ខ្ញុំឆ្អល់​ពោះ

អាការ​ឆ្អល់​ពោះ ហើម​ពោះ និង​ចុកពោះ កើតមាន​នៅលើ​មនុស្ស​គ្រប់វ័យ​តាំងពី​ទារក​រហូត​ដល់​មនុស្ស​ចាស់។ អាការ​ទាំង​អស់​នេះ​មិនមែន​កើត​ឡើង​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​នោះទេ​គឺវា​កើតឡើង​ដោយ​សារតែ​លោក​អ្នក​ទទួល​ទាន​អាហារ​ដែល​ផ្ទុក ទៅដោយ​អាហារ​មិនល្អ និង​សារធាតុ​មួយ​ចំនួន ជា​ហេតុ​ធ្វើឱ្យ​លោក​អ្នក​ឆ្អល់​ពោះ។ មិនតែ​ប៉ុណ្ណោះ​អាច​ធ្វើឱ្យ​មិនដើរ​ខ្យល់ (ផោម) ឬមិន​បន្ទោរ​បង់​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បក​ស្រាយ​បំភ្លឺ​ជូន​មិត្ដ​អ្នកអាន​ឱ្យបាន​យល់​អំពី​ឆ្អល់ពោះ លោក ខៀវ មី​គ្រូពេទ្យ​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​បាន​ផ្ដល់ បទ​សម្ភាស​តាម​រយៈ​ទស្ស​នាវដ្ដី សុខភាពយើង ដែលមាន​ខ្លឹមសារ​ដូច​តទៅ។

ឆ្អល់​ពោះ ជាអ្វី?

ឆ្អល់​ពោះ គឺ​សំដៅ​ទៅលើ​ក្រពះ​ពិបាក​ក្នុងការ​កិន​រំលាយ​អាហារ​ដែល​បណ្ដាល​ឱ្យមាន​ការឆ្អល់​ពោះ។ ការ​ដែល​មនុស្ស​គ្រប់​រូប​ទទួល​ទាន​អាហារ​ច្រើនពេក ហើយ​ជា​អាហារ​ដែល​មាន​សារធាតុ​មួយ​ចំនួន​ដែល​ក្រពះ​មិនអាច​ទទួល​បានក្នុង​ការកិន​រំលាយ​អាហារ ឱ្យបាន​ល្អ ជាហេតុ​ធ្វើឱ្យ​ឈឺ​អួលៗ ឬចុក​ណែន​នៅចុង​ដង្ហើម​ផ្នែកខាង​ឆ្វេង ខាងស្ដាំ​ឬឡើង​ទៅលើ​ចុះក្រោម។

រោគ​សញ្ញា​នៃការ​ឆ្អល់ពោះ

អាការ​របស់អ្នក​ឆ្អល់​ពោះមាន​សភាព​ដូចជា​ហើម​ពោះ ចុកពោះ កូរពោះ មិនដើរ​ខ្យល់ មិនភើ មិន​បន្ទោរ​បង់​និង​មានការ​ឈឺចុក​ចាប់នៅ​ក្នុងពោះ ដូចជា​ឈឺអួល​ៗនៅ​ចុង​ដង្ហើម​ផ្នែកខាង​ឆ្វេង ស្ដាំ​ឬឈឺ​រាលដាល​នៅ​កន្លែង​ផ្សេងៗ​ទៀតនៃ​រង្វង់​ផ្ទៃពោះ។ អាការ​បែបនេះ​ជាអាការ​ដែល​ធ្វើឱ្យ​លោកអ្នក​ចាប់​អារម្មណ៍​ថាខ្លួន​លោកអ្នក​មាន​អាការ​ឆ្អល់ពោះ​ដោយ​សារតែ​ក្រពះ​កិន​រំលាយ អាហារ​មិនបាន​ត្រឹមត្រូវ។

មូល​ហេតុ​នៃការ​ឆ្អល់ពោះ

ឆ្អល់ពោះ​មាន​មូល​ហេតុជា​ច្រីន​ដែល​បណ្ដាល​មកពី​លោកអ្នក​ទទួល​ទាន​អាហារ​ច្រើន​ពេក​ហើយជា​ចំណី​អាហារ​ដែលគ្មាន​គុណ​ភាព និង​ចំណី​អាហារ​ដែល​ផ្ទុកទៅ​ដោយ​សារធាតុ​មួយ​ចំនួន​ដូចជា ៖

  • អាហារ​ដែលមាន​ជាតិ​ហ្គាស ៖ មានដូច​ជាស្រា ទឹក​សូដា ឬទឹក​ក្រូចជា​ដើម​កាលណា​លោកអ្នក​ពិសា​ច្រើនពេក​នាំឱ្យ​វា បញ្ចេញ​ជាតិ​អាស៊ីត​ច្រើននៅ​ក្នុងក្រពះ បណ្ដាល​ឱ្យឆ្អល់​ពោះ។
  • អាហារ​ផ្អាប់ ឬ​អាហារ​ផ្អូម ៖ បើ​លោកអ្នក​ទទួល​ទាន​អាហារ​ដែលផ្អាប់ ឬ​អាហារ​ផ្អូម មាន​ដូចជា​ត្រសក់​ជ្រក់​សណ្ដែក ជ្រក់ ស្ពៃជ្រក់ ល្ហុងជ្រក់​ជាដើម។ ចំណី​អាហារ​ទាំងនេះ​ធ្វើឱ្យ​ក្រពះ​លោកអ្នក​មានការ​ពិបាក​ក្នុងការ​រំលាយ​អាហារ​ហើយ​បង្កជា​ជាតិ អាស៊ីត​ច្រើនក្នុង​ក្រពះ បណ្ដាល​ឱ្យឆ្អល់​ពោះ។
  • អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន មានដូច​ជាខ​សាច់ជ្រូក​ឬឆា​បន្លែជា​មួយសាច់​ជ្រូក​ដែលមាន​ខ្លាញ់ច្រើន​ជាដើម​បណ្ដាល​ឱ្យវា​បង្កើត​ជាតិ​អាស៊ីត​នៅក្នុង​ក្រពះ ធ្វើឱ្យ​លោកអ្នក​កើតជម្ងឺ​មួយ​ដែល​ពិបាក​រំលាយ​អាហារ​បង្កឱ្យ​មាន​អាការ​ឆ្អល់ពោះ។
  • ភាពកង្វះ​ខាតនៅ​ក្នុង​ប្រព័ន្ធ​ប្រដាប់​រំលាយ​អាហារ គឺភាព​ខ្សោយ​របស់​រស​លំពែង​មានន័យ​ថាសារ​ធាតុ​របស់​លំពែង​វា ជួយដល់​ក្រពះ​ក្នុងការ​រំលាយ​អាហារ​នៅខ្សោយ ធ្វើឱ្យ​ក្រពះ​រំលាយ​អាហារ​មិនបាន​ល្អបង្កើត​ឱ្យឆ្អល់​ពោះ។
  • ជាតិ​ឡាក់តា​(ទឹកដោះ​គោ)ច្រើន ៖ នៅក្នុង​ក្រពះ​មានជាតិ​ឡាក់តា​(ទឹកដោះ​គោ)​ច្រើនពេក​ក៏បង្កើត​ឱ្យលោក​អ្នកមាន អាការ​ឆ្អល់ពោះ ហើម​ពោះ ធ្វើឱ្យ​មិនដើរ​ខ្យល់ ឬធ្វើ​ឱ្យលោក​អ្នកមិន​បន្ទោរ​បង់បាន​ដែរ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ព្យាបាល​ឆ្អល់​ពោះ

ល់ពោះ​អាច​ព្យាបាល​បាន​ដោយ​ផ្ដោតទៅ​លើការ​ប្រើ​ប្រាស់​ឱសថ និងការ​បរិភោគ​ចំណី​អាហារ​ត្រឹមត្រូវ។ ចំណី​អាហារ ដែល​ជួយ​ព្យាបាល​មានដូច​ជាជាតិ​ឡាក់តា​(ទឹកដោះ​គោ) ជួយ​បំបាត់​អាការ​ឆ្អល់ពោះ​ហើយ​ធ្វើឱ្យ​ក្រពះ​កិន​អាហារ​បានល្អ​ថែមទៀត​ផង តែ​ហាម​ទទួល​ទាន​ច្រើន។ ចេក​ណាំវ៉ា​(ទុំ)ក៏​ជួយ​សម្រួល​ដល់​ក្រពះកិន​រំលាយ​អាហារ​ឱ្យបាន​ម៉ត់ដែរ។ ស៊ុតផ្នែក​ស(ឆៅក្ដី​ឆ្អិនក្ដី) គឺជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​ក្រពះ​កិន​រំលាយ​អាហារ​បានល្អ​ដែរ។ ដំឡូង​ជា​ចំណី​អាហារ​ដែលធ្វើ​ឱ្យដើរ​ខ្យល់។ ផ្លែល្ពៅ​ជាបន្លែ​ដែលជួយ សម្រួល​ក្នុងការ​បន្ទោរ​បង់។ ចំពោះ​ចំណី​អាហារ​បន្លែ​ដែល​សម្បូរ​ទៅដោយ​សរសៃ​(បន្លែ​ពណ៌​បៃតង)​ក៏ជា​ផ្នែក​មួយ​ដែលជួយ​ឱ្យ​ក្រពះ ក្នុងការ​រំលាយ​អាហារ​បានល្អ​ដែរ។ ចំណី​អាហារ​ទាំងអស់​នេះសុទ្ធ​តែជា​ចំណី​អាហារ​គ្មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ហើយ​បន្ទាប់ពី លោកអ្នក​ទទួល​ទាន​អាហារ​ណាក៏​ដោយ តិចក្ដី​ច្រើនក្ដី​ត្រូវ​ទទួល​ទានទឹក​ឱ្យបាន​ច្រើន​ដើម្បី​ជួយដល់​ក្រពះ​កិន​រំលាយ​អាហារ​ឱ្យបាន ម៉ត់។ ចំពោះ​ការ​ប្រើ​ប្រាស់​ឱសថ​គឺត្រូវ​ប្រើ​ឱសថ​ដែល​ស្រូប​សារធាតុ​ជាតិ​ខ្លាញ់​ជាតិ​អាស៊ីត និងជាតិ​ហ្គាស​ចេញពី​ក្នុងក្រពះ ដើម្បី​ឱ្យ ក្រពះ​រំលាយ​អាហារ​បាន​ស្រួលវិញ។

ផល​វិបាក​នៃការ​ឆ្អល់​ពោះ

ឆ្អល់ពោះ​ក៏នាំ​ឱ្យមាន​ផល​ប៉ះពាល់​ច្រើន​ដែរ ដូចជា​កាល​ណា​លោកអ្នក​មានការ​ឆ្អល់​ពោះ​ដែល​កើត​ឡើង​ដោយសារ​ក្រពះ​រំលាយ​អាហារ​មិនបាន​ម៉ត់ល្អ គឺផ្ដោត​ទៅលើ​ក្រពះ និង​ពោះវៀន​មាន​បញ្ហា​ដូចជា​ក្រពះ​អាច​រលាក​ដោយ​សារ​ការ​រំលាយ​អាហារ​មិន បានល្អ អាចធ្វើ​ឱ្យមាន​ជម្ងឺ​ឈឺរ៉ាំ​រ៉ៃជា​រៀង​រហូត។ ឆ្អល់ពោះ​បណ្ដាល​មកពី​ក្រពះ​ពាក់ព័ន្ធ​ទៅនឹង​សរសៃ​ញ្ញាណ​ដូចជា​ធ្វើឱ្យ​ឈឺក្បាល ឆាប់រោយ​ដៃជើង ឈឺឆ្អឹង​ខ្នង ជា​ពិសេស​ឈឺ​ពេញ​រង្វង់​ពោះតែ​ម្ដង។ កាល​ណា​ឆ្អល់​ពោះ​បណ្ដាល​មកពី​ក្រពះ​កិន​រំលាយ​អាហារ​មិនបាន ល្អ​នាំឱ្យ​ពោះវៀន​ជាអ្នក​ស្រូបនូវ​សារធាតុ​ពី​ក្រពះ​ទៅ​ចិញ្ចឹម​សារពាង្គ​កាយក៏​មិនបាន​ល្អដែរ។ ព្រោះ​ក្រពះ​មាន​តួនាទី​កិន​រំលាយ អាហារ ហើយ​ទើប​បញ្ជូន​ទៅពោះ​វៀនតូច​រួច​ពោះវៀន​តូចក៏​បញ្ជូន​បន្ដទៅ​ពោះវៀន​ធំ។ ក្រោយពី​ពោះវៀន​ធំ​បញ្ចេញ​សារធាតុ​មួយ ចំនួន​ទៅ​ចិញ្ចឹម​សារពាង្គ​កាយ​រួចទើប​បន្ទោរ​បង់​ចេញ​មកក្រៅ។ បើ​ក្រពះ​កិន​អាហារ​មិនបាន​ម៉ត់ល្អ​១០០​ភាគរយ​ទេ នាំឱ្យ​ពោះវៀន​ស្រូបបន្ដ​ពីក្រពះ​ទៅ​ចិញ្ចឹម​សរីរាង្គ​ក៏មិន​បាន​១០០​ភាគរយ​ដែរ។

វិធី​បង្ការ​អាការ​ឆ្អល់​ពោះ

មិនជា​ពិបាក​ទេ ប្រសិន​បើ​លោកអ្នក​ចង់ទប់​ស្កាត់​អាការ​ឆ្អល់​ពោះជា​មុន​គឺគ្រាន់​តែ​លោកអ្នក​កុំ​ទទួល​ទាន​អាហារ​ណាដូច​ដែលបាន​រៀបរាប់​ជូន​លោកអ្នក​បានជ្រាប​នៅក្នុង​មូល​ហេតុ​ខាងលើ ដែលមាន​ដូចជា​ចំណី​អាហារ​ផ្អាប់ ឬផ្អូម​អាហារ​ដែលគ្មាន​គុណ ភាព អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន និង​ចំណី​អាហារ​ណា​ដែល​មាន​ជាតិ​អាស៊ីត​ឬជាតិ​ហ្គាស​ច្រើន។ បើធ្វើ​បាន​លោកអ្នក​ពុំមាន​អាការ ឆ្អល់អ្វី​កើតឡើង​ទេ ហើយ​ធ្វើឱ្យ​ក្រពះ​មិន​រលាក​ថែម​ទៀត​ផង។

ដំ​បូន្មាន​អ្នក​ជំនាញ

ប្រសិន​បើ​លោកអ្នក​មាន​អាការ​ឆ្អល់​ពោះ ហើយ​លោកអ្នក​ប្រតិ​បត្ដិ​តាមការ​ណែនាំ​ដូចខាង​លើនៅ​តែមិន​បាត់​ឆ្អល់​ពោះ ទៀត។ សូម​លោកអ្នក​មេត្ដា​ឆាប់​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដើម្បី​ពិគ្រោះ​ឬត្រូវ​ព្យាបាល​តាម​វិធី​បែប​ណា​វិញ ដើម្បី​ធ្វើ​ឱ្យ​លោកអ្នក​ឈប់​ឆ្អល់​ពោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative