វិធី​ថែស្បែក​ដៃឱ្យ​ទន់

ដៃជា​អវយ​វៈ​សំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ។ ដោយ​សារតែ​ដៃមាន​តួនាទី​ក្នុងការ​កាន់ចាប់​របស់​របរ ឬធ្វើ​ការផ្សេងៗ នោះវា​អាចធ្វើ​ឱ្យដៃ​របស់​លោកអ្នក​មើលទៅ​មិនមាន​ភាពទន់​ស្រឡូន​និង​ស្រស់​ស្អាតទេ។ មាន​វិធី​ដទៃៗ​ពីគ្នា​ក្នុងការ​អនុវត្ដន៍ ដើម្បី​ធ្វើយ៉ាង​ណាឱ្យ​ដៃទាំង​ពីរមាន​ភាព​ស្រស់​ស្អាត។ តើមាន​វិធី​ថែទាំ​ណាខ្លះ​ដើម្បី​ធ្វើឱ្យ​ស្បែកដៃ​មាន​ភាពទន់ ស្រស់​ស្អាតនោះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​កញ្ញា ទូច សុគន្ធា​អ្នក​ជំនាញ​នៅហាង​រក្សា​សម្រស់​ម្កុដ​មាស​តារា​ពិភព​លោក​ដើម្បី​ធ្វើការ​បកស្រាយ​អំពី​វិធី​ថែរក្សា​ស្បែកដៃ​ឱ្យទន់​ជូន​ប្រិយមិត្ដ​អ្នកអាន​ទុកជា​ចំណេះ​ដឹងមួយ​សម្រាប់​យកមក​អនុ​វត្ដន៍។

មូលហេតុ​ធ្វើឱ្យ​ដៃមិន​ទន់​រលោង​ស្អាត

ដៃមិន​មានភាព​ទន់​រលោង​និងមិន​ស្រស់ស្អាត​នោះ បណ្ដាល​មកពី​ការងារ​ប្រចាំ​ថ្ងៃ​ជា​ពិសេស​កិច្ចការ​ផ្ទះ​សម្បែង​ដែល​ធ្ងន់ ៗ។ ស្ដ្រីងាយ​នឹងជួប​បញ្ហា​នេះច្រើន​ជាង​បុរស ព្រោះ​ស្ដ្រីភាគ​ច្រើនតែង​តែប៉ះ​ពាល់​ជាមួយ​សាប៊ូ​លាងចាន​និង​បោកខោ​អាវ​ស្ទើរ​រៀង​រាល់ថ្ងៃ។ កិច្ចការ​ទាំងនោះ​បណ្ដាល​ឱ្យដៃ​របស់​លោក​ស្រី​មាន​សភាព​ស្ងួត រឹង ក្រិន​និងមាន​ស្នាម​ប្រេះៗ​ទៀតផង។ លោកអ្នក​ភាគ ច្រើន ជា​ពិសេស​ស្ដ្រី​មេផ្ទះ​តែងតែ​គិតថា​ការធ្វើ​កិច្ចការ​ច្រើនចៀស​មិនផុត​ពីធ្វើ​ឱ្យស្បែក​ដៃគ្រើម​ឬមាន​បញ្ហា​នោះទេ។ ផ្ទុយ​ទៅវិញ បើ​លោកអ្នក​ថែទាំ​វាឱ្យ​បានល្អ​នោះដៃ​ទាំងពីរ​របស់​លោកអ្នក​ស្រស់​ស្អាត​ដូចអ្វី​ដែល​ប្រាថ្នា​អញ្ចឹង។

វិធី​ធ្វើឱ្យ​ដៃទន់​រលោង​ស្អាត

វាមិន​មានការ​លំបាក​នោះទេ ក្នុងការ​ថែរក្សា​ឱ្យស្បែក​ដៃមាន​ភាព​ទន់នោះ​តែអ្វី​ដែល​លោកអ្នក​គួរធ្វើ​នោះគឺ​ជ្រើស​រើស ផលិត​ផល​ប្រភេទ​ណាដែល​មាន​គុណ​ភាព និង​សម​ស្រប​ទៅតាម​ប្រភេទ​ស្បែក​របស់​ខ្លួន។

1 . ការ​ជ្រើស​រើស​ប្រភេទ​ឡេលាប ៖ ដើម្បី​ធ្វើឱ្យ​ដៃ​របស់​លោកអ្នក​ទន់ និង​ស្រស់​ស្អាត​នោះ​គួរតែ​មានការ​ជ្រើស​រើស​ប្រភេទ​ឡេលាប​ដែលមាន​ជាតិទឹក និង​វីតា​មីន​យកមក​ប្រើជា​ប្រចាំ​ថ្ងៃ​ដើម្បី​ឱ្យ​សារធាតុ​ទាំងនេះ​ជួយ​បំប៉ន​ស្បែក​ដៃឱ្យ​ទន់បាន​ល្អ។ លោកអ្នក​គួរលាប​ឱ្យបាន​២ដង​ក្នុងមួយ​ថ្ងៃនៅ​ពេល​ព្រឹក និងមុន​ពេលចូល​ដំណេក។

2 . ការ​ជ្រើស​រើស​សាប៊ូ​លាងដៃ សាប៊ូ​លាងដៃ​មាន​សារៈ​សំខាន់​សម្រាប់​ជួយធ្វើ​ឱ្យដៃ​ទន់​រលោង។ លោកអ្នក​គួរជ្រើស រើស​សាប៊ូ​ប្រភេទ​ទឹកដែល​មាន​ជាតិទឹក​ដោះគោ ដើម្បី​លាងដៃ​ក្រោយ​ពេលធ្វើ​ការងារ​ផ្សេងៗ​ជា​ពិសេស​ការងារ​ផ្ទះតែ​ម្ដង។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សូម​លោកអ្នក​ប្រុង​ប្រយ័ត្ន​បន្ដិច​ក្នុងការ​ជ្រើស​រើស​ប្រភេទ​ឡេ ឬ​សាប៊ូ​គ្រប់​ប្រភេទ​យកមក​ប្រើ​ប្រាស់។ គួរ​ជ្រើស​រើស​ផលិត​ផល​ដែល​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់ និង​កំណត់​ប្រភេទ​ឱ្យបាន​ត្រឹមត្រូវ ចៀស​វាង​ទិញ​របស់​ក្លែង​ក្លាយ​ដែលនាំ​ខាតបង់​ទាំង​ប្រាក់​កាស ហើយ​ថែមទាំង​មិនបាន​របស់​ល្អមក​ប្រើទៀត​ផង កុំឱ្យ​ដូចពាក្យ​ចាស់​មួយ​ឃ្លា​ពោលថា “ប្រាក់ក៏​បង់​ថង់ក៏​ដាច”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative