វិធី​តរោម​ចិញ្ចើម

នៅលើ​រង្វង់​ភ្នែក​ទាំង​គូ​របស់​មនុស្ស រោម​ចិញ្ចើម​ពណ៌​ខ្មៅ​កោង​ដូចដង​ធ្នូ​ជា​ចំណែក​មួយ​ដែល​ជួយឱ្យ​សម្រស់​កែវភ្នែក​និង ផ្ទៃមុខ​រឹងរឹត​មាន​សោភ័ណ​គួរ​ជាទី​គយគន់​និង​ទាក់​ទាញ​បំផុត។ ដោយ​រោម​ចិញ្ចើម​មាន​តួនាទី​សំខាន់​សម្រាប់​សម្រស់​ផ្ទៃមុខ ទើប សុភាព​នារី​មាន​រោម​ចិញ្ចើម​តិច ឬរោម​ចិញ្ចើម​ស្ដើង តែងតែ​ស្វែងរក​សេវា​កម្ម​តរោម​ចិញ្ចើម​ដើម្បី​បន្ថែម​សម្រស់​របស់​ខ្លួន។ តើ​ផ្នែក កែ​សម្ផស្ស​អាចត​រោម​ចិញ្ចើម​បាន​យ៉ាង​ដូចម្ដេច?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ស្រី ងិន ម៉ានី​យ៉ា នាយិកា​មជ្ឈ​មណ្ឌល​ថែរក្សា​សម្ផស្ស​សូហ្វី​យ៉ា​ជួយ​បកស្រាយ​អំពី​វិធីត​រោម​ចិញ្ចើម​ជូន​លោកស្រី​អ្នកនាង​កញ្ញា​ឱ្យបាន​ជ្រាប តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ហេតុ​អ្វីត្រូវ​តរោម​ចិញ្ចើម?

រោម​ចិញ្ចើម​មាន​លក្ខណៈ​មិនដូច​គ្នាទេ។ លោក​ស្រីអ្នក​នាង​កញ្ញា​ខ្លះមាន​រោម​ចិញ្ចើម​ក្រាស់ពី​ធម្មជាតិ​ដោយ​មិន​ចាំបាច់​ប្រើ​ផលិត​ផល​ជំនួយ​អ្វី​ឡើយ។ អ្នកខ្លះ​ទៀត​បែរជា​មាន​រោម​ចិញ្ចើម​ស្ដើង ជួន​កាល​ស្ទើរតែ​គ្មានតែ​ម្ដងទៀត​ផង​នេះ​ហើយជា​មូល​ហេតុ​ធ្វើ ឱ្យអ្នក​ទាំងនោះ​ជ្រើស​រើស​វិធី​តរោម​ចិញ្ចើម​ដើម្បី​បាន​រោម​ចិញ្ចើម​ក្រាស់ ហើយ​វែង​ជាង​មុន។ ម្យ៉ាង​ទៀត​ដោយសារ​មិត្ដ​នារី​ខ្លះកោរ រោម​ចិញ្ចើម​អស់ ហើយ​ការដុះ​លូត​លាស់​ជាថ្មី​ប្រើ​រយៈ​ពេល​យូរ​ទើប​សម្រេច​ចិត្ដ​តរោម​ចិញ្ចើម​ក៏មាន​ដែរ។

វិធី​តរោម​ចិញ្ចើម

រោម​ចិញ្ចើម​ដែល​ត្រូវ​តមាន​៣​ប្រភេទ តម្រូវ​ទៅតាម​រោម​ចិញ្ចើម​ដែល​ចង់បាន​ឬ​ធម្មជាតិ។ រោម​ចិញ្ចើម​លេខ១​មាន​សរសៃ​រាងធំ​ហើយ​ខ្មៅ រោម​ចិញ្ចើម​ប្រភេទ​លេខ២​មាន​សរសៃ​តូចល្មម និង​ពណ៌​មិនសូវ​ខ្មៅ​ឡើយ​លេខ៣​ជា​សរសៃ​ឆ្មារ​ស្ដើង​ហើយ​ខ្លី។ ប៉ុន្ដែ​ភាគច្រើន​និយម​តរោម​ចិញ្ចើម​ប្រភេទ​ទី៣ ព្រោះ​មាន​សរសៃ​ឆ្មារ​ងាយ​ស្រួល​ក្នុង​ការត និង​នៅពេល​តរួច​ស្អាត​ព្រមទាំង​មាន ភាព​សមរម្យ​ជាមួយ​ទម្រង់​ចិញ្ចើម​កំណើត។ ចំពោះ​បច្ចេស​ទេស​ក្នុងការ​តរោម​ចិញ្ចើម​មុន​ដំបូង​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើស​រើស ប្រភេទ​រោម​ចិញ្ចើម​មួយ​ណាក៏​បានដែរ ឱ្យតែ​សក្ដិ​សម​យកមក​លាប​ជាមួយ​ជ័រ​ស្អិត​រួច​សូមយក​ទៅភ្ជាប់​ជាមួយ​រោម​ចិញ្ចើម​ពី​កំណើត ទៅតាម​ទំហំ​ដែល​ត្រូវការ។ រោម​ចិញ្ចើម​ដែលត​មិនអាច​ជាប់​រហូត​នោះទេ​គឺបាន​តែមួយ​រយៈ​ប៉ុណ្ណោះ ហើយ​ជ្រុះទៅ​វិញម្ដង​បន្ដិចៗ។

ផល​ប្រយោជន៍​នៃការ​តរោម​ចិញ្ចើម

ជា​ធម្មតា​នៅពេល​តភ្ជាប់​រួចរាល់ ធ្វើឱ្យ​មាន​រោម​ចិញ្ចើម​ក្រាស់​ជាងមុន ងាយ​ស្រួល​ក្នុងការ​តុបតែង។ ម្យ៉ាង​ទៀត​វាអាច ជួយ​លើក​សម្រស់​ស្រស់​ស្អាតបាន​មួយ​កម្រិត និងក្មេង​ជាងវ័យ ពិសេស​គឺជា​ការផ្លាស់​ប្ដូរ​ទម្រង់​ចិញ្ចើម​ឬប្លែក​ជាងពី​មុនដោយ​សារការ ច្នៃ​ប្រឌិត។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

រោម​ចិញ្ចើម​ចៀស​មិនផុត​ឡើយ​នូវការ​ប៉ះទង្គិច​នៅពេល​តុបតែង។ ហេតុ​ដូចនេះ​លោក​ស្រីអ្នក​នាង​កញ្ញា​មិនត្រូវ​គូស​ចិញ្ចើម​ញឹក​ញាប់​ពេកទេ ព្រោះ​ធ្វើឱ្យ​រោម​ចិញ្ចើម​ងាយ​ជ្រុះ។ លោក​ស្រីអ្នក​នាង​កញ្ញា​គួរប្រើ​ផលិត​ផល​ជំនួយ​បន្ថែម​ដើម្បី​ថែរក្សា​មិន​ឱ្យជ្រុះ និងថែ​រោម​ចិញ្ចើម​ខ្មៅ ហើយ​ក្រាស់​ខុសពី​ចិញ្ចើម​កំណើត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative