វិធី​ថែរក្សា​សម្រស់​ស្បែក​នៅ​រដូវ​ក្ដៅ

កម្ដៅ​ថ្ងៃអាច​ជួយឱ្យ​ស្បែក​របស់​លោកអ្នក​ស្រស់​ស្អាតបាន​នៅពេល​ព្រឹក​ព្រលឹម។ ប៉ុន្ដែ​កម្ដៅ​ថ្ងៃក៏​មានការ​ប៉ះទង្គិច​ដល់ ស្បែក ពេលមាន​កម្ដៅ​ថ្ងៃខ្លាំង។ ស្បែក​កាលណា​ត្រូវ​ជាមួយ​កម្ដៅ​ថ្ងៃ ធ្វើឱ្យ​មាន​ប្រតិកម្ម​ច្រើន​ចំពោះ​កោសិកា​ស្បែក​ដូចជា​ស្នាម​ខ្មៅ ក្រហម រមាស់​ជាដើម។ ហេតុ​ដូចនេះ​ចំពោះ​វិធី​ថែរក្សា​ស្បែក​នារដូវ​ក្ដៅ តើគួរ​ប្រតិ​បត្ដិ​តាម​វិធី​ណាខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ស្រី ងិន ម៉ានីយ៉ា នាយិកា​មជ្ឈ​មណ្ឌល​ថែរក្សា​សម្ផស្ស​សូហ្វី​យ៉ា បានមាន​ប្រសាសន៍​ជាមួយ​ទស្ស​នាវដ្ដី​សុខភាពយើង ពីវិធី​ថែរក្សា​ស្បែកនា​រដូវ​ក្ដៅជូន​មិត្ដអ្នក​អានឱ្យ​បានជ្រាប​ពី​បញ្ហា​ទាំងនេះ។

អនាម័យ​នារដូវ​ក្ដៅ

រដូវ​ក្ដៅគួរ​ងូតទឹក​ឱ្យបាន​ញឹក​ញាប់ ដើម្បី​ចៀស​វាង​ស្បែក​ស្ងួត ក្រៀម រមាស់ កន្ទួល​ជាដើម។ ប៉ុន្ដែ​មិនត្រូវ​ងូតទឹក​ក្ដៅ​ឡើយ​ព្រោះ​អាច​ធ្វើឱ្យ​ស្បែក​កាន់តែ​ស្ងួត​ជាងមុន មិន​ស្រស់ថ្លា​ដូចងូត​ទឹក​ត្រជាក់​ឡើយ។ នៅពេល​ងូតទឹក​សម្អាត​ខ្លួន​លោកអ្នក​អាច​ជ្រើស​រើស​សាប៊ូ​ដុសខ្លួន​ផ្សំពី​សារធាតុ​រ៉ែ ដើម្បី​ជំនួយ​ដល់​ស្បែក​ធ្វើឱ្យ​ទន់ និងមាន​សំណើម។ ម្យ៉ាង​ទៀតការ​ប្រើ​សាប៊ូ​នេះអាច​ជួយ ការពារ​កម្ដៅ​ថ្ងៃបាន​មួយ​កម្រិត​ធំផង​ដែរ។ រដូវ​ក្ដៅនៅ​ប្រទេស​យើង​សព្វថ្ងៃ​មាន​សីតុណ្ហ​ភាព​៣២​អង្សា​សេជា​មធ្យម។

ប្រការ​គួរធ្វើ​ដើម្បី​ថែរក្សា​ស្បែក​នៅ​រដូវក្ដៅ

ទោះបី​ជាមាន​ការ​មមា​ញឹក​នឹងការ​ងារយ៉ាង​ណាក៏​ដោយ លោកអ្នក​គួរ​ថែរក្សា​ស្បែកឱ្យ​មានភាព​ស្រស់ថ្លា​ជា​ប្រចាំ។ កាល​ណា​ស្បែក​ស្រស់​ស្អាត ការ​ស្លៀក​ពាក់និង​ការតុប​តែង​រាងកាយ​ក៏​សក្ដិ​សមទៅ​តាមនោះ​ដែរ។ ការ​ថែរក្សា​ស្បែក​នៅ​រដូវ​ក្ដៅ​ចែកជា​២ ប្រភេទ គឺការ​ថែរក្សា​ស្បែក​មុខ និងការ​ថែរក្សា​ស្បែក​ខ្លួន។

1 . ការ​ថែរក្សា​ស្បែក​មុខ អាស្រ័យ​ទៅលើ​ចំណង់​ចំណូល​ចិត្ដ ទាំងការ​អនុវត្ដ​បែប​ធម្មជាតិ​និងប្រើ​ផលិត​ផល​ជំនួស។ ហេតុនេះ​បើ​លោកអ្នក​ជ្រើស​រើសនូវ​ការថែ​រក្សា​ស្បែក​តាម​ធម្មជាតិ ដោយ​យកផ្លែ​ឈើ និង​បន្លែ​ស្រស់ដូច​ជាប៉េង​ប៉ោះ​ត្រសក់​ក្រូច ពោធិ៍​សាត់​ជាដើម​មកកិន ឬចិត​ជា​ចំណិត​រួច​ហើយ បិតលើ​ផ្ទៃមុខ​ជា​ប្រចាំ​នៅពេល​យប់ក៏​បាន។ ប៉ុន្ដែ​ដោយសារ​អាកាស​ធាតុក្ដៅ​មាន ការ​ប្រែប្រួល​មិនទៀង​ទាត់ លោកអ្នក​គួរតែ​ប្រើ​ផលិត​ផល​ជំនួយ​បន្ថែម​ទៀតនៅ​ពេលថ្ងៃ​ដើម្បី​ការពារេ​ស្បែកមុខ​ឱ្យ​ស្រស់​ស្អាត។ ការ​អនុវត្ដ​បែបនេះ​ជាប្រ​ចាំអាច​បញ្ចៀស​ស្នាម​ជ្រីវ​ជ្រួញ និងមិន​ឱ្យមាន​បញ្ហា​ខ្មៅ​ក្រហម​ឬ​ប្រតិកម្ម​លើស្បែក​មុខបាន។

2 . ការ​ថែរក្សា​ស្បែក​ខ្លួន មិនខុស​ពីស្បែក​មុខ​ប៉ុន្មាន​ឡើយ។ ប៉ុន្ដែ​ដោយសារ​ដងខ្លួន​មាន​ចំណែក​ខ្លះមាន​ស្នាម​កន្ទួល​គ្រើម ស្បែកមិន​រលោង​នោះ​លោកអ្នក​អាច​ជ្រើស​រើស​យក​ប្រភេទ​សាប៊ូ​មានសារ​ធាតុជួយ​បំបាត់​ស្នាម​ទាំងនេះ​ចេញពី​ស្បែក​បាន។ លោក អ្នកគួរ​រើសយក​ផលិត​ផលការ​ពារ​កម្ដៅ​ថ្ងៃមក​លាប ដើម្បី​ជួយ​ទ្រទ្រង់​ស្បែកឱ្យ​បានល្អ។

រដូវ​ក្ដៅមិន​គួរមើល​រំលង

ស្បែក​មិនអាច​ទ្រទ្រង់​ទៅនឹង​កម្ដៅ​ថ្ងៃបាន​ទេ ព្រោះ​ពន្លឺ​ថ្ងៃបាន​ជះពន្លឺ​មកមិន​ស្មើគ្នា​ជាហេតុ​ធ្វើឱ្យ​មានការ​ផ្លាស់ប្ដូរ​ពីស្បែក​សទៅ​ជា​ស្រអាប់។ ទោះបី​ជាស្បែក​ស្រស់ស្អាត​យ៉ាងណា​ក៏ដោយ បើខ្វះ​ការថែ​ទាំមុខ​ជាខ្មៅ​ខូចមិន​ខានឡើយ។

  •  ផលិត​ផលគួរ​ប្រើនៅ​រដូវ​ក្ដៅ លោកអ្នក​គួរ​ជ្រើស​រើស​ផលិត​ផល​ជំនួយ​ស្បែក​មកលាប​ជាប្រ​ចាំទាំង​ពេលថ្ងៃ​និងពេល យប់។ ក្នុងការ​ជ្រើស​រើស​ផលិត​ផលត្រូវ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​ទាំង​ឈ្មោះ កាល​បរិច្ឆេទ និង​គុណភាព​ជា​ពិសេស​ឱ្យត្រូវ​ជាមួយ​ស្បែក ដើម្បី​ចៀសវាង​ប្រតិកម្ម។
  • ការ​ស្លៀក​ពាក់នៅ​រដូវក្ដៅ អាកាស​ធាតុក្ដៅ​ធ្វើឱ្យ​លោកអ្នក​បែក​ញើស​ញឹក​ញាប់​ជួនកាល​អាចប៉ះ​ពាល់ដល់​បញ្ហាសុខ ភាពទៀត​ផង។ លោកអ្នក​គួរ​ជ្រើស​រើស​សម្លៀក​បំពាក់​ដែលមាន​ជាតិ​អំបោះ សរសៃ​សូត្រ សាច់ទន់​សាច់​រលោង​ជាដើម។ ពេលទៅ ធ្វើការ គប្បី​ស្លៀក​សម្លៀក​បំពាក់​ជា​ប្រភេទ​ក្រណាត់​ស្ដើង​ទន់ មិនគួរ​ស្លៀក​ពាក់​ក្រាស់ៗ​ឡើយ។ ម្យ៉ាង​ទៀត​ដើម្បី​ចៀសវាង​មាន ប្រតិកម្ម​ស្បែក លោកអ្នក​មិនគួរ​ពាក់អាវ​ដែល​មាន​ជាតិ​រមាស់​ឬ​គ្រើមទេ។ ពេលធ្វើ​ដំណើរ​ទៅខាង​ក្រៅ លោកអ្នក​គួរតែ​ស្លៀក​ពាក់ ខោអាវ​ជិតៗ​ការពារ​ស្បែក​បាំងពី​កម្ដៅ​ថ្ងៃ។ ចំពោះ​ពណ៌​សម្លៀក​បំពាក់​វិញគួរ​ប្រើពណ៌​ស្រាលៗ ដូចជា​ពណ៌ស ឬពណ៌​ខ្ចី ដែល​សម ស្រប​បំផុត​ទៅនឹង​រដូវក្ដៅ ព្រោះមិន​សូវស្រូប​កម្ដៅ។ មិនត្រូវ​ប្រើពណ៌​ខ្មៅទេ​ព្រោះ​ពណ៌ខ្មៅ​ងាយ​ស្រូប​កម្ដៅ។
  • របប​អាហារ អាហារ​ក៏ជា​ការរួម​ចំណែក​មួយដ៏​សំខាន់​បំផុត​សម្រាប់​ជំនួយ​ដល់​ស្បែក​និងជួយ​សម្រួល​បញ្ហា​សុខភាព។ មិនគួរ​ទទួល​ទានឆ្អែត​ខ្លាំងនោះ​ទេនៅ​រដូវ​ក្ដៅ ព្រោះ​ធ្វើឱ្យ​ពិបាក​ក្នុងខ្លួន។ ម្យ៉ាង​ទៀត​សូមកុំ​ទទួល​ទានហឹរ​ឬរបស់​ណា​ដែលមាន​ជាតិ ក្ដៅឬ​ខ្លាញ់ ជា​ពិសេស​គួរ​ទទួល​ទាន​បន្លែ និងផ្លែ​ឈើឱ្យ​បាន​ច្រើន។ ការ​ទទួល​ទានទឹក​ឱ្យបាន​ច្រើន​គ្រប់​គ្រាន់ មួយថ្ងៃ​ប្រមាណ​ពី ១,៥​លីត្រ​ទៅ២​លីត្រឬ​អាចដល់​ទៅ៤​លីត្រ ដើម្បី​ជួយ​សម្រួល​ដល់​សរីរាង្គ​កាយទាំង​ផ្នែកខាង​ក្នុង​និងខាង​ក្រៅ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

គ្មានអ្វី​ល្អ​ប្រសើរ​ជាង​ស្បែក​ស្រស់​ស្អាត​នោះទេ ព្រោះ​អាចជួយ​លើក​សម្រស់​បានមួយ​កម្រិត​ធំ។ ហេតុ​ដូចនេះ​មុននឹង សម្រេច​ចិត្ដ​ជ្រើស​រើស​យក​ផលិត​ផលអ្វី​មកប្រើ​ប្រាស់ គួរ​ពិនិត្យ​ច្បាស់​លាស់។ ក្រៅពី​នេះលោក​អ្នក​គប្បី​ទទួល​ទាន​ដំណេក​ឱ្យគ្រប់​គ្រាន់ ដើម្បី​ជំនួយ​ដល់ស្បែក​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative