ម៉ាស៊ីន​វាស់​ផ្លូវ​ដង្ហើម

បច្ចុប្បន្ន​ដោយ​សារ​វិទ្យា​សាស្ដ្រ​និង​បច្ចេក​វិទ្យា​មានការ​រីក​ចម្រើន​ជឿន​លឿន ផលិត​ផល​ទំនើបៗ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​បម្រើ និង​បំពេញ​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ទាំង​ផ្នែក​សុខភាព​ផ្លូវចិត្ដ និង​សុខភាព​ផ្លូវកាយ។ សម្ភារៈ​វេជ្ជ​សាស្ដ្រ​ចាំបាច់​សម្រាប់ ប្រើ​ប្រាស់​ត្រូវធ្វើ​ឡើង​សម្រាប់​ជា​ជំនួយ​ដល់​វេជ្ជ​បណ្ឌិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខនេះ ទស្ស​នាវដ្ដី សុខភាពយើងសូម​លើក​យក​ម៉ាស៊ីន​វេជ្ជ​សាស្ដ្រ​មួយ​ប្រភេទ​ដែល​ប្រើ​សម្រាប់​វាស់​ផ្លូវ​ដង្ហើម ដោយ​មាន​លោក​វេជ្ជ​បណ្ឌិត នី ចន្ទី អ្នក​ឯក​ទេស​ជម្ងឺ​សួត នៅ​មន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ​ជាអ្នក​ប្រឹក្សា។

ប្រភេទ​ម៉ាស៊ីន​វាស់​ផ្លូវ​ដង្ហើម

ម៉ាស៊ីន​វាស់​ផ្លូវ​ដង្ហើម​ជា​ឧបករណ៍​សម្រាប់​ស្រាវ​ជ្រាវ​រកមុខ​ងារ​របស់​សួត និងផ្លូវ​ដង្ហើម។ ម៉ាស៊ីន​នេះមាន​ច្រើន​ប្រភេទ ដូចជា ៖

1. សម្រាប់​វាស់​ខ្យល់​ចេញ​ចូល​ធម្មតា​នៅក្នុង​សួត

2. សម្រាប់​វាស់​បរិមាណ ឬ​ទំហំ​ខ្យល់​ទាំងអស់​ដែលមាន​នៅក្នុង​សួត

3. សម្រាប់​វាស់​រក​រោគ​សញ្ញា​របស់​ផ្លូវ​ដង្ហើម ដែល​មិនអាច​លេចចេញ​នៅពេល​មនុស្ស​ស្ថិតក្នុង​សភាព​ធម្មតា។ ប៉ុន្ដែ នៅពេល​ដែលយើង​ធ្វើការ​ហត់ គេអាច​ប្រើ​ម៉ាស៊ីន​ប្រភេទ​នោះ​ដើម្បី​វាស់

4. ម៉ាស៊ីន​សម្រាប់​វាស់រក​បរិមាណ​អុកស៊ី​ហ្សែន​ដែល​មាននៅ​ក្នុង​ឈាម​ជាដើម។

សារៈ​ប្រយោជន៍​នៃការ​ប្រើ​ប្រាស់​ម៉ាស៊ីន​វាស់​ផ្លូវ​ដង្ហើម

ម៉ាស៊ីន​នេះអាច​ប្រើ​ប្រាស់​ជាមួយ​ជម្ងឺ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ចលនា​ខ្យល់ដក​ដង្ហើម​តែ​ប៉ុណ្ណោះ ដូចជា​ជម្ងឺ​ហឺត​អាលែក​ស៊ី ផ្លូវ​ដង្ហើម ការជក់​បារី​ច្រើន​ដែល​បណ្ដាល​ឱ្យមាន​បញ្ហា​សួត ឬក្រិន​សួតជា​ដើម។ សម្រាប់​រោគ​របេង​និង​ដំបៅ​សួតមិន​អាច​ពិនិត្យ​រក ឃើញ​ទេ លុះត្រា​តែធ្វើ​ការថត​ទើប​អាចរក​ឃើញ។

វិធី​ប្រើ​ម៉ាស៊ីន​នេះត្រូវ​តែធ្វើ​ឡើង​ដោយ​វេជ្ជ​បណ្ឌិត​មាន​ឯកទេស។ អ្នក​ជម្ងឺ​ខ្លួនឯង​ឬអ្នក​គ្មាន​ឯក​ទេស​ច្បាស់​លាស់​មិនអាច ប្រើ​ប្រាស់​ម៉ាស៊ីន​នេះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បាននោះ​ទេ​ផ្ទុយ​ទៅវិញ​អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់អ្នក​ជម្ងឺ​ថែមទៀត​ផង។

ជា​ទូទៅ​យើង​ប្រើ​ម៉ាស៊ីន​នេះ​ដើម្បី​ឱ្យដឹង​ថា ផ្លូវ​ដង្ហើម​របស់​យើងមាន​បញ្ហា​ស្ទះនៅ​ត្រង់​កន្លែង​ណា នៅផ្នែក​ខាងលើ​(ទង​សួតធំ) ផ្នែក​កណ្ដាល​(ទងសួត​មធ្យម) ឬផ្នែក​ខាងក្រោម​(ទងសួត​តូច)។ កន្លែង​ទាំងបី​នេះជា​ចំណុច​សំខាន់​នៃផ្លូវ​ដង្ហើម​របស់​មនុស្ស ដែល​អាច​មាន​បញ្ហា​បណ្ដាល​មកពី​ជម្ងឺ​ផ្សេងៗ​គ្នា។ ប៉ុន្ដែ​ប្រសិន​បើមិន​មាន​បញ្ហា ឬមាន​ជម្ងឺអ្វី​នោះទេ​ម៉ាស៊ីន​នេះ​នឹង​បង្ហាញ​អំពី​ភាព​ធម្មតា​នៃ​ដំណើរ​ខ្យល់​របស់​សួត។

នៅ​មន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ(ពេទ្យ​លោក​សង្ឃ)​មាន​ម៉ាស៊ីន​បី​ប្រភេទ​សម្រាប់​ពិនិត្យ​ជូនអ្នក​ជម្ងឺ​ដែល​មាន​បញ្ហា​ពាក់ព័ន្ធ​ទៅ នឹង​ផ្លូវ​ដង្ហើម។ ម៉ាស៊ីន​ទាំងបី​នោះគឺ​ជា​ជំនួយ​ឧបត្ថម្ភ​មកពី​អង្គការ​មនុស្ស​ធម៌​មួយ​ឈ្មោះ​ឡាហ្វែត នៅទី​ក្រុង​លីយ៉ុង​ប្រទេស​បារាំង។

1. ម៉ាស៊ីន​សម្រាប់​ពិនិត្យ​រកមុខ​ងារ​ធម្មតា​របស់​សួត

2. ម៉ាស៊ីន​សម្រាប់​ពិនិត្យ​រកមុខ​ងារ​ធម្មតា​របស់​សួត រួមទាំង​ទំហំ​ខ្យល់ក្នុង​សួត​ទាំងមូល

3. ម៉ាស៊ីន​សម្រាប់​ពិនិត្យ​មុខងារ និង​បម្រែ​បម្រួល​របស់​សួតនៅ​ពេលអ្នក​ជម្ងឺ​ហត់។

ផល​ប៉ះពាល់​នៃការ​ប្រើ​ប្រាស់​ម៉ាស៊ីន​វាស់​ផ្លូវ​ដង្ហើម

ការ​ត្រួត​ពិនិត្យ​ដោយ​ប្រើ​ឧបករណ៍​នេះពុំ​មានផល​ប៉ះពាល់​ដល់អ្នក​ជម្ងឺ​ឡើយ។ ប្រសិន​បើអ្នក​ជម្ងឺ​ដែល​ធ្លាប់​មាន​ប្រវត្ដិ​បែកទង​សួត ឬមាន​ខ្យល់នៅ​ក្នុង​ស្រោម​សួត ម៉ាស៊ីន​នេះពុំ​មាន​ប្រយោជន៍​អ្វីទេ​សម្រាប់​អ្នក​ជម្ងឺ​វានឹង​បណ្ដាល​ឱ្យជម្ងឺ​នោះ​វិវត្ដ​កាន់ តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ម្យ៉ាង​ទៀត​ជម្ងឺ​របេង​មិនអាច​ប្រើ​ឧបករណ៍​នេះ​បានទេ ព្រោះថា​ពុំអាច​ឆ្លុះរក​ឃើញ​លើសពី​នេះ​ជម្ងឺ​នេះអាច​ឆ្លង ទៅអ្នក​ប្រើ​ប្រាស់​បានទៀត​ផង ហេតុនេះ​ទើបពុំ​មានបទ​បញ្ជា​ណាមួយ​សម្រាប់​ពិនិត្យ​អ្នក​ជម្ងឺ​របេង​ឡើយ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ចំពោះ​អ្នក​ជម្ងឺ​ដែលមាន​បញ្ហា​ផ្លូវ​ដង្ហើម ឬ​ពិបាក​ក្នុងការ​ដក​ដង្ហើម​សូម​មេត្ដា​ទៅកាន់​មន្ទីរ​ពេទ្យ​ដែលនៅ​ជិតលោក​អ្នក​ដើម្បី​ត្រួត​ពិនិត្យ និង​ព្យាបាល។ អ្នក​ជម្ងឺ​មិនត្រូវ​ទុក​ជម្ងឺ​ឱ្យនៅ​រ៉ាំរ៉ៃ​នោះទេ​ត្រូវ​ប្រញាប់​ប្រញាល់​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative