រួមគ្នា​ទប់ស្កាត់​ដី​ហុយ

ដីហុយ​មិនមែន​កើតឡើង​តែនៅ​តាមជន​បទនោះ​ទេ សូម្បី​តែនៅ​តាម​បណ្ដា​ទីរួម​ខេត្ដ-ក្រុង​នានា​ជា​ពិសេស​នៅទី​ក្រុង​ភ្នំពេញ​ដែល​សម្បូរ​ទៅដោយ​ផ្លូវថ្នល់់​កៅស៊ូ​ខ្វាត់ខ្វែង​ក៏ដោយ​ក៏កំពុង​តែ​ប្រឈម​មុខនឹង​បញ្ហាដី​ហុយនោះ​ផងដែរ។ ការដក​ដង្ហើម​របស់​មនុស្ស ដែល​ស្រូបយក​សារធាតុ​មិនល្អ​ឬកម្ទេច​កម្ទី​ធូលី​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​អាចបង្ក​ទៅជា​ជម្ងឺដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាង កាយ​ដោយ​មិនដឹង​ខ្លួន។ តើអ្វី​ខ្លះជា​ផលប៉ះ​ពាល់នៃ​ដីហុយ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង តាមរយៈ​ការបក​ស្រាយ​របស់​លោក ធីវ សុភារិទ្ធ​ប្រធាន​ការិយា​ល័យ​គ្រប់គ្រង​គុណភាព​ខ្យល់​សម្លេង​និង​រំញ័រ នៃ​ក្រសួង​បរិស្ថាន និងលោក​វេជ្ជ​បណ្ឌិត សុក សំអាត​ប្រធាន​ផ្នែក​ត្រចៀក​ច្រមុះ​បំពង់ក នៃ មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង បានរួម​គំនិត​គ្នាក្នុង​ការបក​ស្រាយនូវ​ផលប៉ះ​ពាល់នៃ​ដីហុយ​ទាំងនោះ។

មូល​ហេតុ​ដែលបង្ក​ឱ្យមាន​ដីហុយ

ទោះបី​ជាបញ្ហា​ដីហុយ​ស្ទើរតែ​ក្លាយទៅ​ជារឿង​ធម្មតា​របស់អ្នក​ផងទាំង​ពួងក៏​ដោយក៏​យើងម្នាក់​ៗមិន​ដែល​បំភ្លេច​បញ្ហាដី​ហុយ​នេះដែរ។ មាន​មូលហេតុ​ជាច្រើន​បង្កឱ្យ​មានដី​ហុយដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​ធ្វើ​ដំណើរ និងការ​រស់នៅ​ប្រចាំថ្ងៃ​ជា​ពិសេស​គឺការ ប៉ះពាល់​ដល់​ប្រពន្ធ័​ដង្ហើម​របស់​មនុស្ស​យើង។

  • កត្ដា​ធម្មជាតិ មិនថា​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬជឿន​លឿន​នោះទេ គឺគ្មាន​អ្នកវិទ្យា​សាស្ដ្រ​ណាម្នាក់​អាចធ្វើ​ការប៉ាន់​ស្មានពី​សកម្មភាព​របស់​ធម្មជាតិ​បានច្បាស់​លាស់ ឬមាន​វិធី​ទប់ស្កាត់​បានមួយ​រយភាគ​រយនោះ​ដែរ។ ខ្យល់ព្យុះ​និង​កម្លាំង​ខ្យល់​បក់ខ្លាំង​បានធ្វើ​ឱ្យ​កម្ទិច​កម្ទីដី​អណ្ដែត​ទៅតាម​កម្លាំង​នៃខ្យល់។ បើទោះ​បីជា​ប្រទេស​កម្ពុជា​យើងមិន​មានការ​បន្ទុះ​ភ្នំភ្លើង ដែល​ជាមូល ហេតុបង្ក​ឱ្យមាន​ដីហុយ​ក៏ដោយ​ក៏កម្ពុជា​តែងតែ​ទទួល​នូវ​ឥទ្ធិពល ឬផល​ប៉ះពាល់​ពីការ​បន្ទុះ​នោះដែរ​គ្រាន់តែ​តិចឬ​ច្រើនតែ​ប៉ុណ្ណោះ។
  • កត្ដា​មនុស្ស ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​កំណើន​នៃ​ប្រជា​ពលរដ្ឋ​កើនឡើង​ជា​លំដាប់។ ទន្ទឹម​នឹងនេះ​មធ្យោ​បាយធ្វើ​ដំណើរ​ក៏កើន​ឡើង​ផងដែរ។ រាល់ការ​ធ្វើ​ដំណើរ​នៃ​យានយន្ដ​ទាំងអស់​គឺសុទ្ធ​តែបាន​ញំនាំ​យកធូលី​ដីទៅ​ជាមួយ​ដែល​បង្កឱ្យ​ធូលី​ដី​ទាំងអស់​នោះ​អណ្ដែត​លាយឡំ​ជាមួយ​ខ្យល់ឬ​បរិយា​កាស។
  • កត្ដា​សង្គម ប្រទេស​ក្រីក្រ​ឬ​ប្រទេស​កំពុង​អភិ​វឌ្ឍ​ភាគ​ច្រើន​សម្បូរ​ទៅដោយ​ផ្លូវដី​នាំឱ្យ​ប្រទេស​ទាំងនោះ​ជួបប្រទះ​នឹង​បញ្ហា​ដីហុយ​ច្រើនជាង​ប្រទេស​ជឿន​លឿន។ ប្រព័ន្ធ​លូទឹក​ស្អុយតូច​ចង្អៀត​ដូច​ប្រទេស​យើងសព្វ​ថ្ងៃនេះ​ក៏ជា​កត្ដាមួយ​ផងដែរ ដែល​ធ្វើ ឱ្យមាន​ដីក្រាំង​ជាប់ផ្លូវ​ថ្នល់ ខណៈ​ដែលមាន​ភ្លៀង​ធ្លាក់លិច​ផ្លូវម្ដងៗ។

ផល​ប៉ះពាល់​នៃដី​ហុយ

  • ផល​ប៉ះពាល់​ទៅដល់​បរិស្ថាន បើទោះ​បីជា​ដីហុយ​មិនសូវ​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ក៏ដោយ​ប៉ុន្ដែដី​ហុយបាន​នឹង​កំពុង រួម​ចំណែក​ជាមួយ​ឧស្ម័ន​ផ្សេងៗ ដែលមាន​ផ្ទុក​សារធាតុ​គីមី​ចេញពី​បំពង់​បង្ហុយ​ផ្សែង​រោងចក្រ​និង​រថយន្ដ​ចូល​លាយឡំ​ជាមួយ​ខ្យល់ក្នុង បរិយា​កាស។
  • ផល​ប៉ះពាល់​ដល់​សុខភាព ស្រប​ពេល​ដែល​មនុស្ស​គ្រប់រូប​ត្រូវការ​ខ្យល់​សម្រាប់​ដក​ដង្ហើម​ដើម្បី​ចិញ្ចឹម​ជីវិតនោះ​លម្អង​ធូលី​ក៏បាន​ឡូកឡំ​ជាមួយ​ខ្យល់ចូល​ទៅតាម​ច្រមុះ​ផងដែរ។ ទោះបី​ជា​ច្រមុះ​មាន​ប្រព័ន្ធ​ការពារ​សំខាន់ៗ​ដែល​សម្លាប់​មេរោគ​នៅ​មជ្ឈដ្ឋាន​ខាងក្រៅ​ដើម្បី​រក្សា​តុល្យភាព​កម្ដៅ ច្រោះ​មេរោគ និងផ្ដល់​កម្ដៅ​យ៉ាងណា​ក៏ដោយ​ក៏ការ​ការពារ​នោះនៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ធ្វើឱ្យ​ធូលី​ដីឆ្លៀត​ឱកាស​អាចបង្ក​នូវ​ជម្ងឺ​ជាច្រើន ដូចជា​រលាក​បំពង់​ដក​ដង្ហើម​ប្រតិកម្ម​នៅលើ​ស្បែក និងការ​ចម្លង​ជម្ងឺពី មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​តាមរយៈ​ធូលី​ដីរួម​ផ្សំជា​មួយសារ​ធាតុផ្សេង​ៗនៅ​ក្នុងខ្យល់​ដែលមាន​ដូចជា​សារធាតុ​សំណ​ស្ពាន់ធ័រ អុកស៊ីត​ជាដើម។ បើកាល​ណា​ធូលី​ដីកាន់​តែតូច​ចូលទៅ​ក្នុងរាង​កាយ​មនុស្ស​វាកាន់​តែបង្ក​លក្ខណៈ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​កាន់តែ ខ្លាំង។
  • ផល​ប៉ះពាល់​ដល់ទី​សាធា​រណៈ រាល់ថ្ងៃ​ស្ទើរតែ​គ្រប់ផ្លូវ​នៅទី​ក្រុង​ភ្នំពេញ​ទទួល​រងការ​ប៉ះពាល់​ពីការ​ហុយ​ធូលី​ជាអាទិ​រថយន្ដ ផ្ទះ អគារ​តូចធំ សាលា​រៀន មន្ទីរ​ពេទ្យ រមណីយ​ដ្ឋាន​នានា។ល។ មាន​សភាព​កខ្វក់​ដោយសារ​ធូលីដី។ លើសពី​នេះដី​ហុយក៏ បានធ្វើ​ឱ្យប៉ះ​ពាល់ដល់​ចំណី​អាហារ​ផ្សេងៗ​ដែលលក់​នៅតាម​ផ្លូវសា​ធារណៈ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ការពារ​ផលប៉ះ​ពាល់ដី​ហុយ

វាមិន​មែនជា​រឿង​លំបាក​នោះទេ​ក្នុងការ​ទប់ស្កាត់​ការប៉ះ​ពាល់នៃ​ដីហុយ​ដើម្បី​ការពារ​ដល់​សុខភាព​របស់​យើងនោះ។ ប្រការ​ដែល​យើងម្នាក់​ៗគួរ​តែធ្វើ​នៅរាល់​ពេលយើង​ធ្វើ​ដំណើរ​តាមផ្លូវ មិនថា​ជិះយាន​ជំនិះ អ្នកថ្មើរ​ជើង​ឬក៏​លោកអ្នក​ដែល​កំពុង​បំពេញ ភារកិច្ច​នៅតាម​ផ្លូវនោះ​ទេ គួរតែ​ពាក់ម៉ាស់​ការពារ​ច្រមុះ។ បើមាន​ផ្លូវណា​មានដី​ហុយច្រើន​នោះយើង​មិនគួរ​ធ្វើ​ដំណើរ​ទៅមុខ​ឡើយ ។ មាន​ន័យថា​យើងគួរ​តែជ្រើស​រើសផ្លូវ​ណាផ្សេង​ទៀតដែល​មិនសូវ​មានដី​ហុយ​ប្រសិន​បើអាច​ធ្វើឬ​ចៀសវាង​បាន។ វិធី​នេះបើ​ទោះបី ជាមិន​អាចកាត់​បន្ថយ​នូវផល​ប៉ះពាល់​ដីហុយ​ដល់សុខ​ភាពបាន​១០០%​ក៏ពិត​មែន​តែវា​ពិតជា​អាចកាត់​បន្ថយ​បានមួយ​កម្រិត​ផងដែរ។

រួមគ្នា​ក្នុងការ​កាត់​បន្ថយ​ដីហុយ

ដើម្បី​កាត់​បន្ថយ​ផលប៉ះ​ពាល់​ចំពោះ​សុខភាព​ដែល​បណ្ដាល​មកពី​បញ្ហា​ដីហុយ មិនមែន​នរណា​អាចធ្វើ​តែម្នាក់​ឯងនោះ​ទេគឺ​ចាំបាច់​ត្រួវតែ​មានការ​សហ​ការគ្នា ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាពខ្ពស់។

  • បើទោះ​បីជា​ការអភិ​វឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​នៅមាន​កម្រិត​ក៏ដោយ ក៏ការ​អភិ​វឌ្ឍនេះ​អាចនឹង​ឈាន​បន្ដិច​ម្ដងៗ​ដើម្បី​លុប​បំបាត់​ផ្លូវដី​ទាំងស្រុង។ ការលុប​បំបាត់​ផ្លូវដី​នៅ​កម្ពុជា​នាពេល​អនាគត​គឺជា​ចំណុច​មួយ​សំខាន់​បំផុត​ក្នុងការ​បំបាត់ ប្រភព​ដីហុយ ដែលអាច​ឈានទៅ​រកការ​កាត់បន្ថយ​ដីហុយ​បានមួយ​កម្រិតធំ។
  • ធូលី​ហុយមិន​មែន​សំដៅ​តែដី​ហុយមួយ​មុខនោះ​ទេ វាមាន​ធូលី​ផ្សេងៗ​ដែល​ចេញពី​យានយន្ដ​ផងដែរ។ ដូច្នេះ​យើងទាំង​អស់គ្នា​គួរតែ​គោរព​ច្បាប់ក្នុង​ការគ្រប់​គ្រង​ល្បឿន​យានយន្ដ​និងការ​ត្រួត​ពិនិត្យ​រថយន្ដ​ឱ្យបាន​ត្រឹមត្រូវ ជាអាទិ​ការ​ពិនិត្យ​គ្រឿង​ម៉ាស៊ីន ឬគ្រឿង​បន្លាស់​រថយន្ដ​ជារៀង​រាល់ឆ្នាំ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ការ​ប្រើប្រាស់​ម៉ាស់បិទ​ច្រមុះ​ឱ្យបាន​ត្រឹមត្រូវ ពិតជា​អាចជួយ​កាត់បន្ថយ​ផលប៉ះ​ពាល់​ពីដី​ហុយបាន​មួយ​កម្រិត។ នៅពេល​ដែលមាន​បញ្ហាសុខ​ភាព​ដោយសារ​ដីហុយ​លោកអ្នក​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ព្យាបាល​ជម្ងឺឱ្យ​បាន ទាន់ពេល​វេលា។ សូម​ចៀសវាង​ការ​បណ្ដែត​បណ្ដោយ​ឱ្យជម្ងឺ​ផ្លូវ​ដង្ហើម​តិចតួច​បង្កទៅ​ជាជម្ងឺ​ធ្ងន់ធ្ងរ។ យើងទាំង​អស់គ្នា​គួរតែ​រួមគ្នា ការពារ​បរិស្ថាន​ដើម្បី​សុវត្ថិភាព​សុខភាព​យើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative