ពងបែក​ក្នុងមាត់ ៖ មូល​ហេតុ និង​វិធី​ព្យាបាល

ជម្ងឺ​ពងបែក​ក្នុងមាត់​ជាជម្ងឺ​មួយដែល​មិនអាច​ធ្វើការ​សន្និដ្ឋាន​ពីមូល​ហេតុ​ពិត​ប្រាកដ​របស់វា​បានទេ​ថាតើ​ជម្ងឺនេះ​វាកើត​ឡើង​ដោយសារ​មូលហេតុ​អ្វីខ្លះ​នោះ។ព្រោះ​ជម្ងឺ​នេះកើត​ឡើង​ជាញឹក​ញាប់​ហើយ​ជាសះ​ស្បើយ​ទៅវិញ​ដោយឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ឡើយ។មាន​ប្រជាជន​នៅលើ​ពិភព​លោក​ប្រហែល​ជា២៥​ភាគរយ​បានកើត​មានជម្ងឺ​នេះ​ដែល​បណ្ដាល​ឱ្យមាន​ការឈឺ​ចាប់នៅ ក្នុងមាត់ និង​ពិបាក​ក្នុងការ​ទទួល​ទាន​អាហារ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត សុក សំអាត ប្រធាន​ផ្នែក​ត្រចៀក​ច្រមុះ និង​បំពងក នៃមន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង​មានវត្ដ​មានបក​ស្រាយ​បំភ្លឺនូវ​ប្រធាន​បទមួយ​ស្ដីអំពី​ជម្ងឺ​ពងបែក​ក្នុងមាត់​ជូន​ប្រិយមិត្ដ​អ្នកអាន​ដើម្បី​ស្វែង​យល់តាម​រយៈ​ទស្ស​នាវដ្ដី​សុខភាពយើង។

លក្ខណៈ​ជម្ងឺពង​បែក​ក្នុងមាត់

ជម្ងឺ​ពងបែក​ក្នុងមាត់​គឺ​សំដៅ​ដល់​ជម្ងឺ​មួយ​ប្រភេទ​ដែល​កើតមាន​នៅក្នុង​មាត់ ដែល​ភាគច្រើន​កើតមាន​នៅលើ​មនុស្ស​ក្មេង និង​យុវវ័យ។ ប្រជាជន​នៅលើ​ពិភព​លោក​មាន​ប្រហែល​ជា២៥​ភាគរយ​បានកើត​ជម្ងឺនេះ​ដោយចាប់​ផ្ដើម​ដំបូង​ឡើង​ជម្ងឺ​ពងបែក​ក្នុង​មាត់មាន​ពងទឹក​តូច ឬធំ ទៅតាម​សណ្ឋាន​នីមួយៗ​របស់វា។ ហើយ​ពងទឹក​នេះក៏​បានធ្លាយ​ទឹករួច​ក្លាយទៅ​ជា​ដំបៅ​រលាក​សើ​ស្បែក ដែលស៊ី​ស្បែករាក់ ឬជ្រៅ​ទៅតាម​កម្រិត​នីមួយៗ​របស់​វានៅ​ក្នុងមាត់​រួចក៏​បង្កទៅ​ជាជម្ងឺ​ពងបែក​ក្នុងមាត់។

ប្រភេទ និង​រោគ​សញ្ញា​ជម្ងឺ​ពងបែក​ក្នុង​មាត់

ជម្ងឺ​ពងបែក​ក្នុងមាត់​ត្រូវបាន​បែងចែក​ជា៣​កម្រិត។

1 . ប្រភេទ​កម្រិត​ទី១ ឬ​កម្រិត​ស្រាល ៖ ជា​ប្រភេទ​កម្រិត​ស្រាល​មានការ​ឈឺចាប់​បន្ដិច​បន្ដួច​មានពង​តូចៗ​នៅលើ​ស្បែក​ខាងក្រៅ​សើៗ ហើយ​ដំបៅ​មិនស៊ី​ជ្រៅឡើយ ហើយ​ឆាប់ជា​សះស្បើយ​តែក្នុង​រយៈពេល​ពី៧​ទៅ១០​ថ្ងៃតែ​ប៉ុណ្ណោះ​ដោយ​មិនទុក​ស្លាក ស្នាមអ្វី​ទាំងអស់។ ពង​បែក​កម្រិត​តូចមាន​ទំហំ​តូច​ប្រហែល​ជា១​មីលី​ម៉ែត្រ ឬយ៉ាង​ធំ១​សង់ទី​ម៉ែត្រ​ហើយ​មាន​ប្រជា​ជន​ប្រហែល​៨៥ ភាគរយ​បានកើត​ជម្ងឺពង​បែកក្នុង​មាត់​ប្រភេទ​នេះ។

. ប្រភេទ​កម្រិត​ទី២ ឬ​កម្រិត​ធ្ងន់ ជា​ប្រភេទ​កម្រិត​ធ្ងន់មាន​ការឈឺ​ចាប់ខ្លាំង​មានពង​តិចជាង​ពង​ប្រភេទ​កម្រិត​តូច​និងមាន​ដំបៅ​ស៊ីជ្រៅ​ដល់​ស្បែក​ខាងក្នុង ហើយ​ជាសះ​ស្បើយ​ក្នុងរយៈ​ពេលពី​៦សប្ដាហ៍​ទៅ៨​សប្ដាហ៍​ដោយ​បន្សល់ទុក​ស្លាកស្នាម។ ពងបែក​ប្រភេទ​កម្រិត​ធំមាន​ទំហំ​ពី២​ទៅ៣​សង់ទី​ម៉ែត្រ​និងមាន​ប្រជា​ជន​ប្រមាណ​១០ភាគ​រយបាន​កើតជម្ងឺ​ពងបែក​ក្នុងមាត់​ស្ថិតក្នុង កម្រិត​នេះ។

3 . ប្រភេទ​កម្រិត​ទី៣ ឬ​កម្រិត​មាន​អែប៉េស ជា​ប្រភេទ​ដែលមាន​ទម្រង់​ជាអែ​ប៉េស​ដែល​កម្រ​កើតមាន​ហើយ​ដំបៅ មាន​ច្រើន និងមាន​ទំហំ​ចាប់ពី​១ទៅ​២សង់​ទីម៉ែត្រ​ផ្ដុំគ្នា​ជាកញ្ចុំ​ៗនៅ​លើស្បែក​ខាងក្រៅ។ ការជា​សះស្បើយ​គឺក្នុង​រយៈពេល​ចាប់ពី​៧ទៅ ១០ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយគ្មាន​ទុក​បន្សល់​នូវស្លាក​ស្នាមអ្វី​ឡើយ ដូចគ្នា​នឹងពង​បែក​ប្រភេទ​កម្រិត​តូចដែរ។

មូល​ហេតុ​ពងបែក​ក្នុងមាត់

ពិបាក​ក្នុងការ​សន្និដ្ឋាន​ពីមូល​ហេតុ​ពិត​ប្រាកដ​នៃជម្ងឺ​ពងបែក​ក្នុង​មាត់​ណាស់ ប៉ុន្ដែ​មាន​មូល​ហេតុ​មួយ​ចំនួន​ដែលធ្វើ​ឱ្យមាន ការ​សង្ស័យ។

  • ការប៉ះ​ទង្គិច​សាច់​ក្នុងមាត់
  • អាលែ​ស៊ីស្បែក​ក្នុងមាត់​ដែល​បណ្ដាល​មកពី​ការ​ទទួល​ទាន​ចំណី​អាហារ ដូចជា​ក្ដៅ ត្រជាក់ ផ្អែម​ជាដើម
  • កង្វះ​ជាតិ​វីតាមីន​បេ១ បេ២
  • មាន​វីរុស​អែប៉េស និងមាន​វីរុស​ផ្សេងៗ​ទៀតដែល​កើតមាន​នៅក្នុង​មាត់
  • ជម្ងឺ​រលាក​ពោះវៀន
  • លោកអ្នក​ខ្លះ​សម្អាត​ធ្មេញ​ញឹក​ញាប់​ពេក ក៏ធ្វើ​ឱ្យមាន​អាលែ​ស៊ីស្បែក​ក្នុងមាត់​ដែរ​បណ្ដាល​ឱ្យក្លាយ​ទៅជា​មានពង​បែក មាត់​ព្រោះនៅ​ក្នុងថ្នាំ​ដុះធ្មេញ និងថ្នាំ​ខ្ពុរមាត់​ទាំងនោះ​មានជាតិ​សូដ្យូម ឡូរីល សុលផាត​ជាដើម។
  • អ្នក​ជម្ងឺ​អេដស៍ និងអ្នក​កើត​មហារីក​គ្រាប់​ឈាមក៏​មានពង​បែក​ក្នុងមាត់​ដែរ។

វិធី​ព្យាបាល​ពងបែក​ក្នុងមាត់

គេមិន​អាច​ព្យាបាល​ឱ្យជា​ដាច់​នោះទេ ព្រោះ​ជម្ងឺនេះ​កើត​ឡើង​ជាញឹក​ញាប់​និងជា​សះ​ស្បើយ​ទៅវិញ​ដោយ​ឯកឯង។ ប៉ុន្ដែ​គេអាច​ព្យាបាល​វាបាន​បណ្ដោះ​អាសន្ន ដូចជា​ក្នុង​ករណី​មានពង​បែក​ក្នុងមាត់​រួមផ្សំ​នឹងការ​ឈឺចាប់​ត្រូវ​ប្រើ​ឱសថ​ដើម្បី​បំបាត់​ការឈឺ ចាប់។ ចំពោះ​លោកអ្នក​មានពង​បែកក្នុង​មាត់​កម្រិត​តូច ត្រូវ​ប្រើថ្នាំ​ខ្ពុរ​មាត់​ណា​ដែល​បំបាត់​ការ​ឈឺចាប់​និង​ជាតិថ្នាំ​ផ្សះ​អាចធ្វើ​ឱ្យជា ឆាប់​រហ័ស។ ផ្ទុយ​ទៅវិញ​បើ​មាន​ពងបែក​ក្នុងមាត់​ប្រភេទ​កម្រិត​ធំវិញ​ត្រូវ​ប្រើថ្នាំ​ប៉ូម៉ាត​ដែល​ជួយ​បំបាត់​ការ​ឈឺចាប់ ដែល​មាន ប្រសិទ្ធ​ភាពខ្ពស់​ក្នុងការ​ព្យាបាល​ឱ្យជា​សះស្បើយ​រយៈពេល​ខ្លី។

ផល​ប៉ះ​ពាល់​ពង​បែក​ក្នុង​មាត់

ជម្ងឺ​ពងបែក​ក្នុងមាត់​ធ្វើឱ្យ​មាន​ផលប៉ះ​ពាល់​យ៉ាង​ច្រើន ដូចជា​ធ្វើឱ្យ​លោកអ្នក​មានការ​ឈឺចាប់​នៅក្នុង​មាត់​ពិបាក​ក្នុងការ ទំពា​ចំណី​អាហារ មិនបាន​ស្រួល និងមិន​ម៉ត់ល្អ អាចឱ្យ​ក្រពះ​លោកអ្នក​រលាក​ដោយសារ​ក្រពះ​ពិបាក​កិន​រំលាយ​អាហារ​ជាដើម។ ចំណែក​ពោះវៀន​ដែលត្រូវ​ស្រូបសារ​ធាតុ​ចំណី​អាហារ​បន្ដពី​ក្រពះទៅ​ចិញ្ចឹម​សរីរាង្គ​ក៏មិន​សូវបាន​ល្អដែរ។

ដំ​បូន្មាន​អ្នក​ឯកទេស

ទោះបី​ជាជម្ងឺ​ពងបែក​ក្នុងមាត់​ជាជម្ងឺ​ដែលកើត​បាត់ៗ និងជា​សះស្បើយ​ដោយឯក​ឯងក៏​ដោយ​ប៉ុន្ដែអ្នក​ជម្ងឺក៏​មិនត្រូវ​ធ្វេស​ប្រហែស​ក្នុងការ​ព្យាបាល​ដែរ។ ព្រោះពង​ទឹកខ្លះ​ដែល​កើតមក​វាស៊ី​ជ្រៅ​បន្ដិច​ម្ដងៗ​រហូត​ធ្វើឱ្យ​មាន​ដំបៅ​ដល់ស្បែក​ស្រទាប់​ខាងក្នុង ហើយ​មិនព្រម​ជាសះ​ស្បើយ​ឯកឯង​សោះនោះ វាក៏​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ។ ដូច្នេះ​អ្នក​ជម្ងឺ​គួរទៅ​ជួបគ្រូ​ពេទ្យ​ឯកទេស ជា​បន្ទាន់ ដើម្បី​ព្យាបាល​ទាន់ពេល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative