គ្រោះរាំង​ស្ងួត​សម្លាប់​មនុស្ស បំផ្លាញ​សេដ្ឋ​កិច្ច​ជាតិ

ប្រជា​ពលរដ្ឋ​នៅលើ​ពិភព​លោក​រួមទាំង​កម្ពុជា​ផង ជារឿយ​ៗតែង​តែជួប​ប្រទះ​នូវគ្រោះ​ធម្មជាតិ​ដែលមាន​ទាំង​ទ្រង់​ទ្រាយតូច​ទាំងធំ ដោយ​ក្នុងនោះ​ក៏មាន​គ្រោះរាំង​ស្ងួត​ផងដែរ។ គ្រោះ​រាំងស្ងួត​ជា​បច្ច័យ​មិនល្អ​មួយ​សម្រាប់​ជីវភាព​ពលរដ្ឋ​សម្រាប់​សេដ្ឋកិច្ច ជាតិ។ តាមការ​សង្កេត​ឃើញថា ភាពរាំង​ស្ងួត​បង្កពី​ការកើន​កម្ដៅ​នៅលើ​ផែនដី​ដែល​បណ្ដ្កល​មកពី​ផលប៉ះ​ពាល់នៃ​ផ្ទះកញ្ចក់ ភាព​ស្ដើង នៃ​ស្រទាប់​អូហ្សូន ហើយ​ក៏ពាក់​ព័ន្ធនឹង​ការរីក​ចម្រើន​នៃឧស្សា​ហកម្ម​និងការ​រេច​រឹលនៃ​ព្រៃឈើ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើងលេខនេះ​សូម​លើកយក​ពីបញ្ហា​គ្រោះរាំង​ស្ងួតជូន​ប្រិយមិត្ដ​ស្វែងយល់​តាម​រយៈបទ​សម្ភាសន៍​ជាមួយ​លោក ស៊ឹម គង់ ប្រធាន​អភិវឌ្ឍ​កម្មវិធី​នៃអង្គ​ការម្លប់​បៃតង។

គ្រោះ​រាំង​ស្ងួត

គ្រោះរាំង​ស្ងួតគឺ​ជាគ្រោះ​ធម្ម​ជាតិមួយ​ប្រភេទ ឬជា​អព្ភូត​ហេតុ​ដែល​ប្រាសចាក​ពី​ប្រក្រ​តីភាព​នៃរដូវ​វស្សា និងរដូវ​ប្រាំង។ ដំណើរ​ខុស​ប្រក្រតី​នៃរដូវ​នៅ​ប្រទេស​កម្ពុជា​យើង គេ​សង្កេត​ឃើញថា​រដូវធំ​ៗទាំង​ពីរនេះ​មានការ​ប្រែប្រួល។ ពោល​គឺរដូវ​វស្សា​ឬរដូវ ភ្លៀង​ធ្លាក់​មាន​រយៈពេល​ខ្លី ហើយ​រដូវ​ប្រាំង​មានរយៈ​ពេលវែង​ជាង​ធម្មតា។ ទាំងនេះ​ធ្វើឱ្យ​មនុស្ស សត្វ​និង​ធម្មជាតិ​ទទួល​បាន​អាកាស ធាតុ​ក្ដៅយូរ បឹងបួរ ស្ទឹង ព្រែក​រីងរាក់ ដី​បាត់បង់​សំណើម ប្រេះ​ក្រហែង​ជាដើម។ ទាំងនេះ​ហៅថា​គ្រោះរាំង​ស្ងួត។

មូល​ហេតុ​គ្រោះរាំង​ស្ងួត

មាន​ហេតុផល​សំខាន់ៗ​ពីរដែល​ជាផ្នែក​បង្កឱ្យ​អាកាស​ធាតុ​មានការ​ប្រែប្រួល ហើយក៏​ជាឫស​គល់ធ្វើ​ឱ្យមាន​គ្រោះរាំង​ស្ងួត គឺ​ការរីក​ចម្រើន​ផ្នែក​ឧស្សាហ​កម្ម  និងការ​ហិនហោច​ទៅនៃ​ព្រៃឈើ។

1 . ឧស្សា​ហកម្ម ៖ បច្ចុប្បន្ន​នៅពុំ​ទាន់មាន​ការទប់​ស្កាត់ណា​មួយដែល​មាន​ប្រសិទ្ធ​ភាពនៅ​ឡើយទេ​លើការ​បំភាយ​ឧស្ម័ន​(ប្រភេទ​ឧស្ម័ន​ពុល) និង​ឧស្ម័ន​កាបូនិច​ពី​បណ្ដា​រោងចក្រ​ផ្សេងៗ។ ប្រភេទ​ឧស្ម័ន​មួយ​ចំនួន​ធ្វើឱ្យ​ស្រទាប់​អូហ្សូន​ដែលជួយ​ទប់ស្កាត់ កាំរស្មី​ពណ៌​ស្វាយ(​កម្ដៅ)​ពី​ព្រះអាទិត្យ​កាន់តែ​ស្ដើង ឬធ្លាយ។ ដូច្នេះ​កម្ដៅ​ព្រះអាទិត្យ​ដែលជះ​មកលើ​ផែនដី​ពុំមាន​អ្វីជួយ​កាត់បន្ថយ នោះទេ ហើយក៏​ធ្វើឱ្យ​បរិយា​កាស​ផែនដី​កើនកម្ដៅ​រៀងរាល់​ថ្ងៃ។ ភ្នាក់ងារ​បំពុល​និងធ្វើ​ឱ្យខូច​ស្រទាប់​អូហ្សូន​ត្រូវបាន​គេរក​ឃើញថា មានរាប់​រយ​ប្រភេទ​នៅក្នុង​បរិយា​កាស ក្នុងនោះ​មានដូច​ជា​កាបូន​អុកស៊ីត​កាបូន​ម៉ូណូ​អុកស៊ីត​កាបូន​ឌីអុក​ស៊ីត ឬឧស្ម័ន​កាបូនិច ស្ពាន់ ធ័រអុក​ស៊ីត ស្ពាន់ធ័រ​ឌីអុក​ស៊ីត ស្ពាន់ធ័រ​ទ្រីអុក​ស៊ីត អាសូត​អុកស៊ីត​អាសូត​ម៉ូណូ​អុកស៊ីត អាសូត​ឌីអុក​ស៊ីត ឌីអា​សូតម៉ូ​ណូអុក​ស៊ីត មេតាន បង់សែន ក្លរ៉ូ​ភ្លុយអ​រ៉ូកាបូន។ល។ ប្រភព​ដែលនាំ​ឱ្យមាន​ឧស្ម័ន​ទាំងនេះ​មានដូច​ជា ៖

  • ឧស្សា​ហកម្ម​ទាំងខ្នាត​តូចទាំង​ខ្នាតធំ ពោលគឺ​ចំហេះ​ឥន្ទនៈ​ផូស៊ីល​(ធ្យូងថ្ម ប្រេង)​នៅក្នុង​រថយន្ដ រោងចក្រ​ទោចក្រ​យានយន្ដ​យន្ដហោះ​ជាដើម ដែល​ករណី​នេះកើត​មានជា​និរន្ដរ៍​រាល់ថ្ងៃ​ស្ទើរ​គ្រប់ទី​កន្លែង
  • ផ្សែង​ដែលមាន​ឧស្ម័ន​ពុលផ្សេង​ទៀតដូច​ជា ការដុត​អុស ដុត​ព្រៃឈើ ការដុត​វាលស្មៅ​ការប្រើ​អាវុធ​យុទ្ធ​ភណ្ឌ​ក្នុង សង្គ្រាម​បន្ទុះ​ភ្នំភ្លើង ដែល​ករណី​ទាំងនេះ​អាចកើត​មានម្ដ​ងម្កាល
  • ការ​ប្រើប្រាស់​ទូទឹក​កក ម៉ាស៊ីន​ត្រជាក់ ជីគីមី​ក្នុងផ្នែក​កសិកម្ម កាក​សំណល់​សម្រាម​ជាដើម។

2 . ការបាត់​បង់ព្រៃ​ឈើ ៖ ព្រៃឈើ​វាជួយ​ស្រូបយក​កម្ដៅ​ព្រះអាទិត្យ ដែលធ្វើ​ឱ្យ​អាកាស​ធាតុលើ​ផែនដី​មានលំ​នឹង​ត្រជាក់​ជានិច្ច និងបង្ក​ឱ្យមាន​ភ្លៀងធ្លាក់​ទៀងទាត់។ ព្រៃឈើ​ជួយស្រូប​យកឧស្ម័ន​កាបូនិច​ដែលជា​ឧស្ម័ន​បំពុល​មនុស្ស សត្វ​និង​បរិយា​កាស។ ដូច្នេះ​បើ​ព្រៃឈើ​បាត់បង់​ទៅកាន់​តែច្រើន នោះភាព​ត្រជាក់​ក៏បាត់​បង់ ទឹកភ្លៀង​ក៏ធ្លាក់​មិនទៀង​ទាត់រដូវ​ឧស្ម័ន​ពុលក៏​កើនឡើង​កាន់ តែច្រើន​ក្នុង​បរិយា​កាស។ នេះជា​ហេតុ​បង្កមួយ​ចំណែក​ទៀតដែល​ធ្វើឱ្យ​គ្រោះរាំង​ស្ងួតចាប់​ផ្ដើមកើត​ឡើង។​ការ​បាត់បង់​ព្រៃឈើ​នេះ សំដៅ​ទៅលើ​វិនាស​កម្ម​នៅលើ​ពិភព​លោក​ទាំងមូល។ ប៉ុន្ដែ​តំបន់​ណា​ដែលមាន​ការ​បាត់បង់​កាន់តែ​ច្រើន​តំបន់​នោះក៏​កាន់តែ​ងាយនឹង​ទទួល​រងនូវ​គ្រោះ​រាំងស្ងួត​នេះដែរ។

ផល​ប៉ះពាល់​នៃគ្រោះ​រាំងស្ងួត

គ្រោះ​ធម្មជាតិ​មិនដែល​ផ្ដល់​ផលល្អ​ឡើយ​សម្រាប់​មនុស្ស សត្វ និង​បរិស្ថាន​គ្រាន់តែ​ថាផល​ប៉ះពាល់​នោះវា​កើតឡើង​ទៅតាម​ប្រភេទ​គ្រោះ​ធម្មជាតិ។ ក្នុងនោះ​គ្រោះ​រាំងស្ងួត​នឹង​បង្ក​បញ្ហា​ដូចជា ៖

  • ដីបែក​ក្រហែង ខ្វះទឹក ដែល​ប៉ះពាល់​ដល់ការ​ធ្វើ​កសិកម្ម ដូចជា​ស្រូវ ដំណាំ​ផ្សេងៗ​ជាដើម
  • អាច​បាត់បង់ ឬកាន់​តែថយ​បរិមាណ​ពពួក​មច្ឆជាតិ​តាមបឹង ត្រញំង ស្ទឹង ព្រែក ព្រោះ​ទឹករាក់ ឬរីង
  • រុក្ខជាតិ​ក្រៀម​ស្វិត ឬងាប់ បាត់បង់​ចំណី​សត្វ​ពាហនៈ បាត់បង់​ជម្រក​សត្វព្រៃ និង​សត្វព្រៃ​គ្រប់​ប្រភេទ
  • បង្កឱ្យ​មានជម្ងឺ​ផ្សេងៗ និងអាច​បណ្ដាល​ឱ្យ​មនុស្ស​សត្វស្លាប់​បាន
  • ងាយ​កើតឡើង​អគ្គីភ័យ​ទាំង​លំនៅ​ដ្ឋាន ព្រៃ​ឈើ និងព្រៃ​ដំណាំ​ចម្ការ​ផ្សេងទៀត
  • អាច​រលាយ​ដុំ​ទឹកកក​នៅតំបន់​ប៉ូល និងអាច​បណ្ដាល​ឱ្យមាន​គ្រោះទឹក​ជំនន់​យ៉ាង​គំហុក​ផងដែរ

សរុប​មកភាព​រាំងស្ងួត​បាន​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិជា​ប្រព័ន្ធ និង​បណ្ដាល​ឱ្យប៉ះ​ពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​សេដ្ឋកិច្ច​ប្រជា​ពល- រដ្ឋ និងជាតិ។ ប្រជា​ពលរដ្ឋ​នឹងជួប​នូវភាព​ក្រីក្រ ដែលជា​ឧបសគ្គ​នៃការ​អភិវឌ្ឍន៍។

ការ​បង្ការ​គ្រោះ​រាំងស្ងួត

ប្រការ​សំខាន់​នោះគឺ​រួមគ្នា​ទប់ស្កាត់​មូល​ហេតុ​ដែលបង្ក​ឡើង។

  • ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តាមគ្រប់​រូបភាព ការពារ​ព្រៃឈើ និងធ្វើ​ការដាំ​ដុះឡើង​វិញ​ដើម្បី​រក្សា​លំនឹង​បរិស្ថាន
  • កាត់​បន្ថយ​ការ​ប្រើប្រាស់​យានយន្ដ និងប្រើ​ថាមពល​កើតឡើង​វិញបាន​ជំនួស​ការប្រើ​ចំហេះ​ឥន្ទនៈ​ផូស៊ីល
  • ពង្រឹង​វិស័យ​ច្បាប់ឱ្យ​បានតឹង​រ៉ឹង។

ដំបូន្មាន​អ្នក​ប្រឹក្សា

គ្រោះរាំង​ស្ងួត​បង្ក​ផល​លំបាក​ច្រើន​ណាស់​សម្រាប់​គ្រប់​សង្គម​ជាតិ ពិ​សេសស​ង្គម​ជាតិ​ដែល​ជួប​ប្រទះ​ផ្ទាល់។ ដូច្នេះ​ភារៈនេះ​មិន មែនជា​បន្ទុក​របស់​ជាតិ​សាសន៍​ណាមួយ​ដាច់ដោយ​ឡែកនោះ​ទេ យើងត្រូវ​តែជួយ​គ្នាតាម​កាលៈ​ទេសៈ​និងតាម​លទ្ធភាព។ មន​សិការ នេះសំខាន់​ណាស់ ដើម្បី​រួម​ចំណែក​ទប់ស្កាត់​កុំឱ្យ​មានគ្រោះ​រាំងស្ងួត​កើត​ឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative