វិធី​ទប់ទល់​អាការ​រោគ​ជិតមក​រដូវ

ការមក​រដូវ​គឺជា​សញ្ញា​មួយ​បញ្ជាក់​ពីភាព​ពេញ​វ័យ​របស់​មនុស្ស​ស្រី។ ប៉ុន្ដែ​នៅពេល​ជិតមាន​រដូវ​ស្ដ្រីមួយ​ចំនួន​តែងតែ​ជួប​ប្រទះនូវ​អាការ​ប្រែប្រួល​ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ដ។ អាការ​មុនមក​រដូវ​ខ្លះជា​រឿង​ធម្មតា​ក៏ប៉ុន្ដែ​មានមួយ​ចំនួន​វាជា​សញ្ញា​ប្រាប់ពី​សុខ​ភាពស្ដ្រី​ក៏ដូច​ជាការ​ព្រមាន​នូវ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ ដែលអាច​កើតមាន​ឡើង​ផងដែរ។ តើ​រោគ​សញ្ញា​ឬអាការ​អ្វីខ្លះ​ដែល​ស្ដ្រី​ជិតមក រដូវ​តែងតែ​ជួប​ប្រទះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខ​មុនៗ ទស្ស​នាវដ្ដី សុខភាពយើង បានចេញ​ផ្សាយ​រួចមក​ហើយ​ជុំវិញ​ការមក​រដូវ​របស់​ស្ដ្រី។ នៅក្នុង​លេខនេះ​សុខភាពយើង សូម​បង្ហាញ​ជូនបន្ដ​ទៀត​អំពី​បញ្ហា​សុខភាព​របស់​ស្ដ្រី​នៅពេល​ជិតមក​រដូវ​វិញម្ដង​ថាតើ​វាមាន​អាការ​អ្វីខ្លះ? ហើយ​មាន មូល​ហេតុអ្វី​បានជា​ស្ដ្រីមាន​អាការ​ខុសប្លែក​ពី​ធម្មតា​នៅរាល់​ពេល​ជិតមក​រដូវ? ចម្ងល់​ទាំងអស់​នេះ​ប្រិយ​មិត្ដ​អ្នកអាន​អាចស្វែង​យល់ បាន​តាមរយៈ​ការបក​ស្រាយ​របស់​លោក​ស្រីវេជ្ជ​បណ្ឌិត ជូ ពិន អ្នក​ឯកទេស​សម្ភព និងរោគ​ស្ដ្រី​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

សញ្ញាណ​មុនមក​រដូវ

មុនពេល​មក​រដូវ​ចំនួន​៣ឬ៤​ថ្ងៃនោះ ស្ដ្រីអាច​មាន​អាការ​ដោយ​ឡែកៗ​ពីគ្នា​ទៅតាម​ប្រភេទ​នៃ​សុខភាព​ផ្ទាល់ខ្លួន។ ស្ដ្រីមួយ​ចំនួន​អាច​ឈឺក្បាល​មួយ​ចំហៀង​ក្បាល ឬទាំង​សងខាង​ក្បាល ក្អួតឬ​ចង្អោរ ចុកសៀត​នៅពោះ ញ៉ាំអ្វី​ក៏មិន​ឆ្ងាញ់​ឬញ៉ាំ​មិនបាន​អស់ កម្លាំង ឈឺ​ចង្កេះ។ល។ ចំពោះ​ស្ដ្រីវ័យ​ចាប់ពី​៣០ទៅ​៣៥​ឡើងទៅ​សុដន់​អាចឡើង​ធំ​ហើយ​រឹងថែម​ទៀត។ អាការ​ទាំងអស់​នេះវា​សឹង តែក្លាយ​ទៅជា​សញ្ញា​មួយដែល​ចាំដាស់​ស្មារតី​របស់​ស្ដ្រីជា​រៀងរាល់​ខែថា​ជិតមក​រដូវ​ហើយ។ ដូច្នេះ​គួរមាន​ការប្រុង​ប្រយ័ត្ន​ឱ្យមែន​ទែន កុំធ្វើ​ឱ្យខ្មាស​គេ។

មូលហេតុ​ដែល​បង្ក​សញ្ញាណ​មុនមក​រដូវ

ជារាល់​ពេលជិត​មក​រដូវ​ម្ដងៗ ស្ដ្រី​តែងតែ​មានការ​ប្រែប្រួល ឬជម្ងឺ​ផ្សេងៗ​នោះ។ ព្រោះ​រាងកាយ​ស្ដ្រីមិន​អាចទប់​ទល់នឹង​បម្រែប​ម្រួលខ្លាំង​របស់​ប្រព័ន្ធ​អ័រម៉ូន​នៅក្នុង​ខ្លួន។ នៅក្នុង​ខ្លួន​មនុស្ស​ស្រី មាន​អ័រម៉ូន​ចំនួន២​ប្រភេទ​គឺអ័រ​ម៉ូនអឺ​ស្ដ្រូសែន និង ប្រូហ្សេ​ស្ដេរ៉ូន​ដែល​ដាក់​វេនគ្នា​ដើរ​ធ្វើការ។ កម្លាំង​អ័រម៉ូន​អឺស្ដ្រូ​សែនដើរ​ឡើង​ខ្ពស់​នៅក្នុង​សរីរាង្គ​ហើយ​វាចុះ​មកវិញ​នៅពាក់​កណ្ដាល​ខែ​រួចផ្ដល់​ឱកាស​ឱ្យ​អ័រម៉ូន​ប្រូហ្សេ​ស្ដេរ៉ូន​ធ្វើ​ការងារ​វិញម្ដង​ហើយ​កម្លាំង​អ័រម៉ូន​នេះកើន​ឡើងខ្ពស់​នៅពេល​ស្ដ្រីជិត​មករដូវ នៅពេល​ចុះមក​វិញនាំ​ឱ្យមាន​ការធ្លាក់​ឈាម ដែល​ហៅថា​ឈាម​រដូវ​នោះឯង។ បើ​ពិនិត្យ​មើល​ស្បូន​វិញនោះ គេ​ឃើញថា​ដៃស្បូន​ខំធ្វើ​ការយ៉ាង ខ្លាំង​នៅ​ពាក់​កណ្ដាល​ខែនៃ​រដូវ ដោយ​អូវែរ​ចាប់ផ្ដើម​ទម្លាក់​ពងមេ​ជីវិត​ញី​ហើយ​ធ្វើ​ដំណើរ​ទៅក្នុង​ដៃស្បូន​ដោយ​តម្រូវ​ឱ្យដៃ​ស្បូននោះ ត្រូវ​ពង្រីក​ខ្លួន ធ្វើឱ្យ​មានការ​ឈឺនៅ​បរិវេណ​ចង្កេះ។ ជួនកាល​ដៃស្បូន​ក៏ធ្វើ​ឱ្យស្បូន​មានការ​ផ្លាស់​ប្ដូរ​រូបរាង​សរសៃ​ស្បូន​កន្ដ្រាក់​ហើយ រីកធំ និងក្រាស់ ដើម្បី​ត្រៀម​ធ្លាក់​រដូវ​មកខាង​ក្រៅ។

វិធី​ព្យាបាល​អាការ​មុនមក​រដូវ

​ស្ដ្រីភាគ​ច្រើន​មានការ​ធ្វេស​ប្រហែស​មិនចាប់​អារម្មណ៍​ពី​អាការ​ផ្សេងៗ​នៅពេល​ជិតមក​រដូវ​នោះទេ​យ៉ាង​ច្រើនគ្រាន់​តែទិញ ថ្នាំ​បំបាត់​ការ​ឈឺចាប់​នៅតាម​ឱសថ​ស្ថាន​នានា​ប៉ុណ្ណោះ។ ដើម្បី​ព្យាបាល​ឱ្យមាន​ប្រសិទ្ធ​ភាព​និងដឹង​ពីមូល​ហេតុឱ្យ​បានច្បាស់​លាស់ នោះ លុះត្រា​តែលោក​ស្រីអ្នក​នាង​កញ្ញា​ទៅជួប​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ មុនធ្វើ​ការព្យា​បាល។ បើសិន​ជា​សុភាព​នារីមាន​អាការ​ឈឺ នៅ​បរិវេណ​ស្បូន ឬដៃ​ស្បូន ត្រូវ​ពិនិត្យ​ដោយការ​ឆ្លុះ​មើល។ តែ​ប្រសិន​បើស្ដ្រី​នៅមិន​ទាន់រៀប​ការទេ មិនគួរ​ពិនិត្យ​ដោយការ​ឆ្លុះ ឡើយ ចៀសវាង​ការដាច់​រហែក​ព្រហ្ម​ចារី​ហើយគួរ​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​សម្រួល​ដៃស្បូន​ឱ្យ​ត្រឡប់​មកភាព​ដើមវិញ ដើម្បី​កាត់​បន្ថយ ការ​ឈឺចាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ថែទាំ​សុខភាព​ពេលជិត​មករដូវ

វាមិន​មានការ​លំបាក​នោះទេ​ក្នុងការ​ថែរក្សា​សុខភាព​នៅពេល​ដែលជិត​មករដូវ គ្រាន់តែ​លោកស្រី​អ្នកនាង​កញ្ញា​មាន​របប​អាហារ​ត្រឹមត្រូវ​និង​ទៀងទាត់​ពេល​វេលា។ ប្រសិន​បើស្ដ្រី​ទាំង​ឡាយ​ធ្លាប់មាន​អាការ​ផ្សេងៗ​មុនមក​រដូវ​គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​វេលា។ ដោយ​ឡែកបើ​ដល់ថ្ងៃ​កំណត់​មករដូវ​ហើយ តែបែរ​ជាមិន​មក​គួរទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិគ្រោះ​រកមូល​ហេតុនៃ​ការមិន​មក​រដូវ​ទៀងទាត់​ពេល​វេលា។

1 . ស្ដ្រីមិន​ធ្លាប់​រួមភេទ ជារឿង​ធម្មតា​ចំពោះ​ស្ដ្រីវ័យ​ក្រមុំ​ដែល​ភាគច្រើន​មិនសូវ​ខ្វល់ខ្វាយ​ពីការ​យឺតយ៉ាវ​នៃរដូវ​ប៉ុន្មាន ទេ។ ការ​រអាក់​រអួល​យ៉ាងនេះ​បណា្ដល​មកពី​សុខភាព​របស់​ស្ដ្រីទាំង​នោះដោយ​ផ្ទាល់។

2 . ស្ដ្រីធ្លាប់​រួមភេទ ការយឺត​យ៉ាវនៃ​ការបាត់​រដូវ​អាចជា​រឿងមិន​ធម្មតា ដូចជា​ស្ដ្រីអាច​មានផ្ទៃ​ពោះ។ តែមិន​ប្រាកដ​ថា ស្ដ្រីអាច​មានកូន​គ្រប់ៗ​ពេលនោះ​ទេ ជួនកាល​អាចបង្ក​ជម្ងឺ​ផ្សេងៗ​ដែល​យើងមិន​នឹកស្មាន​ដល់ទៅ​វិញ។ ដូចនេះ​វិធី​ដែលល្អ​បំផុត​ចំពោះ ស្ដ្រីមាន​ប្ដី ហើយ​រដូវមាន​ការយឺត​យ៉ាវនោះ គឺត្រូវ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ត្រឹមត្រូវ។ ការធ្វេស​ប្រហែស​នេះធ្វើ​ឱ្យស្ដ្រី​មួយ​ចំនួន​មាន ជម្ងឺ​ផ្សេងៗ និងប៉ះ​ពាល់ដល់​ស្បូនជា​រឿយៗ។

ផលប៉ះ​ពាល់នៃ​អាការ​មុនមក​រដូវ

នៅពេល​ដែលស្ដ្រី​មាន​អាការ​ជម្ងឺ​ផ្សេងៗ​នៅពេល​ជិតមក​រដូវនោះ អាចបង្ក​ជាការ​ឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​មាន​អារម្មណ៍ ធុញ​ទ្រាន់តប់​ប្រមល់​ជាដើម។ អាការ​មួយ​ចំនួន​មុនពេល​មាន​រដូវ​នេះក៏​ជារោគ​សញ្ញា​មួយដែល​បញ្ជាក់​ថាស្ដ្រី​នោះអាច​ប្រឈម​មុខនឹង ការអត់​កូនបាន គ្រាន់តែ​មាន​អត្រា​តិចតួច​ប៉ុណ្ណោះ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សុភាព​នារី​ទាំងឡាយ​ដែលមាន​អាការ​ផ្សេងៗ​ដូច​រៀបរាប់​ខាងលើ នៅពេល​ជិតមក​រដូវ​នោះ​មិនគួរ​បណ្ដោយ​ឱ្យមាន​ការ​ឈឺចាប់​យូរថ្ងៃ​រាល់ៗ​ខែនោះ​ទេ។ គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ប្រសើរ​ជាជាង​ទៅទិញ​ថ្នាំផ្ដេស ផ្ដ្កាស​យកមក​ប្រើប្រាស់​ដោយ​មិនមាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ​ដែលធ្វើ​ឱ្យខាត​បង់​ថវិកា​ច្រើន​ហើយ​ថែមទាំង​មិនមាន​ប្រសិទ្ធ​ភាពទៀត​ផង​ជា​ពិសេស​វារឹត​តែធ្វើ​ឱ្យ​ពិបាក​ព្យាបាល​ថែមទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative