រ៉ែ​​​ខនិជ ៖ ជាតិ​​​កាល់​​​ស្យូម

នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខ​មុនៗ​លោក​អ្នក​បាន​ជ្រាប​ហើយ​អំពី​វីតាមីន​សារ​ធាតុ​អាហារ​ ​អាហារ​ចិញ្ចឹម​ ​អាហារ​បំប៉ន​ ​និង​សារ​ធាតុ​រ៉ែ​ខនិជ​ ​ទាំង​និយមន័យ​ ​ទាំង​ចំណាត់​ថ្នាក់​។ ​ទោះ​បី​ជា​សារ​ធាតុ​រ៉ែ​ខនិជ​មាន​តម្រូវ​ការ​តិច​សម្រាប់​ ​សាព៌ាង្គកាយ​​ក្ដី​ ​បើ​ប្រៀប​ធៀប​ជាមួយ​អាហារ​ចិញ្ចឹម​ ​និង​ជាតិ​វីតាមីន​ ​ប៉ុន្ដែ​ខ្លួន​ប្រាណ​មនុស្ស​ពិត​ជា​មិន​អាច​ខ្វះ​វា​បាន​នោះ​ទេ​។ ​ហេតុ​នេះ​​សូមមិត្ដ​អ្នក​អាន​ទាំង​ឡាយ​បន្ដ​តាម​ដាន​អំពី​អត្ថ​ប្រយោជន៍​របស់​សារ​ធាតុ​ទាំង​នេះ​ជាមួយ​ទស្សនា​វដ្ដី​ សុខភាពយើង ​ជា​បន្ដ​ទៅ​ទៀត​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាតិកាល់ស្យូមដែលចាត់ចូលក្នុង​ចំណាត់​ថ្នាក់​សារ​ធាតុ​អាហារ​បំប៉ន​ ​ឬ​សារ​ធាតុ​កម្រ​មាន​តម្រូវ​ការ​ច្រើន​​(​ឬ​រ៉ែ​ខនិជ​មាន​ ​តម្រូវ​ការ​ច្រើន​)​ ​ចូល​រួម​នៅ​ក្នុង​ប្រតិ​កម្ម​ម៉េ​តា​ប៉ូ​លីស​របស់​សារ​ធាតុ​វីតា​មីន​ជា​ច្រើន​។

ជួយឆ្អឹង និងធ្មេញ ៖ វាដើរតួនាទីយ៉ាងសំខាន់​នៅ​ក្នុង​ការ​សាង​សង់​ ​ភាព​មាំ​ទាំ​ ​និង​ការ​ទ្រ​ទ្រង់​ឆ្អឹង​ ​និង​ធ្មេញ​។​

ទ្រទ្រង់ប្រព័ន្ធប្រសាទ ៖ តួនាទីចម្បងបំផុគឺទ្រ​ទ្រង់​សុខ​ភាព​ប្រព័ន្ធ​ប្រសាទ​ដោយ​សម្រួល​ដល់​ការ​គេង​លក់​ស្រួល​ ​និង​ ​ប្រឆាំង​ជាមួយ​ស្ថានភាព​ស្មុគស្មាញ​ចិត្ដ​ ​ឬ​វិបត្ដិ​ផ្លូវ​ចិត្ដ​នានា​។ ​ជាតិ​កាល់​ស្យូម​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជាតិ​ខនិជ​ប្រព័ន្ធ​ប្រសាទ​។​

ជួយបេះដូង ៖ វាមានតួនាទីសំខាន់ផងដែរ ​ក្នុង​ការ​ជួយ​ដំណើរ​ចលនា​បេះដូង​ឱ្យ​ដើរ​ត្រឹម​ត្រូវ​ ​ជា​ពិសេស​ចង្វាក់​បេះ​ដូង​។​

ជួយឈាម ៖ វាក៏មានតួនាទីផងដែរ ​សម្រួល​ដល់​ការ​កក​នៃ​ឈាម​។

ប្រឆាំងជម្ងឺមហារីក ៖ យើងឃើញជាតិកាល់ស្យូមដើរ​តួនាទី​ផង​ដែរ​ ​នៅ​ក្នុង​ការ​ការ​ពារ​ទប់​ទល់​ជាមួយ​ជម្ងឺ​មហា​រីក​​ពោះ​វៀន​ធំ​ ​និង​មហារីក​ពោះវៀន​ក្រសាល់​គូទ​។

របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិកាល់ស្យូម

​ខ្លួនប្រាណមនុស្សយើងត្រូវការទទួលទានចូលទៅក្នុង​ខ្លួន​ជា​ប្រចាំ​ផង​ដែរ​ ​នូវ​សារ​ធាតុ​កាល់​ស្យូម​នេះ​ ​ក្នុង​បរិមាណ​ចំនួន​ ​៩០០​មី​លី​ក្រាម​សម្រាប់​មនុស្ស​ពេញ​វ័យ​ ​១,២​ក្រាម​សម្រាប់​វ័យ​ជំទង់​ ​១​ក្រាម​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ​ ​និង​ស្ដ្រី​បំបៅ​កូន​ដោយ​ទឹក​​ដោះ​ ​និង​មនុស្ស​ធំ​ឬ​ពេញ​វ័យ​ភេទ​ស្រី​ដែល​មាន​អាយុ​លើស​៥៥​ឆ្នាំ​ ​និង​បុរស​ចំ​ណាស់​អាយុ​លើស​៦៥​ឆ្នាំ​។

កង្វះជាតិកាល់ស្យូម នាំឱ្យប៉ះពាល់ដល់សុខភាព

ប្រសិនបើមនុស្សយើងទទួលទានជាតិកាល់​ស្យូម​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ​ ​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​គួរ​ឱ្យ​កត់​ ​សម្គាល់។ ​ផល​ប៉ះ​ពាល់​ដែល​ចម្បង​ជាង​គេ​ ​គឺ​វិបត្ដិ​គ្រោង​ឆ្អឹង​(​ពុក​ឆ្អឹង​ ​ឆ្អឹង​ក្រិន​ ​ឆ្អឹង​បាត់​ភាព​រឹង​មាំ​) ​ដង្កូវ​ស៊ី​ធ្មេញ​ ​ឈឺ​ចា​ប់​សាច់​ដុំ​ ​ស្បែក​ប្ដូរ​សម្បុរ​ ​ដំបៅ​មាត់​ ​ងាយ​កន្ដ្រាក់​សរីរាង្គ​ ​មួម៉ៅ​ ​និង​វិបត្ដិ​ដំណេក​(​គេង​មិន​សូវ​លក់​ជាដើម​)​។​

ចំណីអាហារដែលមានជាតិកាល់ស្យូម

ជាតិ​កាល់​ស្យូម​មាន​នៅ​លើ​ចំណី​អាហារ​មួយ​ចំនួន​ ​ជាពិសេស​នៅ​ក្នុង​ចំណី​អា​ហារ​ ​ដូច​ជា​អា​ហារ​ជាតិ​ទឹក​ដោះ​ ​ត្រី​សាឌីន​ ​កំប៉ុង​ ​ត្រីសូម៉ុង​ ​ផ្លែ​ឈើ​ស្ងួត​(​ជា​ពិសេស​ផ្លែ​អាម៉ង់​)​ ​បន្លែ​បៃតង​ ​ស្ពៃ​ ​និង​ទឹក​ខនិជ​ដែល​សម្បូ​ទៅ​ដោយ​ជាតិ​កាល់​ស្យូម​ ​និង​ម៉ា​ញ៉េ​ស្យូម​។​ ​សមាមាត្រ​ជាតិ​កាល់​ស្យូម​ ​និង​ម៉ា​ញ៉េ​ស្យូម​គឺ​ត្រូវ​មាន​ផល​ចែក​ចំនួន​២​ជា​ទូ​ទៅ​។​

ពេលដែលគួរប្រើជាតិកាល់ស្យូម

ជាទូទៅគេឃើញជាតិកាល់ស្យូមមានទម្រង់​ជា​ក្លុយ​កូ​ណាដ​ ​ឬ​អូ​រ៉ូ​តាត​ ​ឬ​ជា​ជាតិ​កាល់​ស្យូម​សមុទ្រ​ដែល​កើត​ចេញ​ពី​ ​សា​រ៉ាយ​ ​និង​គ្រឿង​ងាវ​ ​គ្រំ​សមុទ្រ​ជាដើម​។ ​តម្រូវ​ការ​ទទួល​ទាន​ធ្វើ​យ៉ាង​ណា​ឱ្យ​ចូល​ទៅ​ក្នុង​ខ្លួន​បាន​ជាតិ​កាល់​ស្យូម​១​ក្រាម​ក្នុង​១​ថ្ងៃ​។​

ចំពោះមនុស្សចាស់ ជាតិកាល់ស្យូមធ្វើ​ស​មាស​កម្ម​ជា​មួយ​ជាតិ​ប្រូ​តេ​អ៊ីន​ ​​ដើម្បី​ធ្វើ​ឱ្យ​ការ​ស្រូប​ផ្ដុំ​របស់​វា​រឹត​តែ​ប្រសើរ​ឡើង​ ​ព្រោះ​ថា​ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ​ការ​បញ្ចេញ​រស​ក្រពះ​មាន​ការ​ថម​ថយ​ចុះ​។ ​ប្រសើរ​បំផុត​គួរ​ទទួល​ទាន​ថ្នាំ​ឬ​អាហារ​បំប៉ន​ដែល​មាន​ ​ជាតិ​កាល់​ស្យូម​ក្រៅ​ពី​ពេល​បាយ​ ​ព្រោះ​ថា​វា​អាច​ជួយ​បញ្ចៀស​ ​ឬ​ឱ្យ​គេច​ផុត​ពី​ការ​ប្រ​ឆាំង​គ្នា​ជា​មួយ​ចំណី​អាហារ​ ​និង​ឱសថ​មួយ​ចំនួន​ ​ជា​ពិសេស​គឺ​ឱសថ​សម្លាប់​មេរោគ​អង់​ទី​ប៊ី​យ៉ូ​ទិក​ជា​ដើម​។

តម្រូវការជាតិកាល់ស្យូមជាប្រចាំថ្ងៃ និងការប្រុងប្រយ័ត្ន

ក្នុងករណីប្រើប្រាស់ជាតិកាល់ស្យូមជាថ្នាំឬ​​អាហារ​បំ​ប៉ន​ ​មិន​ត្រូវ​ប្រើ​ឱ្យ​លើស​ពី​២​ក្រាម​ក្នុង​១​ថ្ងៃ​ជា​ដាច់​ខាត​ ​បើ​មិន​ដូច្នេះ​ទេ​ ​នឹង​ប្រឈម​ជាមួយ​ការ​លើស​ជាតិ​កាល់​ស្យូម​នៅ​ក្នុង​ឈាម​​ ​ការ​លើស​ជាតិ​កាល់​ស្យូម​នៅ​ក្នុង​ទឹក​នោម​​ ​និង​បង្ក​បង្កើត​ជា​ក្រួស​នៅ​ក្នុង​ ​តម្រង់​នោម​។ ​លើស​ពី​នេះ​ ​ការ​ប្រើ​ប្រាស់​ច្រើន​ជ្រុល​ ​នាំ​ឱ្យ​ស្រេក​ទឹក​ជា​ខ្លាំង​ ​ព្រម​ទាំង​ក្អួត​ចង្អោរ​ ​សម្ពាធ​ឈាម​លើស​ ​និង​ទល់​លា​មក​ផង​ដែរ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative