វិធី​ជ្រើស​រើស​ផលិត​ផល​អប់​សក់

បច្ចុប្បន្ន​ផលិត​ផល​ខាងតុប​តែងខ្លួន និង​សម្រស់ ត្រូវបាន​ផលិត​ឡើងមាន​ច្រើន​បែប​យ៉ាង​ដែល​បំពេញ​តម្រូវ​ការរបស់ សុភាព​នារី​ទាំងឡាយ ជួយឱ្យ​មាន​សម្រស់​ទ្វេឡើង។ ផលិត​ផល​អប់សក់​នីមួយៗ​មាន​តួនាទី​អប់សក់​ខូច​ដោយ​មូលហេតុ​ផ្សេងៗ​គ្នា ហើយ​ផលិត​ផលនេះ​ត្រូវបាន​គេនិយម ដើម្បី​អប់សក់ ជួយ​បំប៉ន​ដល់​សរសៃ​សក់ឱ្យ​ទន់​រលោង​ស្អាត​និងមាន​ទម្ងន់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខនេះ​ទស្សនាវដ្ដី​សុខភាព​​​​​​​យើង​​​​ សូម​​ បង្ហាញ​​​ ពី​វិធី​​​ ជ្រើស​​រើសប្រេ​ងអប់ស​ក់មក​ជូន​​​ ប្រិយ​​មិត្ដអ្នកអានឱ្យបាន ជ្រាប​តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​កញ្ញា ស្រី ពីន អ្នក​​ជំនាញ​​នៅ ហាង​​កែ​​សម្ជស្ស ស៊ី​ដនី។

ផលិត​ផល​អប់​សក់

ផលិត​ផល​អប់សក់​គឺជា​ផលិត​ផល​សម្រាប់​អប់ឱ្យ​សក់មាន​សំណើម ទន់​រលោង មាន​ទម្ងន់​និង​សម្រាប់​អប់​សរសៃ​សក់​ដែល មាន​បញ្ហា ដូចជា​សរសៃ​សក់ខូច​ដោយ​សារការ​អ៊ុត​សក់​ត្រង់ ខូច​ដោយ​សារការ​លាប​ថ្នាំ​ពណ៌​សក់​ឬសក់​ស្ងួត​បែកចុង​ជាដើម។

របៀប​ជ្រើស​រើស​ផលិត​ផល​អប់​សក់

ផលិត​ផល​អប់សក់​មាន​ច្រើន​បែប​ច្រើន​យ៉ាង។ ផលិត​ផល​អប់សក់​នីមួយ​ៗសុទ្ធ​តែមាន​តួនាទី​អប់សក់​ខូច​ដោយ​សារ​មូល ហេតុ​ផ្សេង​ៗគ្នា។ ប្រេងឬ​ផលិត​ផល​អប់សក់​នីមួយ​ៗមាន​ចារិក​អក្សរ​នៅលើ​សម្បក​វេចខ្ចប់​ផលិត​ផល​ដែល​បញ្ជាក់​ថា​ផលិត​ផល នេះ​សម្រាប់​អប់សក់់​ខូច​ដោយ​សារអ៊ុត​ត្រង់ ខូច​ដោយ​សារលាប​ថ្នាំ​ពណ៌​សក់​ឬ​សម្រាប់​អប់សក់​ស្ងួត​បែកចុង​ជាដើម។ ដូចនេះ​មុននឹង អប់សក់ សុភាព​នារី​ត្រូវ​មើល​សរសៃ​សក់ជា​មុនសិន ថាសក់​ខូច​ដោយ​សារអ្វី​ទើប​ជ្រើស​រើស​ប្រេង​អប់សក់​ដែលត្រូវ​នឹង​ប្រភេទ​សក់ខូច នោះជា​ក្រោយ។ ជា​ឧទាហ​រណ៍​ចំពោះ​សរសៃ​សក់ខូច​ដោយ​សារការ​អ៊ុតសក់​ត្រង់​នោះ​សុភាព​នារី​ត្រូវប្រើ​ប្រេង​អប់សក់​ដែល​សម្រាប់ សក់ខូច​ដោយ​អ៊ុតត្រង់។ បើ​សរសៃ​សក់ខូច​ដោយ​សារ​លាបថ្នាំ​ពណ៌​សក់​ត្រូវ​ជ្រើស​រើស​ប្រេង​អប់សក់​សម្រាប់​អប់សក់​ខូច​ដោយ​លាប ថ្នាំពណ៌​សក់។ ចំពោះ​សក់ខូច​បែកចុង សរសៃ​សក់​ស្ងួត​ឬមិន​មាន​សំណើម​ជាដើម ត្រូវ​ជ្រើស​រើស​ប្រេង​អប់សក់​សម្រាប់​តែអប់​សក់ខូច ប្រភេទ​នោះ។

អត្ថ​ប្រយោជន៍​នៃការ​អប់សក់

ក្រោយពី​ស្ដ្រី​ទាំងឡាយ​ជ្រើស​រើស​ប្រេង​អប់សក់​ត្រូវនឹង​ប្រភេទ​សរសៃ​សក់ខូច​ហើយ នោះ​សុភាព​នារី​នឹង​ទទួល​បាននូវ​ផល ប្រយោជន៍​ជាច្រើន ដូចជា​ធ្វើឱ្យ​សរសៃ​សក់ទន់​រលោង​ស្អាត សក់មាន​ទម្ងន់ ឬមាន​ជាតិ​សំណើម​ជាដើម។ មិនតែ​ប៉ុណ្ណោះ​បន្ទាប់ ពីជួយ​ឱ្យ​សរសៃ​សក់​លោកស្រី​អ្នកនាង​កញ្ញា​ស្អាត​ហើយ​ថែមទាំង​ជួយ​លើក​សម្រស់​ទម្រង់​មុខឱ្យ​កាន់តែ​ស្អាតជាង​មុនទៀត​ផង។

ផល​ប៉ះពាល់​នៃការ​អប់សក់

ប្រសិន​បើ​លោកស្រី​អ្នកនាង​កញ្ញា​ចេះ​ជ្រើស​រើស​ផលិត​ផល​ត្រូវនឹង​ប្រភេទ​សរសៃ​សក់ខូច និងចេះ​ពី​របៀប​អប់សក់​វាមិន បានធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​អ្វីទេ។ តែ​ប្រសិន​បើ​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើស​រើស​ប្រេង​អប់សក់​មិនត្រូវ​នឹង​សរសៃ​សក់ខូច រួមផ្សំ​មិន ចេះពី​របៀប​អប់សក់​ទៀតនោះ នាំឱ្យ​សរសៃ​សក់​លោកស្រី​អ្នកនាង​កញ្ញា​កាន់តែ​ខូច​លើស​ដើម​ដូចជា​សរសៃ​សក់ជ្រុះ​ច្រើន សក់​គ្មាន ទម្ងន់ និងគ្មាន​សំណើម​ថែម​ទៀត។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

មុននិង​ទិញ​ផលិត​ផល​អប់សក់ លោកស្រី​អ្នកនាង​កញ្ញា​ត្រូវ​ពិចារ​ណាឱ្យ​បានច្បាស់​សិន ថាសក់​ខូច​ដោយសារ​អ្វី។ ព្រោះ ប្រេង​អប់សក់​មានច្រើន​បែបយ៉ាង ហើយ​មាន​តួនាទី​អប់សក់​ទៅតាម​ប្រភេទ​សក់ខូច​ដោយ​មូល​ហេតុ​ផ្សេងៗ​គ្នា។ សូមកុំ​ជ្រើស​រើស ផលិត​ផលនេះ ឬ​ផលិត​ផលនោះ​យកមក​អប់សក់​ឱ្យបាន​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative