កូន​នាងខ្ញុំ​ស្លាប់​ក្នុង​ពោះ?

ស្ដ្រី​គ្រប់រូប​នៅពេល​ដែលមាន​ផ្ទៃពោះ​រមែង​ទន្ទឹង​រង់ចាំ​ថ្ងៃ​សម្រាល ដើម្បី​បាន​ឃើញ​មុខកូន​ជាទី​ស្រឡាញ់។ មាន​ស្ដ្រី​មួយ ចំនួន​មិន​សម​តាម​បំណង​ទេ ព្រោះតែ​ហេតុ​ផល​ផ្សេងៗ មាន​ដូចជា​ការ​រលូត​កូន កូន​ស្លាប់​ក្នុង​ពោះ​កូនកើត​មក​ហើយ​ស្លាប់​ទៅវិញ ជាដើម។ បញ្ហា​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​គូស្វា​មី​ភរិយា​ខក​បំណង​ទេ​ថែម​ទាំង​អាចធ្វើ​ឱ្យមាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ស្ដ្រីជា​ម្ដាយ​ទៀត ផង បើ​មានការ​ធ្វេស​ប្រហែស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​នាងជា​ពិសេស​សុភាព​នារី​ប្រហែល​ជាចង់​ទទួល​ជ្រាប​អំពី​បញ្ហា​គ្រោះ​ថ្នាក់ ដែល​នាំឱ្យ​បាត់បង់​កូន​របស់​ស្ដ្រីមាន​ផ្ទៃ ពោះ។ នៅ​ពេលនេះ ទស្ស​នាវដ្ដី សុខភាពយើង បានការ​សហ​ការណ៍​ពីលោក​ស្រីវេជ្ជ​បណ្ឌិត ប៉ែន រិកស៊ី​អ្នក​ជំនាញ​ខាង​សម្ភព និង​រោគស្ដ្រី នៃមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត។

កូន​ស្លាប់​ក្នុងពោះ

កូន​ស្លាប់​ក្នុង​ពោះជា​កូន​ដែល​បាត់បង់​ជីវិត​នៅក្នុង​ពោះ​ខណៈ​ពេល​ដែល​គភ៌​កំពុង​វិវឌ្ឍន៍​ដោយ​ពុំទាន់​ខ្ជាក់​ចេញ​ភ្លាម​ៗទេ។ ជា​ទូទៅ​រយៈពេល​ដែល​កូន​ស្លាប់ក្នុង​ពោះ​រហូត​ដល់ពេល​វាខ្ជាក់​មានលើស​ពី៤៨​ម៉ោង។

មូល​ហេតុ​ដែលនាំ​ឱ្យកូន​ស្លាប់​ក្នុងពោះ

កន្លង​មកមាន​ការ​ពិបាក​ក្នុងការ​វិនិច្ឆ័យ​អំពី​ហេតុ​ផល​ដែល​​បណ្ដាល​ឱ្យ​ទារក​ស្លាប់​ក្នុងពោះ​ណាស់។ តាមបទ​ពិសោធ​ផ្ទាល់ របស់​លោកស្រី​វេជ្ជ​បណ្ឌិត ប៉ែន រិកស៊ី បានឱ្យ​ដឹងថា​មាន​មូល​ហេតុ​មួយ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ញឹក​ញាប់​ជាងគេ​នោះ​គឺការ​ខូច​តម្រង នោម និងខូច​សរសៃ​ឈាម​របស់​ស្ដ្រី​ជាម្ដាយ។ ក្រៅពី​នេះនៅ​មាន​ហេតុ​ផល​មួយ​ចំនួន​ទៀត​ដូចត​ទៅ។

  • ស្ដ្រីជា​ម្ដាយ​មានកង្វះ​អាហា​រូបត្ថម្ភ ធ្វើការ​ហួស​កម្លាំង ការប៉ះ​ទង្គិច​នៅ​បរិវេណ​ផ្ទៃពោះ​ធ្ងន់ធ្ងរ​ជាដើម
  • អាច​បណ្ដាល​មកពី​ទារក​ផ្ទាល់ ដោយ​សារ​បញ្ហា​មិន​ប្រក្រតី​ណាមួយ​នៃការ​លូត​លាស់​របស់វា
  • អាច​បណ្ដាល​មកពី​សុក​របស់​ម្ដាយ​មិនមាន​លក្ខ​ខណ្ឌ​អនុ​គ្រោះ​ដល់ការ​លូត​លាស់​របស់​ទារក

រោគ​សញ្ញា​នៃការ​ស្លាប់​កូន​ក្នុងពោះ

គ្រប់​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងអស់​អាចធ្វើ​ការកត់​សម្គាល់​ដោយ​ខ្លួនឯង ដើម្បី​ឱ្យដឹង​ថា​ទារក​ក្នុងផ្ទៃ​នៅមាន​ជីវិត​ដែរឬ​ទេ។ ចំណុច​គន្លឹះ​សម្រាប់​សម្គាល់​មានដូច​ជា ៖

  • ទំហំ​នៃស្បូន ឬក៏​ផ្ទៃពោះ​មិនបាន​រីកធំ​សមទៅ​តាម​អាយុ​នៃគភ៌
  • ទំហំ​នៃស្បូន ឬក៏​ផ្ទៃពោះ​រួមតូច
  • ក្នុង​ករណី​ដែលគភ៌​មាន​អាយុពី​៥ខែ​ឡើងទៅ ទារក​នឹងមិន​បម្រះ​ទៀតទេ។
  • ក្នុង​ករណី​ដែលគភ៌​មាន​អាយុពី​៥ខែចុះ អាការ​ចាញ់កូន​ដែលមាន​ជា​ប្រចាំ​នោះនឹង​បាត់ទៅ​វិញ។ គ្រប់យ៉ាង​ត្រឡប់​មកដូច មនុស្ស​គ្មាន​ផ្ទៃពោះ។
  • ស្ដ្រីជា​ម្ដាយ​អាចធ្លាក់​ឈាម អស់​កម្លាំង​ល្ហិត​ល្ហៃ
  • ប្រសិន​បើការ​ស្លាប់​របស់​ទារក​ក្នុងរយៈ​ពេលយូរ​នៅក្នុង​ពោះ អាចធ្វើ​ឱ្យស្ដ្រី​មាន​អាការ​ក្ដៅខ្លួន​ស្រៀវ​ស្រាញ​ព្រោះ​ទារកក្នុងផ្ទៃ​ចាប់ផ្ដើម​ករោគ។

គេអាច​ដឹង​ច្បាស់ថា​ទារក​ក្នុង​ផ្ទៃ​មាន​ជីវិត ឬគ្មាន​យ៉ាង​ច្បាស់​លាស់ ដោយ​ការ​ពិនិត្យ​ឆ្លុះ​អេកូ​សាស្ដ្រ​ដែលអាច​រកមិន​ឃើញ ចលនា​បេះដូង​កូន​ឡើយ ចំណែក​ឯថង់​ទឹកភ្លោះ​ប្រែជា​ជ្រីវ​ជ្រួញ​លែង​មូលល្អ។

ផល​វិបាក​នៃការ​ស្លាប់​កូនក្នុង​ពោះ

បញ្ហា​គ្រោះថ្នាក់​គឺ​អាស្រ័យ​លើ​ករណី​នីមួយ​ៗនៃ​ការ​ស្លាប់​របស់​កូន។ ប្រសិន​បើកូន​ស្លាប់​ហើយ​ទឹកភ្លោះ​មិនទាន់​បែក​ឬមិន មានធ្លាក់​ឈាម​នោះ គ្មានអ្វី​គួរឱ្យ​ព្រួយ​បារម្ភ​ទេ។ ប៉ុន្ដែ​បើសិន​ជាទឹក​ភ្លោះបែក​ត្រូវ​ប្រញាប់​ទៅមន្ទីរ​ពេទ្យ​ព្រោះ​បើទុក​យូរអាច បណ្ដាល​ឱ្យឆ្លង​រោគ ឬធ្លាក់​ឈាម​ធ្ងន់ធ្ងរ​(ដោយ​ខូចខាត​កត្ដា​ឃាត់​ឈាម)​នាំឱ្យ​មានគ្រោះ​ថ្នាក់បាន។

ដំ​បូន្មាន​អ្នក​ជំនាញ

ដោយ​សារតែ​នៅពេល​មាន​ផ្ទៃពោះ​ស្ដ្រី​ងាយ​រងនូវ​កត្ដា​គ្រោះ​ថ្នាក់ជា​ច្រើននោះ ទើប​ស្ដ្រីត្រូវ​ចាំបាច់​ទៅ​ពិនិត្យ​ជា​ប្រចាំ។ នេះ ជា​សំណូម​ពរដ៏​ទទូច​របស់​ក្រសួង​សុខា​ភិបាល​ក៏ដូច​ជារាជ​រដ្ឋា​ភិបាល ដើម្បី​កាត់​បន្ថយ​អត្រា​មរណ​ភាព​មាតា។ ដូចនេះ​សូមស្ដ្រី​ទាំងអស់ លះបង់​ភាពខ្មាស​អៀន និងពេល​វេលា​បន្ដិច​បន្ដួច​ដើម្បី​សុវត្ថិ​ភាព​ខ្លួនឯង​ក៏ដូច​ជា​ទារក​ក្នុងផ្ទៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative