មើលឆ្កែ​ពាក់គ្នា កើត​ពពែ​ឆ្កែ?

ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បានស្គាល់​រួចមក​ហើយនូវ​ជម្ងឺ​ភ្នែក​កើត​ពពែ​ឆ្កែនេះ ហើយ​តែងតែ​យល់ថា​ជាជម្ងឺ​សាមញ្ញ​មួយ ប្រភេទ។ ទោះបី​ជាកើត​មានជម្ងឺ​នេះហើយ​ក៏មិន​សូវយក​ចិត្ដទុក​ដាក់ក្នុង​ការ​ព្យាបាល​ដែរ។ ម្យ៉ាងវិញ​ទៀត​តែងតែ​និយាយ​តគ្នាថា ការកើត​ពពែ​ឆ្កែនេះ​គឺ​បណ្ដាល​មកពី​ការមើល​សត្វឆ្កែ​ពាក់គ្នា។ ថ្វីត្បិត​តែជម្ងឺ​ភ្នែកកើត​ពពែ​ឆ្កែនេះ​មិន​បណ្ដាល​ឱ្យមាន​ផលប៉ះ​ពាល់ខ្លាំង យ៉ាង​ណាក្ដី តែវា​ក៏ធ្វើ​ឱ្យមាន​ការ​រំខាន​ដល់​អារម្មណ៍​ខ្លះៗដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​លោកអ្នក​យល់ច្បាស់​ពីជម្ងឺ​ភ្នែកកើត​ពពែ​ឆ្កែនេះ ទស្ស​នាវដ្ដី សុខភាពយើង​បានធ្វើ​ការ​សម្ភាស​ជាមួយ​លោក វេជ្ជ​បណ្ឌិត ងី ម៉េង ប្រធាន​សមាគម​គ្រូពេទ្យ​ភ្នែក​កម្ពុជា។

ភ្នែកកើត​ពពែ​ឆ្កែ ជាអ្វី?

ពពែឆ្កែ​ជាពាក្យ​សាមញ្ញ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ទូទៅ​និយម​ហៅ ដែលតាម​ពាក្យ​បច្ចេក​ទេស​ពេទ្យ​ហៅថា“ស្ដាយ”។ ជម្ងឺ​ប្រភេទ​នេះកើត​មានឡើង​នៅត្រង់​ត្របក​ភ្នែកដែល​បណ្ដាល​ប៉ោង​ក្រហម​នៅនឹង​ត្របក​ភ្នែក ហើយមាន​អាការ​ឈឺចាប់​បន្ដិច​បន្ដួច​តែ ប៉ុណ្ណោះ ប៉ុន្ដែមិន​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​រហូត​ដល់​ពិការ​ភ្នែកនោះ​ទេ។ ជម្ងឺ​ពពែ​ឆ្កែចែក​ចេញជា​២ប្រភេទ​គឺ​ប្រភេទ​ជម្ងឺកើត​ឡើង ដោយ​ឯកឯង និង​ប្រភេទ​ជម្ងឺដែល​បណ្ដាល​មកពី​មេរោគ។

មូល​ហេតុភ្នែក​កើតពពែ​ឆ្កែ

មាន​មូលហេតុ​ពីរដែល​បណ្ដាល​ឱ្យកើត​ពពែឆ្កែ។

1 . មូលហេតុ​បណ្ដាល​មកពី​មេរោគ ពពែ​ឆ្កែអាច​កើតឡើង​បានគឺ​បណ្ដាល​មកពី​ការខ្វះ​អនាម័យ​សម្អាត​ភ្នែកមិន​បានត្រឹម​ត្រូវ​ជាហេតុ​ធ្វើឱ្យ​មេរោគ​នៅតាម​ត្របក​ភ្នែកចូល​ទៅធ្វើ​ឱ្យមាន​ការកក​ស្ទះ​ក្រពេញ​នៅតាម​គែម​ត្របក​ភ្នែកមិន​អាច​បញ្ចេញ​រស់​រម្អិល​ដើម្បី​ធ្វើឱ្យ​កែវភ្នែក​មាន​សំណើម​បង្កឱ្យ​មានកើត​ជាខ្ទុះ ហើម ប៉ោង​និងមាន​ការឈឺ​ចាប់តិច​តួចដែល​ពាក្យ​បច្ចេក​ទេស​គ្រូពេទ្យ ហៅថា“ស្ដាហ្វី​ឡូកូកូស” (Staphy​lococcus).

2 . មូលហេតុ​កើតឡើង​ដោយ​ឯកឯង វាកើត​ឡើង​ដោយការ​កកស្ទះ​ក្រពេញ​នៅ​ជុំវិញ​ត្របក​ភ្នែកដោយ​ពុំមាន​មេរោគ​អ្វី បង្ក​នោះទេ។ លក្ខណៈ​បែបនេះ​មិន​បណ្ដាល​ឱ្យមាន​ការកើត​ជាខ្ទុះ ឈឺចាប់ ឬមាន​គ្រោះថ្នាក់​អ្វីធ្ងន់​ធ្ងរនោះ​ទេ​គឺគ្រាន់​តែមាន​ហើមនៅ លើ​ត្របក​ភ្នែកតែ​ប៉ុណ្ណោះ។ ជម្ងឺ​ប្រភេទ​នេះពាក្យ​បច្ចេក​ទេស​ពេទ្យ​ហៅថា ៉ខេលេ​ហ្ស៊ីន”​(Chal​azion).

រោគ​សញ្ញា​ភ្នែកកើត​ពពែឆ្កែ

រោគ​សញ្ញា​គឺ​អាស្រ័យ​ទៅលើ​មូលហេតុ​ដែលបង្ក​ជម្ងឺ ៖

1 . ជម្ងឺ​បង្ក​ដោយ​មេរោគ មុនដំបូង​ត្របក​ភ្នែក​របស់អ្នក​ជម្ងឺឡើង​ប៉ោង ហើមមាន​ពណ៌​ក្រហម​ព្រឿងៗ​និងមាន​អាការ​ឈឺតិចៗ ហើយវា​អាច​រាលដាល​រហូត​ដល់កើត​មានខ្ទុះ​ជា​ចំណុច​មួយ​ឬអាច​ហើមពេញ​ទាំងរង្វង់​ភ្នែក​ទាំងមូល​តែម្ដង។ ប៉ុន្ដែ​វាមិន បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់ ឬ​ពិការ​ភ្នែក​នោះទេ។

2 . ជម្ងឺកើត​ឡើង​ដោយ​ឯកឯង មុន​ដំបូង​នៅលើ ឬខាង​ក្រោម​ត្របក​ភ្នែករបស់​អ្នកជម្ងឺ​មាន​សភាព​ប៉ោង​ហើយមាន​ដុំ​មួយតូច ប៉ុន្ដែវា​មិន​ក្រហម ហើម ឬឈឺ​ចាប់អ្វី​នោះទេ។

វិធី​ព្យាបាល​ភ្នែកកើត​ពពែឆ្កែ

ជា​ធម្មតា​ជម្ងឺ​ភ្នែកកើត​ពពែ​ឆ្កែកើត​ឡើងក្នុង​រយៈពេល​មួយយ៉ាង​ខ្លី ហើយ​ជាប្រភេទ​ដែល​សាមញ្ញ​មិនសូវ​ជាបង្ក​ផលប៉ះ ពាល់​ធ្ងន់ធ្ងរ​នោះទេ។ ដូច្នេះ​វិធី​សាស្ដ្រ​ក្នុងការ​ព្យាបាល​មានភាព​ងាយ​ស្រួល មិនសូវ​ឈានទៅ​ដល់ការ​វះកាត់​ទេ​ភាគច្រើន​គេព្យា​បាល ដោយការ​ប្រើថ្នាំ​តែ​ប៉ុណ្ណោះ។ ដើម្បី​ព្យាបាល​ជម្ងឺភ្នែក​កើត​ពពែ​ឆ្កែទាំង​ពីរ​ប្រភេទ​ខាងលើ​នេះ​លោកអ្នក​គ្រាន់តែ​អនុវត្ដ​ដូចខាង​ក្រោម

  • ឧស្សាហ៍​យក​សំឡី ឬ​ក្រណាត់​ស្បៃ​សស្អាត​ទៅ​ជ្រលក់​ទឹកក្ដៅ​ឧណ្ហៗ ហើយ​យកមក​ជូត ស្អំ​ឬ​បំពោក​ពីលើ​រយៈពេល​៥នាទី​ត្រូវ​អនុវត្ដ​មួយថ្ងៃ​ឱ្យបាន​៣ទៅ​៤ដង ដើម្បី​ធ្វើឱ្យ​សរសៃ​ឈាមរីក​និង​បញ្ចេញ​ជាតិអង់​ទីក​ម្យ៉ាង​មក​សម្លាប់​មេរោគ​ទាំងនោះ។
  • ប្រើថ្នាំ​ផ្សះ​ប្រភេទ​អង់ទី​ប៊ីយូ​ទិច ដែលត្រូវ​នឹង​ប្រភេទ​មេរោគ​ទាំងនោះ
  • ក្នុង​ករណី​ប្រើនូវ​វិធី​ខាងលើ​រួចហើយ​នៅតែ​មិនបាន​ទទួល​លទ្ធផល​វិជ្ជមាន​ទៀត ហើយមាន​កកើត​ជាខ្ទុះ​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ ដើម្បី​ចោះយក​ដុំពក ឬខ្ទុះ​ចេញ ទើបជា​ការប្រសើរ​បំផុត។
  • ចៀស​វាងការ​ព្យាបាល​ដោយ​ប្រើវិធី​បែប​បុរាណ ដូចជា​ការយក​ស្លឹកឈើ​មកទំពា​រួចយក​មកបិទ​ពីលើ​ឱ្យសោះ​ព្រោះការ​ព្យាបាល​បែបនេះ​វារឹត​តែធ្វើ​ឱ្យ​មេរោគ​ងាយស្រួល​បង្កជម្ងឺ​ថែមទៀត​ដោយសារ​នៅលើ​ស្លឹកឈើ​សម្បូរ​ទៅដោយ​មេរោគ​ជាច្រើន។

វិធី​ការពារ​ភ្នែក​កើត​ពពែ​ឆ្កែ

ការធ្វើ​ដំណើរ​នៅតាម​ទីសា​ធារណៈ​រាល់ថ្ងៃ មានការ​ប្រឈម​ទៅនឹង​ពន្លឺក​ម្ដៅថ្ងៃ ផ្សែង​យាន​យន្ដ និងធូលី​ដែលជា​សត្រូវ​ជាមួយ​នឹងភ្នែក ងាយ​បណ្ដាល​ឱ្យកើត​មាននូវ​ជម្ងឺ​ភ្នែក​បំផុត។ ដើម្បី​ចៀសវាង​ពីជម្ងឺ​ភ្នែកទាំង​នេះ​លោកអ្នក​គួរតែ​មាន​ប្រដាប់​ការពារ ភ្នែក​នៅពេល​ដែលធ្វើ​ដំណើរ​ចេញទៅ​ខាងក្រៅ ដូចជា​ពាក់វ៉ែន​តាការ​ពារពន្លឺ​ជាដើម។ ម្យ៉ាងវិញ​ទៀតត្រូវ​ឧស្សាហ៍​ធ្វើការ​សម្អាត​លុប លាងមុខ​ជាប្រចាំ​ក្រោយពេល​ធ្វើដំណើរ។

ដំ​បូន្មាន​អ្នក​ជំនាញ

សូមបង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​យល់ដឹង​អំពី​ជម្ងឺ​ភ្នែក​កើត​ពពែ​ឆ្កែ និងវិធី​ព្យាបាល​ឱ្យបាន​ច្បាស់លាស់​ចៀសវាង​ការព្យា​បាលតាម​ទម្លាប់ ឬ​ប្រពៃណី​ដែលគ្មាន​អនាម័យ ដែលជា​ហេតុ​បណ្ដាល​ឱ្យជម្ងឺ​រឹតតែ​មានការ​ធ្ងន់ធ្ងរ​ឡើង។ ម្យ៉ាងវិញ​ទៀតត្រូវ​ចេះមាន អនាម័យ​ក្នុងការ​ថែទាំ​សុខភាព ជា​ពិសេស​ភ្នែក​ព្រោះថា​ភ្នែកគឺ​ជា​សរីរាង្គ​មួយយ៉ាង​សំខាន់​សម្រាប់​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ នៅ ពេលធ្វើ​ដំណើរ​ទៅណា​មកណា​ត្រូវពាក់​មួកសុវត្ថិ​ភាព ឬ​វ៉ែនតា​ការពារ​ពន្លឺថ្ងៃ។ ពេលមាន​ជម្ងឺ​ភ្នែកត្រូវ​ប្រញាប់​ទៅធ្វើ​ការ​ពិនិត្យ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative