ការ​គ្រប់គ្រង​សំណល់​រឹងរាវ

ក្នុងមួយថ្ងៃៗមានសម្រាម សំណល់ជាច្រើនតោនត្រូវបានបោះបង់ចោល។ ទោះបី​ ជាសម្រាមប្រភេទណាក៏ដោយក៏ជា ប្រភព និងជា​ ជម្រក​ នៃ​ មេរោគ​ គ្រប់ប្រភេទ​ ទាំង​ អស់។ ការទុកដាក់សម្រាមមិនបានល្អធ្វើឱ្យមេរោគដែលផ្ដុំនៅក្នុងសម្រាមរាតត្បាត នៅ គ្រប់ទីកន្លែង ពិសេសធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតមនុស្សរស់នៅ។ ដូច្នេះយើងត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងកាក សំណល់ទាំងនោះ ប្រកប​ ទៅដោយ​ សណ្ដាប់ធ្នាប់ និងមានប្រសិទ្ធភាព?

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខ​មុនៗ លោកអ្នក​ធ្លាប់បាន​ជ្រាប​ខ្លះ​ៗរួច​មក​ហើយ​អំពី​ការ​គ្រប់គ្រង​កាក​សំណល់​ផ្ទះបាយ។ សម្រាប់​លេខ​នេះ ទស្ស​នាវដ្ដី សុខភាពយើង សូម​បង្ហាញ​ជូន​ប្រិយ​មិត្ដ​អ្នកអាន​ឱ្យបាន​ស្វែងយល់​នូវការ​គ្រប់​គ្រង​​កាក​សំណល់​រឹង​និងរាវ ដោយ​ជួប សម្ភា​ស​ជាមួយ​លោក ហេង ណារ៉េត ប្រធាន​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ និង​បំពុល​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន។ តា ម ការ​សិក្សា សម្រាម ត្រូវបាន​បែងចែក​ជាពីរ​ប្រភេទ គឺ​សំណល់​រឹង និង​រាវ។

តើសំណល់រឹង ជាអ្វី?

សំណល់​រឹង គឺ​សំដៅ​ដល់​វត្ថុ​រឹង សារធាតុ​រឹង ឬវត្ថុ​កម្ទេច​កម្ទីរ​ដែល​គេលែង​ត្រូវការ​ប្រើ​ប្រាស់ បោះបង់​ចោល​ឬតម្រូវ​ឱ្យ​បោះបង់​ចោល។

តើសំណល់រាវ ជាអ្វី?

សំណល់​រាវ គឺ​សំដៅ​ដល់​វត្ថុរាវ​ដែល​បញ្ចេញ​ពី​ប្រភព​បំពុល ហូរចូល​ទៅក្នុង​តំបន់​ទីសា​ធារណៈ​ឬហូរ​ចូល​ទៅក្នុង​បណ្ដាញ​លូ សាធា​រណៈ ទោះបី​ជាបាន​ឬមិន​បានធ្វើ​ប្រតិ​កម្មក្ដី។

ប្រភេទ​សំណល់​រឹង និងរាវ

ជាទូ​ទៅ​សំណល់​រឹង និង​សំណល់​រាវត្រូវ​បាន​បែងចែក​ជាច្រើន​ប្រភេទ​ទៀត។

1 . សំណល់ទីក្រុង ៖ សំដៅ​ដល់​សំណល់​ដែល​បញ្ចេញ​ពី​លំនៅ​ដ្ឋាន ក្នុងនោះ​មាន​សំណល់​សរីរាង្គ ប្លាស្ទ្ទិក​សម្រាម និងមាន ប្រភេទ​សម្រាម​ដែល​បង្ក​គ្រោះថ្នាក់​ផងដែរ។ ក្រៅពី​នោះ អាចជា​សំណល់​ដែលសល់​ពីការ​ធ្វើ​ពាណិជ្ជ​កម្ម​ដូចជា​សំណល់​នៅតាម ភោជនី​យដ្ឋាន ទីផ្សារ ការិយា​ល័យ សណ្ឋា​គារ ការដ្ឋាន​សំណង់ រោងជាង​មន្ទីរ​ពេទ្យ​តូចធំ​ជាដើម​ព្រមទាំង​មាន​ប្រភេទ​សម្រាម​បង្ក ឱ្យមាន​គ្រោះថ្នាក់​ផងដែរ។

2 . សំណល់ឧស្សាហកម្ម ជា​សម្ភារៈ​ដែល​សល់ពី​ការ​ផលិត​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​សំណល់​ទីក្រុង​ដែរ​ប៉ុនែប្រ ភេទខ្លះ​មានផ្ទុក​ទៅដោយ​សារធាតុ​គីមី និងសារ​ធាតុ​ប្រកប​ទៅដោយ​គ្រោះថ្នាក់។

3 . សំណល់មន្ទីរពេទ្យ ៖ ជា​សំណល់​ដែលសល់​ពីផ្នែក​វេជ្ជ​សាស្ដ្រ ដូចជា​សឺរ៉ាំង បង់រុំ​និង​សំណល់​ផ្សេងៗ​ទៀត​ដែលសល់​ពី ការវះ​កាត់។

4 . សំណល់ប្រកបដោយគ្រោះថ្នាក់ ៖ គឺ​សំដៅ​ទៅលើ​សារធាតុ​ពុល ផ្ទុះ ឆេះ ធ្វើឱ្យ​ច្រែះ​ឬធ្វើ​អុកស៊ី​ដកម្ម​ព្រមទាំង​ប្រភព សំណល់​ដែលសល់​មកពី​ឧស្សា​ហកម្ម​គីមី ដូចជា​ឧស្សា​ហកម្ម​ ប្លាស្ទិក ថ្នាំពុល​កសិកម្ម ថ្នាំ​ពេទ្យ ថ្នាំលាប​ឧស្សា​ហកម្ម​ប្រេង ឧស្សា​ហកម្ម លោហៈ​ធាតុ ឧស្សា​ហកម្ម​តម្បាញ​ជាដើម។

5 . សំណល់សល់ពីអាងប្រតិកម្ម ៖ មាន​ភក់ ផេះនៃ​ឡដុត​សំណល់​ជាដើម។

អត្ថ​ប្រយោជន៍ និងផល​ប៉ះពាល់​សំណល់​រឹង និង​សំណល់​រាវ

ការ​គ្រប់គ្រង​កាក​សំណល់​មិនបាន​ត្រឹមត្រូវ មិនត្រឹម​តែបង្ក​ផល​វិបាក​ ចំពោះ​តែ​សុខភាព​ ប៉ុណ្ណោះ​ទេ​ថែម​ទាំងប៉ះ​ពាល់​សេដ្ឋ កិច្ច​គ្រួសារ​ផងដែរ។ យើងអាច​បែងចែក​ផល ប៉ះ​ពាល់​ របស់វា​ដូចខាង​ក្រោម។

1 . ផលប៉ះ​ពាល់ដល់​សុខភាព​មនុស្ស មិនថា​ជា​សំណល់​រឹង ឬ​សំណល់​រាវនោះ​ទេ​ប្រសិន​បើមិន​មានការ​គ្រប់​គ្រង​ល្អទេ វា ធ្វើឱ្យ​ប៉ះពាល់​ដល់​គុណ​ភាព​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស។ ការ​ចាក់​ចោល​សម្រាម​ទាំង​នោះ​មិនបាន​ត្រឹម​ត្រូវ​នៅទី​ក្រុង​បាននិង កំពុង​បង្កើត​ជា​ប្រភព​ដ៏​ចម្បង​ដល់ការ​រីករាល​ដាលនៃ​ជម្ងឺ​ជាច្រើន​ប្រភេទ ដូចជា​ជម្ងឺ​គ្រុន​ពោះវៀន​គ្រុន​ចាញ់ គ្រុនកេ​ជាដើម។ ជម្ងឺ​ទាំង​នេះឆ្លង​តាម​រយៈ​សត្វរុយ និង​ភ្នាក់ងារ​ចម្លង​មេរោគ​ផ្សេងៗ​ទៀត ដូចជា​សត្វ​ជ្រូក ឆ្មា​និង​សត្វ​ពាហនៈ​ដទៃ​ទៀត ដែល​ដើរ​លុក លុយ​ក្នុង​គំនរ​សម្រាម ហើយ​បាន​ចម្លង​ជម្ងឺ​ទាំង​នោះទៅ​ដល់​មនុស្ស។

ចំពោះ​សារ​ធាតុ​គីមី​ផ្សេងៗ​ទៀត​ដែល​មាន​ប្រភព​មកពី​សំណល់​ឧស្សា​ហកម្ម និង​សំណល់​ទីក្រុង​អាច​ស្រូប​ចូលទៅ​ក្នុងខ្លួន មនុស្ស​តាម​រយៈការ​ដក​ដង្ហើម ការ​បរិភោគ ឬការ​ប៉ះពាល់​ដោយ​ផ្ទាល់។ មេរោគ​ដែល​បង្ក​ឡើង​ដោយ​សម្រាម​អាច​មាន​គ្រោះថ្នាក់ រហូត​បាត់បង់​ជីវិត​បាន ប្រសិន​បើការ​ជ្រាប​ចូលទៅ​ក្នុង​ខ្លួន​មនុស្ស​មាន​ចំនួន​ច្រើន។ ប៉ុន្តែ​បើទោះ​ជាការ​ស្រូប​ចូល​បរិមាណ​ចំនួន​តិចតួច ក៏ដោយ ក៏អាច​បណ្ដាល​ឱ្យមាន​ផលមិន​ល្អ​ចំពោះ​សុខភាព​ដែរ ដូចជា​ការ​រលាក​ការពុល​មាន​លក្ខណៈ​រ៉ាំរ៉ៃ និង​ជម្ងឺ​មហា​រីក​ផ្សេងៗ។

២ . ផល​ប៉ះពាល់​ដល់​បរិសា្ថន ការ​គ្រប់គ្រង​សម្រាម​មិនបាន​ល្អអាច​បំពុល​បរិស្ថាន​ហើយ​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព មនុស្ស​ដោយ​ផ្ទាល់ និង​ប្រយោល​ទៀត​ផង។ ឧទា​ហរណ៍ ការដុត​កាក​សំណល់​ដោយ​ចំហរ​ការ​ទទួល​ទាន​សាច់ត្រី​ឬទឹក ដែល​មានសារ ធាតុ​ពុល​ផ្ទាល់ បានបង្ក​ឱ្យកើត​ជាជម្ងឺ។ ការចាក់​ចោល​សម្រាម​មិនបាន​ត្រឹមត្រូវ​អាចធ្វើ​ឱ្យទឹក​និងដី​ផ្ទុកទៅ​ដោយ​ជាតិ​ពុល។ ដោយ ឡែក​ផល​ប៉ះពាល់​ដោយ​ប្រយោល​អាចធ្វើ​ឱ្យមាន​ការ​បាត់បង់​នូវ​ធនធាន​ដី ទឹក ខ្យល់​ដែលជា​តម្រូវ​ការដល់​ការ​ទ្រទ្រង់​ការ​រស់នៅ របស់​មនុស្ស​សត្វ។

៣ . ផល​ចំណេញ​ផល​ប៉ះពាល់​សេដ្ឋកិច្ច កន្លង​មកមាន​ទស្សនៈ​មួយ​ចំនួន​យល់​ឃើញថា​សំណល់​រឹងគ្រាន់​តែជា​វត្ថុ​ដែល​គ្មាន តម្លៃ ដែលត្រូវ​គេ​បោះបង់​ចោល។ ប៉ុន្តែ​ធាតុ​ពិត វត្ថុ​មួយ​ចំនួន​ដែលជា​សំណល់​រឹង​នៅតែ​មាន​តម្លៃ​ប្រសិន​បើ​យើង​ចេះកែ​ច្នៃ វា។ ឧទា​ហរណ៍ សម្បក​ដប​ដែល​ប្រើ​ប្រាស់រួច ថ្វីត្បិត​តែវា​បាន​អស់​តម្លៃ​ជាអ្នក​វេចខ្ចប់​ប៉ុន្តែ​វាមាន​តម្លៃ​ជា​សម្ភារៈ​សម្រាប់​ទុកដាក់​នូវ វត្ថុរាវ​ផ្សេង​ទៀត។ នៅពេល​សម្បក​ដបបែក វាមាន​តម្លៃ​ជាថ្មី​ម្ដងទៀត​តាម​រយៈការ​យក​បំណែក​នោះមក​កែច្នៃ​ឡើង​វិញ។ មានវត្ថុ ធាតុជា​ច្រើន​ទៀត ដែល​អាច​រក្សា​បាននូវ​តម្លៃ​របស់វា​សូម្បី​តែ​សំណល់​រឹងផ្ទះ​បាយ​ដែល​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​សរីរាង្គ ក៏គេ​អាចកែ ច្នៃធ្វើ​ជាជី​កំប៉ុស​ដ៏មាន​ជី​ជាតិ​បានដែរ។ សំណល់​ប្រភេទ​នេះ​មាន​អត្រា​ខ្ពស់​ប្រហែល​ជា៨០% បើ​ប្រៀប​ធៀប​ទៅនឹង​បរិមាណ​សំណល់ សរុប​នៅ​ទូទាំង​ប្រទេស។ តាមការ​វិភាគ​សេដ្ឋកិច្ច​បាន​បង្ហាញ​ឱ្យ​ឃើញថា​ប្រសិន​បើយើង​ប្រើប្រាស់​វត្ថុធាតុ​ដែល​មាន​បំណង​បោះបង់ ចោលឱ្យ​អស់​លទ្ធភាព​នោះ​គឺយើង​អាច​សន្សំ​សំចៃ​បាននូវ​ការ​ចំណាយ​ថវិកា​មួយ​ចំនួន។ លើសពី​នេះទៀត យើងអាច​កាត់​បន្ថយ​នូវការ ចោល​សំណល់​បានយ៉ាង​ច្រើន​ហើយ​វាបាន​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ដ៏វិសេស​វិសាល​ជាច្រើន​ទៀត ដូចជា​បញ្ហា​សុខភាព​សាធា​រណៈ ត្រូវបាន​លើក​កម្ពស់ បរិស្ថាន​កាន់តែ​ល្អ​ប្រសើរ​សោភ័ណ​ភាព​ទីក្រុង ភូមិដ្ឋាន​មានភាព​ស្រស់​បំព្រង សេដ្ឋកិច្ច​ជាតិ​មាន​ការរីក​ចម្រើន។

ការ​គ្រប់គ្រង​សំណល់​មិនបាន​ល្អ បង្កើត​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ផងដែរ​ទៅលើ​សេដ្ឋកិច្ច។ ជាក់​ស្ដែង ប្រាក់​ចំណូល​ថយចុះ​ជាមួយ​នឹងការ​កើតទ្បើង​នូវជម្ងឺ និង​នាំឱ្យ​ប៉ះពាល់​ដល់ផល​ដំណាំ​កសិកម្ម​និង​វិស័យ​ទេសចរណ៍​ទៀតផង។

កាតព្វ​កិច្ច​របស់​ប្រជា​ពលរដ្ឋ

ប្រជា​ពលរដ្ឋ​ម្នាក់ៗ​ត្រូវបែង​ចែក​ប្រភេទ​សំណល់​មុននឹង​ធេី្វការ​បោះបង់​ចោល។ ត្រូវធ្វើ​ការ​វេច​ខ្ចប់​ទុកដាក់​សំណល់​ឱ្យបាន ត្រឹមត្រូវ ដោយ​ត្រូវមាន​ធុង​សម្រាម​សម្រាប់​គេហ​ដ្ឋាន ដើម្បី​ចៀស​វាង​នូវការ​ចោល​ពាស​វាល​ពាស​កាល។ ត្រូវ​ប្រមូល​សម្រាម ឱ្យបាន​ទៀងទាត់​ពេល​ជាមួយ​សេវា​ជញ្ជូន​សម្រាម និងបង់​ថ្លៃ​សេវា​ឱ្យបាន​ទៀងទាត់។ ត្រូវមាន​ស្មារតី​ភ្ញាក់​រលឹក​និង​អប់រំ​ក្នុងការ ចោល​សម្រាម ទោះជា​លោកអ្នក​ឋិតនៅ​តាម​ទីសា​ធារណៈ​ក្ដី​ត្រូវតែ​ចោល​ក្នុងធុង​សម្រាម​ដែលមាន​នៅទី​សាធា​រណៈ​ស្រាប់។

វិធាន​ការ​គ្រប់គ្រង​សំណល់​រឹង និង​សំណល់​រាវនៅ​ពេល​អនាគត

ខាង​ក្រោម​នេះជា​ផែនការ​យុទ្ធ​សាស្ដ្រ​របស់​ក្រសួង​បរិស្ថាន​ក្នុងការ​គ្រប់គ្រង​សំណល់​ទាំងរឹង​ទាំងរាវ។

  • ធ្វើ​វិសោ​នកម្ម​អនុ​ក្រឹត្យ ដើម្បី​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត និង​រៀបចំ​ពង្រាង​ច្បាប់​ថ្មី ដែលពុំ​ទាន់មាន
  • រៀបចំ​គោល​នយោបាយ​ជាតិ​សម្រាប់​ទប់​ស្កាត់ និងកាត់​បន្ថយ​ការ​បំពុល​បរិស្ថាន
  • រៀបចំ​ផែនការ​មេស្ដី​ពី​វិធាន​ការ​ចម្រុះ​នូវការ​គ្រប់គ្រង​សំណល់​រឹង​ប្រកប​ដោយ​និរន្ដ​ភាព
  • ពង្រឹង​ការ​អនុវត្ដ​ច្បាប់
  • លើក​កម្ពស់​ការ​អនុវត*្ដ​កម្ម​វិធី​កែច្នៃ និងការ​ប្រើ​ប្រាស់​ទ្បើង​វិញនៃ​សំណល់​និង​កម្ម​វិធី​កាត់​បន្ថយ​បរិមាណ​សំណល់
  • ជំរុញ និង​លើក​ទឹកចិត្ដ​ដល់ការ​អនុវត*្ដកម្ម​វិធី​ផលិត​កម្ម​ស្អាត
  • បង្កើត​ទីលាន​ចាក់​សំណល់​ប្រកប​ដោយ​បច្ចេក​ទេស និង​មាន​អនាម័យ
  • បង្កើន​ការ​អប់រំ​បរិស្ថាន​ដល់់អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់
  • ពង្រឹង​កិច្ច​សហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូច​ជា​អាជ្ញា​ធរ​មូល​ដ្ឋានដែរ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សូម​ប្រជា​ពលរដ្ឋ​ទាំងអស់​យកចិត្ដ​ទុកដាក់​ក្នុងការ​គ្រប់​គ្រង​សម្រាម និង​រួបរួម​គ្នា ធ្វើ​ឱ្យ​ បរិស្ថាន​ នៅតាម​ភូមិដ្ឋាន​មាន​ភាព ស្រស់​បំព្រង គ្មាន​សម្រាម ព្រោះថា​បរិស្ថាន​ល្អស្អាត ជីវិត​មនុស្ស​មាន​សុខភាព​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative