បទ​ពិសោធន៍​អ្នក​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន

ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​គឺជា​ជម្ងឺ​មួយ​ដែល​ច្រើន​កើត​ចំពោះ​មនុស្ស​ចាស់ មាន​អាយុចាប់​ពី៤៥​ឆ្នាំឡើង​ទៅ។ ជម្ងឺ​​នេះ​​បណ្តាល​​មកពី​​លោក​អ្នក​​មាន​​​គ្រោះ​ថ្នាក់​​​ដាច់​សសៃ​​​ឈាម​​ខួរ​ក្បាល​ដូច​​ជា​មាន​​ដុំ​ឈាម​​កក​​នៅ​ក្នុង​ខួរ​ក្បាល​​និងមាន​​ការ​ប៉ះ​ទង្គិច​ក្បាល​ជាដើម។ ជម្ងឺ​នេះ​អាច​បង្ក​ឲ្យ​លោកអ្នក​ជួប​នឹង​ផល​វិបាក​ជាច្រើន​ជាពិសេស​គឺ​ទាក់ទង​ទៅ​នឹង​អាយុ​ជីវិត ប្រសិន​បើ​លោក​អ្នក​នាង​កញ្ញា​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ទេ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនា​វដ្តី សុខភាព​យើង​និង​គេហ​ទំព័រ​សុខភាព​កម្ពុជា បាន​ជួប​ជាមួយ​លោក ប.ស អាយុ​៥៨​ឆ្នាំ រស់​នៅ​ខណ្ឌមាន​ជ័យ រាជ​ធានី​ភ្នំពេញ មុខ​របរ​ជា​អាជីវ​ករនៅ​ផ្សារច្បារ​អំពៅ។ លោក​បាន​រៀប​រាប់​ផល​វិបាក​នៃ​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ដើម្បី​ឲ្យ​មិត្តអ្នក​អាន​បាន​ជ្រាប​កាន់​តែច្បាស់​អំពី​បញ្ហា​នេះ។

លោក ប.ស បាន​រៀប​រាប់ឲ្យ​ដឹងថា​ គាត់​ចាប់​ផ្តើម​ឈឺ​ជម្ងឺ​នេះ​តាំង​ពី​ដើម​ឆ្នាំ​២០០៨​មកម្លេះ​។ គាត់​បន្ត​ថា​កាល​ពីមុន​គាត់​អាច​ជួយ​លក់ លើក​ឥវ៉ាន់​និងឌុប​ប្រពន្ធ​ទៅលក់​ដូរ​បាន​ប៉ុន្តែ​សព្វថ្ងៃ​គាត់​មិន​អាច​ធ្វើ​កិច្ចការ​ទាំងនេះ​បាន​ទៀត​ទេ ព្រោះ​ប្រពន្ធ​និង​កូន​របស់​គាត់​ខ្លាច​គាត់​មាន​ការ​ដួល​ដោយ​ប្រការ​ផ្សេងៗ។ គាត់​បាន​បន្ត​ទៀត​ថាបើ​គាត់​មានការ​ដួល​ម្តងទៀត​នោះ ពេទ្យ​ថា​គាត់​ប្រាកដ​ជា​ត្រូវ​នៅ​ដេក​នៅ​នឹង​មួយ​កន្លែង​និង​អាច​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​ថែម​ទៀត​ផង។ លោកពូ ប.សបាន​រៀប​រាប់​បន្ថែម​ថា​កាល​ដែល​គាត់​មាន​ជម្ងឺ​ក៏ដោយ​សារ​តែ​គាត់​ខំ​លើក​ឥវ៉ាន់​ធ្ងន់ៗ ហើយ​ពេល​ខ្លះ​គាត់​ត្រូវ​ជញ្ជូន​របស់​របរ​ធ្ងន់ៗ​និង​ត្រូវ​មក​រៀប​ចំ​ឥវ៉ាន់​តាំង​ពីព្រឹក​ព្រលឹម​ជារៀង​រាល់ថ្ងៃ។ ជួន​កាល​ការ​បរិភោគ​ក៏មិន​សូវ​ទៀង​ទាត់​ព្រោះ​រវល់​នឹង​ការ​លក់​ដូរ​និង​បរិស្ថាន​នៅ​ជុំផ្សារ​មិន​សូវ​មាន​បរិយា​កាស​ល្អ​ស្រាប់​និង​ស្រប​ពេល​ដែល​គាត់​មាន​អាការៈ​ឈឺ​ក្បាល រោយ​ក និង​ស្រវាំង​ភ្នែក​ផង​នោះ​គាត់​ក៏បាន​ដួល​ខ្លួន​ទាំង​ឥវ៉ាន់​ដែល​គាត់​កំពុង​លី​ទៅ​លើ​ឥដ្ឋ។ ពេល​នោះ​ប្រពន្ធ​របស់​គាត់​ដែល​អង្គុយ​នៅ​ក្បែរ​នោះ​ស្ទុះ​មក​ទ្រ​ក្បាល​ប្តីរ​បស់​គាត់​មិន​ឲ្យ​ប៉ះ​ទង្គិច​ខ្លាំង​ត្រូវ​នឹង​ឥដ្ឋ​តែ​ក្បាល​របស់​ប្តី​គាត់​នៅ​តែ​បាន​ប៉ះ​ត្រូវ​នឹង​ជ្រុង​ទូនៅ​ក្បែរ​នោះ​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​គាត់​សន្លប់​ដោយ​មិន​ដឹង​ខ្លួន។ ហើយ​ប្រពន្ធ​របស់​គាត់​ស្រែក​ឆោ​ឡោ​ឡើង​ឲ្យ​អ្នក​លក់​នៅ​ក្បែរ​ខាង​ជួយ​នឹង​បាន​បញ្ជូន​គាត់​មក​មន្ទីរ​ពេទ្យ​កាល់​មែត្រ។ លោក ប.ស បាន​ប្រាប់​បន្ថែម​ថា​គាត់​សន្លប់​១ថ្ងៃ​១យប់​ទើប​គាត់​បាន​ដឹង​ខ្លួន​វិញ។ ក្រោយ​ពី​សំរាក​ព្យាបាល​មួយ​រយៈ​ពេល​ក្រោយ​មក​សុខ​ភាព​របស់​លោក​ក៏បាន​ធូរ​ស្រាល​ជាង​មុន។ តែ​លោក​គ្រូ​ពេទ្យ​បាន​ផ្តល់​ដំបូន្មាន​ដល់​រូប​គាត់​និង​គ្រួសារ​ថា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំធ្វើ​ការ​ងារ​ធ្ងន់​តទៅ​ទៀត​ព្រោះ​សុខភាព និង​ជម្ងឺ​លោក​មិន​ល្អ​ទេ​បើទោះ​បី​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​របស់​លោក ប.ស ស្ថិត​ក្នុង​កម្រិត​ស្រាល​ក្តី។ ហើយ​លោក​ត្រូវ​មក​ទទួល​ការ​ព្យាបាល​និង​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ ជា​ពិសេស​នោះ​ត្រូវ​រក​គ្រូពេទ្យ​ជំនាញ​ខាង​ចលនា​ព្យាបាល​បន្ថែម​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ប្រសើរ​ជាង​នេះ។

លោក​ពូ ប.ស បាន​បន្ថែម​ទៀត​ថា​កាល​មិន​ទាន់​មាន​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​នេះ គាត់​ចង់​ចាប់​កាន់​យក​នេះ​យក​នោះ​ឬ​ចង់​ធ្វើ​អ្វី​បាន​តាម​ចិត្ត​តែ​ពេល​គាត់​កើត​ជម្ងឺ​នេះ​ពេល​គាត់​ចង់​ធ្វើ​អ្វី​គឺ​ពុំ​បាន​ដូច​ចិត្ត​នោះ​ទេ​ព្រោះ​ការ​បញ្ជា​របស់​ខួរ​ក្បាល​ដូចជា​ស្ពឹក​មិន​រហ័ស​ដូច​មុន​សោះ។ ប៉ុន្តែ​សព្វ​ថ្ងៃសុខ​ភាព​របស់​លោក​ពូ ប.ស បាន​ប្រសើរ​ជាង​មុន​ហើយ​ដោយ​សារ​លោក​បាន​អនុវត្តន៍​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទាំង​ការ​ទទួល​ទាន​អាហារ និង​ឱសថ​ជាដើម​ទើប​ធ្វើឲ្យ​សុខភាព​របស់​គាត់​កាន់​ប្រសើ​ឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។

ដំ​បូន្មាន​អ្នក​ជំនាញ

លោក​អ្នក​ដែល​ជា​អ្នក​មើល​ថែ​ទាំ​អ្នក​ជម្ងឺ​គួរ​គប្បី​មើល​ថែ​អ្នក​ជម្ងឺ​ឲ្យ​បាន​ដិត​ដល់​ព្រោះ​អ្នក​ជម្ងឺ​ប្រភេទ​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ដើម្បី​ឲ្យ​រាង​កាយ​និង​សុខភាព​អ្នក​ជម្ងឺ​អាច​ងាក​មក​សភាព​ធូរ​ស្បើយ​ដូច​កាល​ពីមុន​វិញ។ ជា​ពិសេស​ត្រូវ​ឲ្យអ្នក​ជម្ងឺ​ពិសារ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់​តាម​វេជ្ជ​បញ្ជា ហើយ​ត្រូវ​រក​គ្រូពេទ្យ​ជំនាញ​ខាង​ផ្នែក​ព្យាបាល​ដោយ​ចលនា​ដើម្បី​ព្យាបាល​អ្នក​ជម្ងឺ​ឲ្យ​ឆាប់​ជាសះ​ស្បើយ។ ព្រោះ​ថា​ការ​ព្យាបាល​ដោយ​ចលនា​គឺជួយ​ឲ្យអ្នក​ជម្ងឺ​អាច មាន​សកម្មភាព​ឡើង​វិញ​បាន​ដូច​ជា ការ​ដើរ​ការ​ឈរ ឬ​អាច​កម្រើក​អវយវៈរាង​កាយ​បាន​តាម​ធម្មតា​វិញ​ក្រោយ​ការ​ព្យាបាល។

អត្ថបទដោយ ៖ ​សៀង វិរៈ​

ចុះផ្សាយ ៖ ថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១២

Google Analytics Alternative