សូម​ថែរក្សា​សម្រស់ និង​សុខភាព​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ

ពេល​ចូល​ឆ្នាំថ្មី មិនថា​ជាតិ​សាសន៍​ណានោះ​ទេ គឺជា​ឱកាស​មួយ​សប្បាយ​រីករាយ​ជាទី​បំផុត។ សម្រាប់​ប្រទេស​កម្ពុជា​វិញ ក៏ដូច​គ្នាដែរ ជា​ពិសេស​យុវជន​យុវ​នារីព្រោះជា​ឱកាស​មួយ​សម្រាប់​ពួកគេ​ជួបជុំ​គ្នាលេង​កម្សាន្ដ​សប្បាយ​នូវល្បែង​ប្រជា​ប្រិយ​ផ្សេងៗ និងជួប​ជុំគ្នា​ដើរ​កម្សាន្ដ​នៅតាម​រមណីយ​ដ្ឋាន​នានា។ ទន្ទឹម​នឹងនេះលោកអ្នក​ក៏ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កត្ដា​គ្រោះថ្នាក់​ដែលអាច​កើត មានឡើង​ក្នុងពេល​សប្បាយ​រីករាយ​នោះ ដូចជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ សម្រស់ និង​សុខភាព​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាព​យើង សូម​លើកយក​បញ្ហា​មួយ​ចំនួន​មក​ជម្រាប​ជូន​ប្រិយ​មិត្ដអ្នក​អាន​ដើម្បី​ជាការ​ប្រុង​ប្រយ័ត្ន​និង រំលឹក​ស្មារតី​លោកអ្នក​ឱ្យមាន​ការ​ប្រុង​ប្រយ័ត្ន។

1 . សូម​ថែ​រក្សា​សុខភាព

មិនថា​នៅទី​ណា ពេល​វេលា​ណា​នោះទេ ការ​ជ្រើស​រើស​ចំណី​អាហារ​មក​ទទួល​ទានជា​ប្រការ​សំខាន់​ណាស់។ លោកអ្នក​ត្រូវ ទទួល​ទាន​អាហារ​ប្រកប​ដោយ​អនាម័យ និង​ចម្អិន​ឱ្យបាន​ឆ្អិនល្អ។ ក្នុង​ការទៅ​កម្សាន្ដ​នៅទី​ឆ្ងាយ​លោកអ្នក​គួរ​ជ្រើស​រើស​ចំណី​អាហារ ដែល​ចម្អិន​បានឆ្អិន​ល្អ។ ចៀស​វាង​ទទួល​ទាន​អាហារ​ត្រាំ​មួយ​ចំនួន ដូចជា​ស្វាយ​ត្រាំ​អំពិល​ត្រាំ​ជាដើម​ស្រប​ជាមួយ​រដូវ​នេះជា​រដូវ ក្ដៅផង ធ្វើឱ្យ​លោកអ្នក​ងាយនឹង​កើតជម្ងឺ​រាករូស​បាន​យ៉ាង​ងាយ។ នៅមុន​ពេលចាប់​កាន់​ចំណី​អាហារ​បរិភោគ កុំភ្លេច​លាង​សម្អាត ដៃទាំង​ពីរជា​មុនផង។ សូម​ពិសា​ទឹកស្អាត​ឱ្យបាន​គ្រប់គ្រាន់។

2 . សូម​ថែរក្សា​សម្ផស្ស​ស្បែក

សម្រាប់​បុរស​មិនជា​បញ្ហា​ចោទ​ប៉ុន្មាន​ឡើយ ប៉ុន្ដែ​សម្រាប់​យុវ​នារី​វិញជា​រឿង​សំខាន់​ណាស់។ មុន​ពេល​ចេញ​ដំណើរ​ទៅ កម្សាន្ដ​ទោះនៅ​ទីជិត ឬទី​ណាក្ដី​ក៏លោក​ស្រីអ្នក​នាងមិន​គួរភ្លេច​រឿង​ថែរក្សា​សម្ផស្ស​ស្បែក​នោះទេ។ ដោយ​សារ​រដូវនេះ​ជារដូវ​ក្ដៅ ផ្ទៃមុខ​របស់​លោកអ្នក​នាង​អាចនឹង​ជាំ ឬ​ឡើង​ក្រហម ឬចេញ​ជាជម្ងឺ​មុន​ផ្សេងៗ​បាន​ដោយ​ត្រូវ​កម្ដៅ​ថ្ងៃ។ ដូចនេះ​ដើម្បី​ចៀស​វាងនូវ ប្រការ​ទាំងនេះ មុន​ពេល​ចេញទៅ​ដើរ​កម្សាន្ដ លោកអ្នក​នាងត្រូវ​ជ្រើស​រើស​ប្រភេទ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​ត្រូវនឹង​ស្បែក​របស់ លោកអ្នក​មកលាប​លើស្បែក​មុខ ឬ​ស្បែក​ដងខ្លួន ដើម្បី​ការពារ​កុំឱ្យ​ស្បែក​ឡើងជាំ​និងមាន​ភាពជ្រីវ​ជ្រួញ។ លើស​ពីនេះ លោកស្រី អ្នកនាង​គប្បី​គ្រប​ដណ្ដប់​ស្បែកឱ្យ​បាន​ជិតៗ ដោយ​ពាក់អាវ​ដៃវែង​និងត្រូវ​មានមួក​ពាក់​សម្រាប់​ការពារ​កម្ដៅ​ថ្ងៃផង។ ក្នុងពេល​កំពុង ហត់​នឿយ លោកស្រី​អ្នកនាង​មិនគួរ​លុបលាង​ស្បែក​មុខភ្លាម​ៗឡើយ​ព្រោះ​អាចធ្វើ​ឱ្យផ្ទៃ​មុខឡើង​ក្រហម ឬជាំ​បាន។

3 . សូម​ប្រុង​ប្រយ័ត្ន​ក្នុងពេល​ធ្វើ​ដំណើរ ឬ​បើកបរ

ក្នុងរយៈ​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី មន្ដ្រី​រាជការ បុគ្គលិក​បម្រើ​ការនៅ​តាម​ស្ថាប័ន​នានា កម្មករ​និង​សិស្ស​និស្សិត​ត្រូវបាន​ឈប់ សម្រាក។ តាំងពី​មុនពេល​ថ្ងៃ​បុណ្យ​ប៉ុន្មាន​ថ្ងៃ ចរា​ចរណ៍​នៅតាម​ផ្លូវជាតិ​នានា​មាន​សភាព​មមា​ញឹក​ជាខ្លាំង​ព្រោះជា​ពេលដែល​គេ ធ្វើ​ដំណើរ​ចេញពី​ទីក្រុង ដើម្បី​ទៅដើរ​កម្សាន្ដ​នៅទី​រមណីយ​ដ្ឋាន​ឆ្ងាយៗ​ផង​និងជា​ពេលវេលា​ដែលបង​ប្អូនជន​រួមជាតិ​ខ្មែរត្រូវ​ចេញពី ទីក្រុង ដើម្បី​ត្រឡប់​ទៅជួប​ជុំញាតិ​មិត្ដ មាតា​បិតា និង​ក្រុម​គ្រួសារ​នៅតាម​បណ្ដា​ខេត្ដ​នានា។

ជារៀង​រាល់ឆ្នាំ គេតែង​សង្កេត​ឃើញ​មាន​គ្រោះ​ថ្នាក់​ចរា​ចរ​នៅលើ​ដងផ្លូវ​ក្នុង​កំឡុង​ពេលនេះ ជួន​គ្រោះថ្នាក់​ដល់​ជីវិត​ជួន របួស និង​ពិការ​មួយ​ជីវិត​ផងក៏​មាន។ ដើម្បី​ចៀស​វាងគ្រោះ​ថ្នាក់​ដែលកើត​ឡើង​ជាយ​ថាហេតុ​នោះ សូម​លោកអ្នក​ជា​ពិសេស​អ្នកបើក បរយាន​យន្ដ​ទាំងឡាយ សូម​មានការ​ប្រុង​ប្រយ័ត្ន។ ត្រូវ​ចេះអត់​ឱន​និង​យោគយល់​អធ្យា​ស្រ័យ​ឱ្យគ្នា​ទៅវិញ​ទៅមក ព្រោះ​គ្រោះថ្នាក់ ចរា​ចរណ៍​ច្រើន​បណ្ដាល​មកពី​ការ​បើកបរ​មិន​យោគ​យល់គ្នា​ផង និងត្រូវ​គោរព​ច្បាប់​ចរា​ចរណ៍​ផង។ សូមធ្វើ​ដំណើរ​ដោយ​សន្សឹមៗ សមដូច​ពាក្យ​ចាស់ថា ” សន្សឹមៗ​កុំបំបោរ ក្រែងពុំ​ដល់ដូច​ប្រាថ្នា ឬ“សូមកុំ​ពិសា​ស្រាក្នុង​ពេល​បើកបរ បើបើក​បរសូម​កុំពិ​សាស្រា។ ប្រសិន​បើលោក​អ្នកបើក​បរម៉ូតូ លោកអ្នក​មិនត្រូវ​ភ្លេចប្រើ​មួក​ការពារ​សុវត្ថិភាព​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . សូមប្រុង​ប្រយ័ត្ន​ក្នុងពេល​លេងល្បែង​កម្សាន្ដ

នៅក្នុង​ឱកាស​ជួបជុំ​គ្នានេះ ជា​ពិសេស​យុវជន​យុវនារី​នាំគ្នា​លេងល្បែង​ប្រជា​ប្រិយ​ក្រុមខ្លះ​ចូលចិត្ដ​រាំច្រៀង​យ៉ាង​សប្បាយ រីករាយ ដោយ​គ្មានចាស់​ទុំណា​ហាមឃាត់​ឡើយ។ នៅតាម​ភូមិស្រុក ឬតាម​ទីវត្ដ​អារាម​នានា​ពួកគេ​មិនមែន​លេង​សប្បាយ​តែបី​ថ្ងៃ ក្នុង​កំឡុង​បុណ្យ​ប៉ុណ្ណោះ​ទេ។ ពួកគេ​លេងនៅ​មុន និង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​បុណ្យ​ទៀត​ផង។ ក្នុង​ពេលលេង​ល្បែង​ទាំងនេះ មិត្ដ​យុវវ័យ ទាំង​ឡាយ​គួរគប្បី​ប្រកាន់​ខ្ជាប់​វិន័យ​របស់​ល្បែង​ឱ្យបាន​ខ្ជាប់ខ្ជួន ត្រូវ​មានការ​យោគ​យល់​គ្នា​និង​គោរព​គ្នាទៅ​វិញទៅ​មកតាម​លក្ខណៈ ប្រពៃ​ណី​ទើប​លទ្ធផល​នៃការ​កម្សាន្ដ​សប្បាយ​របស់​លោកអ្នក​មិនប្រែ​ក្លាយជា​សេចក្ដី​ទុក្ខ​បុក​ម្នេញ។

  • ល្បែង​ប៉ាត​ម្សៅ ល្បែងនេះ​មិត្ដ​យុវវ័យ​មិនគួរ​លេង​ឡើយ ព្រោះវា​មិនមាន​ផល​ចំណេញ​ឡើយ​ម្យ៉ាងវា​មិនមែន​ជា ល្បែង​ប្រជា​ប្រិយ​របស់​ខ្មែរ​យើង​ផង។ ផ្ទុយ​ទៅវិញ គេតែង​តែ​សង្កេត​ឃើញ​យុវតី​ត្រូវរង​ការកេង​ចំណេញ​ពីភាគី​ខាង​បុរស​ដោយ​ពេល ខ្លះបន្លំ​បេះ​ក្រវិល ជួនអាច​ក្លាយជា​រឿង​ទាស់ទែង​គ្នាផង​ក៏មាន។
  • ល្បែង​ជះទឹក ល្បែង​ប្រភេទ​នេះត្រូវ​បានហាម​ឃាត់ ព្រោះវា​ជាល្បែង​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់។ ការ​លេង​ប្រព្រឹត្ដ ទៅក្នុង​រូបភាព​ជះទឹក​ទៅលើ​អ្នកដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​យានយន្ដ​នៅលើ​ដងផ្លូវ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​មានអ្នក​ខ្លះគប់ ឬ​គ្រវែង ថង់ទឹក ជួនជា​ទឹក​កខ្វក់​ទៅលើ​អ្នក​កំពុង​ធ្វើ​ដំណើរ​ជួន​បង្កឱ្យ​មានគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​រហូត​ដល់​អាយុ​ជីវិត​ផងដែរ។

ដំបូន្មាន

ចូលឆ្នាំ​ជា​ឱកាស​មួយ​ដ៏​វិសេស​វិសាល​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប មិនថា​ក្មេង ឬចាស់។ សូម​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំងអស់ សប្បាយ​អបអរ​រីករាយ​ក្នុងឆ្នាំ​ថ្មី ជម្រះ​នូវ​មន្ទិល​សៅហ្មង​ទាំងឡាយ ដែលមាន​នៅក្នុង​ឆ្នាំចាស់​និង​ត្រៀម​ទទួល​យកភាព ជោគ​ជ័យ​នៅក្នុង​ឆ្នាំថ្មី​គ្រប់ៗ​គ្នា។ លោកអ្នក​មិនត្រូវ​ធ្វើឱ្យ​ការ​សប្បាយ​រីករាយ​ក្នុងពេល​នេះ​ប្រែ​ក្លាយជា​ភាព​អំពល់​ទុក្ខដល់់​ក្រុម គ្រួសារ​លោកអ្នក​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative