ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ភាព​ប្រឈម​នៃ​ផ្សែង​បារី និង​សុខ​ភាព​កុមារ

ការ​ជក់​បារី ផ្តល់​ផល​វិបាក​ពីរ​យ៉ាង​ដល់​សុខ​ភាព គឺទី១ អ្នកជក់​បារី​នឹង​ក្លាយ​ជា​ញៀន​បារី​យ៉ាង​ឆាប់​រហ័ស​ដោយ​សារសារធាតុ​ញៀនរ​បស់​នី​កូទីន និងទី២ អ្នកជក់​បារី​អាច​បណ្តាល​ឱ្យ​ស្លាប់ និង​មាន​ជម្ងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ដែល​បណ្តាល​ឱ្យ​មាន​ការ​​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ។ រួច​ចុះ​កុមារ​ដែល​ស្រូប​ផ្សែង​បារី​ដោយ​ការ​ដក​ដង្ហើម​នោះ តើ​នឹង​មាន​ផល​ប៉ះ​ពាល់​អ្វីខ្លះ​?

រូបភាពទស្សនាវដ្ដីសុខភាពយើង

យោង​តាម​ការ​សិក្សា​អន្ដរ​ជាតិ​ថ្មីមួយ​បាន​រក​ឃើញ​ថា ក្មេង​តូច​ៗ​ដែល​ដក​ដង្ហើម​ស្រូប​ចូល​នូវ​ផ្សែង​បារី​ពី​ឪពុក​ម្ដាយ​របស់ពួក​គេ ​ អាច​នឹង​រង​គ្រោះ​ធ្វើ​ឲ្យ​ខូច​បេះ​ដូង ឬ​មាន​ជម្ងឺ​ខ្សោយ​បេះដូង ​ដែល​គេ​មិន​អាច​ព្យាបាល​ឲ្យដូច​ដើម​ឡើងវិញ​បាន​នោះ​ទេ។

បើ​តាម​បណ្ដា​អ្នក​ស្រាវ​ជ្រាវ​ពី​វិទ្យា​ស្ថាន មេនហ្ស៊ី (Menzie) នៅ​ក្នុង​រដ្ឋ តាស្មានៀ (Tasmania) នៃ​ប្រទេស​អូស្រ្ដាលី​បាន​ធ្វើការ​ប្រមូល​ទិន្នន័យ​នៃ​ការ​សិក្សា​នៅ​ក្នុងប្រទេស​ហ្វាំង​ឡង់ រួមទាំងក្នុង​ប្រទេស​អូស្រ្ដាលី ​ដើម្បី​ធ្វើ​ការ​កំណត់ឲ្យ​ដឹង​នូវ​ឥទ្ធិពល​ពី​ការ​ដក​ដង្ហើម​ស្រូប​ចូល​ផ្សែង​បារី​របស់​កុមារ​ពី​អ្នក​ដទៃ​។ ការ​សិក្សា​នេះ​បាន​កត់​ត្រា​ទុក​នូវ​សុខភាព​របស់​កុមារ​ជា​ច្រើន​កាល​ពី​លើក​មុន​ ហើយ​២០​ឆ្នាំ​ក្រោយ​មកទៀត ពួក​គេបាន​ធ្វើការ​ពិនិត្យ​មើល​លើ​សុខ​ភាព​របស់​កុមារ​ទាំង​នោះ​សារ​ជាថ្មី​ម្តង​ទៀត។ អ្នក​ស្រាវ​ជ្រាវ​ពី​វិទ្យា​ស្ថានមេនហ្ស៊ី (Menzie) អ្នក​ស្រី​បណ្ឌិត ស៊ីណា ហ្គាល (Seana Gall) បាន​ប្រាប់​ឲ្យដឹង​ថា យើង​បានធ្វើ​ការ​ថត​ដៃ​របស់​អ្នក​ចូល​រួម​ដោយ​ប្រើ​បច្ចេក​ទេស​អ៊ុល​ត្រា​សោន​ ដើម្បី​វាស់​មើល​នូវ​ភាព​យឺត​ ឬ​រួញ​នៃ​សរសៃ​ឈាម​។

អ្នក​ស្រី​បាន​ឲ្យ​ដឹងបន្ត​ថា អ្នក​ចូល​រួម​ដែល​ធ្លាប់​បាន​ដក​ដង្ហើម​ស្រូប​ចូល​ផ្សែង​បារីកាលពី​ពេល​នៅជាកុមារ​តូចៗ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព ​ដោយ​ធ្វើ​ឲ្យ​បេះ​ដូង​អន់​ខ្សោយ។ អ្នក​ស្រី​បណ្ឌិត​បានឲ្យដឹងបន្ថែមថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ភាព​សំខាន់​ចាំ​បាច់​ក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​កុមារ​ដក​ដង្ហើម​ចូល​នូវ​ផ្សែង​បារី។

បើ​តាម​ការ​ស្រាវ​ជ្រាវផ្សេងទៀត​បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា ការជក់​​បារី ​បានធ្វើ​ឱ្យប៉ះ​ពាល់ដល់​ផ្នែក​រាង​កាយ​មនុស្ស​ជា​ច្រើន​កន្លែង និង​គ្រប់​ដំណាក់​កាល​នៃ​ការ​បន្ត​ពូជ ។ ការ​ជក់បារី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះធ្វើឲ្យ​ប៉ះ​ពាល់​ដល់ទាំង​សុខ​ភាព​ម្តាយ ​និង​ទារក ។ ជាតិ​នី​កូទីន​នៅ​ក្នុង​ថ្នាំ​​ជក់ ធ្វើ​ឱ្យ​ត្បៀត​សរសៃ​ឈាម​ក្នុង​ទ​ងសុក និង​ស្បូន ដែលជា​ហេតុ​ធ្វើ​ឱ្យ​​បរិមាណ​អុក​ស៊ី​ហ្សែន ដែល​ផ្តល់​ទៅទារក មាន​ការ​ថយ​ចុះ ។ នៅពេល​មាន​ផ្ទៃ​​ពោះ ស្ត្រី​ដែល​ជក់​បារី មាន​ការ​ប្រឈម​នឹង​ការ​មាន​បញ្ហាទ្វេរ​ដងដូចជា​ការ​របេះ​សុកមុន​អាយុ​កាលជាដើម។ បញ្ហា​នេះ​អាចធ្វើ​ឱ្យ​​ទារក​កើត​មិន​គ្រប់​ខែ ឬកើតមក​​ស្លាប់តែម្តងក៏មាន ។ សារ​ធាតុនី​កូ​ទីនក៏​ត្រូវ​បាន​រកឃើញថា ​មាននៅ​ក្នុង​ទឹក​ដោះ​ម្តាយ​ដែលជក់​បារីផង​ដែរ ។ ទារក​កើត​ពី​ម្តាយ ដែល​ជក់បារី​ក្នុ​ងពេល​មាន​ផ្ទៃពោះ តែង​មាន​ទម្ងន់ទាប​ជាង​ធម្ម​តា ហើយ​កាលដែល​មាន​ទម្ងន់​ទាប​នេះ គឺ​ជា​មូ​ល​ហេតុ​នៃ​ការ​ស្លាប់​របស់​ទារក។

គួររលឹកផងដែរថា បើតាមរបាយការណ៍រស់អង្គការ​សុខភាព​ពិភព​លោកបានឲ្យដឹងថា បញ្ហា​ដក​ដង្ហើម​ស្រូប​ចូល​នូវ​ផ្សែង​បារី​ពី​អ្នក​ដទៃ​ គឺជា​កត្ដា​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចាប់ពី៦​សែន​នាក់​ឡើង​ទៅជា​រៀង​រាល់​ឆ្នាំ​នៅក្នុង​ពិភព​លោក។

អត្ថបទដោយ ៖​​ សៀង វិរៈ​

ចេញផ្សាយ ៖​​ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២

Google Analytics Alternative