ព្យាបាល​ផ្លូវចិត្ដ​ដោយ​ខ្លួនឯង អាច​បង្កជា​ផល​អាក្រក់

លោកអ្នក​តែងមិន​ចង់យក​បញ្ហា​ផ្លូវចិត្ដ​របស់ខ្លួន​ទៅ​និយាយ​ឱ្យអ្នក​ណាម្នាក់​បានដឹង​ឡើយ​ហើយ​លោកអ្នក​រមែង​ព្យាយាម​ព្យាបាល និងដោះ​ស្រាយ​បញ្ហា​ដោយខ្លួន​ឯងផ្ទាល់។ ការ​ជ្រើស​រើស​វិធី​ព្យាបាល​ល្អៗ​មិនមែន​ជាបញ្ហា​ឡើយ​ប៉ុន្ដែ​ប្រសិន​បើ​ជ្រើសរើស វិធី​ខុសវិញ​នោះ នឹងអាច​ផ្ដល់នូវ​ផលប៉ះ​ពាល់​សម្រាប់​លោកអ្នក​ទៅវិញ។ តើវិធី​ព្យាបាល​ណាខ្លះ​ដែលផ្ដល់​នូវគុណ​វិបត្ដិ​សម្រាប់​លោក អ្នក?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បានជ្រាប​អំពី​បញ្ហានេះ​សូមតាម​ដាន​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង​នូវការ​ស្រាយ​បំភ្លឺ​របស់​លោក​វេជ្ជ​បណ្ឌិត​យឹម​សុបុត្រា ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ​នៃមន្ទីរ​ពេទ្យមិត្ដ​ភាពខ្មែរ​សូវៀត។

រំលឹក​មូល​ហេតុ​បង្ក​បញ្ហា​ផ្លូវ​ចិត្ដ

លោកអ្នក​បានជ្រាប​រួចមក​ហើយនូវ​មូល​ហេតុ​មួយ​ចំនួន​ដែលធ្វើ​ឱ្យលោក​អ្នកអាច​កើតមាន​បញ្ហា​ផ្លូវ​ចិត្ដដូច​ជាការ​ភ័យខ្លាច​ការតក់​ស្លុត​ចំពោះ​ព្រឹត្ដិ​ការណ៍​ណាមួយ​ដែលកើត​ឡើង ភាពឃោរ​ឃៅនៃ​ការកាប់​សម្លាប់​ការធ្វើ​ទារុណ​កម្មយ៉ាង​សាហាវ​ព្រៃផ្សៃ​ការ ខកចិត្ដ​ចំពោះ​អ្វីដែល​មិនសម​នឹង​បំណង​ការជួប​ប្រទះ​នូវការ​បរាជ័យ​ណាមួយ​ដែល​លោកអ្នក​មិនអាច​ទទួល​យកជា​ដើម។ ក្រៅពី​បញ្ហា​ទាំងនេះ​ក៏នៅ​មាន​បញ្ហាមួយ​ចំនួន​ទៀតផង​ដែរដែល​អាចធ្វើ​ឱ្យលោក​អ្នកអាច​មាន​បញ្ហា​ផ្លូវចិត្ដ​កើតឡើង។

វិធី​ព្យាបាល​ផ្លូវចិត្ដ​ដែលគួរ​ចៀសវាង

ថ្វីត្បិត​តែមាន​វិធី​មួយចំនួន​ដែលអាច​ឱ្យ​លោកអ្នក​ជ្រើសរើស​ដើម្បី​ធ្វើការ​ព្យាបាល​បញ្ហា​ផ្លូវចិត្ដ​ក៏ដោយ​ក៏គ្រប់​វិធី​ទាំងអស់​មិនសុទ្ធ​តែធ្វើ​ឱ្យលោក​អ្នកទទួល​បាន​ជោគជ័យ​ទាំងស្រុង​នោះទេ។ ទន្ទឹមនឹង​នេះ​មានវិធី​មួយ​ចំនួន​ដែលលោក​អ្នកមិន​គួរ​ជ្រើស​រើស​យកមក​ព្យាបាល​បញ្ហាផ្លូវ​ចិត្ដនោះ​ឡើយ។

1 . ការ​ជ្រើស​រើសទទួល​ទានសុរា​ដើម្បី​បំបាត់​ការឈឺ​ចាប់ បំបាត់​កង្វល់​និងចង់​បំភ្លេច​រឿងរ៉ាវ​ដែលលោក​អ្នកមិន​ចង់ជួប​មិនចង់​ឮ មិនចង់​ឱ្យជាប់​នៅក្នុង​អារម្មណ៍​ជា​ប្រការ​មិនគួរ​ធ្វើឡើយ។ យុវជន​សម័យ​បច្ចុប្បន្ន​មិនត្រឹម​តែរើស​យកសុរា​ដើម្បី​បំបាត់ បញ្ហាផ្លូវ​ចិត្ដ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជ្រើសរើស​ដល់ការ​ប្រើប្រាស់​គ្រឿង​ញៀន​ថែមទៀត​ផង​នេះជា​ការខុស​ឆ្គងធ្ងន់​ធ្ងរ​ណាស់។

2 . ការ​ប្រើប្រាស់​ឱសថ​ដោយគ្មាន​វេជ្ជ​បញ្ជា​ច្បាស់​លាស់ក៏​គួរចៀស​វាងដែរ។ នៅពេល​មាន​បញ្ហា​ផ្លូវចិត្ដ​ឬ​ស្ដ្រេស្ស​លោក​អ្នកតែង​មាន​អារម្មណ៍​ខ្វាយខ្វល់ គេងមិន​លក់ជា​ដើម ពេលនោះ​លោកអ្នក​នឹកគិត​ចង់ប្រើ​ឱសថ​ដើម្បី​ធ្វើឱ្យ​គេងលក់។ ប៉ុន្ដែ​លោកអ្នក មិនគួរ​ប្រើប្រាស់​ឱសថ​តាមតែ​ចិត្ដឯង​នោះឡើយ ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ព្យាបាល​ជាមុន​សិន។

3 . ការលេង​ល្បែងស៊ី​សងក៏​មិនមែន​ជា​ជម្រើស​ដើម្បី​ធ្វើការ​ព្យាបាល​វិបត្ដិ​ផ្លូវចិត្ដ ដោះស្រាយ​បញ្ហា​អផ្សុក​និង​ដើម្បី​កែខៃ​បរិយា​កាសដ៏​មាន​ប្រសិទ្ធ​ភាពនោះ​ទេ សូម​លោកអ្នក​កុំ​ជ្រើស​រើស​វិធីនេះ​អី។

ផលប៉ះ​ពាល់នៃ​ការព្យា​បាល​ផ្លូវចិត្ដ​ដោយ​ខ្លួនឯង

អ្វីដែល​បាន​ជម្រាប​ជូនខាង​លើគឺ​ជាវិធី​ព្យាបាល​វិបត្ដិ​ផ្លូវចិត្ដ​ដែល​លោកអ្នក​មិនគួរ​ជ្រើសរើស​យកមក​ប្រើប្រាស់​នោះឡើយព្រោះថា​ការ​ទទួល​ទានសុរា ជក់បារី ប្រើ​គ្រឿង​ញៀន ប្រើ​ឱសថ​មិនត្រឹម​ត្រូវតាម​វេជ្ជ​បញ្ជា និងការ​ប្រព្រឹត្ដ​ល្បែង​ស៊ីសង​សុទ្ធតែ​ផ្ដល់ នូវគុណ​វិបត្ដិ និងផល​ប៉ះពាល់​ចំពោះ​រូបលោក​អ្នកទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ថែមទាំង​ប៉ះពាល់​ដល់​សង្គម ថែមទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1 . ផល​ប៉ះពាល់​សុខភាព​ផ្លូវកាយ ៖ ការ​ទទួល​ទានសុរា បារី​និង​គ្រឿង​ញៀន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរទៅ​លើ​សុខភាព​បង្កឱ្យ​កើតជា​ជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺ​រលាក​ក្រពះ ពោះវៀន រលាកសួត ក្រិនថ្លើម​ជាដើម។ គ្រឿង​ញៀន​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ខួរ ក្បាល ធ្វើឱ្យ​បាត់បង់​ការចង​ចាំ និងអាច​បង្កឱ្យ​កើត​ជម្ងឺ​បេះដូង​ថែមទៀត​ផង។

2 . ផល​ប៉ះពាល់​សុខភាព​ផ្លូវចិត្ដ ៖ វិធី​ទាំងនេះ​មិនត្រឹម​តែមិន​អាចព្យា​បាល​បញ្ហា​ផ្លូវចិត្ដ​ប៉ុណ្ណោះ​ទេ​ផ្ទុយ​ទៅវិញ​ថែមទាំង​បង្កើត​នូវ​បញ្ហា​ផ្លូវចិត្ដ​កាន់តែ​ធ្ងន់ធ្ងរ​ទ្វេដង។ សុរា បារី​និង​គ្រឿង​ញៀន​ធ្វើឱ្យ​លោកអ្នក​អាច​បំភ្លេច​រឿងរ៉ាវ​មិនល្អ​បានមួយ​គ្រាពេល ដែល​លោកអ្នក​កំពុង​តែ​ស្រវឹង​វង្វេង​វង្វាន់តែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​បន្ទាប់ពី​លោកអ្នក​ដឹងខ្លួន​ឡើង​គ្រប់បញ្ហា​នឹងនៅ​ជាប់ក្នុង​ខួរក្បាល​របស់ លោកអ្នក​ដដែល ហើយ​លោកអ្នក​នឹងជ្រើស​រើស​វិធី​ដដែល​ទៀត​យូរៗ​ទៅ​វិបត្ដិ​នោះកាន់​តែធ្ងន់​ធ្ងរជា​លំដាប់​បញ្ហា​ផ្សេងៗ​ទៀតនឹង កើតឡើង។ ការលេង​ល្បែងធ្វើ​ឱ្យលោក​អ្នក​សប្បាយ​ចិត្ដពេល​ឈ្នះ​តែមិន​ល្អឡើយ​ពេលដែល​លោកអ្នក​ចាញ់អស់​ទ្រព្យ។ ដូចពាក្យ ចាស់​លោកថា “ឈ្នះមុខ​ខ្លាញ់ ចាញ់​មុខសេះ”។ គ្មានអ្នក​ណាម្នាក់​ក្លាយជា​សេដ្ឋី​ដោយសារ​ល្បែងនោះ​ឡើយ។

3 . ផល​ប៉ះពាល់​ដល់ស្ថាន​ភាពសង្គម ៖ ពេលដែល​ឥទ្ធិពល​គ្រឿងញៀន​ទាំងនេះ​គ្រប​ដណ្ដប់​ក្នុងខ្លួន​វាអាច​ជំរុញ​ឱ្យលោក​អ្នក​ប្រព្រឹត្ដ​នូវ​អំពើ​មិន​គប្បីមួយ​ចំនួន​ដោយ​មិនដឹង​ខ្លួន។ អំពើ​ទាំងនោះ​អាចបង្ក​ឱ្យមាន​ភាពច​លាចល​គ្មាន​សណ្ដាប់​ធ្នាប់នៅ​ក្នុង​សង្គម។ លោកអ្នក​អាច​ប្រព្រឹត្ដ​នូវអំពើ​ចោរកម្ម និងបទ​ឧក្រិដ្ឋ​ផ្សេងៗ​ថែមទៀត​ផង។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពី​ការព្យា​បាលផ្លូវ​ចិត្ដដោយ​ខ្លួនឯង ទាំង​វិធី​ដើម្បី​ជោគជ័យ​និង​វិធី​ដែលមិន​គួរ​ប្រព្រឹត្ដ។ សូម​លោកអ្នក​ជ្រើស​រើស​វិធី​ព្យាបាល​ណាដែល​ល្អ​ដើម្បី​ធ្វើការ​ព្យាបាល​បញ្ហា​ផ្លូវចិត្ដ​របស់​លោកអ្នក​និងចៀស​វាងនូវ​វិធី​មិនល្អ​និងផ្ដល់​នូវ​ទុក្ខទោស​ចំពោះ​លោកអ្នក ក្រុម​គ្រួសារ និង​សង្គម។ សូម​លោកអ្នក​ទទួល​បាន​ជោគជ័យ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ផ្លូវចិត្ដ។ សូម លោកអ្នក​ជ្រាបថា​សុរា បារី គ្រឿង​ញៀន​និងល្បែង​ស៊ីសង​មិនមែន​ជាជម្រើស​ក្នុងការ​ព្យាបាល​ផ្លូវចិត្ដ​នោះឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative