វិធី​ធ្វើ​ធ្មេញ​ឱ្យស

ការធ្វើ​ធ្មេញឱ្យ​សគឺ​ជាការ​កែច្នៃ​ពណ៌ធ្មេញ​តាម​បែបប​ច្ចេក​ទេស​ទំនើប​នាពេល​បច្ចុប្បន្ន។ តាមការ​ស្ទាបស្ទង់​ពីតួ​លេខ​នៃ មន្ទីរ​ព្យាបាល​មាត់​ធ្មេញដ៏​ធំជាង​គេនៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា ការធ្វើ​ធ្មេញឱ្យ​សកំពុង​ពេញ​និយម​សម្រាប់​អតិ​ថិជន។ ភាគ​ច្រើន ពួកគេ​ទាំងនោះ​ជា​ពិសេស​យុវវ័យ បានធ្វើ​ការកែ​ខៃពណ៌​ធ្មេញពី​ធម្មជាតិ​ទៅ​ពណ៌ស​ដើម្បី​ជួយ​បង្កើន​សោភ័ណ​ភាពមាត់​ធ្មេញ​របស់​ខ្លួន ឱ្យបាន​មួយ​កម្រិត​ថែម​ទៀត។ តើមាន​វិធី​សាស្ដ្រ​យ៉ាងណា​ខ្លះ ដើម្បី​ធ្វើឱ្យ​ធ្មេញ​សស្អាត? មានផល​ប៉ះពាល់​អ្វីខ្លះ​នៅពេល​ដែល​លោក អ្នកធ្វើ​ធ្មេញឱ្យ​ពណ៌ស?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចម្លើយ​ទាំងអស់​នេះ ប្រិយ​មិត្ដអ្នក​អានអាច​ស្វែងយល់​បានតាម​ការ​បកស្រាយ​របស់​លោក​ទន្ដ​បណ្ឌិត ញាណ ភីរម្យ​ប្រធាន ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចឹម ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

គោល​បំណង​នៃការ​ធ្វើ​ធ្មេញ​ឱ្យស

ការធ្វើ​ធ្មេញឱ្យ​សគឺ​ជាការ​ប្រែ​ពណ៌​ធ្មេញពី​ធម្មជាតិ​ទៅជា​ធ្មេញ​ពណ៌​សតាម​បែប​វេជ្ជ​សាស្ដ្រ។ មាន​មនុស្ស​ភាគ​ច្រើន​មិនសូវ ចូលចិត្ដ​ធ្មេញពី​កំណើត​របស់​ខ្លួន​ប៉ុន្មាន​នោះទេ។ ព្រោះ​អ្នកខ្លះ​មាន​ធ្មេញ​ពណ៌​កាហ្វេ ត្នោត ឬពណ៌​លឿង​ជាដើម​ដែល​មើលទៅ​មិន សស្អាត​ដូចក្ដី​បំណង​របស់​ខ្លួន ឬធ្វើ​ឱ្យ​បាត់បង់​ជំនឿ​ចិត្ដលើ​ខ្លួនឯង​ក៏មាន។ ការ​ចង់បាន​ធ្មេញឱ្យ​មាន​ពណ៌ស​ដើម្បី​ជា​ជំនួយ​នៃការ​លើក សម្រស់​នេះ​ហើយ​ទើបធ្វើ​ឱ្យ​យុវវ័យ​មួយ​ចំនួន​ចង់កែ​ប្រែ​ធ្មេញ​របស់ខ្លួន​ឱ្យមាន​ភាព​សស្រស់​ស្អាត​មកវិញ។

វិធី​សាស្ដ្រ​ធ្វើ​ធ្មេញ​ឱ្យស

ធ្មេញ​របស់​មនុស្ស​មានច្រើន​ពណ៌​មិនអាច​កំណត់​បាន​ច្បាស់​លាស់​នោះទេ ហើយ​ក៏មិន​ប្រាកដ​ថាវា​អាចធ្វើ​ឱ្យស​បានគ្រប់ ពណ៌​ទាំងអស់​នោះដែរ។ ព្រោះបើ​ធ្មេញ​មាន​ពណ៌ខ្មៅ​ពេក ពិបាក​នឹងកែ​ខៃឱ្យ​សបាន​ណាស់។ ការ​ធ្វើឱ្យ​សនេះ​មិនអាច​បាន​សស្អាត​មួយ រយភាគ​រយ​នោះ​ឡើយ គ្រាន់តែ​ធ្វើឱ្យ​សជាង​ធ្មេញ​កំណើត​មួយ​កម្រិត​តែ​ប៉ុណ្ណោះ។

  • វិធី​ខាំពុម្ព វិធី​នេះ​តម្រូវឱ្យ​លោកអ្នក​ខាំពុម្ព​តាម​ទម្រង់​មាត់​ធ្មេញ​រួចយក​រាងធ្មេញ​នោះមក​ដាក់ថ្នាំ​ដែល​ជួយធ្វើ​ឱ្យស បន្ទាប់​មកយក​មកពាក់​នៅលើ​ធ្មេញ​រយៈពេល​ប្រហែល​ជា១៥​ទៅ៣០​នាទី​ជារៀង​រាល់​យប់។ ការធ្វើ​បែបនេះ​ត្រូវប្រើ​រយៈពេល ប្រមាណ​ជាមួយ​សប្ដាហ៍​ទៅកន្លះ​ខែ ទើបដឹង​ពីគុណ​ភាព។ វិធី​នេះមាន​ភាពងាយ​ស្រួល​ព្រោះ​លោកអ្នក​មិនចាំ​បាច់ទៅ​ពេទ្យ​ធ្មេញ រៀងរាល់​ថ្ងៃនោះ​ទេ គ្រាន់តែ​អ្នក​អនុវត្ដ​តាមការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​រួចយក​មកធ្វើ​ដោយខ្លួន​ឯងនៅ​ឯផ្ទះ​ជាការ​ស្រេច។ ក៏ប៉ុន្ដែ​ធ្មេញ​ងាប់ ឬយក​សរសៃ​ធ្មេញ​ហើយ​នោះ មានការ​ពិបាក​បន្ដិច​ក្នុងការ​ធ្វើធ្មេញ​ឱ្យស។ គ្រូពេទ្យ​ជំនាញ​អាចធ្វើ​ធ្មេញ​ប្រភេទ​នេះ ឱ្យស​បាន​ដោយ​ខួងធ្មេញ​រួចដាក់​ថ្នាំជួយ​ឱ្យស ហើយ​បិទមក​វិញ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ទើបយក​ថ្នាំនោះ​ចេញ។ ការធ្វើ​ដូច្នេះ​អាចជួយ ធ្មេញ​ដែលងាប់​នោះបាន​សមួយ​កម្រិត តែវា​មិនអាច​ស​និងរឹង​មាំដូច​ធ្មេញ​ដែលនៅ​រស់បាន​ទេ។
  • វិធីបាញ់កាំរស្មី តម្រូវ​ឱ្យ​លោកអ្នក​ទៅ​ព្យាបាល​នៅមន្ទីរ​ពេទ្យ ដោយ​ត្រូវដាក់​អញ្ចាញ​ធ្មេញ​សិប្ប​និម្មិត​ទន់ៗ​លើ​អញ្ចាញ​ពិត រួច​បាញ់ថ្នាំ​ធ្វើឱ្យ​សនៅ​លើ​អញ្ចាញ​នោះ បន្ទាប់​បាញ់​កាំរស្មី​នៅលើ​ធ្មេញ​ដើម្បី​ឱ្យកាត់​ពណ៌​ធ្មេញនោះ​ចេញ។ វិធី​នេះប្រើ ពេល​លឿន និងឆាប់​ដឹងពី​ប្រសិទ្ធ​ភាព​ប្រមាណ​ជា១​ម៉ោងតែ​ប៉ុណ្ណោះ​លោកអ្នក​អាច​ឃើញពី​ការ​ប្រែប្រួល​នៃពណ៌​ធ្មេញ​ភ្លាមៗ ដោយ មិនចាំ​បាច់រង់​ចាំយូរ​ឡើយ។

មុននឹង​ធ្វើ​ធ្មេញឱ្យ​ស លោកអ្នក​គួរ​ថែទាំ​សុខភាព​ធ្មេញឱ្យ​មាំមួន​ជាមុន​សិន​លើសពី​នេះការ​សម្អាត​ធ្មេញក៏​ជួយ​សម្រួល​ភាព ស្រស់​ស្អាតមួយ​សម្រាប់​ការធ្វើ​ធ្មេញឱ្យ​សផង​ដែរ។

ប្រការ​ប្រតិបត្ដិ​នៅពេល​ធ្វើធ្មេញ​ឱ្យស

ជាតិ​គីមី​ដែលធ្វើ​ធ្មេញឱ្យ​សវា​បានបឺត​ជាតិ​ពណ៌​ចេញពី​ធ្មេញ ធ្វើឱ្យ​ម៉ូលេ​គុល​ធ្មេញ​ប្រហោង​ធំជាង​មុន​ងាយរង​នូវការ​ជ្រាប ពណ៌ពី​ចំណី​អាហារ​ផ្សេងៗ។ ដូច្នេះ​លោកអ្នក​គួរថែ​ទាំឱ្យ​បាន​ប្រសើរ​ដោយ​ត្រូវតម​អាហារ​ប្រភេទ​ណា​ដែល​មាន​ពណ៌​ដិតពេក ដូចជា កាហ្វេ តែ ស្រា បារី នៅ​រយៈពេល​ប្រមាណ​ជា១​ឬ២​សប្ដាហ៍​ក្រោយ​ពីធ្វើ​ធ្មេញឱ្យ​សរួច។ ម្យ៉ាង​ទៀត​លោកអ្នក​គួរតែ​ជ្រើស​រើស​ថ្នាំដុស ធ្មេញ​ប្រភេទ​ណាដែល​មាន​ជាតិក្លរ​អ័ររៃ ដែល​ជួយ​ការពារ​ធ្មេញ​សង្កៀរ​ព្រោះ​ធ្មេញ​សអាច​មាន​អាការ​ស្រៀវ​ខុសពី​ធម្មតា បរិភោគ​អ្វី ក៏មិន​ឆ្ងាញ់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​នៃការ​ធ្វើ​ធ្មេញ​ឱ្យស

ការធ្វើ​ធ្មេញឱ្យ​សមិន​មែនជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​ធ្មេញ​ឡើយ គ្រាន់តែ​អាចជួយ​លើក​សោភ័ណ​ភាពស​ម្រស់តែ ប៉ុណ្ណោះ។ ការកែ​ប្រែ​ពណ៌​ធ្មេញពី​ធម្មជាតិ​ប្រៀប​ដូចជា​ការយក​អាវពណ៌​ផ្កាឈូក​ទៅធ្វើ​ឱ្យក្លាយ​ទៅជា​ពណ៌ស​ដោយ​ប្រើប្រាស់​សារ ជាតិ​គីមី​ច្រើន ដើម្បី​កាត់​ក្លាយទៅ​ជាពណ៌​ស។ ទី​បំផុត​ធ្មេញ ឬអាវ​នោះ​ទទួល​បាន​ពណ៌​ដូចចង់​បាន​ពិតមែន​ប៉ុន្ដែ​មិនអាច​ប្រើ​ប្រាស់ បានយូរ​អង្វែង ងាយ​ពុក​ផុយនិង​បាត់បង់​នូវ​គុណភាព​ខ្លះៗ​ដោយ​សារ​ថ្នាំ។ ប្រសិន​បើ​លោកអ្នក​អាច​ទទួល​ពណ៌​ធ្មេញពី​ធម្មជាតិ​បាន គួរតែ​ចៀស​វាងការ​ធ្វើ​ធ្មេញឱ្យ​ស​វាជា​ការ​ប្រសើរ​មួយក្នុង​ការ​ថែទាំ​ធ្មេញ​របស់​លោកអ្នក​ឱ្យមាន​ភាពរឹង​មាំ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

មុននឹង​ធ្វើធ្មេញ​ឱ្យស លោកអ្នក​គួរតែ​គិតថា តើ​ធ្មេញ​លោកអ្នក​មាន​សុខភាព​មាំមួន​ហើយ ឬនៅ។ ព្រោះ​ការធ្វើ​ធ្មេញ​ឱ្យស លុះត្រា​តែធ្មេញ​មាន​លក្ខណៈ​ប្រសើរ​ជាមុន​សិនទើប​ល្អ។ គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ច្បាស់​លាស់​មុនចង់​បាន​ធ្មេញស ព្រោះ​ផល​ប៉ះពាល់​មាន​ច្រើនជាង​ផល​ចំណេញ។ គួរធ្វើ​ការ​សម្អាត​ធ្មេញ​និង​ត្រួត​ពិនិត្យ​ធ្មេញឱ្យ​បាន​រៀង​រាល់៦​ខែម្ដង ដើម្បី​ការពារ និង​ថែរក្សា​ធ្មេញឱ្យ​បាន​រឹងមាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative