ខេន វណ្ណា​ថាត មមា​ញឹក​ការងារ​ច្រើន សុខភាព​ល្អ

កម្លោះ​រូប​សង្ហា តារា​សម្ដែង និងជា​ពិធី​ករ​មួយរូប​នៅស្ថា​នីយ​ទូរទស្ស​ន៍ប៉ុស្ដិ៍​លេខ៣​ដែល​កំពុងតែ​កសាង​កេរ្ដិ៍​ឈ្មោះឱ្យ​ល្បី​នោះ​គឺលោក ខេន វណ្ណា​ថាត។ សមត្ថភាព​ក្នុងការ​ធ្វើ​ពិធីករ និង​សម្ដែង​កាយ​វិការ​ខារ៉ា​អូខេ​រួមផ្សំ​នឹងរូប​សម្រស់​របស់​វណ្ណា​ថាត​មិន​ចាញ់​តារា​សម្ដែង​ដទៃ​ទៀត​ប៉ុន្មាន​ឡើយ។ សម្ជស្ស​របស់​វណ្ណា​ថាត​មើល​យូរកាន់​តែស្រស់​ស្អាតទៅ។ បច្ចុប្បន្ន​នេះ វណ្ណាថា​តត្រូវ បាន​ទស្ស​និកជន​ចាប់ផ្ដើម​ស្គាល់​ច្រើន​ហើយ​កេរ្ដិ៍​ឈ្មោះ​ចាប់ផ្ដើម​ឈានទៅ​រកភាព​ល្បី​ល្បាញ​ជា​សន្សឹមៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វណ្ណា​ថាត​មាន​សេចក្ដី​សោម​នស្ស​ណាស់ក្នុង​ការ​ទម្លាយ​អាថ៌​កំបាំង​ពីភាព​ស្រស់​សង្ហា និងរូប​សម្រស់​របស់​លោក​បង្ហាញ​ជូន​ប្រិយ​មិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាប តាមរយៈ​ការធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុន​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ

ក្រោយពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី​១២ វណ្ណា​ថាតបាន​ចូលធ្វើ​ការនៅ​ក្រុមហ៊ុន​មួយមាន​តួនាទី​ជាអ្នក​គិត​លុយ។​បន្ទាប់​មក ក៏មាន​ក្រុមហ៊ុន​ទឹកដោះ​គោហ្វ​មូស​បាន​បង្កើត​កម្មវិធី​ប្រឡង​ជ្រើស​រើស​អ្នក​ប្រចាំ​ទឹក​ដោះគោ​ហ្វមូស​វណ្ណាថាត​ក៏បាន​ទទួល​ជ័យ​លាភី លេខ១។ ប្រហែល​ជារយៈ​ពេល១​ខែក្រោយ​ពី​ប្រឡង​ទទួល​បានជ័យ​លាភី​លេខ១​ហើយ​ទើប​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៣​ត្រូវការ ជ្រើស​រើស​ពិធីករ​ក្នុង​កម្មវិធី​ប្លែក​ភ្នែក។ ពេល​នោះ​ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ៣​បាន​អញ្ជើញ​វណ្ណាថាត​ឱ្យមក​ធ្វើ​តេស្ដស​ម្លេង និងថត​កាយ វិការ ដោយសារ​វណ្ណាថាត​មាន​ទេព​កោសល្យ និង​ពោរ​ពេញ​ទៅដោយ​សេចក្ដី​ក្លាហាន​បានធ្វើ​ឱ្យ​វណ្ណា​ថាត​ក្លាយជា​ពិធីករ​ក្នុង​កម្មវិធី ជាច្រើន​ទៀតនៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៣។

ការ​ថែរក្សា​សម្រស់

សព្វថ្ងៃ​នេះ ថ្វីត្បិត​តែ​វណ្ណា​ថាត​មិនទាន់​មាន​កេរ្ដិ៍ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង ដូច​ពិធីករ​ដទៃ​ទៀត​មែន​ប៉ុន្ដែ​វណ្ណា​ថាតក៏​កំពុង​តែ បោះ​ជំហាន​ឈានទៅ​រកភាព​ល្បី​ល្បាញ​ជា​បណ្ដើរៗ តាមរយៈ​ការថត​កាយ​វិការ​ខារ៉ា​អូខេ​និងធ្វើ​ជាពិធី​ករកាន់​កម្មវិធី​ច្រើននៅ​ស្ថានីយ ទូរទ​ស្សន៍​ប៉ុស្ដិ៍​លេខ៣។ ទាំងនេះ​ជាមូល​ហេតុធ្វើ​ឱ្យ​វណ្ណា​ថាតត្រូវ​ប្រឈម​មុខនឹង​ការហត់​នឿយ​ជាច្រើន។ តែទោះ​បីជា​យ៉ាងណា​ក៏ ដោយ ភាព​មមាញឹក​នឹងការ​ងារទាំង​នេះ​មិនបាន​ធ្វើឱ្យ​វណ្ណា​ថាត​ធ្វេស​ប្រហែស​ពីការ​ថែទាំ​សម្រស់​ឡើយ។

  • ការថែ​រក្សាសក់ ពីមុន​សក់​របស់​វណ្ណា​ថាត​មានការ​បែកចុង ហើយ​ពុំមាន​សំណើម​ទៀតផង​ដោយ​សារតែ​វណ្ណា​ថាត​មិនបាន​ចាប់​អារម្មណ៍​ថែទាំ​សក់។ ដូចនេះ​វណ្ណា​ថាត​បានជ្រើស​រើស​សាប៊ូ​កក់សក់ ដែល​ត្រូវជា​មួយ​ស្បែក​ក្បាល​និង​សរសៃ​សក់ ដោយ កក់សក់​ក្នុងរយៈ​ពេល២ ឬ៣​ថ្ងៃម្ដង រួមផ្សំ​ប្រើ​ផលិត​ផល​ម្យ៉ាង​ជួយ​បន្ទន់​សរសៃ​សក់ឱ្យ​ទន់​និង​រយៈពេល​កន្លះខែ​ម្ដងទៀត​ផង។
  • ការថែ​រក្សា​ភ្នែក រាល់​ពេល​ចេញទៅ​សម្ដែងនៅ​ខាងក្រៅ និង​ចូលក្នុង​កម្មវិធី​ជា​ពិធីករ​ភ្នែក​របស់​វណ្ណា​ថាត​ត្រូវ​ទទួល រងនូវ​ពន្លឺ​ភ្លើង​ហ្វារ ឬកម្ដៅ​ព្រះអា​ទិត្យ។ ដើម្បី​ការពារ​ភ្នែកឱ្យ​បានល្អ​វណ្ណា​ថាត​តែងតែ​បន្ដក់ទឹក​ថ្នាំលាង​សម្អាត​ភ្នែកនៅ​ពេល​ទំនេរ​ពី​ការងារ ព្រោះខ្លាច​ភ្នែក​រកាំ និងមាន​បញ្ហា​ផ្សេងៗ​ទៀត។
  • ការ​ថែរក្សា​ធ្មេញ បញ្ហា​មាត់​ធ្មេញជា​រឿង​សំខាន់​ដែលមិន​អាច​បណ្ដោយ​ឱ្យមាន​បញ្ហាក្លិន​មាត់មិន​ល្អទេ។ វណ្ណា​ថាត​មានការ​ថែទាំ​ណាស់​ចំពោះ​សុខភាព​មាត់ធ្មេញ ព្រោះបើ​មាន​បញ្ហាក្លិន​មាត់មិន​ល្អ ខ្លួនឯង​ក៏ពុំ​មាន​សេចក្ដី​សុខដែរ​ហើយ​មិនហ៊ាន និយាយ​ទៅកាន់​គេទៀត។ ដូចនេះ​វណ្ណា​ថាត​ត្រូវ​សម្អាត​ធ្មេញ៣​ដងយ៉ាង​តិចក្នុង​១ថ្ងៃជា​ប្រចាំ។ បើមាន​ការ​ទំនាក់​ទំនង​ការងារ​នៅ ខាងក្រៅ វណ្ណា​ថាត​ត្រូវ​សម្អាត​ធ្មេញ​ម្ដងទៀត​មុននឹង​ចេញទៅ​ជួបភ្ញៀវ ឬមិត្ដ​ភក្ដិ។ ម្យ៉ាង​ទៀត​រយៈពេល​៦ខែ វណ្ណា​ថាត​ត្រូវទៅ មន្ទីរ​ពេទ្យ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ម្ដង ព្រោះ​ខ្លាចមាន​បញ្ហា។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​ស្បែកមុខ ក្នុងនាម​ជាតារា​សម្ដែង​កាយ​វិការ​ខារ៉ាអូខេ ដែលត្រូវ​ប្រឈម​មុខនឹង​ពន្លឺថ្ងៃ​និងនាម​ជាពិធី​ករ ត្រូវ​ទទួល​ពន្លឺភ្លើង​ហ្វារ​រៀងរាល់​ថ្ងៃ ហើយ​បាន​តុបតែង​មុខ​ដោយ​ផាត់​ម្សៅ ដែល​ងាយ​ធ្វើឱ្យ​ស្បែក​មុខមាន​ប្រតិកម្ម។ ដើម្បី​ចៀស​វាង ស្បែក​មុខមាន​បញ្ហា​ទាំងនេះ វណ្ណា​ថាត​មិនបាន​បណ្ដោយ​ឱ្យស្បែក​មុខខូច​ទេ។ នៅពេល​ថតចប់​វណ្ណា​ថាត​ត្រូវ​សម្អាត​មុខភ្លាម មិនឱ្យ ម្សៅ​នៅជាប់​នឹងស្បែក​មុខយូរ​ទេ។
  • ការ​ថែរក្សា​ស្បែកដង​ខ្លួន ជារឿង​ធម្មតា​សម្រាប់​មនុស្ស​ទូទៅ​ដែល​ចង់បាន​ស្បែក​ស។ រាល់ពេល​ងូតទឹក​វណ្ណា​ថាត បានយក​សាប៊ូ​ដែលត្រូវ​ជាមួយ​ស្បែក​ខ្លួនមក​ដុះលាង​សម្អាត​ខ្លួន ដើម្បី​ជម្រះ​ក្អែល​ឱ្យអស់។ នៅពេល​ចេញទៅ​ខាងក្រៅ​វណ្ណា​ថាត​បាន ជ្រើស​រើស​ផលិត​ផល​មកលាប​ពេញ​រាងកាយ ដើម្បី​ការពារ​ពីកម្ដៅ​ថ្ងៃ និង​ជំនួយ​ឱ្យស្បែក​មាន​សំណើម។

ការ​ថែរក្សា​សុខភាព​រាង​កាយ

សព្វ​ថ្ងៃនេះ វណ្ណា​ថាត​ខិតខំ​សម្ដែង​កាយ​វិការ និង​បង្កើន​សមត្ថ​ភាពធ្វើ​ជាពិធី​ករនៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៣​ដើម្បី​ឱ្យ​ទស្សនិក​ជនច្រើន​កាន់តែ​ទទួល​ស្គាល់​លោក។ ភាព​អំណត់​តស៊ូ​ទាំងនេះ បានធ្វើ​ឱ្យ​វណ្ណា​ថាត​មាន​ការ​មមាញឹក​ច្រើន​តែក៏​មិនបាន​ធ្វើឱ្យ វណ្ណា​ថាត​ធ្វេស​ប្រហែស​ពីការ​ថែទាំ​សុខភាព​រាងកាយ​ដែរ។ វណ្ណា​ថាត​យល់ថា សុខភាព​ល្អ​អ្វីៗ​ទើប​ដំណើរ​ការជា​ក្រោយ ហើយ នរណា​ៗក៏ចង់​បាន​សុខភាព​ល្អដែរ។ ដូចនេះ​នៅពេល​ទំនេរ​វណ្ណា​ថាត​តែងតែ​ហាត់​ប្រាណ​នៅពេល​ល្ងាច។ វណ្ណា​ថាត​ចូលចិត្ដ​ទទួល​ទាន អាហារ​បន្លែ​ច្រើន​ជាងសាច់ ហើយ​ទទួល​ទាន​អាហារ​យ៉ាងទៀង​ទាត់​៣ដង​ក្នុង១​ថ្ងៃ​និងចូល​ចិត្ដញ៉ាំ​ផ្លែឈើ​ដើម្បី​ជំនួយ​សុខភាព។

បំណង​សម្រាប់​ថ្ងៃ​អនាគត

អាជីព​ជា​សិល្បៈ គឺជា​បំណង​មួយ​ចំណែក​នៅក្នុង​ជីវិត​របស់​វណ្ណា​ថាត ហើយ​វណ្ណា​ថាត​នឹងចាប់​អាជីព​នេះរហូត​ប្រសិន​បើ​មាន​ទស្សនិក​ជនច្រើន​គាំទ្រ។ តែទោះ​បីជា​យ៉ាងណា​វណ្ណា​ថាត​យល់ថា​អាជីព​ជាអ្នក​សិល្បៈ​មិនអាច​ឋិតថេរ​នោះទេ។ ដូចនេះ​វណ្ណា​ថាត​មាន​បំណង​មួយផ្នែក​ទៀត​សម្រាប់​ថ្ងៃ​អនាគត គឺចង់​ធ្វើ​ជំនួញ​មួយ។ ប៉ុន្ដែ​ជំនួញ​នោះជា​អ្វី​វណ្ណា​ថាត​សុំលាក់​ទុកសិន​មិនទាន់ ទម្លាយ​ប្រាប់​ដល់​ទស្សនិក​ជន​ដឹងទេ។

បណ្ដាំ​ផ្ញើ​របស់ ខេន វណ្ណា​ថាត

លោកអ្នក​ដែល​រវល់​នឹងការ​ងារច្រើន ត្រូវ​ឆ្លៀត​ពេលថែ​ទាំ​សុខភាព​ខ្លួនឱ្យ​បានល្អ ទើបអ្វី​ៗល្អ​ជាក្រោយ។ ចំពោះ​ក្រុម គ្រួសារ​ដែលមាន​តែអំពើ​ហិង្សា​ស្ទើរ​រៀង​រាល់ថ្ងៃ សូម​កុំឱ្យ​មាន​ជម្លោះ​តទៅ​ទៀត ព្រោះវា​គ្មានអ្វី​ដែល​ចំណេញ​នោះទេ​មានតែ​ខាតបង់​ដូចជា​បាត់បង់​កិត្ដិយស​ជាដើម ថែមទាំង​គេមើល​ងាយទៀត។ រីឯ​កុមារ​ដែល​កំពុង​តែសិក្សា​ត្រូវយក​ចិត្ដទុក​ដាក់រៀន​សូត្រឱ្យ​បាន​ពូកែ កុំភ្លើត​ភ្លើន​ប្រព្រឹត្ដ​អ្វីដែល​សង្គមមិន​ឱ្យ​តម្លៃ​ឱ្យសោះ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ខេន វណ្ណា​ថាត
  • អាយុ ៖ ២៩​ឆ្នាំ
  • កម្ពស់ ៖ ១,៧០​ម៉ែត្រ
  • ទម្ងន់ ៖ ៥៨​គីឡូ​ក្រាម
  • បង​ប្អូន ៖ ៣នាក់​(ជាកូនទី១)
  • កម្រិត​វប្បធម៌ ៖ បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ
  • អាជីព​បច្ចុប្បន្ន ៖ ជា​តារា​សម្ដែង និងជា​ពិធីករ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៣
  • ទីកន្លែង​កំណើត ៖ កំពង់​សោម
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative