អត្រា​គ្រោះថ្នាក់​ចរាចរ​កើន​ឡើង​ខ្ពស់នៅ​ឆ្នាំ២០០៧

ក្នុងឆ្នាំ​២០០៧ នៅ​ទូទាំង​ប្រទេស​មានគ្រោះ​ថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​៦.០៥៣​ករណី​បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់​ចំនួន​១.៥១១​នាក់ របួស​ធ្ងន់​ចំនួន​៥.៣៥១​នាក់ និង​របួស​ស្រាល​ចំនួន​៥.៣៦៨​នាក់។ បើគិត​ជា​មធ្យម​ភាគក្នុង​មួយថ្ងៃ​មាន​មនុស្ស​ស្លាប់ លើសពី​៤នាក់ និងរង​របួស​ប្រមាណ​ជា៣០​នាក់។ បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០០៦​មានការ​កើនឡើង​គួរឱ្យ​ព្រួយ​បារម្ភ​ដោយ​នៅឆ្នាំ ២០០៦ មានអ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ចំនួន​តែ១.២៩២​នាក់​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើន​ឡើង

តាមការ​កត់ត្រា​របស់​ក្រសួង​សាធា​រណ​ការបាន​បង្ហាញ​ឱ្យឃើញ​ថា គ្រោះថ្នាក់​ចរា​ចរនៅ​ប្រទេស​កម្ពុជា​មានការ​កើនឡើង ចាប់តាំង​ពីឆ្នាំ​២០០០​មកម្ល៉េះ។

  • ឆ្នាំ​២០០០ មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន​២.៩៥១​លើក បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់​ចំនួន​៤០១​នាក់​
  • នៅឆ្នាំ​២០០១ មាន​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​២.៦៩៩​លើក បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់​ចំនួន​៤៥៩​នាក់
  • នៅឆ្នាំ​២០០២ មាន​គ្រោះថ្នាក់​ចរា​ចរ​កើត​ឡើង​ចំនួន​៣.៣​៣៥​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៥៣៥​នាក់​
  • នៅឆ្នាំ​២០០៣ មាន​គ្រោះថ្នាក់​ចរា​ចរ​កើត​ឡើង​ចំនួន​៣.៧៦០​លើក​បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់​ចំនួន​៨២៤​នាក់
  • នៅឆ្នាំ​២០០៤ មាន​គ្រោះ​ថ្នាក់​ចរា​ចរ​កើត​ឡើង​ចំនួន៤.២៥៥​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​១.០៤២​នាក់​
  • នៅឆ្នាំ​២០០៥ មាន​គ្រោះថ្នាក់​ចរា​ចរ​កើត​ឡើង​ចំនួន​៣.៩៥៧​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៩០៤​នាក់​
  • នៅឆ្នាំ​២០០៦ មាន​គ្រោះថ្នាក់​ចរាចរ​ចំនួន​៤.៩២៧​លើក បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់​ចំនួន​១.១៥៧​នាក់​
  • នៅឆ្នាំ​២០០៧ មាន​គ្រោះថ្នាក់​ចរាចរ​ចំនួន​៦.០៥៣​ករណី បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់​ចំនួន​១.៥១១​នាក់។

ស្រប​ពេល​ដែលមាន​ការកើន​ឡើងនូវ​ចំនួន​គ្រោះថ្នាក់​ចរាចរ ចំនួន​យាន​យន្ដ​ដែល​កំពុង​ធ្វើ​ចរាចរ​ក៏មាន​ការកើន​ឡើង​យ៉ាង ខ្លាំង​ដែរ។ នៅក្នុង​ឆ្នាំ២០​០៧កន្លង​ទៅនេះ យានយន្ដ​កើនថ្មី​ហើយ​បានចុះ​បញ្ជី​ត្រឹមត្រូវ​មាន​ចំនួន​ជាង១​សែន​គ្រឿង​ហើយ​យានយន្ដ សរុប​ដែល​បានចុះ​បញ្ជី​ត្រឹមត្រូវ​មាន​ចំនួន​៨៦៨.៨៥២​គ្រឿង​ដែល​នៅក្នុង​ឆ្នាំ​២០០៦​មានត្រឹម​តែ៧​សែន​គ្រឿង​តែ​ប៉ុណ្ណោះ។ ចំណែក ឯម៉ូតូ​មានដល់​ទៅ​ចំនួន​ជាង៦​សែន​គ្រឿង។ អ្នក​បើកបរ​នៅក្នុង​ប្រទេស​យើង​សព្វថ្ងៃ​មាន​ប័ណ្ណ​បើកបរ​ត្រឹមត្រូវ​ចំនួន​ប្រមាណ​ជា ៤៦.១៤៥​ប័ណ្ណ។ សម្រាប់​អ្នក​ប្រើ​ប្រាស់​ម៉ូតូ​ដែលមាន​ប័ណ្ណ​បើកបរ​ត្រឹមតែ​១១.៤៤២​ប័ណ្ណ។

មូល​ហេតុ​បង្កគ្រោះ​ថ្នាក់​ចរា​ចរណ៍

មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ចរា​ចរ​កើត​ឡើង។ មុខ​សញ្ញា​សំខាន់​បំផុត​ក្នុងការ​ងាយនឹង​បង្កឱ្យ មាន​គ្រោះថ្នាក់​ចរា​ចរនោះ គឺ​បណ្ដាល​មកពី​អ្នក​ប្រើ​ប្រាស់ផ្លូវ ឬអ្នក​បើក​បរ​ដែល​មិន​គោរព​ច្បាប់​បើកបរ។ ការ​បំពាន​ច្បាប់​របស់អ្នក ប្រើប្រាស់​ផ្លូវនេះ មាន​រហូត​ដល់ទៅ​៩០,៧៥% និង​ស្ថិត​ក្រោម​រូបភាព​ល្មើស​ដូចជា​ការមិន​គោរព​សិទ្ធិ​អាទិភាព​មិន​គោរព​ស្លាក​សញ្ញា ភ្លើង​សញ្ញា ការ​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​(ការសេព​គ្រឿង​ស្រវឹង)​ការមិន​ប្រកាន់​ស្ដាំ ការឆ្លង​កាត់ផ្លូវ ខ្វះការ​ប្រុង​ប្រយ័ត្ន ការអូស​រុញ​រទេះ​ដឹកសត្វ​និងការ​ដង្ហែ​ក្បួន​ផ្សេងៗ​ដោយ​គ្មានច្បាប់​ទម្លាប់។ល។ ទន្ទឹម​នឹងនេះ​ដែរ គ្រោះថ្នាក់​ចរាចរ ក៏​បណ្ដាល​មកពី​អាកប្ប​កិរិយា​បើកបរ​ខ្វះសីល​ធម៌ ខ្វះភាព​យោគ​យល់​ការ​ប្រណាំង​ប្រជែង​យានយន្ដ​ខុសច្បាប់ និង​សភាព​ភ្លើតភ្លើន ក៏បាន​បង្កឱ្យ​មានគ្រោះ​ថ្នាក់​ចរាចរ​ដល់ជន​ស្លូត​ត្រង់​ដទៃ​ទៀតដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលហេតុ​ដែលបង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​គឺ​បណ្ដាល​មកពី​កត្ដា​មនុស្ស​៩០% មកពី​ល្បឿន​លឿនពេក​ជាង​៤០%. មកពី​ការប្រើ​ប្រាស់គ្រឿង​ស្រវឹង​ជាង​១៥%. មិន​គោរព​សិទ្ធិ​អាទិ​ភាពជាង​១០%. ឆ្លង​គំនូស​មិនប្រុង​ប្រយ័ត្ន​៥%.​មកពី​ការជែង​មិន គោរព​ច្បាប់​១២%. មកពី​ការបើក​បញ្ច្រាស​ទិស៣%. ចំណែក​នៅក្នុង​ទីប្រ​ជុំជន គេបាន​យក​ចិញ្ចើម​ផ្លូវថ្មើរ​ជើង​សាធា​រណៈ​មកធ្វើ​ជាកម្ម​សិទ្ធិ​(រំលោភ​លើដី​ចំណី​ផ្លូវ)​សម្រាប់​ធ្វើ ការលក់​ដូរ ចត​រថយន្ដ និងដាក់​សម្ភារៈ​ផ្ទាល់ខ្លួន​ផ្សេងៗ។ កង្វះខាត​ចំណត​យានយន្ដ​ក៏ជា​បញ្ហា​ចោទឡើង​មួយផ្នែក​ដែរ។ ព្រោះថា​នៅ តាមទី​តាំង​ប្រមូល​ផ្ដុំមួយ​ចំនួន ដូចជា​ផ្សារ ភោជនីយ​ដ្ឋាន សណ្ឋា​គារ សាលា​រៀន រោងចក្រ​សហ​គ្រាស​ជាដើម កន្លែង​ទាំងនេះ​បាន យកដី​ចំណី​ផ្លូវ​មកធ្វើ​ជា​ចំណត​យាន​យន្ដ​ដែល​ងាយ​នឹង​បង្កឱ្យ​មាន​ការក​កស្ទះ និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរ​មិន​អាចនឹង​ចៀស​វាង​បាន។ ជាក់​ស្ដែង​ឆ្លងតាម​ការ​ត្រួត​ពិនិត្យ​លើទី​តាំង​ចំនួន​៨៨​កន្លែង​នៅរាជ​ធានី​ភ្នំពេញ មានទី​តាំង​ចំនួន​៦៣​កន្លែង​ដែល​គ្មាន​ចំណត​ហើយ គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​លើ​ចំណុច​ទាំង​នេះមាន​រហូត​ដល់ទៅ​៤៨%។

ដើម្បី​សុវត្ថិ​ភាព​នៅពេល​បើកបរ

ដើម្បី​ចៀស​វាង​ពីគ្រោះ​ថ្នាក់​ចរាចរ និង​ការពារ​សុវត្ថិ​ភាព​ខ្លួនឯង​ក៏ដូច​ជាអ្នក​ដទៃ​ដែលធ្វើ​ចរា​ចរណ៍ សូម​លោកអ្នក​មេត្ដា បើក​បរ​ដោយ​គោរព​ច្បាប់​ចរា​ចរណ៍​និង​ស្លាក​សញ្ញា​ចរា​ចរណ៍​នានា​ដែល​បាន​កំណត់។ សូម​ប្រជា​ពលរដ្ឋ​ក៏ដូច​ជាអ្នក​បើកបរ អ្នក​ធ្វើ​ចរា​ចរណ៍​នៅលើ​ដង​វិថី​យកចិត្ដ​ទុកដាក់​ឱ្យបាន​ខ្ពស់ និង​បើកបរ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន។ ពិសេស​គឺត្រូវ​គោរព​ច្បាប់​ចរា​ចរណ៍​ឱ្យបាន ត្រឹម​ត្រូវ ដើម្បី​ធានា​បាននូវ​សុវត្ថិ​ភាព​ក្នុងការ​ធ្វើ​ដំណើរ​ក៏ដូច​ជាការ​ចូលរួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​អាច​បណ្ដាល​ឱ្យ មាន​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​និង​ទ្រព្យ​សម្បត្ដិ​ទាំង​សាធា​រណៈ​ទាំងឯក​ជន និង​កត្ដា​ជាច្រើន​ទៀតក៏​អាចនឹង​កើតមាន​ឡើង​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative