ថ្នាំ​ពន្យារ​កំណើត បង្ក​ការ​ឡើង​ទម្ងន់​ចំពោះ​ស្ដ្រីខ្លះ

ការឡើង​ទម្ងន់​បន្ទាប់ពី​ការប្រើ​ថ្នាំ​ពន្យារ​កំណើត មិនមែន​អាចកើត​មាន​គ្រប់ស្ដ្រី​ទាំងអស់​នោះទេ។ ស្ដ្រីខ្លះ​ក្រោយពី​ប្រើថ្នាំ ពន្យារ​កំណើត​ធ្វើឱ្យ​ស្គមជាង​មុន។ ចំណែក​ឯអ្នក​ខ្លះទៀត​នៅពេល​ប្រើមិន​បានត្រឹម​ត្រូវ បែរទៅ​ជាមាន​ជម្ងឺទៅ​វិញ។ ហេតុដូច​នេះ ហើយ ដើម្បី​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ប្រើថ្នាំ​ពន្យារ​កំណើត លោកស្រី​អ្នកនាង​គួរតែ​ទៅជួប​គ្រូពេទ្យ​ជាមុន​សិន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​ធ្លាប់បាន​ដឹងខ្លះ​ៗមក​ហើយនូវ​បញ្ហា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ថ្នាំ​ពន្យារ​កំណើត។ សម្រាប់​លេខនេះ​ទស្សនា  វដ្ដី សុខភាពយើង សូម​បន្ដ​លើកយក​ប្រធាន​បទមួយ​ទៀតមក​បកស្រាយ​គឺការ​ប្រើថ្នាំ​ពន្យារ​កំណើត​តាម​រយៈការ​បក​ស្រាយ​របស់ លោក​វេជ្ជ​បណ្ឌិត ថៃហ្វា វីហ្គង់ អ្នក​ជំនាញ​ខាង​សម្ភព និង​រោគស្ដ្រី នៃ​មន្ទីរ​ពេទ្យព្រះ​កុសុមៈ។

ការប្រើ​ថ្នាំគ្រាប់​ពន្យារ​កំណើត

ការប្រើ​ថ្នាំគ្រាប់​សម្រាប់​លេបគឺ​ជាវិធី​មួយ​ដែល​ទទួល​ស្គាល់ថា​មាន​ប្រសិទ្ធ​ភាពលើ​ស្ដ្រី​គ្រប់រូប។ ប៉ុន្ដែ​ក៏មិន​មាន​ន័យថា​គ្រប់កម្ម​វិធី​ពន្យារ​កំណើត​ទាំងអស់​សុទ្ធតែ​មាន​ប្រសិទ្ធ​ភាព និងមាន​គុណភាព​១០០​ភាគរយ​នោះទេ។ មិនតែ​ប៉ុណ្ណោះ​វិធី​ខ្លះក៏​អាចបង្ក​ឱ្យ មានផល​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​ផងដែរ។ ដូច្នេះ​គូស្វា​មី​ភរិយា​ត្រូវ​ពិភាក្សា​គ្នាពី​កម្ម​វិធី​ពន្យារ​កំណើត​ដែល​សម្រាប់​ជួយ​សម្រួល ដល់​ជីវភាព​គ្រួសារ។ ប៉ុន្ដែ​ការទប់​ស្កាត់​មិនឱ្យ​មានកូន​ចំពោះ​មនុស្ស​ប្រុស​មាន​លក្ខណៈ​ខុសពី​មនុស្ស​ស្រី។

មូលហេតុ​ដែល​ប្រើថ្នាំ​ពន្យារ​កំណើត​ធ្វើឱ្យ​ធាត់

អ្នកប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​មានរាប់​រយលាន​នាក់ ក្នុងមួយ​ឆ្នាំៗ។ ថ្នាំ​អូខេ ឬស្រី​ពេជ្រ​ក៏ដូច​ជាថ្នាំ​ពន្យារ​កំណើត​ដែល មានជាតិ​អឺស្ដ្រូ​ហ្សែន​ផ្សេង​ទៀតដែរ គឺត្រូវ​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន។ ជាមួយ​នឹងការ​តាមដាន​ឬអង្កេត​យ៉ាង​ពិសេស​បានឱ្យ​ឃើញ ថា​ចំពោះ​ស្ដ្រីធាត់ ស្ដ្រី​លើស​ជាតិខ្លាញ់ ស្ដ្រី​ដែលមាន​តំណ​ពូជកើត ទឹកនោម​ផ្អែម​ពូជ​កំណក​ឈាម​នៅក្នុង​សរសៃ​ឈាម ឬពូជ​មហារីក ដោះជា​ដើមជា​បញ្ហា​ចម្បង​ដែលអាច​បង្កការ​ធាត់ឡើង​ទម្ងន់​ប្រសិន​បើស្ដ្រី​ប្រើប្រាស់​ថ្នាំពន្យារ​កំណើត​នឹងរិត​តែងាយ​ឡើង​ទម្ងន់។ ស្ដ្រី ដែលមាន​ទម្ងន់​ធម្មតា​មិនមាន​ជម្ងឺ​តពូជ​ណាដែល​ទាក់ទង​នឹងទឹក​នោមផ្អែម ឬធាត់​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះមិន​បានធ្វើ​ឱ្យមាន​ការ ប្រែប្រួល​ទម្ងន់​នោះទេ។

អត្ថ​ប្រយោជន៍​របស់​ថ្នាំ​ពន្យារ​កំណើត

ថ្នាំគ្រាប់​លេប​ដែល​ប្រើ​ប្រាស់​សម្រាប់​ធ្វើការ​ពន្យារ​កំណើត​មានច្រើន​ប្រភេទ។ ថ្នាំ​ប្រភេទ​អូខេ ឬស្រី​ពេជ្រ​ដែល​កំពុងប្រើ ប្រាស់​ក្នុង​ប្រទេស​កម្ពុជា​យើងមាន​ជាតិអ័រ​ម៉ូនពីរ​ប្រភេទ គឺអេ​ទីនី​លអឺ​ស្ដ្រាដ្យុល​ក្នុង​កម្រិត​៣០​មីក្រូ​ក្រាម​និងប្រូ​ហ្សេ​ស្ដេរ៉ូន។ មុខងារ នៃថ្នាំ​ពន្យារ​កំណើត​ប្រភេទ​នេះ គឺទៅ​បញ្ឈប់​កន្សោម​ពងទាំង​សងខាង​របស់ស្ដ្រី​មិនឱ្យ​ចេញ​មេ​ជីវិត។ ដោយសារ​ជំនួយ​របស់​អង្គការ អន្ដរ​ជាតិក្នុង​ការ​ផលិត​ថ្នាំ​ប្រភេទ​នេះក្នុង​បំណង​បន្ថយ​ចំនួន​កូននៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធ្វើឱ្យ​ថ្នាំទាំង​ពីរនេះ​មានតម្លៃ​ទាបមែន ទែននៅ​ប្រទេស​យើង បើសិន​ជាប្រៀប​ធៀប​ជាមួយ​ថ្នាំនៅ​ប្រទេស​ជឿន​លឿន។ ដោយសារ​ថ្នាំ​ពន្យារ​កំណើត​មាន​តម្លៃ​ទាប​បែបនេះ ហើយ​ទើបធ្វើ​ឱ្យស្ដ្រី​ស្ទើរតែ​គ្រប់រូប​អាច​ទទួល​យក​កម្ម​វិធីនេះ​ទៅប្រើ​ប្រាស់ជា​ប្រចាំ​បាន​ដោយ​ភាពងាយ​ស្រួល។ បន្ទាប់ពី​ប្រើជួន កាលអាច​ធ្វើឱ្យ​អ្នកប្រើ​មាន​កម្លាំង​មាំមួន​និងមាន​សម្រស់​ស្អាត​ជាងមុន ប្រសិន​បើការ​ប្រើថ្នាំ​នេះបាន​ត្រឹមត្រូវ។ ម្យ៉ាង​ទៀត​អាចធ្វើ ឱ្យកូន​ៗរបស់​លោក​ស្រីអ្នក​នាងមាន​សុខភាព​រឹងមាំ​និង​ទទួល​បាន​របប​អាហារ​គ្រប់គ្រាន់។

វិធី​ប្រើថ្នាំ​ពន្យារ​កំណើត ដើម្បី​ទប់ស្កាត់​មិនឱ្យ​ឡើង​ទម្ងន់

ទោះបី​យ៉ាងណា​ក៏ដោយ​ក៏ស្ដ្រី​ដែលប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​ត្រូវតាម​ដាន​ទម្ងន់​របស់​ខ្លួនឯង​ឱ្យបាន​ទៀងទាត់​និងត្រូវ​ទៅ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រាល់៦​ខែម្ដង។ ជា​ទូទៅ​មុននឹង​ឱ្យស្ដ្រី​បន្ដ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​គ្រូពេទ្យ​តែងតែ​ពិនិត្យ​មើល​ស្ថាន​ភាព មួយ​ចំនួន​របស់​ស្ដ្រី ដួចជា​ស្ថានភាព​សរសៃ​ឈាមនៅ​ជើង ពិនិត្យ​ជាតិ​ស្ករ និងជាតិ​ខ្លាញ់ក្នុង​ឈាម។ រាល់ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ កំណើត​ដែល​បណ្ដាល​ឱ្យមាន​ឡើង​ទម្ងន់​ច្រើន ឡើង​ជាតិស្ករ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​គ្រូពេទ្យ​ត្រូវធ្វើ​ការប្ដូរ​ទៅ​ប្រភេទ​ថ្នាំ​ពន្យារ កំណើត​ផ្សេង​ទៀត ដែលមាន​ជាតិ​អ័រម៉ូន​ទាបជាង​នេះ​ឬក៏​អាច​ជ្រើស​រើសរក​មធ្យោ​បាយ​ពន្យារ​កំណើត​ផ្សេង​ទៀត ដូចជា​ការដាក់​កង ការប្រើ​ស្រោម​អនាម័យ​ជាដើម។ ទាក់ទង​នឹង​បញ្ហា​មហារីក​វិញ​តាមការ​សិក្សា​របស់អង្គ​ការអន្ដរ​ជាតិ​បានឱ្យ​ឃើញថា មហា​រីក កន្សោម​ពងមាន​ការថយ​ចុះច្រើន​លើក្រុម​ស្ដ្រីដែល​មានប្រើ​ថ្នាំ​ពន្យារ​កំណើត​រីឯ​មហារីក​ដោះ និង​ស្រទាប់​រដូវ​វិញមិន​ឃើញ​មានភាព ខុសគ្នា​រវាង​ស្ដ្រី​ដែលមិន​ប្រើថ្នាំ​ពន្យារ​កំណើត​នោះទេ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ទោះបី​ជាការ​ពន្យារ​កំណើត មាន​ស្ដ្រីខ្លះ​អាចឡើង​ទម្ងន់​ខុសពី​ធម្មតា​ពិតមែន​តែក៏​មិនគួរ​មើល​រំលង​ពីវិធី​ពន្យារ​កំណើត​បាន​ឡើយ។       ការ​ពន្យារ​កំណើត​ធ្វើឱ្យ​មានផល​ប្រយោជន៍​ច្រើន​ចំពោះ​ខ្លួន ដូចជា​ជួយ​សម្រួល​បន្ទុក​ក្នុងក្រុម​គ្រួសារ​ឱ្យមាន​ជីវភាព​ធូរ ស្រាល​បានមួយ​ចំណែក និងមាន​សុខភាព​ល្អ។ ហេតុដូច​នេះហើយ​លោកស្រី​អ្នកនាង​គប្បី​ជ្រើស​រើស​យកវិធី​មួយណា​ក៏បាន​ដែលសម ស្រប​សម្រាប់​សុខភាព​រាងកាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative