វិធី​ជ្រើស​រើសខោ​ទ្រនាប់

ខោ​ទ្រនាប់​ជាតម្រូវ​ការ​ចាំបាច់​សម្រាប់​លោកអ្នក​គ្រប់រូប​មិនអាច​ខ្វះបាន​ឡើយ។ ប៉ុន្ដែ​ដោយ​សារការ​វិវឌ្ឍ​លើការ​ផលិត ក៏ដូច​ជាទេព​កោសល្យ​នៃការ​កែ​ច្នៃម៉ូត​នាពេល​សព្វថ្ងៃ​នេះ ខោ​ទ្រនាប់​មានម៉ូត​ច្រើន​សម្រាប់​ធ្វើការ​ជ្រើសរើស​ជា​ពិសេស​ចំពោះ​នារី។ នេះជា​បញ្ហាមួយ​របស់នារី តើត្រូវ​ជ្រើស​រើសខោ​ទ្រនាប់​បែបណា​ដើម្បី​ឱ្យ​សក្ដិសម​និងជួយ​បង្កើន​សម្រស់​របស់ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​អ្នកនាង ប៉ែន សារ៉ា​អ្នក​គ្រប់គ្រង​ផ្នែកលក់​នៅហាង​ញូវ​ខូលិក​សិន មក បកស្រាយ​ពីវិធី​ជ្រើស​រើស​ខោ​ទ្រនាប់​ជូនមិត្ដ​អ្នកអាន​បានជ្រាប។

អ្វីជា​ខោ​ទ្រនាប់?

ខោ​ទ្រនាប់​ជា​សម្ភារៈ​សម្រាប់​ទ្ររក្សា​គូទមិន​ឱ្យធ្លាក់​យារ ឬរយាក ដោយ​ស្ថានភាព​នៅពេល​ឈរ​និងធ្វើ​ដំណើរ​ជាដើម។ ខោ​ទ្រនាប់​អាចធ្វើ​ឱ្យមាន​ត្រគាក​មូលក្លុំ ស្អាតនៅ​ពេល​ស្លៀក​សម្លៀក​បំពាក់។ មានពេល​ខ្លះខោ​ទ្រនាប់​ក៏ជួយ​លើក​សម្រស់​បានមួយ ចំណែក។ ម្យ៉ាង​ទៀតខោ​ទ្រនាប់​អាចបង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​ប្រសិន​បើ​លោកអ្នក​មិន​ជ្រើស​រើសឱ្យ​បានត្រឹម​ត្រូវ។

របៀប​ជ្រើស​រើសខោ​ទ្រនាប់

ខោ​ទ្រនាប់​ស្លៀក​ខាងក្នុង​គ្មានអ្នក​ណាមើល​ឃើញក៏​ពិតមែន តែលោក​អ្នកនៅ​តែត្រូវ​ការ​ជ្រើស​រើស​ម៉ូតខោ​ដដែល។ អ្នកខ្លះ ពេលត្រូវ​ការ​ទិញខោ​ទ្រនាប់​គឺមាន​ការយក​ចិត្ដទុក​ដាក់​បំផុត​ចំពោះ​ម៉ូតក៏​ដូចជា​សាច់ខោ។ ចំណែក​ឯខ្លះ​ទៀត​ចូលចិត្ដ​តាម​របៀប សាមញ្ញ​ធម្មតា ដោយមិន​ចាំបាច់​ជ្រើស​រើស​ម៉ូតអ្វី​ច្រើន​ឡើយ។ សំខាន់​ឱ្យតែ​សាច់ទន់​និងស្លៀក​ស្រួលជា​ការ​ស្រេច។ តែដើម្បី​ចៀស វាងនូវ​ការ​សោក​ស្ដាយ លោកស្រី​អ្នកនាង​កញ្ញាគួរ​ផ្ដោតលើ​គុណភាព​ព្រោះ​គុណភាព​ល្អប្រើ​បាន​រយៈពេល​យូរ គ្រាន់តែ​តម្លៃ​ថ្លៃ។ ទន្ទឹម​នឹងនោះ គួរយល់​អំពី​សាច់​របស់អ្នក​ស្លៀកពាក់​ត្រូវ​ជាមួយ​សាច់​ក្រណាត់​បែបណា​ដើម្បី​ពាក់ទៅ​ចៀសវាង​មិនឱ្យ​មានផល ប៉ះពាល់​ជាមួយ​ស្បែក។ ប្រសិន​បើលោក​ស្រីអ្នក​នាង​កញ្ញា​មិនមាន​ការជ្រើស​រើសបាន​ល្អ​សាច់ខោ​ទ្រនាប់​អាចធ្វើ​ឱ្យមាន​ផល​វិបាក ជាមួយ​ស្បែក គូទទៅ​ជាខ្មៅ​ជាំ កន្ទួល​រមាស់​ជាដើម។

ប្រភេទ​ខោ​ទ្រនាប់

ខោ​ទ្រនាប់​សម្រាប់​បុរស និងនារី​មាន​លក្ខណៈ​ខុសគ្នា តែម៉ូត​ខោ​ទ្រនាប់​របស់​បុរស​មិនសូវ​សម្បូរ​ទេ។ ខោ​ទ្រនាប់​នារី មាន​សណ្ឋាន និងម៉ូត​ច្រើន។ ខោ​ទ្រនាប់​ក្នុងស្ដ្រី​មានច្រើន​ប្រភេទ​មិនអាច​រៀបរាប់​ក្បោះ​ក្បាយ​បាន​ឡើយ។ ហេតុដូច​នេះហើយ​សូម លើកយក​ម៉ូតខោ​មួយ​ចំនួន​ដែលមាន​ការ​ពេញ​និយម​សម្រាប់​មិត្ដនារី​មក​បង្ហាញ ដូចជា​ខោ​ទ្រនាប់​វាល​ខោ​ទ្រនាប់​គូតុង ខោ​ទ្រនាប់ សឺមី ខោ​ទ្រនាប់​សាច់ប៉ាក់​ជាដើម។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ខោ​ទ្រនាប់​មិន​ត្រឹមតែ​អាច​ជួយ​រក្សា​គូទ​ទាំងគូ និងទ្រ​មិនឱ្យ​យារ​ប៉ុណ្ណោះ​ទេ​តែក៏​អាច​បញ្ចេញ​ភាព​ស្រស់​ស្អាត​ពេលធ្វើ ដំណើរ​ផងដែរ។ ហេតុ​ដូចនេះ​ហើយ​នៅពេល​ជ្រើស​រើស​ទិញខោ​ទ្រនាប់​គប្បី​ផ្ដោតជា​សំខាន់​ទៅលើ​គុណភាព​ដែលមាន​ដូចជា​ប្រភេទ សាច់ខោ​ទ្រនាប់ និង​ទំហំ​ខោ​ទ្រនាប់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative