វិធី​បំបាត់​ប្រេះកែង​ជើង

ប្រអប់​ជើងជា​ចំណុច​ដែល​គ្មាន​ក្រពេញ​ខ្លាញ់ ដូចនេះ​ស្បែក​ងាយ​ស្ងួតឬ​ក្រៀម​ដែល​ធ្វើឱ្យ​លោកអ្នក​ប្រ​ឈម​មុខនឹង​ជម្ងឺ សើ​ស្បែក​ផ្សេងៗ។ ប្រេះ​កែង​ជើងជា​ប្រភេទ​ជម្ងឺ​សើ​ស្បែក​មួយ​ដែល​អាច​កើត​នៅលើ​កែង​ជើង​របស់​លោកអ្នក​នៅពេល​ដែល​ស្បែក​បរិវេណ​នោះ​ស្ងួត​ខ្លាំង ហើយ​មិនមាន​ការ​ការពារ​ឱ្យបាន​ត្រឹមត្រូវ។ តើមាន​វិធី​ធ្វើឱ្យ​ជើង​ស្អាត​ដោយ​មិនមាន​ប្រេះកែង​ជើងដែរ​ឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ថៃ គា អ្នក​ឯកទេស​ផ្នែក​ជម្ងឺ​សើ​ស្បែក​បានចូល​រួមជា​មួយ​ទស្ស​នាវដ្ដី សុខភាពយើងដើម្បី​បក​ស្រាយ​នូវ​វិធី​បំបាត់​ប្រេះកែង​ជើង​ជូន​ប្រិយ​មិត្ដ​អ្នកអាន​ជ្រាប។

ប្រេះ​កែងជើង គឺជា​ជម្ងឺអ្វី?

ប្រេះកែង​ជើង​សំដៅ​ទៅជម្ងឺ​សើ​ស្បែក​មួយ​ប្រភេទ​ដែលមិន​ឆ្លងដូច​ជម្ងឺ​សើ​ស្បែក​ដទៃ​ទៀត​ទេ​ហើយ​ឧស្សាហ៍​កើតជា​ញឹក​ញាប់។ មាន​អត្រា​អ្នក​ជម្ងឺ​ប្រេះកែង​ជើង​ប្រមាណ​ជា៥​ភាគរយ​ក្នុង​ចំណោម​អ្នក​ជម្ងឺ​ដែល​មក​ពិនិត្យ​ជម្ងឺ​សើស្បែក​ទាំងអស់។ មនុស្ស​គ្រប់ភេទ​គ្រប់វ័យ ជា​ពិសេស​មនុស្ស​ចាស់អាច​កើត​ជម្ងឺ​នេះ​បាន​ប្រសិន​បើ​ស្បែក​មាន​ភាពស្ងួត​គគ្រើម​ខ្លាំង​នៅ​បរិវេណ​កែង​ជើង។

រោគ​សញ្ញា​នៃ​ជម្ងឺ​ប្រេះ​កែង​ជើង

ជម្ងឺនេះ​មិន​ពិបាក​ក្នុងការ​ចំណាំ​ពីរោគ​សញ្ញាទេ ព្រោះ​មាន​ស្នាម​ប្រេះ​តិចៗ សើៗ​នៅលើ​ស្បែក​ត្រង់កែង​ជើង។ ប្រសិន​បើវា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​អាចធ្វើ​ឱ្យកែង​ជើង​របស់​លោកអ្នក​ប្រេះ​បែក​ក្រហែង​ខ្លាំង​រហូត​ដល់​កោសិកា​ស្រទាប់​ខាងក្នុង​នៃស្បែក​ជួន បណ្ដាល​ឱ្យមាន​ចេញ​ឈាមថែម​ទៀតផង។

មូល​ហេតុ​ប្រេះកែង​ជើង

ជម្ងឺ​ប្រេះកែង​ជើង​មិនមាន​មូល​ហេតុ​ច្បាស់​លាស់​ក្នុងការ​បង្ក​នោះទេ ហើយវា​ក៏គ្មាន​មេរោគ​អ្វីដែល​បង្កឱ្យ​កើត​ជម្ងឺនេះ​ដែរ តែវា​អាចបង្ក​មកពី​សភាព​ស្បែក​របស់​លោកអ្នក​ផ្ទាល់តែ​ម្ដង​និងក៏​អាច​បណ្ដាល​មកពី​វត្ថុ​មួយ​ចំនួន​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃផង​ដែរ។

  • ជម្ងឺ​នេះភាគ​ច្រើន​កើត​ចំពោះ​មនុស្ស​ណាដែល​មាន​ស្បែក​ស្ងួត ស្បែក​ក្រៀម ឬ​គគ្រើម​ហើយ​ដែលធ្វើ​ឱ្យស្បែក​ឡើង ក្រាស់​នៅកែង​ជើង ជាមូល​ហេតុ​មួយ​អាចបង្ក​ឱ្យកើត​ជម្ងឺ​ប្រេះកែង​ជើង។
  • ការ​ជ្រើស​រើស​ទ្រនាប់​ជើង​(ស្បែក​ជើង)​សម្រាប់​ពាក់ជា​ប្រចាំ​ថ្ងៃ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ស្បែក​នៅ​បរិវេណ​ប្រអប់​ជើង​របស់​លោកអ្នក។ ប្រសិន​បើ​លោកអ្នក​ទិញ​ទ្រនាប់​ជើងមិន​ល្អ​គ្មាន​គុណ​ភាព​អាច​ធ្វើឱ្យ​ស្បែក​របស់​លោកអ្នក​មាន​ប្រតិកម្ម​ជាមួយ​នឹងសារ​ធាតុជ័រ ជាតិ​ពណ៌ ឬស្បែក​របស់​ទ្រនាប់​ជើង​ជា​បច្ច័យ​អាច​ធ្វើឱ្យ​លោកអ្នក​កើត​ជម្ងឺ​ប្រេះកែង​ជើងបាន​ដែរ។

វិធី​បំបាត់​ប្រេះកែង​ជើង

  • លោកអ្នក​គួរ​ជ្រើស​រើស​ប្រភេទ​សាប៊ូ​លាង​សម្អាត​ជើង​ដែល​មាន​សំណើម​ល្អ និងសម​ស្រប​ជាមួយ​ស្បែក។ ចៀស​វាងការ​ប្រើ​ប្រាស់​សាប៊ូ​ណាដែល​មានជាតិ​កាត់​ខ្លាំង​ពេក ដូចជា​សាប៊ូ​លាងចាន ឬ​សាប៊ូ​ម្សៅ​យកមក​ដុសនៅ​កន្លែង​ប្រេះនោះ​ព្រោះ​ធ្វើឱ្យ​ស្បែក កាន់តែ​ប្រេះ និង​ស្ងួតថែម​ទៀត។
  • លោកអ្នក​គួរ​ប្រើប្រាស់​ថ្នាំលាប​លើស្បែក​ដែល​ជួយ​ផ្ដល់​ជាតិ​សំណើម​ដល់ស្បែក​នៅ​បរិវេណ​កែង​ជើង​ជា​ពិសេស​លោក អ្នកគួរ​ជ្រើស​រើស​ថ្នាំ​ដែល​ជួយ​ជម្រុះ​កោសិកា​ចាស់ និង​បង្កើត​កោសិកា​ថ្មីឱ្យ​ឆាប់ដុះ​មកវិញ។ ប្រសិន​បើការ​ប្រេះកែង​ជើង​បង្ក​មកពី​ជម្ងឺ ផ្សេង​ៗនោះ លោកអ្នក​គួរ​ព្យាបាល​ជម្ងឺ​បង្ក​ហេតុឱ្យ​ជាសះ​ស្បើយ​ជាមុន​សិន។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែល​ទើបតែ​កើត​ជម្ងឺ​នេះ គួរទៅ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឱ្យបាន​ត្រឹម​ត្រូវ។​លោកអ្នក​មិនគួរ​បក ឬហែក​ស្បែក​ដែល​ប្រេះ​ទាំងនោះ​ចេញ​ដោយដៃ​នោះទេ​ព្រោះវា​អាចធ្វើ​ឱ្យ​រហែក​ដល់​សាច់ខ្ចី​ខាងក្នុង​បណ្ដាល​ឱ្យមាន​ឈាម​បាន លោកអ្នក​អាចកាត់​ស្បែក​ប្រេះនេះ​ដោយ​កន្ដ្រៃ​កាត់​សាច់​ដែលមាន​អនាម័យ​គ្រប់គ្រាន់​ចៀស​វាង​ការ​ចម្លង មេរោគ​ផ្សេងៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative