សន្និសីទ​អភិ​វឌ្ឍ​វិស័យ​សុខា​ភិបាល

ថ្មីៗ​កន្លង​ទៅនេះ វិទ្យា​ស្ថាន​ជីវ​សាស្ដ្រ វេជ្ជ​សាស្ដ្រ​និង​កសិកម្ម​នៃរាជ​បណ្ឌិត​សភា​កម្ពុជា​បានរៀប​ចំសន្និ​សីទមួយ​ស្ដីពី យុទ្ធ​សាស្ដ្រ​ក្នុងការ​អភិ​វឌ្ឍ​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា។ នៅក្នុង​អង្គ​ពិធី​នេះទទួល​បានការ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​វេជ្ជ​បណ្ឌិត​ជំនាញៗ ក្នុង​ក្រសួង​សុខា​ភិបាល និង​មន្ដ្រី​រាជការ​មកពី​ស្ថាប័ន ព្រមទាំង​អង្គការ​ផ្សេងៗ​ប្រមាណ​ជា២៨​៦នាក់។ នៅក្នុង​នោះមាន​វាគ្មិន​១៦នាក់ និងមាន​ប្រធាន​បទចំនួន​១៦ ដែលបាន​លើក​បង្ហាញ​ក្នុងអង្គ​សន្និ​សីទ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដោយ​អង្គ​សន្និសីទ​នេះមាន​ចំណែក​ដ៏សំខាន់​ក្នុងការ​រកវិធី​សាស្ដ្រ និង​ដំណោះ​ស្រាយ​ដើម្បី​ជំរុញ​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា​ឱ្យកាន់​តែ​ប្រសើរ​ឡើងនោះ ទស្ស​នាវដ្ដី សុខភាពយើង សូមចុះ​ផ្សាយនូវ​ចំណុច​សំខាន់ៗ​ជូនប្រិយ​មិត្ដអ្នក​អានស្វែង​យល់។

គោល​បំណង​បើកអង្គ​សន្និសីទ

នេះជា​សន្និសីទ​លើកទី​បីហើយ បន្ទាប់ពី​មានសន្និ​សីទបែប​នេះលើក​ទីមួយ​កាលពី​ឆ្នាំ២០០៣ និងលើក​ទីពីរ​កាលពី​ឆ្នាំ​២០០៦។ តាមរយៈ​ប្រសាសន៍​របស់​ឯកឧត្ដម ជា ណេង អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​បានឱ្យ​ដឹងថា​ឆ្លងកាត់​ការធ្វើ​សន្និសីទ​ទាំងពីរ​លើក មកនេះ វិស័យ​សុខា​ភិបាល​កម្ពុជា​យើងនៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដើម្បី​បន្ដ​ដោះស្រាយ​ជាអាទិ​ប្រសិទ្ធ​ភាពក្នុង​ការព្យា​បាល បញ្ហា សេវាកម្ម និង​សីលធម៌​គ្រូពេទ្យ​ជាដើម។ ដូច្នេះ​សន្និសីទ​លើកទី​បីឆ្នាំ​២០០៧​នេះនឹង​បន្ដត្រិះ​រិះពិ​ចារណា​រក​ដំណោះ​ស្រាយ​ដើម្បី​អភិវឌ្ឍ វិស័យ​សុខា​ភិបាល​នៅកម្ពុជា។ អង្គ​សន្និសីទ​នេះនឹង​ជួយឱ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើងនៅ​លើ​បញ្ហា​មួយចំនួន។

  • ស្ថាបនា​ទំនាក់​ទំនង​យ៉ាងជិត​ស្និទ្ធ​ជានិច្ច​និរន្ដរ៍​រវាង​អ្នក​ប្រកប​ការងារ​វិជ្ជា​ជីវៈ​ក្នុង​វិស័យ​សុខា​ភិបាល​ទូទាំង​ប្រទេស ជា​ពិសេស​ទំនាក់​ទំនង​កាន់តែ​ប្រសើរ​រវាង​វិទ្យា​ស្ថាន​ជីវ​សាស្ដ្រ វេជ្ជ​សាស្ដ្រ និង​កសិកម្ម​នៃរាជ​បណ្ឌិត​សភា​កម្ពុជា​ជាមួយ​ក្រសួង​សុខា​ភិបាល។
  • ផ្លាស់ប្ដូរ​នូវ​ចំណេះ​ដឹង បទ​ពិសោធ​រវាង​សាស្ដ្រា​ចារ្យ វេជ្ជ​បណ្ឌិត ឱសថ​បណ្ឌិត ទន្ដ​បណ្ឌិត ឱសថ​ការី គ្រូពេទ្យ​ទាំងនៅ​រាជធានី​ភ្នំពេញ ទាំងនៅ​តាម​បណ្ដា​ខេត្ដក្រុង ព្រមទាំង​ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​ឯកជន​នានា។
  • ផ្លាស់ប្ដូរ​យោបល់​ស្វែងរក​រូបមន្ដ​ថ្មីស្ដី​ពីការ​ពិនិត្យ ការតាម​ដានជម្ងឺ ការធ្វើ​រោគ​វិនិច្ឆ័យ និងការ​ព្យាបាល​ជម្ងឺដ៏​សមស្រប​ប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់។
  • ជួយ​បណ្ដុះ​ស្មារតី​សាស្ដ្រា​ចារ្យ វេជ្ជ​បណ្ឌិត ឱសថ​បណ្ឌិត ទន្ដ​បណ្ឌិត និងមន្ដ្រី​រាជការ​សុខា​ភិបាល​ឱ្យមាន​មនសិការ​វិជ្ជា​ជីវៈ​កាន់តែ​ខ្លាំងឡើង។
  • ស្វែងរក​យុទ្ធវិធី ដើម្បី​ធ្វើការ​អភិ​វឌ្ឍ​វិស័យ​សុខា​ភិបាល​នៅកម្ពុ​ជាទៅ​ថ្ងៃអនាគត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អនុ​សាសន៍​រួមក្នុង​ការកែល​ម្អ

សមាជិក​អង្គ​សន្និសីទ​ទាំងមូល​បានធ្វើ​ការផ្លាស់​ប្ដូរ​យោបល់ និងរក​ឃើញនូវ​វិធាន​ការមួយ​ចំនួន​ដើម្បី​ជួយ​វិស័យ​សុខាភិបាល​ឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរ។ អនុ​សាសន៍​កែ​លម្អ​ទាំងនោះ​រួមមាន​ដូចជា​ខាងក្រោម​នេះ។

  • គួរកែ​ទម្រង់​ការងារ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ផ្នែក​វេជ្ជ​សាស្ដ្រ​គ្រប់​កម្រិត​ជា​ពិសេស​គួរ​បង្រួញ​រយៈ​ពេលសិក្សា​វេជ្ជ-​សាស្ដ្រ​មូលដ្ឋាន​មកក្រោម​៦ឆ្នាំ
  • ជំរុញ​ឱ្យ​និស្សិត​ពេទ្យ​ទាំងអស់​យកឯក​ទេស​ក្រោយ​ឧត្ដម​សិក្សា​គ្រប់គ្នា ដោយ​ពង្រីក​ឯកទេស​កម្មគ្រប់​ជំនាញ​ទាំងនៅ​ក្នុងនិង​ក្រៅ​ប្រទេស បន្ទាប់ពី​ជាប់​បរិញ្ញា​បត្រ​វេជ្ជ​សាស្ដ្រ​ដោយពុំ​ចាំបាច់​ឱ្យនិស្សិត​ទៅ​បំពេញ​ការងារ​មួយរយៈ​ពេលឡើយ ដើម្បីឱ្យ​គ្រូពេទ្យ​ទាំងនោះ​អភិ​វឌ្ឍ​ការងារ​ទាន់ខ្លួន​នៅក្មេង ឱ្យ​ស្របតាម​ការ​អភិវ​ឌ្ឍសម្ភារៈ និងបរិក្ខារពេទ្យទំនើប
  • គួរចាប់​អារម្មណ៍​លើ​បញ្ហា​សម្ភារៈ​បរិក្ខារ​ពេទ្យ​ក្នុងការ​ព្យាបាល
  • គួរ​ពង្រឹង​បន្ថែម​លើ​ការងារ​អប់រំ​សុខភាព​ប្រជា​ពលរដ្ឋ ដោយធ្វើ​យ៉ាងណា​ឱ្យ​សហ​គម​ចូលរួម​ចំណែក
  • គួរ​បំផុស​សហគម ឬ​មហា​ជនឱ្យ​ចូលរួម​អភិវឌ្ឍ​ការងារ​សុខា​ភិបាល
  • គួរមាន​មន្ទីរ​ពេទ្យ​ស្របតាម​និយាម​អន្ដរជាតិ ដើម្បី​ជាដៃ​គូក្នុង​ការងារ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍
  • គួរមាន​មជ្ឈ​មណ្ឌល​ជាតិរក​រោគ​វិនិច្ឆ័យ
  • គួរ​ជំរុញការ​បណ្ដុះ​បណ្ដាល​គិលា​នុបដ្ឋាន​ឱ្យមាន​កម្រិតខ្ពស់​(បរិញ្ញាបត្រ អនុបណ្ឌិត​និងបណ្ឌិត)​ដូច​ប្រទេស​ក្នុង​តំបន់
  • គួរ​សិក្សា​ឡើងវិញ​អំពី​ប្រាក់​បំណាច់​ជីវភាព​គ្រូពេទ្យ
  • គួរ​ពិនិត្យ​ឡើងវិញ​លើការ​ងារ​សីលធម៌​ពេទ្យ
  • គួរ​ពិចារណា​លើការ​ងារ​គ្រប់គ្រង​សេវា​ឯកជន
  • គួរ​ពិនិត្យ​លើគ្រូ​ពេទ្យ​បរទេស​ដែល​អនុវត្ដ​ការងារ​វេជ្ជ​សាស្ដ្រ​នៅកម្ពុជា
  • គួរបើក​ទូលាយ​បន្ដិច​លើ​ការងារ​បណ្ដុះ​បណ្ដាល​សុខា​ភិបាល​ក្រោមការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​របស់រដ្ឋ
  • ក្រសួង​សុខា​ភិបាល​គួរតែ​រកវិធី​បំផុស​ឱ្យ​មន្ដ្រី​ខ្លួន​ឬគ្រូ​ពេទ្យ​ឯកជន​ចេះ​ស្រឡាញ់​ការងារ​បណ្ដុះ​បណ្ដាល​បន្ដ(ការ​ចូលស្ដាប់​សិក្ខា​សាលា ឬ​សន្និ​សីទ​ផ្សេងៗ)
  • គួរ​ថ្លឹងថ្លែង​ការងារ​ការពារ និង​ការងារ​ព្យាបាល​ឱ្យមាន​លំនឹង​គ្នា
  • គួរ​សិក្សា​ស្វែងយល់​ជា​ប្រចាំ​ចំពោះ​កំហុស​ឆ្គង​របស់អ្នក​អនុវត្ដ​វេជ្ជ​សាស្ដ្រ​គ្រប់​កម្រិត
  • គួរ​ពង្រីក​ការផ្សព្វ​ផ្សាយ​វេជ្ជ​វិជ្ជាឱ្យ​បានជ្រួត​ជ្រាប​ដល់​ស្រទាប់​មហាជន
  • ក្រសួង​សុខា​ភិបាល​គួរត្រួត​ពិនិត្យ​ការ​ផ្សាយ​ពាណិជ្ជ​កម្មពី​បញ្ហា​ឱសថ​បូរាណ ឱសថ​សម័យ​មួយចំនួន​និង​គ្លីនិក​ឯកជន​មួយ​ចំនួន​ដែលអួត​អាងហួស​លទ្ធភាព​របស់ខ្លួន
  • ត្រួត​ពិនិត្យ​ផ្ទះពេទ្យ​ព្យាបាល ដែលជា​ជន​បរទេស​ឱ្យបាន​ត្រឹមត្រូវ
  • សុំឱ្យ​ប្រធាន​មន្ទីរ​ពេទ្យរឹត​បន្ដឹង​វិន័យ​ចំពោះ​មន្ដ្រីដែល​ប្រព្រឹត្ដ​ខុស និង​អសីល​ធម៌។

នៅក្នុង​ឱកាស​បិទអង្គ​សន្និសីទ ឯក​ឧត្ដម សេង លឹមនៅ រដ្ឋលេ​ខាធិការ​ទីស្ដី​ការគណៈ​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​“ខ្ញុំមាន​ជំនឿ​ជឿជាក់​ថា គំនិត និងបទ​ពិសោធ​ល្អៗ​ទាំងនេះ​បានផ្ដល់​នូវទិន្ន​ន័យដ៏​មានតម្លៃ​ដល់រាជ​រដ្ឋា​ភិបាល អង្គការ​ឬគណៈ​កម្មាធិ​ការជាតិ សម្រាប់​កិច្ច​អភិ​វឌ្ឍ​នានា​យកទៅ​អនុវត្ដ​ឱ្យបាន​ជោគជ័យ​ក្នុង​ដំណើរ​ការ​អភិ​វឌ្ឍ​សង្គម​យើង​ប្រកប​ដោយ​ចីរភាព។ ជា​ពិសេស​សន្និសីទ នេះពិត​ជាបាន​បង្កើត​នូវការ​ប្ដេជ្ញា​ចិត្ដ​ធ្វើការ​រួមគ្នា​ក្នុង​កម្រិត​ជាតិ​ដោយ​ប្រមូល​ផ្ដុំ​បញ្ញា​ញាណ​នៃវរ​ជនវេជ្ជ​វិជ្ជា​ខ្មែរ ដែលធ្លាប់​តែធ្វើ ការ​ប្រតិ​បត្ដិ​ដោយ​ឡែកៗ​ពីគ្នា​មក​ត្រិះរិះ​ពិចារ​ណាស៊ី​ជម្រៅ​លើស្ថាន​ភាពជាក់​ស្ដែង​ដើម្បី​ផ្ដល់​អនុ​សាសន៍​ជូនរាជ​រដ្ឋា​ភិបាល។ រាល់​អនុសាសន៍​ដ៏មាន​តម្លៃ​ទាំងឡាយ​ដែល​ទទួល​បានមក​ពីអង្គ​សន្និសីទ​នេះជា​ចំណែក​មួយដែល​ជួយ​អភិ​វឌ្ឍ​វិស័យ​សុខា​ភិបាល​នៅកម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative