ម៉ូត​សក់​នារី​ប្រចាំ​ថ្ងៃ

សុភាព​នារី​ទាំងឡាយ​មិនអាច​ចេះតែ​កាត់សក់​តាមម៉ូត​ដែលខ្លួន​ចូលចិត្ដ​ឬ​ស្រឡាញ់​នោះទេ​ព្រោះ​មនុស្ស​មាន​ទម្រង់​មុខ ខុសៗ​គ្នា។ ដូចនេះ​ការកាត់​សក់តាម​ការចូល​ចិត្ដ ឬមើល​ឃើញថា​គេកាត់​ម៉ូតនេះ​សម ហើយ​ចង់កាត់​តាមគេ​ដោយ​មិនបាន​គិតពី ទម្រង់​មុខ​ខ្លួនឯង អាច​ធ្វើឱ្យ​បាត់បង់​នូវ​សោ​ភ័ណ​ភាព​ទៅវិញ។ តើ​ស្ដ្រី​ដែលមាន​ទម្រង់​មុខ​ផ្សេងៗ​គ្នាគួរ​ជ្រើស​រើស​កាត់ម៉ូត​សក់អ្វី ដើម្បី​ឱ្យ​សក្ដិសម​ទៅនឹង​ទម្រង់​មុខ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង សូម​លើកយក​ម៉ូតសក់​ប្រចាំ​ថ្ងៃមក​បង្ហាញ​ជូន​មិត្ដអ្នក​អានឱ្យ​បាន​ស្វែង​យល់​តាមរយៈ​ការជួប សម្ភាស​ជាមួយ​លោក​ជំទាវ លីរ៉ា នីរ៉ាន់ ម្ចាស់​ហាង​សម្រស់​ភ្នំពេញ។

ម៉ូត​សក់ និង​ទម្រង់​មុខ

មនុស្ស​គ្រប់រូប​មាន​ទម្រង់​មុខមិន​ដូចគ្នា​ទេ។ អ្នកខ្លះ​កើតមក​មាន​ទម្រង់​មុខវែង ហើយ​មាន​ទំហំ​ទទឹង​មុខតូច​ខ្លះទៀត​មុខ វែង​ហើយ​ទំហំ​ទទឹង​មុខធំ ខ្លះមាន​ថ្ងាស​វាលធំ ខ្លះ​ថ្គាមខ្លា ខ្លះមុខ​ជ្រុង ខ្លះមុខ​រា(មុខ​សំប៉ែត) ខ្លះមុខ​តូច​ឬមូល​ដូចព្រះ​ខែជា​ដើម។ ទាំងអស់​នេះសុទ្ធ​តែ​ធម្មជាតិ​ជាអ្នក​ផ្ដល់ឱ្យ។ អ្នកខ្លះ​ពេញចិត្ដ​នឹង​ទម្រង់​មុខ​ព្រោះគិត​ថាចង់​រចនា​លេង​សក់ម៉ូត​អ្វីក៏​បាន​គឺសម​ទាំងអស់ ដោយ​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​រើស​ម៉ូតសក់។ រីឯ​អ្នកខ្លះ​ទៀត​មិនពេញ​ចិត្ដអ្វី​ដែល​ធម្មជាតិ​បានផ្ដល់​ឱ្យទេ​ព្រោះ​ពិបាក​ក្នុងការ​ជ្រើស រើស​លេង​ម៉ូតសក់​ដែល​កំពុង​ពេញ​និយម។ សុភាព​នារី​ទាំងឡាយ​គប្បី​កាត់សក់​ម៉ូតណា​ឱ្យ​សក្ដិសម​ទៅនឹង​ទម្រង់​មុខ​របស់​លោកស្រី អ្នកនាង​កញ្ញា​ដោយ​មិនត្រូវ​កាត់​ទៅតាម​ចំណង់​ចំណូល​ចិត្ដដែល​ខ្លួន​ស្រឡាញ់​នោះទេ។

1 . ម៉ូតសក់​សម្រាប់​ទម្រង់​មុខពង​ក្រពើ​មាន​ទទឹង​មុខតូច

សម្រាប់​លោក​ស្រីអ្នក​នាង​កញ្ញា​ដែលមាន​ទម្រង់​មុខ​បែបនេះ មិន​ពិបាក​ក្នុងការ​ជ្រើស​រើស​រចនា​ឬលេង​ម៉ូតសក់​ឡើយ គឺ​អាចកាត់​សក់បាន​គ្រប់ម៉ូត​ទាំងអស់​ទៅតាម​ចំណង់​ចំណូល​ចិត្ដដែល​ខ្លួន​ស្រឡាញ់។ ទោះបី​ជាអ្នក​នាង​កញ្ញា​ចង់លេង​ម៉ូតសក់​ដូចជា​ម៉ូត សក់ស្ពៃ​ក្ដោប សក់ឆ្មា​ព្រៃ សក់​ម៉ាស៊ី សក់អូ​មេហ្គា សក់​ខូវប៊យ ម៉ូតសក់​តោ​សក់ឡុង​សុងដែល​បាស់ពី​ក្រោយ​តិចៗ​ហើយង ឬរះ​ឈូស ពីមុខ​ប្រដេញ​ទៅក្រោយ​ក៏ដោយ គឺបាន​ទាំងអស់។ លោកស្រី​អ្នកនាង​កញ្ញា​មិនចាំ​បាច់ទុក​សក់ខ្លះ​ដើម្បី​ទម្លាក់​បាំង​ថ្ពាល់​ទេ ព្រោះ​នាំឱ្យ ឃើញ​មុខកាន់​តែតូច​ហើយ​វែង​បន្ថែម​ទៀត។

2 . ម៉ូតសក់​សម្រាប់​ទម្រង់​មុខពង​ក្រពើ​មាន​ទទឹង​មុខធំ

សម្រាប់​លោកស្រី​អ្នកនាង​កញ្ញា​ដែល​មាន​ទម្រង់​មុខ​បែប​នេះ មានការ​ពិបាក​បន្ដិច​ក្នុងការ​ជ្រើស​រើស​ម៉ូត​សក់គឺ​ភាគ​ច្រើន ទុក​សក់វែង​ទាំងមុខ​ទាំង​ក្រោយ។ ទោះបី​ជាលោក​ស្រីអ្នក​នាង​កញ្ញា​ចង់កាត់​ម៉ូតសក់​ម៉ាស៊ី សក់អូ​មេហ្គា​ក្លាយ​ម៉ូតសក់​តោ ឬរះ​ឈូស ចុង​ស្រួច​ទាំងសង​ខាងពី​មុខក៏​ដោយ មិនត្រូវ​ទុកសក់​ខាងមុខ​ខ្លី​ពេកទេ តែត្រូវ​ទុកវែង​បន្ដិច​ដើម្បី​ជួយ​បាំង​ទម្រង់​មុខឱ្យ​ឃើញ​ទទឹង​តូច បន្ដិច ដោយ​ទុកពី​មុខត្រឹម​ស្មា ឬស្លាប​ប្រចៀវ​ដោយ​កាត់​ប្រដេញ​គ្នាពី​មុខដល់​ក្រោយ។ ម៉ូតសក់​អ្វីក៏​ដោយក៏​ត្រូវតែ​ទុកខាង​ក្រោយ នៅវែង និងពី​មុខកុំ​ឱ្យខ្លី​ពេក ឬអាច​វែកដឺ​មីទៅ​ចំហៀង​ក៏បាន​ដើម្បី​ជួយបាំង​ផ្ទៃមុខ​បានខ្លះ។

3 . ម៉ូតសក់​សម្រាប់​ទម្រង់​មុខតូច​ហើយខ្លី​(មុខមូល​ដូចព្រះ​ខែ)

សម្រាប់​លោកស្រី​អ្នកនាង​កញ្ញា​ដែលមាន​ទម្រង់​មុខ​បែបនេះ ពុំមាន​ភាព​ងាយ​ស្រួល​ក្នុងការ​រចនា​ម៉ូតសក់​ឡើយ។ លោក​ស្រីអ្នក​នាង​កញ្ញា​ចាំបាច់​មិនត្រូវ​កាត់សក់​ពីមុខ​ខ្លីឬ​កាត់សក់​សេះមក​បាំងថ្ងាស​ឡើយ​ព្រោះ​កាលណា​ទុកសក់​ដឺមី​ពីមុខ​ខ្លីនោះ​នឹងធ្វើ​ឱ្យ មុខ​របស់​លោកស្រី​អ្នកនាង​កញ្ញា​កាន់តែ​ខ្លីបន្ថែម​ទៀត។ ប៉ុន្ដែ​ដើម្បី​ឱ្យមាន​ភាព​ស្រស់​ស្អាត​ចំពោះ​លោកស្រី​អ្នកនាង​កញ្ញា​ដែលមាន ទម្រង់​មុខតូច​ហើយ​ខ្លី ត្រូវទុក​សក់ពី​មុខ និង​ក្រោយឱ្យ​វែង ហើយ​បាំង​កៀនៗ​ទាំង​សងខាង​ត្រចៀក​ដើម្បី​ជួយ​បាំងផ្ទៃ​មុខឱ្យ​មាន ទម្រង់​មុខវែង​បន្ដិច។

4 . ម៉ូតសក់​សម្រាប់​ទម្រង់​មុខរា ឬមុខ​សំប៉ែត

សម្រាប់​លោកស្រី​អ្នកនាង​កញ្ញា​ដែលមាន​ទម្រង់​មុខដូច​នេះ គប្បី​ចាំបាច់​ត្រូវកាត់​សក់ម៉ូត​ម៉ាស៊ី អូមេ​ហ្គា​ឬម៉ូត​សក់​វែង ម៉ូតខ្លី​អ្វីក៏​បាន។ ប៉ុន្ដែ​ហាមទុក​សក់ពី​មុខនិង​ពី​ក្រោយ​ខ្លី​ពេក គឺអាច​ទុកខ្លី​បានត្រឹម​ស្មាឬ​វែងជាង​នេះកាន់​តែ​ប្រសើរ។ ព្រោះ​កាល​ណា លោកស្រី​អ្នកនាង​កញ្ញា​មាន​ទម្រង់​មុខ​សំប៉ែត ហើយ​មាន​ដឺមី​ឬកាត់​សក់ពី​មុខខ្លី​ពេកនាំ​ឱ្យ​ស្រឡះ​នោះវា​រឹតតែ​ធ្វើឱ្យ​ឃើញ​មុខ​របស់ លោកស្រី​អ្នកនាង​កញ្ញា​កាន់តែ​ធំ​បន្ថែម​ទៀត ធ្វើឱ្យ​បាត់បង់​ភាព​ស្រស់​ស្អាត។

5 . ម៉ូតសក់​សម្រាប់​ទម្រង់​មុខវែង

សម្រាប់​លោកស្រី​អ្នកនាង​កញ្ញា​ដែលមាន​ទម្រង់​មុខ​វែង ជាការ​ពិបាក​ក្នុងការ​ជ្រើស​រើស​រចនា​ម៉ូតសក់​បន្ដិច។ លោក​ស្រី​អ្នកនាង​កញ្ញា​អាចកាត់​សក់បាន ដូចជា​ម៉ូត​ការេ សក់​អូមេ​ហ្គា សក់រះ​ឈូស​ពីមុខ​ប្រដេញ​ទៅដល់​ក្រោយ​ជាដើម។ ម្យ៉ាង​ទៀត​មិនត្រូវ ទុកសក់​ពីមុខ​វែង​ឡើយ ព្រោះ​ធ្វើឱ្យ​មុខកាន់​តែវែង​ថែម​ទៀត  គប្បី​ត្រូវកាត់​សក់ពី​មុខឱ្យ​មាន​ដឺមី​ដោយ​វែក​ដឺមី​ទៅ​ចំហៀង ឬពុះ​ដឺមី ចំ​កណ្ដាល ឬសាប់​រះពី​មុខ ឬមាន​សក់សេះ​បាំង​ថ្ងាស ដើម្បី​ជួយឱ្យ​ឃើញ​មុខខ្លី​បន្ដិច។

ដំ​បូន្មាន​អ្នក​ជំនាញ

សម្រាប់​លោកស្រី​អ្នកនាង​កញ្ញា​ទាំង​ឡាយ​ដែល​និយម​ចូលចិត្ដ​រចនា​ម៉ូតសក់ គួរ​គប្បី​ជ្រើស​រើស​ម៉ូតសក់​ណាដែល​សក្ដិសម​ទៅនឹង​ទម្រង់​មុខ​របស់​លោកស្រី​អ្នកនាង​កញ្ញា។ មិនអាច​ចេះតែ​ស្រឡាញ់​ម៉ូតនេះ​ឬម៉ូត​នោះ​ហើយ​កាត់តាម​នោះទេ​ព្រោះ​ការ​កាត់ សក់​ម៉ូត​ខ្លះវា​មិន​សមនឹង​មុខ នាំឱ្យ​បាត់បង់​នូវ​សោភ័ណ​ភាព​ទៅវិញ។ ដូចនេះ​មុននឹង​កាត់លេង​ម៉ូត​សក់​ត្រូវ​ស្វែង​យល់គិត​ពី​ទម្រង់​មុខ ខ្លួនឯង​ជាមុន​សិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨