កូនខ្ញុំ​ទាប​ជ្រុល

ការ​លូតលាស់​របស់​បុត្រ​ធីតា គួរតែ​ត្រូវ​ទទួល​ការតាម​ដាន និង​យកចិត្ដ​ទុកដាក់​ទើបជា​ការល្អ។ ព្រោះវា​អាច​មាន​វិបត្ដិ​បង្ក ជា​បញ្ហា​ដល់រូប​រាង​កាយ​តិចតួច ឬធំ​ដុំ។ ពេល​កំពុង​លូត​លាស់ កុមារ​មាន​បញ្ហា​អ្វីកើត​ឡើងខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដំណាក់​កាល​ដែល​បុត្រ​ធីតា​មានការ​លូត​លាស់

មាន​ដំណាក់​កាល​លូត​លាស់​ពេញ​លេញ​ពីរ​លើក គឺកើត​មានពី​ពេល​ប្រសូត​ដល់​អាយុ​បាន៣​ឆ្នាំ​និង​ពេល​ពេញ​វ័យ​(ជំទង់)។ ដូចគ្នា​នឹងការ​តាមដាន​ទម្ងន់​និង​ទំហំ​លលា​ដ៏ក្បាល​ដែរ កម្ពស់​ក៏ត្រូវ​បាន​តាមដាន​តាម​រយៈ​គំនូស​ខ្សែកោង​ឬ​ក្រាហ្វិក​ដែរ។ នៅក្នុង​កូន សៀវ​ភៅ​សុខភាព​ពណ៌​លឿង​សម្រាប់​តាមដាន​ការលូត​លាស់​របស់​កុមារ មាន​គំនូស​ខ្សែកោង​ទម្ងន់​និង​កម្ពស់​សម្រាប់​កុមារ​ខ្មែរ។ គ្រូ ពេទ្យ​ឯកទេស​ជម្ងឺ​កុមារ ប្រើប្រាស់​កូន​សៀវ​ភៅ​សុខភាព​នេះ​សម្រាប់​គូស​វាស​ខ្សែ​កោង​រាល់ពេល​ពិនិត្យ​សុខភាព ប្រយោជន៍​ផ្ទៀង ផ្ទាត់​ការ​លូតលាស់​របស់​កុមារ​ពីមួយ​ខែទៅ​មួយខែ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

មូល​ហេតុ​ដែល​បណ្ដាល​ឱ្យកុមារ​ទាប

កម្ពស់​ទាប​របស់​កុមារ​អាច​បណ្ដាល​មកពី​បញ្ហា​ផ្សំផ្គុំ​សព៌ាង្គ​កាយ បញ្ហា​មុខងារ​សរីរាង្គ បញ្ហា​បរិស្ថាន​និង​បញ្ហា​ស្ថាន​ភាព ជីវិត​ជាដើម។ កុមារ​ម្នាក់​ដែល​បរិភោគ​មិន​គ្រប់​គ្រាន់ បរិមាណ​តិចតួច​ជ្រុល មិនអាច​ដក​កម្ពស់​បានល្អ​ឡើយ។ កត្ដា​ផ្លូវ​ចិត្ដ ក៏អាច​ជា បញ្ហា​ដែរ។ ភាព​កង្វះ​ការ​ស្រឡាញ់ថ្នាក់ថ្នម ក៏អាច​បង្កភាព​យឺតយ៉ាវ​ខាងការ​ដក​កម្ពស់​ដែរ ។ករណី​យឺត​យ៉ាវ​ភាគច្រើន​ជាការ​លូត លាស់​ដែល​មានភាព​ចាស់ទុំ ឬលែង​លូតលាស់​ទៀត។ដូច្នេះ​គប្បី​វាយ​តម្លៃ​ការ​បញ្ចេញ​ជាតិ​អ័រម៉ូន​លូតលាស់​ ប្រយោជន៍​ដឹងកង្វះ​អ័រ ម៉ូន។  ម្យ៉ាង​ទៀត​ជម្ងឺ​ប្រដាប់​រំលាយ​អាហារ​(ជម្ងឺ​ពោះវៀន​ធំ)​អាចបង្ក​ឱ្យកម្ពស់​របស់​កុមារ​ទាបបាន​ដែរ។ ក្រៅ​ពីនេះ មាន​ជម្ងឺ​ផ្សេង ទៀត​ដែល​បង្ក​ផល​ប៉ះពាល់​ដល់ការ​យឺតយ៉ាវ​ក្នុងការ​ដក​កម្ពស់ ដូចជា​ជម្ងឺ​ក្រពេញ​ទីរ៉ូ​អ៊ីដ​ជម្ងឺ​ឆ្អឹង​ពេល​លូតលាស់ ជម្ងឺ​សេនេ​ទិកជា ដើម។

ការ​លូត​លាស់ និងការ​ដក​កម្ពស់​ពាក់ព័ន្ធ​ទៅនឹង​ពូជ​ពង្ស ឪពុក​ម្ដាយ និង​ជីដូន​ជីតា​ផងដែរ​មាន​ន័យថា​បើ​ឪពុក​ម្ដាយ​ទាប កូន​ចំនួន​មួយភាគ​បី​ប៉ុណ្ណោះ​មាន​សំណាង​ខ្ពស់។ ចង់​និយាយ​ថាការ​លូត​លាស់ ឬការ​ដក​កម្ពស់​របស់​កុមារ​ជួន​ផ្អែក​ទៅលើ​កត្ដា​ធម្មជាតិ ទាំង​ស្រុង។ ចំពោះ​កុមារ​ដែល​កើត​មកមាន​កម្ពស់​ទាប​ឬតូច​ជា​ករណី​យឺតយ៉ាវ​នៃការ​លូតលាស់​នៅក្នុង​ស្បូន ឬពី​កំណើត។

មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កុមារ​ខ្ពស់​ជ្រុល

តាម​ធម្មតា​ក្មេង​ប្រុស​មិន​លូតលាស់​កម្ពស់​ហួសពី ១,៩៥ ម៉ែត្រ​(១៩៥ សង់ទី​ម៉ែត្រ) រីឯ​ក្មេងស្រី​មិនលើស​ពី​១,៨៥​ម៉ែត្រ (១៨៥ សង់ទី​ម៉ែត្រ)​នោះទេ។ បើការ​ប៉ាន់​ស្មាន ឬក៏​ក្មេងនោះ​អាចមាន​កម្ពស់​លើសពី​នេះនៅ​ពេល​ពេញ​វ័យ​មាន​ន័យថា​កុមារ​នេះ មាន​កម្ពស់​ខ្ពស់ខុស​ប្រក្រតី​ហើយ។ ការដក​កម្ពស់​ខ្ពស់​ជ្រុល​ជា​ទូទៅ​បណ្ដាល​មកពី​រោគដុំ​សាច់​ក្រពេញ​អ៊ីប៉ូ​ភីស ដែលមាន​បញ្ចេញ​ជាតិ អ័រម៉ូន​លូត​លាស់​ច្រើន​ជ្រុល។

កុមារ​ឈឺចាប់​ឆ្អឹងឆ្អែង​ញឹក​ញាប់​នៅ​ដំណាក់​កាលដក​កម្ពស់

កុមារ​មាន​អាការ​ឈឺចាប់​ឆ្អឹងឆ្អែង​ចំនួន​ពីរ​លើក ក្នុងវ័យ​លូតលាស់​ធំធាត់​របស់​ខ្លួនគឺ ៖

  • វ័យ​ប្រមាណ​ជា៧​ទៅ៨​ឆ្នាំ ដែលជា​រយៈ​ពេល​ឆ្អឹង​ពង្រឹង​ខ្លួន
  • វ័យ​ប្រមាណ​ជា១៣​ទៅ១៥​ឆ្នាំ ជា​ដំណាក់​កាលចុង​ក្រោយ​នៃការ​លូតលាស់​ធំធាត់ ហើយជា​ពេល​ដែល​ឆ្អឹង​និង​គ្រោង​ឆ្អឹង​ចាស់ទុំ លែង​មានការ​លូត​លាស់។

កន្លែង​ដែល​ទទួល​រងការ​ឈឺចាប់​ញឹក​ញាប់​ជាងគេ គឺតំបន់​ទ្រដង​ខ្លួន ដូចជា​ជើង ក្បាល​ជង្គង់ កែង​ជើង​ខ្នងជា​ដើម។ អាការ ឈឺនេះ អាច​បំបាត់​ដោយឱ្យ​កុមារ​ញ៉ាំ​អាហារ ឬថ្នាំ​ដែលមាន​ជាតិ​កាល់​ស្យូម ម៉ាញ៉េ​ស្យូម និង​វីតា​មីនសេ​ជា​ប្រចាំ និងឱ្យ​បានទៀង ទាត់។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative