សម្តេច​តេជោ សូម​ឲ្យយក​ចិត្ត​ទុក​ដាក់​លើ​សន្តិសុខ​ស្បៀង និង​ប្រេង​ឥន្ធនៈ

សន្តិ​សុខ​ស្បៀង​អាហារ និង​អាហា​រូបត្ថម្ភ​សម្រាប់​កុមារ​កម្ពុជា​នៅតែ​ជាប្រធាន​បទចម្បង​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​យកចិត្ត​ទុក​ដាក់។ សម្ដេច​តេ​ជោ ហ៊ុន សែន​ បានចូលរួម​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ​លើក​ទី​៤​ស្ដីពី​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ក្រោម​ប្រធានបទ ​«​អាហារូបត្ថម្ភ​របស់​មា​តា​និង​កុមារ​» ​នៅ​វិមាន​សន្តិភាព កាល​ពីព្រឹក​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១២ ។​

រូបភាពទស្សនាវដ្ដីសុខភាពយើង

តាម​រយៈ​របាយការណ៏ នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្ដី​ពី​សន្ដិ​សុខ​ស្បៀង​ ដែល​មាន​ការ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​ខ្មែរ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បាន​បង្ហាញ​ថា​ កុមារ​កម្ពុជា​ដែល​ប្រឈមចំពោះ​កង្វះ​អាហារ​រូបត្ថម្ភ មាន​ការ​ថយ​ចុះ​តិចតួច ។ សិក្ខា​សាលា​ដែល​ធ្វើឡើង​ក្រោម​ប្រធាន​បទ ” អាហារូបត្ថម្ភ​របស់​មាតា​និង​កុមារ ” បាន​ឱ្យ​ដឹង​ថា  អត្រា​កុមារ​អាយុក្រោម ៥ឆ្នាំ ដែលកង្វះ​ខាត​អាហារូបត្ថម្ភ​រ៉ាំរៃ បាន​បន្ដ​ធ្លាក់ចុះ ៤៣,២ភាគរយ កាល​ពី​ឆ្នាំ​២០០៥ ហើយ​ធ្លាក់​មក​នៅ​ត្រឹម ៣៩,៥ ភាគរយ នៅ​ឆ្នាំ​២០០៨ ។

គួរ​បញ្ជាក់​ផង​ដែរថា អាហា​រូបត្ថម្ភ​គឺជា​អាទិភាព​នៃរបៀប​វារៈនៅ​ពេលបើក​សិក្ខា​សាលា​ថ្នាក់ជាតិ​នេះ មានរយៈ​ពេល២​ថ្ងៃនៅ​វិមាន​សន្តិភាព និង​នៅសណ្ឋាគារ​ភ្នំពេញ ដោយ​ផ្តោតទៅ​លើ​អាហា​រូបត្ថម្ភ​របស់​មាតា និង​កុមារ។ អ្នក​ចួល​រួម​មាន​ដូចជា​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ មន្ត្រី​រដ្ឋាភិបាល ដៃគូ​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​ក្រុម​សង្គម​ស៊ី​វិល។ សិក្ខា​សាលា​នេះមាន​គោល​បំណង​ស្វែង​រក​បញ្ហា​ប្រឈម​ក្នុងការ​កែ​លម្អ ស្ថាន​ភាព​អាហា​រូបត្ថម្ភ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​សម្រាប់​ស្ត្រី និង​កុមារ​ដោយ​មើល​លើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​អន្តរ​ជាតិ​នានា ដែល​ជោគ​ជ័យ លទ្ធ​ភាពនៃ​ការ​បង្កើន​កិច្ច​ប្រឹង​ប្រែង​ជាតិ ព្រម​ទាំង​កែ​លម្អ​ភាព​ជាដៃ​គូ​ពហុ​វិស័យ​នៅតាម​សហគមន៍ និង​ការ​សម្រប​សម្រួល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា។

ក្នុង​នោះ សម្តេច​តេជោ ហ៊ុន សែន​ក៏បាន​អំពាវ​នាវ​ឲ្យ​អង្គការ​ស្បៀង​អាហារ​ពិភព​លោក ពិភាក្សា​អំពី​បញ្ហា​តម្លៃ​ស្បៀង និង​តំលៃ​ប្រេង​ឥន្ធនៈ​ផង​ដែរ។ សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​អោយ​ពិភាក្សា​អំពី​បញ្ហា​តម្លៃ​ស្បៀង​និង​ប្រេង​ឥន្ធនៈ​ដើម្បី​គ្រប់គ្រង​អោយ​មាន​ប្រសិទ្ធភាព​ ព្រោះ​កន្លង​មក​មិន​មាន​វេទិការ​ណាមួយ​ពិភាក្សា​អំពី​បញ្ហា​នេះ​នៅឡើយ​ទេ​។​ សម្ដេច​តេ​ជោ​ថ្លែង​ដោយ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ផ្ទាល់​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​អំពាវ​នាវ​តាមរយៈ​អង្គការ​FAO ​អោយ​រំលេច​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​នៅក្នុង​វេទិការ​ធំៗ​អំពី​បញ្ហា​តម្លៃ​ប្រេង​និង​ស្បៀង​អាហារ ពីព្រោះ​កន្លង​មក​បញ្ហា​សន្តិសុខ​ស្បៀង និង​ប្រេង​ឥន្ធនៈ​មិន​ធ្លាប់​បាន​លើកឡើង​ក្នុង​វេទិការ​ពិភាក្សា​ណាមួយ​នោះទេ​។

អត្ថបទដោយ ៖ ​សៀង វិរៈ​

ចុះផ្សាយ ៖ ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១២

Google Analytics Alternative