គ្រូពេទ្យ​ជំនាញ​នឹងប្រើ​ឧបក​រណ៍​ចោះ និង​សម្ភារៈ​ប្រភេទ​ផ្សេង​ទៀត​ដែល​ត្រូវបាន ត្រៀម​ដោយ​សម្លាប់​មេរោគ​រួចរាល់។ ក្រោយពី​ត្រៀម​លក្ខណៈ​ជាស្រេច​ហើយ​នោះ​គ្រូពេទ្យ​ជំនាញ​នឹងចោះ​រន្ធតូច​មួយ​ប្រហែល​ប៉ុន ជើងធូប​ខាងក្រោម​គល់លិង្គ​បន្ដិច​ហើយ​ប្រើកូន​តង្កៀប​គាបយក​បំពង់​មេជីវិត​ឈ្មោល​ចេញមក​ក្រៅ​កន្សោម​ពង​ស្វាស។ បន្ទាប់​មកគេ កាត់ចោល​នូវ​បំពង់​មេជីវិត​នោះ​ប្រហែល​ជិត១​សង់ទី​ម៉ែត្រ។ ជាបន្ដ​ទៀតនឹង​ប្រើ​អំបោះ​ដែលអាច​រលាយ​បាន ចងភ្ជិត​ក្បែរ​មុខកាត់ ទាំងសង​ខាងដាច់​ដោយ​ឡែកពី​គ្នា។ ក្រោយពី​ចងរួច​ស្រេច​ហើយ​នោះ​អ្នក​ជំនាញ​នឹង​ញាត់​បំពង់​មេជីវិត​ទាំងពីរ​ទៅ​កន្លែង​ដើម​របស់វា វិញ ហើយ​គាបយក​បំពង់​មេ​ជីវិត​ម្ខាង​ទៀត​មក​អនុវត្ដ​ដូចលើក​ទីមួយ។ រយៈពេល​ប្រហែល​១៥​នាទី ការ​ចោះចង​នេះនឹង​ចប់ជា ស្ថាពរ។ វាអាច​ចេញ​ឈាម​តិចតួច ហើយក៏​មិនបាច់​ដេរភ្ជិត​ដែរ​ដោយ​គ្រាន់តែ​ប្រើបង់​បិត​ដំបៅ​ជាការ​ស្រេច។

3 . ក្រោយ​ចោះចង​បំពង់​មេជីវិត​ឈ្មោល ៖ ក្រោយ​ការ​វះកាត់ អតិ​ថិជន​មិនបាច់​ប្រើថ្នាំ​ផ្សះ​គ្រប់​ប្រភេទ​តែមិន​ត្រូវឱ្យ​មុខ របួស​ត្រូវទឹក ត្រូវ​ស្ងួត និង​ស្អាត​ជានិច្ច​ក្នុង​រយៈពេល​បីថ្ងៃ។ ដើម្បី​មាន​សុវត្ថិ​ភាព​ខ្ពស់ពី​ការមាន​កូន​អតិ​ថិជន​ត្រូវតម​រួមរ័ក​១២​សបា្ដហ៍ ឬត្រូវ​ប្រើ​ស្រោម​អនាម័យ​យ៉ាងតិច​២០ដង ឬ១២​សបា្ដហ៍​ដើម្បី​ធានា​ថាទឹក​កាម​ដែល​ចេញ​មក​គ្មាន​មេ​ជីវិត​ឈ្មោល។

គុណ​សម្បត្ដិ​នៃការ​ចង​បំពង់​មេ​ជីវិត​ឈ្មោល

  • មាន​ប្រសិទ្ធ​ភាពខ្ពស់ និង​សុវត្ថិ​ភាពខ្ពស់​ក្នុង​អត្រា​លើសពី​៩៩,​៩% ដែល​មិនអាច​មាន​កូន
  • មិន​រំខាន​ដល់ការ​រួមរ័ក ដោយ​លិង្គ​អាចរឹង​ដូច​ធម្មតា ចេញ​ទឹកកាម​ដូច​ប្រក្រតី គ្រាន់តែ​គ្មានមេ​ជីវិត​ឈ្មោល
  • មិន​រំខាន​អារម្មណ៍​ដោយ​ភ័យ​ព្រួយពី​ការ​មានកូន
  • មិន​ចាំបាច់​ប្រើ​មធ្យោ​បាយ​ពន្យារ​កំណើត​ផ្សេង​ទៀត​ជួយ​ឡើយ។

ផល​ប៉ះពាល់​នៃការ​ចង​បំពង់​មេ​ជីវិត​ឈ្មោល

  • ត្រូវមក​ពិនិត្យ​វះចោះ​នៅ​គ្លីនិក ធ្វើការ​វះកាត់ និង​បង់​ថវិកា​ខ្លះ
  • បើគ្មាន​អនាម័យ អាច​ឆ្លងរោគ
  • ជា​មធ្យោ​បាយ​មិនអាច​ត្រឡប់​មកមាន​កូន​វិញជា​ស្ថាពរ  ពេលខ្លះ​អាចមាន​ការ​ស្ដាយ​ក្រោយ។

ប្រសិន​បើ​ភរិយា​មាន​បញ្ហា​ចោទ​ចំពោះ​សុខភាព ឬ​សុខភាព​បន្ដពូជ បុរស​គួររួម​ចំណែក​ក្នុងការ​ពន្យារ​កំណើត​ដើម្បី​បង្កើន សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ដពូជ។ ការ​ពន្យារ​កំណើត​អាចធ្វើ​ឱ្យ​គូស្វាមី​ភរិយា​មានផល​ចំណេញ​ដូចគ្នា​ព្រោះបើ​ភរិយា​មានសុខ ភាពល្អ ស្ដ្រីក៏​មាន​ឱកាស​ជួយ​បុរស​ក្នុងការ​កសាង​សេដ្ឋកិច្ច​គ្រួសារ សុភ​មង្គល​ក្នុង​គ្រួសារ​ដែរ។ សូម​ជម្រាប​ដែរថា ការ​ចោះចង​បំពង់ មេ​ជីវិ​ឈ្មោល​នេះ​មិនមែន​ការ​ក្រៀវទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative